សន្ទស្សន៍នីតិរដ្ឋសកលដែលចេញផ្សាយចុងខែតុលា បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាជាប្រទេសដែលមានការអនុវត្តនីតិរដ្ឋអន់ជាងគេបំផុតមួយក្នុងពិភពលោក។
គម្រោងយុត្តិធម៌ពិភពលោក (WJP) ដែលជាអង្គការស្រាវជ្រាវសង្គម និងពិភពលោក បានដាក់ចំណាត់ថ្នាក់កម្ពុជាទាបជាងគេក្នុងចំណោម១៤៣ប្រទេសនៅក្នុងសន្ទស្សន៍នីតិរដ្ឋប្រចាំឆ្នាំរបស់ខ្លួន ដោយនៅពីលើតែប្រទេសវេណេស៊ុយអេឡា និងអាហ្វហ្គានីស្ថានប៉ុណ្ណោះ ដែលជាប្រទេសស្ថិតក្នុងវិបត្តិមនុស្សធម៌ និងរបបផ្តាច់ការ។
កម្ពុជាបានទទួលចំណាត់ថ្នាក់បាតតារាងក្នុងតំបន់អាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក ដោយឈរនៅលេខរៀងចុងក្រោយគេ ក្នុងចំណោម ១៥ ប្រទេស ក្នុងការវាយតម្លៃពីមូលដ្ឋានគ្រឹះនៃនីតិរដ្ឋ។
WJP បានកំណត់ស្តង់ដារវាយតម្លៃរបស់ខ្លួនលើប្រព័ន្ធច្បាប់ ស្ថាប័ន និងបទដ្ឋានដែលទាក់ទងនឹង ការទទួលខុសត្រូវ នីតិយុត្តិធម៌ រដ្ឋាភិបាលបើកចំហ និងភាពមិនលម្អៀងនៃយុត្តិធម៌។ លើសពីនេះ កម្ពុជាតែងតែជាប់ចំណាត់ថ្នាក់ទាបបំផុតក្នុងចំណោមប្រទេស៣៨ ដែលស្ថិតក្នុងក្រុមប្រាក់ចំណូលទាបនិងមធ្យម ចាប់តាំងពីឆ្នាំ២០១៥ ដែលជាឆ្នាំបង្កើតសន្ទស្សន៍នេះមក។
ទោះបីជាពិន្ទុរបស់កម្ពុជាធ្លាក់ចុះតែបន្តិចបន្តួចដែលតិចជាង១ភាគរយ ក៏ដោយ ក៏ WJP បានបញ្ជាក់ថា និន្នាការធ្លាក់ចុះនៃនីតិរដ្ឋសកលលោកបានកើនឡើងយ៉ាងគំហុក។ ក្នុងឆ្នាំនេះ ប្រទេសចំនួន៦៨ភាគរយ បានឃើញការអនុវត្តនីតិរដ្ឋធ្លាក់ចុះ ផ្ទុយពីចំនួន៥៧ភាគរយ ក្នុងឆ្នាំ ២០២៤។
នាយកប្រតិបត្តិរបស់ WJP លោក Alejandro Ponce បានមានប្រសាសន៍ថា៖ «ការធ្លាក់ចុះជាលំដាប់នៃនីតិរដ្ឋបានថយចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។ លោកបន្តថា៖ «ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំនេះ យើងឃើញមានការផ្លាស់ប្តូរយ៉ាងខ្លាំង៖ ប្រទេសកាន់តែច្រើនកំពុងធ្លាក់ចុះ ហើយប្រទេសតិចជាងមុនកំពុងមានភាពប្រសើរឡើង»។
សន្ទស្សន៍នីតិរដ្ឋសកលនេះវាយតម្លៃនីតិរដ្ឋដោយផ្អែកលើកត្តាសំខាន់ៗដូចជា ការកំណត់អំណាចរដ្ឋាភិបាល ការទប់ស្កាត់អំពើពុករលួយ តម្លាភាពរបស់រដ្ឋាភិបាល សិទ្ធិជាមូលដ្ឋាន និងយុត្តិធម៌ស៊ីវិល។ របាយការណ៍នេះត្រូវបានបង្កើតឡើងដោយប្រមូលទិន្នន័យពីការស្ទង់មតិតំណាងទូទាំងប្រទេសរបស់សាធារណជន និងពីអ្នកជំនាញផ្នែកច្បាប់ក្នុងស្រុក និងអន្តរជាតិ។ គោលបំណងចម្បងគឺដើម្បីផ្តល់ជាឧបករណ៍វិភាគសម្រាប់ រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជន ប្រើប្រាស់ក្នុងការជំរុញ កំណែទម្រង់គោលនយោបាយ និងពង្រឹងគណនេយ្យភាព។
ពិន្ទុនីតិរដ្ឋរបស់កម្ពុជាស្ថិតនៅក្រោមមធ្យមភាគសកល ដោយសារប្រទេសនេះទទួលបានពិន្ទុទាបខ្លាំងក្នុងការវាយតម្លៃលើ ការទប់ស្កាត់អំពើពុករលួយ និងតម្លាភាពរបស់រដ្ឋាភិបាល។ ចំណុចល្អប្រសើរជាងគេគឺកត្តា សណ្ដាប់ធ្នាប់ និងសន្តិសុខ ដែលទទួលបាន ០,៦៦ (ក្នុងចំណោម ១) ក៏ប៉ុន្តែពិន្ទុដ៏ខ្ពស់នេះនៅតែមិនអាចតាមទាន់មធ្យមភាគសកលបាននៅឡើយ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានចាត់ទុកសន្ទស្សន៍នេះថា ជាការវាយតម្លៃឯករាជ្យដែលមន្ត្រីមិនទាន់បានផ្ទៀងផ្ទាត់។ លោកបានលើកឡើងថា ប្រទេសកម្ពុជាបានឆ្លងផុតពីសង្គ្រាមស៊ីវិលដ៏យូរលង់ ហើយកំពុងរីកចម្រើនលឿន ដោយអះអាងថា ប្រជាពលរដ្ឋមានសិទ្ធិប្រជាធិបតេយ្យជាមូលដ្ឋានពេញលេញ។ ទោះជាយ៉ាងណា ការអះអាងរបស់លោកនេះគឺផ្ទុយពីលទ្ធផលនៃការរកឃើញរបស់ WJP។
ឆ្លើយតបទៅនឹងរបាយការណ៍នេះ មន្ត្រីរដ្ឋាភិបាលបានប្រើហេតុផលដដែលដូចកាលពីឆ្នាំ ២០២៤ គឺពួកគេបានអះអាងថា វិធីសាស្ត្រវាស់វែងសេរីភាពដែលត្រូវបានរឹតត្បិត មិនបានបែងចែករវាងសកម្មភាពនយោបាយដែលស្របច្បាប់ និងសកម្មភាពដែលបានរំលោភបំពានច្បាប់នោះទេ។
អង្គការ លីកាដូ ដែលបានតាមដានជាយូរមកហើយនូវការជ្រៀតជ្រែកហួសហេតុរបស់តុលាការ ក្នុងការកំណត់គោលដៅលើក្រុមអ្នករិះគន់ គូប្រជែងនយោបាយ និងអ្នកសារព័ត៌មាន បានរាយការណ៍ថា បច្ចុប្បន្នមាន «អ្នកទោសមនសិការ» ចំនួន ៨៨នាក់ កំពុងជាប់ពន្ធនាគារក្រោមបទចោទប្រកាន់ដែលកំណត់លក្ខណៈសកម្មភាព ឬការបញ្ចេញមតិរបស់ពួកគេថាជាបទឧក្រិដ្ឋ។
កាលពីដើមឆ្នាំនេះ គម្រោងយុត្តិធម៌ពិភពលោក (WJP) បានប្រគល់ពានរង្វាន់ Anthony Lewis សម្រាប់សារព័ត៌មាននីតិរដ្ឋដ៏ឆ្នើម ជូនដល់ស្ថាប័នសារព័ត៌មានខេមបូចា (CamboJA)។ ពានរង្វាន់នេះគឺជាការផ្តល់កិត្តិយសដល់ «ភាពក្លាហាន និងជំនាញវិជ្ជាជីវៈសារព័ត៌មាន» ដែលមានតួនាទីក្នុងការ ពង្រឹងគណនេយ្យភាព និងជំរុញការអនុវត្តតាមគោលការណ៍នីតិរដ្ឋ៕
(រាយការណ៍បន្ថែមដោយ ឃួន ណារីម)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Global Index Again Ranks Cambodia Among Poorest Rule of Law Performers













