សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋាភិបាលគ្រោងនឹងចំណាយថវិការដ្ឋចំនួនជាង១០ពាន់លាន​ដុល្លារ​អាមេរិកក្នុងឆ្នាំ២០២៦ ដែលកើនឡើង៧,៨ភាគរយ Breaking

គណៈរដ្ឋមន្ត្រីប្រជុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលដឹកនាំអង្គប្រជុំដោយនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២៤ ខែតុលា ឆ្នា២០២៥។ (STPM)
គណៈរដ្ឋមន្ត្រីប្រជុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលដឹកនាំអង្គប្រជុំដោយនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២៤ ខែតុលា ឆ្នា២០២៥។ (STPM)

Breaking: រាជរដ្ឋាភិបាលគ្រោងនឹងចំណាយថវិការដ្ឋសរុបចំនួន ៤០ ៩១៣ ប៊ីលានរៀល ឬប្រហែល ១០,១៥ពាន់លានដុល្លារអាមេរិក ស្មើនឹង ១៨,៨៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ឬកើនចំនួន ៧,៨ភាគរយ ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥។ គណៈរដ្ឋមន្ត្រីប្រជុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។

សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៃទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២៤ ខែតុលា បានឱ្យដឹងថា តាមការវាយតម្លៃ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,២ភាគរយ សម្រាប់ឆ្នាំ២០២៥ និងប្រមាណ ៥,០ភាគរយ សម្រាប់ឆ្នាំ២០២៦ ស្របពេល ដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ៣ ០២០ដុល្លារអាមេរិក បើធៀបនឹងប្រមាណ ២ ៨៥៨ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា កំណើនសេដ្ឋកិច្ចឆ្នាំ២០២៦ ត្រូវបានគាំទ្រដោយវិស័យ និងអនុវិស័យ ជាចន្ទល់ជំរុញកំណើន រួមមាន វិស័យឧស្សាហកម្ម វិស័យសេវាកម្ម  វិស័យកសិកម្ម ដែលបន្តគាំទ្រដោយ អនុវិស័យនេសាទ និងការចិញ្ចឹមសត្វ។ អត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៨ភាគរយ។

កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភាកម្ពុជាបានអនុម័តថវិកាជាតិឆ្នាំ២០២៥ ដោយបានបង្កើន​ការចំណាយរួមជាមួយនឹងការជំរុញដល់វិស័យការពារជាតិ ក្រសួងមហាផ្ទៃ និង​វិស័យ​សេវាសាធារណៈមួយចំនួនដូចជាធនធានទឹក ខណៈពេលដែលកាត់បន្ថយថវិកាសម្រាប់វិស័យដទៃ។

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ថវិកាជាតិឆ្នាំ២០២៥ ត្រូវបានកំណត់ចំនួន៩.៣២ពាន់លានដុល្លារ (៣៧,៩៥០ពាន់លានរៀល) លើស១៨ភាគរយនៃ GDP ឆ្នាំ២០២៤ និងកើនឡើង២.៣ភាគរយធៀបនឹង៩.១ពាន់លានដុល្លារកាលពីឆ្នាំមុន​។

ក្រសួងចំនួន២៣នឹងឃើញការដំឡើងថវិកានៅឆ្នាំក្រោយ។ ក្រសួងធនធានទឹកនាំមុខជាមួយនឹងថវិកាជាតិចំនួន៨៥.៦៨លានដុល្លារ ហើយវិស័យអប់រំដែលមានជាង៦១លានដុល្លារតាមពីក្រោយ និងមហាផ្ទៃដែលមានទឹកប្រាក់ជាង៤០លានដុល្លារ ដែលជាវិស័យដែលបានច្រើនជាងគេ៕

285 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម