មេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា បានដាក់ពាក្យប្ដឹងប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ពាក់ព័ន្ធនឹងបទសម្ភាសន៍របស់លោកជាមួយសារព័ត៌មាន កាលពីដើមខែកុម្ភៈពីបទធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរាជរដ្ឋាភិបាល។
យោងតាមដីកាកោះរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាដែលមានមេធាវីតំណាង លោក ផូ សុធាផល និង លោក ម៉ម ចាន់ណែត បានប្ដឹង លោក ទាវ វណ្ណុល ពីបទធ្វើឱ្យប៉ះពាល់ដល់កិត្តិយសប្រមុខរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។
ព្រះរាជអាជ្ញារងបានបង្គាប់ឱ្យ លោក ទាវ វណ្ណុល ចូលបំភ្លឺនៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមេសា ខាងមុខ ព្រមទាំងយកលិខិតផ្សេងៗដែលពាក់ព័ន្ធនឹងសំណុំរឿងមកជាមួយ ប្រសិនបើមាន។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានជប៉ុន Nikkei Asia ដែលចុះផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ លោក ទាវ វណ្ណុល ថ្លែងថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានរឹតត្បិត គ្រប់គ្រងលើគូប្រជែង និងចាប់ខ្លួនអ្នកប្រឆាំងនយោបាយ ហើយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបាន និងកំពុងដើរថយក្រោយចាប់តាំងពីលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
លោកបានថ្លែងថា៖ «រដ្ឋបាលរបស់គាត់ (ហ៊ុន ម៉ាណែត) កាន់តែអាក្រក់ទៅៗទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យ។ មិនមានលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទេ»។
លោកបានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោក និងសមាជិកគណបក្សរបស់លោក ខណៈពេលដែលពួកគេបន្តសកម្មភាពនយោបាយនៅក្នុងប្រទេសកម្ពុជា ដោយនិយាយថា លោក និងមន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀនផ្សេងទៀតត្រូវបាន «ឃ្លាំមើល ដោយកាមេរ៉ា២៤ ម៉ោង»។
ពីរថ្ងៃក្រោយ បន្ទាប់ពីលោក ទាវ វណ្ណុល ថ្លែងជាមួយកាសែត Nikkei Asia អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ដោយច្រានចោលទាំងស្រុងចំពោះការលើកឡើងរបស់លោក វណ្ណុល ក្នុងបទសម្ភាសជាមួយកាសែតនេះ និងបានយកមកផ្សាយបន្ដដោយវិទ្យុបារាំង (RFI Khmer) ដោយចាត់ទុកថា ការលើកឡើងរបស់លោក ទាវ វណ្ណុល មានចេនាអាក្រក់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល។
ហើយថា នេះជាការសម្ដែងរបស់លោក ទាវ វណ្ណុល ដើម្បីទាក់ទាញការអាណិតអាសូរពីសាធារណៈមតិប៉ុណ្ណោះ។
អង្គភាពនេះបានបន្តចាត់ទុកថា ការថ្លែងរបស់លោក វណ្ណុល ជាភស្តុតាងមួយដែលបញ្ជាក់ពីការបញ្ចេញមតិ ដោយរំលោភបំពានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃដែលច្បាប់រដ្ឋធម្មនុញ្ញបានហាមឃាត់។
គណបក្សភ្លើងទៀន បានបញ្ជាក់ នៅថ្ងៃសុក្រនេះថា មេធាវីរដ្ឋាភិបាលបានប្ដឹង លោក វណ្ណុល ពាក់ព័ន្ធនឹងការថ្លែងក្នុងបទសម្ភាសរបស់លោក ជាមួយនឹងកាសែត Nikkei Asia និង វិទ្យុបារាំង (RFI) អំឡុងពេលលោកទៅបំពេញទស្សនៈកិច្ចនៅប្រទេសជប៉ុន។
លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន មានប្រសាសន៍ថា ការប្ដឹងប្រឆាំងនឹងការលើកឡើងរបស់ លោក ទាវ វណ្ណុល បានបង្កបរិយាកាសប្រជាធិបតេយ្យនៅកម្ពុជាមានការល្អក់កករ។
លោកបន្តថា លោក វណ្ណុល គ្រាន់តែលើកឡើងអំពីទស្សនៈផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយជាសម្ដែងមតិក្នុងនាមជាអ្នកនយោបាយជាន់ខ្ពស់មួយរូប។
លោកលើកឡើងថា៖ «មិនគួរមានការប្តឹងអ្នកនយោបាយដោយសារតែការបញ្ចេញមតិ ឬទស្សនៈឡើយ។ វាគួរតែមានការស្នើសុំឲ្យកែតម្រូវនូវសម្តីដែលបានបញ្ចេញ ឬនិយាយក្នុងករណីដែលស្រាវជ្រាវ ឬរកឃើញថាវាខុសពីការពិត ជាជាងប្រើតុលាការប្តឹងលើអ្នកនយោបាយដែលនាំឲ្យមានការភ័យខ្លាច ដែលជារូបភាពមិនល្អសម្រាប់ប្រជាធិបតេយ្យ»។
បើតាមលោក សុធារ៉ាយុទ្ធ ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល នឹងចូលបំភ្លឺតាមដីកាកោះហៅរបស់តុលាការនៅថ្ងៃទី១០ ខែមេសា ខាងមុខនេះ។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា ថ្វីត្បិតតែអ្នកនយោបាយមានសិទ្ធិក្នុងការប្ដឹង ប៉ុន្តែគួរតែឈរលើគោលការណ៍ប្រកបដោយគុណធម៌ ប្រសិនបើខ្លួនជាបុគ្គលសាធារណៈ។
លោកបន្តថា ការប្ដឹងនេះគួរចាត់ទុកត្រឹមជាការដាស់តឿនដល់ពលរដ្ឋ មិនគួរជាការដាក់បន្ទុកលើពួកគេ ដែលជាការប្រឆាំងនឹងគោលការណ៍ប្រជាធិបតេយ្យឡើយ។
លោកបញ្ជាក់ថា៖ «អ្នកនយោបាយអាចប្ដឹងបាន អាចទារសំណងជំងឺចិត្តបាន តែឱ្យវាសមស្របទៅនឹងចំណូលពលរដ្ឋ កុំឱ្យទារម្ដងសុទ្ធ១លានដុល្លារ»។
ប្រធានក្រុមមេធាវីរដ្ឋាភិបាលកម្ពុជា លោក គី តិច បានប្រាប់ខេមបូចាឱ្យទាក់ទង លោក មេធាវី ម៉ម ចាន់ណែត ដែលទទួលបន្ទុកក្នុងសំណុំរឿងនេះ។ យ៉ាងណា លោក ចាន់ណែត និងមេធាវីតំណាងរដ្ឋាភិបាលមួយរូបទៀតដែលទទួលបន្ទុកក្នុងរឿងក្ដីនេះគឺ លោក ផូ សុធាផល បដិសេធក្នុងការធ្វើអត្ថាធិប្បាយដោយសំអាងថា ករណីនេះ ស្ថិតក្នុងដំណាក់អយ្យការ។
បន្ទាប់ពីបានឃើញសំណួរ ខេមបូចា ផ្ញើតាមប្រព័ន្ធតេឡេក្រាម លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថា លោក មិនអាចឆ្លើយគ្រប់សំណួររបស់អ្នកកាសែតឡើយ។
លោក សុផល ថ្លែងថា៖ «សួរច្រើនសំណួរពេក ខ្ញុំគិតទៅដូចចាំតែឆ្លើយសំណួរហ្មង។ […] ខ្ញុំដូចជាអត់មានកាតព្វកិច្ចត្រូវឆ្លើយគ្រប់សំណួររបស់អ្នកសារព័ត៌មានផង»។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងភ្នំពេញមួយរូបទៀត លោក ឆាយ ហុង ថ្លែងថា លោកសុំពេលពិនិត្យមើលសំណុំរឿងនេះជាមុនសិន។ យ៉ាងណា អ្នកសារព័ត៌មានមិនអាចទាក់ទងលោកបាននាពេលបន្ទាប់នោះទេ។
នៅថ្ងៃសុក្រនេះផងដែរ អាជ្ញាធរបានចាប់ខ្លួនមន្ត្រីបក្សប្រឆាំងពីររូប និងប្រធានសមាគមម្នាក់។ ក្នុងនោះមាន លោក ដាង ប៊ុនហាក់ បេក្ខជនពេញសិទ្ធិលេខរៀងទី១ គណបក្សឆន្ទៈខ្មែរ នៅមណ្ឌលរាជធានីភ្នំពេញ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា លោក គឹម ថាយមុន្នី ចៅសង្កាត់រងទី២ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កូតាបក្សភ្លើងទៀន និង លោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ ប្រាប់ឱ្យ ខេមបូចា ទូរសព្ទសម្ភាសអ្នកនាំពាក្យជំនួស ដោយសារលោកកំពុងជាប់រវល់ ខណៈ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ ទូរសព្ទចូល ប៉ុន្តែមិនមានអ្នកទទួលទូរសព្ទ។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសមួយថា ការចាប់ខ្លួន លោក ដាង ប៊ុនហាក់ និង លោក គឹម ថាយមុន្នី ធ្វើឡើងក្រោយសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីឈ្មោះ ម៉ែន ស្រីទូច និង ទូច សំអុល ដោយប្ដឹងអ្នកទាំងពីរពីបទក្លែងបន្លំឯកសារសាធារណៈ ពាក់ព័ន្ធនឹងការយកឈ្មោះរបស់គេទៅឈរឈ្មោះជាបេក្ខជនបម្រុងសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌមានជ័យ អាណត្តិទី៤ ដោយមិនមានការយល់ព្រមពីសាមីខ្លួន។
អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា មានប្រសាសន៍ថា ការចាប់ខ្លួនសកម្មជននយោបាយក្រៅរដ្ឋាភិបាលជាការគំរាមកំហែង និងបំភិតបំភ័យដែលបង្កឱ្យបរិយាកាសនយោបាយមានភាពតានតឹងនៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកខណ្ឌខេត្តក្រុងចូលមកដល់នៅខែឧសភា ខាងមុខនេះ។
លោកបន្តថា៖ «យើងមានតែការអំពាវនាវ សូមធ្វើការដោះលែងអ្នកទោសនយោបាយទាំងឡាយដែលបានចាប់ខ្លួនកន្លងទៅ ដើម្បីឱ្យពួកគេមានសិទ្ធិសេរីភាពពេញទី ហើយបង្កបរិយាកាសល្អប្រសើរមុនការបោះឆ្នោតនេះ»។
លោក ហេង គឹមហុង ប្រធានសមាគមបណ្តាញយុវជនកម្ពុជា ថ្លែងថា តាមព័ត៌មានបឋមដែលលោកទទួលបានពីក្រុមការងាររបស់លោក សារ៉ាយ ឱ្យដឹងថា លោក សារ៉ាយ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងសំណុំរឿងជុំវិញទំនាស់ដីធ្លីមួយកន្លែងក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលលោកបានចុះឃ្លាំមើលកាលពីពេលកន្លងទៅ។
លោកបន្តថា៖ «ពាក់ព័ន្ធនឹងសំណុំរឿងដីធ្លីនៅក្នុងខេត្តព្រះវិហារ […] ពាក់ព័ន្ធនឹងរឿងដីដែលគាត់ទៅឃ្លាំមើលសកម្មភាពដែលប្រជាពលរដ្ឋគាត់រត់គេចចូលពួនទៅក្នុងព្រៃ»។ […] កន្លងមកទៅមានការចេញលិខិតអញ្ជើញ [លិខិតកោះ] គាត់អត់ទៅ ឥឡូវអាជ្ញាធរកាន់ដីកាមក ពាក់ព័ន្ធសំណុំរឿងហ្នឹង»៕