រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មី (ELC) កាលពីខែមីនា ឆ្នាំ២០២២ ជាលើកដំបូងក្នុងរយៈពេលជិតមួយទសវត្សរ៍ បើទោះបីជាមានការផ្អាកនៅឡើយក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ចក៏ដោយ យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការ លីកាដូ។
ដីសម្បទានសេដ្ឋកិច្ចថ្មីនេះ មានផ្ទៃដីព្រៃជាង៥ពាន់ហិកតា ក្នុងខេត្តស្ទឹងត្រែង នេះបើយោងតាមឯកសារដែលខេមបូចាទទួលបាន។ ប្រជាពលរដ្ឋជាច្រើននាក់ បានប្រាប់ខេមបូចាថា ប្រជាពលរដ្ឋជាង៦០គ្រួសារ ដែលរស់នៅក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ចបានរងផលប៉ះពាល់ ខណៈដែលក្រុមហ៊ុនចាប់ផ្តើមកាប់ព្រៃឈើនៅទីនោះ។
មន្ត្រីរដ្ឋាភិបាលគេចវេសមិនចង់និយាយអំពីដីសម្បទានសេដ្ឋកិច្ចថ្មីនេះទេ ហើយគេនៅមិនទាន់ច្បាស់ថាតើការផ្អាកដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១២នោះ ឥឡូវនេះត្រូវបានដកចេញជាផ្លូវការឬយ៉ាងណា។
ដីសម្បទានសេដ្ឋកិច្ចផ្តល់កិច្ចសន្យាជួលរយៈពេលវែងសម្រាប់វិស័យកសិឧស្សាហកម្ម ហើយតម្រូវឱ្យមានការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមដោយស្របច្បាប់ មុនពេលការអភិវឌ្ឍន៍ណាមួយអាចចាប់ផ្តើមបាន។
ដីសម្បទានសេដ្ឋកិច្ចដែលគេបានដឹងចុងក្រោយត្រូវបានផ្តល់នៅក្នុងឆ្នាំ២០១៤ ហើយតាមសេចក្តីរាយការណ៍ថា ត្រូវបានចេញដោយសារតែពាក្យសុំធ្វើឡើងមុនពេលមានការសម្រេចផ្អាក នេះបើយោងតាមអង្គការសិទ្ធិមនុស្ស លីកាដូ ដែលបានចេញផ្សាយព័ត៌មានជាលើកដំបូងអំពី ELC ថ្មីនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ។
ដីសម្បទានសេដ្ឋកិច្ចថ្មីត្រូវបានអនុម័តដោយលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ដោយផ្ទេរដីចំនួន ៩ ៧៨៨ហិកតាក្នុងខេត្តស្ទឹងត្រែងទៅឱ្យក្រុមហ៊ុនកូរ៉េ Horizon Agriculture Development Co., Ltd។
ទីស្តីការបានបញ្ជាឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បំប្លែងដីទៅជា ELC ជាមួយនឹងកិច្ចសន្យាជួលរយៈពេល៥០ឆ្នាំ ដែលចុះហត្ថលេខាដោយរដ្ឋលេខាធិការ ប៊ិន ប៊ុនឆាត ។ លោក ប៊ិន ប៊ុនឆាត មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
ទីស្តីការបានបញ្ជាក់ថា ក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុន Horizon ទីស្តីការ «លើកលែងពន្ធ និងកាតព្វកិច្ចទាំងអស់ ដើម្បីបញ្ចប់វិវាទ និងបញ្ហាកន្លងមក»ដោយមិនបានបញ្ជាក់បន្ថែម នេះបើយោងតាមការបកប្រែក្រៅផ្លូវការនៃលិខិតនេះដោយខេមបូចា។
ប៉ុន្តែលិខិតនោះក៏អនុញ្ញាតឱ្យក្រុមហ៊ុន Horizon ផ្ទេរដីទៅឱ្យក្រុមហ៊ុនខ្មែរមួយឈ្មោះ T.S.M.W. Co., Ltd ដែលឯកសាររដ្ឋាភិបាលជាបន្តបន្ទាប់បង្ហាញថា ទំនងជាក្រុមហ៊ុនកំពុងអភិវឌ្ឍជាក់ស្តែងលើដីសម្បទានសេដ្ឋកិច្ចនោះ។
ក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីមានលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លោក វេង សាខុន ដែលកាលនោះ គឺជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះហត្ថលេខាលើឯកសារដោយយល់ព្រមនឹងគម្រោងរបស់ក្រុមហ៊ុន T.S.M.W. ឈូសឆាយដី សាងសង់កំពង់ផែសាឡាងតាមដងទន្លេ និងសាងសង់ផ្លូវចូលដីសម្បទានសេដ្ឋកិច្ចរបស់ខ្លួន។
ឯកសារនេះបញ្ជាក់ថា ក្រុមហ៊ុននឹងធ្វើប្រតិបត្តិការនៅទូទាំងឃុំចំនួន៥ ក្នុងស្រុកចំនួន៣ គឺស្រុកបូរីអូរស្វាយសែនជ័យ ស្រុកសៀមប៉ាង និងស្រុកសេសាន។ រដ្ឋបាលព្រៃឈើក៏បានលើកឡើងអំពី ELC ដែលមានទំនាក់ទំនងជាមួយ T.S.M.W. នៅក្នុងឯកសារដែលបានចេញផ្សាយកាលពីខែកក្កដា។
លោកស្រី ណាលី ពីឡូក នាយិកាទទួលកិច្ចការក្រៅតំបន់នៃអង្គការ លីកាដូ មានប្រសាសន៍ថា៖ «រដ្ឋាភិបាលគួរតែផ្តល់ព័ត៌មានបន្ថែមអំពីអ្វីដែលហាក់ដូចជាការកែប្រែនូវសេចក្តីសម្រេចផ្អាកផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មី។ ការផ្អាកនេះធ្វើឡើងបន្ទាប់ពីអស់រយៈពេលជាច្រើនឆ្នាំនៃវិវាទដីធ្លី និងការដកហូតកម្មសិទ្ធិដែលកើតចេញពីកិច្ចសន្យាជួលទ្រង់ទ្រាយធំទាំងនេះ ហើយជម្លោះថ្មីនេះបង្ហាញថា បញ្ហាដដែលជាមួយ ELC នៅតែមាន»។
ដីសម្បទានសេដ្ឋកិច្ចជាង២២០កន្លែងគ្របដណ្តប់លើផ្ទៃដីជាង២លានហិកតាត្រូវបានផ្តល់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ហើយដីសម្បទានរងការរិះគន់យ៉ាងខ្លាំងពីអង្គការសិទ្ធិមនុស្សចំពោះការបណ្តេញចេញទ្រង់ទ្រាយធំ ការកាប់បំផ្លាញព្រៃឈើ និងការរំលោភសិទ្ធិ។
លោក ទិត្យ សុធា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា លោកមិនអាចធ្វើអត្ថាធិប្បាយលើការសម្រេចលើ ELC បានទេ ដោយសារលោកមិនមានឯកសារពាក់ព័ន្ធ។ នៅពេលអ្នកយកព័ត៌មានខេមបូចាសុំចែករំលែកឯកសារដូចជា លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលយល់ព្រមផ្តល់ដីសម្បទានសេដ្ឋកិច្ចជូន លោក សុធា ថ្លែងថា លោកមិនចង់មើលឯកសារណាមួយនោះទេ។
លោក សុធា បានមានប្រសាសន៍ថា៖ «ឯកសារទាំងនេះ ត្រូវបានថ្នាក់ដឹកនាំសម្រេចហើយ ហើយ ដូច្នេះខ្ញុំមិនអាចធ្វើអត្ថាធិប្បាយបន្ថែមលើឯកសារនេះទេ ។ ប្អូនមានឯកសារ ដូច្នេះប្អូនអាចយកតាមឯកសារហ្នឹងទៅបានហើយ វាគ្រប់គ្រាន់ហើយ»។
បន្ទាប់មកលោកបានទទួល និងអាន ប៉ុន្តែមិនឆ្លើយតប។ សំណួរបន្ថែមដែលបានផ្ញើទៅកាន់ Telegram របស់គាត់ ដូចជាថា ហេតុអ្វីបានជាទីស្តីការគណៈរដ្ឋមន្ត្រីមិនផ្សព្វផ្សាយជា សាធារណៈអំពី ELC មុនពេលសេចក្តីប្រកាសព័ត៌មានរបស់អង្គការ លីកាដូ។
នៅពេលសួរនាំអំពីសម្បទានដីសម្បទានសេដ្ឋកិច្ចថ្មី រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីម្នាក់ទៀតគឺលោក សយ សុខា មានប្រសាសន៍ថា៖ «ខ្ញុំមិនដឹងអំពីរឿងនេះទេ។ សូមសួរអ្នកទទួលខុសត្រូវ»។
នៅក្នុងឯកសារចុះខែកញ្ញា ឆ្នាំ២០២២ ក្រសួងបរិស្ថានបានបញ្ជាក់ថា ខ្លួននឹងធ្វើការវាស់វែងផ្ទៃដីចំនួន ៥ ៦០២ហិកតា សម្រាប់ក្រុមហ៊ុន Horizon Agriculture Development នៅខាង ក្នុងច្រករបៀងជីវចម្រុះចម្រោះឦសាន ដែលជាតំបន់ការពារដែលគ្រប់គ្រងដោយក្រសួងបរិស្ថានក្នុងខេត្តស្ទឹងត្រែង។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយលោកបានបង្វែរសំណួរទៅកាន់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ដែលបានទទួលស្គាល់ថា ក្រសួងបានបញ្ចប់ការវាស់វែងដីរួចរាល់ហើយ ប៉ុន្តែមិនបានឆ្លើយតបទៅនឹងសំណួរបន្ទាប់នោះទេ។
លោក ភក្ត្រា បានមានប្រសាសន៍ថា៖ «ផ្ទៃដីនេះគឺជាផ្ទៃដីស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ហើយក្រសួងបរិស្ថានបានប្រគល់ជូនក្រសួងកសិកម្មគ្រប់គ្រងវិញក្រោយពីបានពិនិត្យ និងផ្ទៀងផ្ទាត់ព្រំដីរួចរាល់»។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្វែរសំណួរទៅកាន់អ្នកនាំពាក្យរបស់លោកគឺកញ្ញា អ៊ឹម រចនា ដែលទទួលស្គាល់ថា បានទទួលសំណួររបស់អ្នកសារព័ត៌មាន ប៉ុន្តែមិនបានផ្តល់ការឆ្លើយតបមុនការចុះផ្សាយនោះទេ។
ប៉ុន្តែកញ្ញា អ៊ឹម រចនា បានឆ្លើយតបជាមួយខេមបូចា កាលពីថ្ងៃអង្គារ ថា មែនទែនទៅ ករណី ដែលអង្គការ លីកាដូ បានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១៦ ខែមករានេះ ពុំមែនជាការផ្ដល់ដីសម្បទានសេដ្ឋកិច្ចថ្មីនោះទេ។ វាគឺជាការសងត្រឡប់ទៅឱ្យក្រុមហ៊ុន ហឺរ៉ាយហ្សិន ដែលធ្លាប់បានទទួលការផ្ដល់ដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តក្រចេះ តាំងពីឆ្នាំ ២០១០ តែត្រូវបានកាត់ជូនប្រជាពលរដ្ឋវិញក្នុងឆ្នាំ២០១៤។ រដ្ឋាភិបាលសម្រេចសងត្រឡប់ទៅឱ្យក្រុមហ៊ុន ហឺរ៉ាយហ្សិន បន្ទាប់ពីវាយតម្លៃនិងរកឃើញអំពីផលប៉ះពាល់ចំពោះក្រុមហ៊ុន។
កញ្ញា អ៊ឹម រចនា បញ្ជាក់ថា៖ «ក្រុមហ៊ុនហឺរ៉ាយហ្សិន បានផ្ទេរដីសម្បទានដែលខ្លួនទទួលបានទៅឱ្យក្រុមហ៊ុន ធី.អេស.អិម។ ការសម្រេចផ្អាកការផ្ដល់ដីសម្បទានសេដ្ឋកិច្ចពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ២០១២ នៅជាធរមាន ពុំមានការផ្លាស់ប្ដូរទេ»។ កញ្ញាបន្តថា៖ «បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន២២៩ក្រុមហ៊ុន ដែលកំពុងធ្វើអភិវឌ្ឍសម្បទានសេដ្ឋកិច្ចដែលទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា»។
លោក វេង សាខុន ដែលកាលនោះជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើការបំប្លែងដីទំហំ ៥ ៦០២ហិកតា ទៅជាដីសម្បទានសេដ្ឋកិច្ច កាលពីថ្ងៃទី១៧ ខែមីនានោះ បានដាក់ទូរសព្ទភ្លាមៗ នៅពេលអ្នកសារព័ត៌មានទូរសព្ទទៅលោក។ លោកមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយបន្ថែមទៀតទេ។
កង្វះការផ្តល់ព័ត៌មាពីក្រសួងពាក់ព័ន្ធដែលទទួលខុសត្រូវលើ ELC ថ្មី កើតឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗនេះបានណែនាំដល់មន្ត្រីរដ្ឋាភិបាល «កុំចាត់ទុកអ្នកសារព័ត៌មានជាសត្រូវ»។
ប្រជាពលរដ្ឋនៅភូមិអ៊ីប៊ូ ឃុំអូរស្វាយ និយាយថា ពួកគេកំពុងរងផលប៉ះពាល់ពីដីសម្បទានសេដ្ឋកិច្ចនេះ ហើយបានព្យាយាមបញ្ឈប់ក្រុមហ៊ុនមិនឱ្យបំផ្លាញព្រៃសហគមន៍ និងដីស្រែចម្ការ។
អង្គការលីកាដូ បានរាយការណ៍ថា ប្រជាពលរដ្ឋមិនត្រូវបានជូនដំណឹងអំពីប្រតិបត្តិការរបស់ក្រុមហ៊ុន T.S.M.W. ជាក្រុមហ៊ុនសាងសង់ផ្លូវទទឹងទំហំ៥០ម៉ែត្រចូលទៅដីសម្បទាននោះទេ។ ក្រុមហ៊ុនត្រូវបានតម្រូវឱ្យធ្វើការវាយតម្លៃផលប៉ះពាល់សង្គមបរិស្ថានក្នុងរយៈពេលប្រាំមួយខែ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។
ក្រុមហ៊ុន Horizon ហាក់ដូចជាមិនដំណើរការយ៉ាងសកម្មនោះទេ ទោះបីជាទទួលបានដីសម្បទានសេដ្ឋកិច្ចពីដំបូងក៏ដោយ។
លោក គង់ វុទ្ធី ប្រធានសមាគមការពារព្រៃឈើសហគមន៍អូរស្វាយបានថ្លែងថា ក្រុមហ៊ុនមួយដែលលោកមិនស្គាល់ឈ្មោះបានចាប់ផ្តើមឈូសឆាយដីព្រៃនៅចុងឆ្នាំ២០២២។
លោក វុទ្ធី បន្តថា បច្ចុប្បន្នក្រុមហ៊ុនបានឈួសឆាយដីព្រៃជាង ១ ៧០០ហិកតា ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង៦០គ្រួសារ។ រូបភាពពីផ្កាយរណបបង្ហាញព្រៃឈើមួយផ្នែកធំៗនៅក្នុងសម្បទានដីសេដ្ឋកិច្ចត្រូវបានគេឈូសឆាយ។
លោក វុទ្ធី បាននិយាយថា៖ «យើងគ្រាន់តែឃើញមានកូន ឈើនៅកសិដ្ឋានក្រុមហ៊ុន ដូចជាដើមព្រីង ប៉ុន្តែយើងមិនដឹងថា ក្រុមហ៊ុនធ្វើអ្វីនៅលើដីនោះទេ»។
លោកបានបន្ថែមថា៖ «ប្រជាជនគ្រោងដាក់ញត្តិទៅសម្តេច [ហ៊ុន សែន] ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់បានដាក់ទេ។ ប្រជាពលរដ្ឋបានប្តឹងទៅអាជ្ញាធរឃុំឱ្យជួយដោះស្រាយបញ្ហា ប៉ុន្តែឃុំបានបញ្ជូន [បណ្ដឹង] ទៅស្រុក ហើយបន្តទៅអាជ្ញាធរខេត្ត ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានដំណោះស្រាយនៅឡើយ»។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ហើយលោក ប៉ែន លីណាត អភិបាលរងខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា៖ «ខ្ញុំមិនដឹងអំពីករណីនេះទេ ព្រោះខ្ញុំទើបតែផ្លាស់មកពីខេត្តក្រចេះ»។
លោក ព្រំ លេខ អាយុ៦០ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិអ៊ីប៊ូ បានឱ្យដឹងថា ក្រុមហ៊ុនមួយបានចាប់ផ្តើមរានដីនៅទីនោះកាលពីខែវិច្ឆិកា ដែលនាំឱ្យប្រជាពលរដ្ឋព្យាយាមបញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុន។
លោកបានបញ្ជាក់ថា៖ «យើងមិនស្គាល់ឈ្មោះក្រុមហ៊ុនទេ ក្រុមហ៊ុនបានឈូសឆាយដីព្រៃ ហើយយើងបានបញ្ឈប់ពួកគេនៅពេលដែលពួកគេរំកិលមករកដីសហគមន៍។ ពេលយើងរារាំងមិនឱ្យពួកគេកាប់រានព្រៃ ក្រុមហ៊ុនបានបង្វែរទៅកន្លែងផ្សេង ធ្វើឱ្យប៉ះពាល់ដល់ដីស្រែចម្ការរបស់ពលរដ្ឋកាន់តែច្រើន»។
ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីក្រុមហ៊ុន T.S.M.W. ដោយដាក់ស្ត្រីវ័យក្មេងម្នាក់ឈ្មោះ តាង សៀកមុំ ជាអតីតប្រធាន T.S.M.W. ប៉ុន្តែនាងបានចាកចេញពីតំណែងនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ នាងបានបដិសេធមិនធ្វើអត្ថាធិប្បាយ ចំណែកលោក សូ សារ៉ន ជាប្រធានបច្ចុប្បន្នរបស់ T.S.M.W. មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
ក្រុមហ៊ុន Horizon Agriculture Development បានចុះបញ្ជីលោក Lim Joo Heon ជាប្រធាន និងលោក Wang Pan Sheng ជានាយក នេះបើយោងតាមព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងហុងកុងឈ្មោះ GBI International Limited ត្រូវបានចុះបញ្ជីជាម្ចាស់ភាគហ៊ុនមួយ។ ក្រុមហ៊ុនទាំងពីរមិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេ ហើយអ៊ីមែលដែលបានផ្ញើទៅអាសយដ្ឋានអ៊ីមែលដែលបានចុះបញ្ជីរបស់ក្រុមហ៊ុនក៏មិនមានការឆ្លើយតបដែរ។
ក្រុមហ៊ុន Horizon បានទទួលដីសម្បទានសេដ្ឋកិច្ចនៅខេត្តក្រចេះក្នុងឆ្នាំ២០១០ ដែលបង្កឱ្យមានជម្លោះជាមួយប្រជាពលរដ្ឋរាប់រយគ្រួសារ។ យោងតាមអង្គការលីកាដូបានឱ្យដឹងថា ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុននេះ ត្រូវបានលុបចោលវិញកាលពីឆ្នាំ២០១៤ ដោយសារមិនបានអភិវឌ្ឍដី។
លោក ព្រំ លេខ ជាកសិករនៅភូមិអ៊ីប៊ូ បានបន្តថា ក្រុមហ៊ុនបាននិងកំពុងបង្កផលប៉ះពាល់ដល់ដីស្រែ និងចម្ការរបស់អ្នកភូមិ។ ក្រុមហ៊ុនក៏បានយកកូនភ្នំមួយដែលអ្នកភូមិប្រើប្រាស់ ដើម្បីគេចពីទឹកជំនន់អំឡុងរដូវវស្សាផងដែរ។
លោក ព្រំ លេខ បារម្ភថា កសិដ្ឋានរបស់លោកនឹងត្រូវបាត់បង់ឆាប់ៗនេះ «ប្រសិនបើក្រុមហ៊ុននៅតែបន្តឈូសឆាយ។ ចម្ការរបស់ខ្ញុំជាង៥០ភាគរយនឹងត្រូវគេកាត់យក»៕
រាយការណ៍បន្ថែមដោយ សុវណ្ណ ស្រីពេជ្រ
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Government Approves New Economic Land Concession Despite Moratorium, Conflict Ensues