គម្រោងអនាគតបៃតងកម្ពុជាUSAID ដែលអនុវត្ត៥ឆ្នាំកន្លងទៅ ត្រូវបានបិទបញ្ចប់ជាមួយនឹងសមិទ្ធផលជាច្រើនក្នុងការការពារធនធានធម្មជាតិនៅកម្ពុជា ។ បើទោះជាគម្រោងនេះត្រូវបានបិទក៏ដោយ ក៏មន្រ្តីរដ្ឋាភិបាល រួមទាំងសកម្មជនអ្នកស្រលាញ់បរិស្ថាន ចង់ឱ្យមានគម្រោងបែបនេះបន្ថែមទៀត ដើម្បីអាចបន្តការងារក្នុងកិច្ចការពារធនធានធម្មជាតិ និងលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ ក្នុងការថែរក្សាបរិស្ថាន ដែលជាប្រយោជន៏សម្រាប់ពិភពលោកទាំងមូល និងជាពិសេសសម្រាប់ប្រជាពលរដ្ឋខ្មែរ ។ គិតចាប់តាំងពីឆ្នាំ២០២១ ដល់ពាក់កណ្ដាលឆ្នាំ២០២៣ អន្ទាក់ប្រមាណ ១១០,០០០ ត្រូវបានដកចេញ ពីតំបន់ការពារនៅទូទាំងប្រទេស ដែលនេះគឺជាកំណត់ត្រាថ្មី និងជាជោគជ័យរបស់យុទ្ធនាការ ការពារសត្វព្រៃនៅកម្ពុជា ។ គម្រោងអនាគតបៃតងកម្ពុជា បានបង្កើតយុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គម ចំនួនបី ៖ រួមគ្នានិយាយដើម្បីការពារព្រៃឈើ រួមគ្នានិយាយដើម្បីការពារសត្វព្រៃយើង និង រួមគ្នានិយាយដើម្បីបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ ។ គម្រោង អនាគតបៃតងកម្ពុជា USAID មានការគាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក (USAID) ដែលមានទឹកប្រាក់ប្រមាណ ៥លានដុល្លារ ។ គម្រោងនេះអនុវត្តដោយក្រុមហ៊ុន ECODIT និងអង្គការ fhi 360 ។
