រដ្ឋាភិបាលកម្ពុជាបានប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក ៥ មិថុនា ២០២៥ ក្រោម ប្រធានបទ “ ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក “ និងក្រោមព្រះរាជាធិបតីភាពនៃអង្គព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នាបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានទូលថ្វាយព្រះមហាក្រត្ស និងជម្រាបដល់ជនរួមជាតិ តាមរយៈសុន្ទរកថា នូវសមិទ្ធផលការងារការពារបរិស្ថាន ដែលក្រសួង និងស្ថាប័នពាក់ព័ន្ធសម្រេចបាន ។
សារអប់រំអំពីផលប៉ះពាល់ដោយសំណល់ផ្លាស្ទិកត្រូវបានរំលេចតាមរយៈការសម្ដែងសិល្បៈយីកេ ។
ចំណែកក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនបរិស្ថាន បានប្រារព្ធទិវាបរិស្ថានពិភពលោក នៅក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ “ គោលនយោបាយល្អ ការអនុវត្តត្រឹមត្រូវ កម្ពុជាស្អាត ” ដោយផ្ដោតលើបញ្ហា ដែលក្រុមអ្នកធ្វើការងារផ្នែកអភិរក្សបរិស្ថានកំពុងតែប្រឈម ។
ល្ខោនជីវិតបានលាតត្រដាងនូវល្បិចកលពិសពុលនៃឈ្មួយទុច្ចរិត ឥតគិតអំពីភាពហិនហោចនៃសម្បត្តិធម្មជាតិ ប៉ុន្តែបែរជាឆ្លៀតឱកាសកេងប្រវញ្ចលើភាពល្ងឹតល្ងង់ អូសទាញប្រជាពលរដ្ឋក្រីក្រឱស្លុះស្លុងក្នុងអន្ទាក់ទាសករ កែ កាឡៃ បំភ្លៃកិច្ចសន្យា បង្ខំប្រជាពលរដ្ឋឱ្យកាប់បំផ្លាញព្រៃ ដើម្បីបម្រើមហិច្ឆតាលោភលន់របស់ខ្លួន ។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ហៅកាត់ថា CID បណ្ឌិត ប៉ា ច័ន្ទរឿន ស្នើសូមរាជរដ្ឋាភិបាលយកចិត្តទុកដាក់ត្រួតពិនិត្យការអនុវត្តគោលនយោបាយបរិស្ថានឱ្យមានប្រសិទ្ធភាព ៕