កាលពីពីរសប្ដាហ៍មុនកម្មករកាត់ដេរក្នុងរោងចក្រ ឌីន ហាន ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក បន្ទាប់ពីកម្មករជាច្រើនរយនាក់មានវិជ្ជមានកូវីដ១៩។ អ្នកស្រី ឡុង សារេម វ័យ៤២ឆ្នាំ បានដាក់ខ្លួននៅដោយឡែក ជាមួយកូនប្រុសនៅក្នុងបន្ទប់ជួលតូចមួយក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ និងបានរស់នៅដោយពឹងផ្អែកលើការទិញម្ហូបអាហារលក់ធូរៗថ្លៃដោយអ្នកលក់ដូរនៅក្បែរនោះ។ ប៉ុន្តែនៅពេលធ្វើចត្តាឡីស័កជិតបានបញ្ចប់ ក្នុងសង្កាត់ទាំងមូលដែលអ្នកស្រីរស់នៅត្រូវបានដាក់ជា «តំបន់ក្រហម» ក្នុងចំណោមសង្កាត់ និងភូមិមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ។ ការណ៍នេះ បានធ្វើឲ្យវិធានការបិទខ្ទប់ទីក្រុងកាន់តែតឹងរឹងជាងមុន សូម្បីកន្លែងលក់ម្ហូបអាហារក៏ត្រូវបញ្ជាឲ្យបិទ ហើយអ្នកស្រី សារេម និងអ្នកផ្សេងទៀតកំពុងបារម្ភពីការខ្វះអាហារហូបចុក។
អ្នកស្រីបានឲ្យដឹងថា៖ «រាល់ថ្ងៃ ខ្ញុំហូបបាយកកសម្រាប់អាហារពេលព្រឹក..ហើយចាប់តាំងពីថ្ងៃទី១៦ ខែមេសា មក ខ្ញុំ និងកូនប្រុសហូបតែមី ពងទា និងត្រីខកំប៉ុង ព្រោះខ្ញុំមិនអាចចេញក្រៅទៅទិញអ្វីហូបបាន ពិសេស ព្រោះយើងមិនមានប្រាក់ទិញអាហារល្អៗ»។
ខណៈពេលដែលកម្ពុជាកំពុងខិតខំទប់ស្កាត់ការឆ្លងរាលដាលយ៉ាងលឿននៃវីរុសកូវីដ១៩ ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងខេត្តកណ្ដាលត្រូវបានបិទខ្ទប់តាំងពីថ្ងៃទី១៥ ខែមេសា ហើយការរឹតបន្តឹងមានកាន់តែខ្លាំងគិតចាប់ពីចុងសប្ដាហ៍កន្លងមកនេះ។ ប្រជាពលរដ្ឋស្ទើរទាំងអស់ក្នុងទីក្រុងនៅពេលនេះត្រូវហាមឃាត់ចេញទៅធ្វើការ ឬហាត់ប្រាណក្រៅផ្ទះ ហើយមានការអនុញ្ញាតឲ្យចេញតែទៅទិញម្ហូបអាហារចាំបាច់មួយចំនួនប៉ុណ្ណោះ។ កាលពីថ្ងៃចន្ទ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់តំបន់ចំនួនប្រាំពីរ រួមមានសង្កាត់ស្ទឹងមានជ័យ១ ស្ទឹងមានជ័យ២ និងស្ទឹងមានជ័យ៣ ក្នុងខណ្ឌមានជ័យ សង្កាត់ចោមចៅ១ ក្នុងខណ្ឌពោធិ៍សែនជ័យ និងភូមិ១៤ ភូមិ១៦ និងភូមិ១៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវបានដាក់ជាតំបន់ក្រហម។ ក្នុងតំបន់ទាំងនេះ កន្លែងលក់ម្ហូបអាហារទាំងអស់ត្រូវបានបិទ ហើយប្រជាពលរដ្ឋទាំងអស់មិនអនុញ្ញាតឲ្យចេញក្រៅផ្ទះនោះទេ លើកលែងតែករណីបន្ទាន់ត្រូវទៅមន្ទីរពេទ្យ។
នៅថ្ងៃអង្គារនេះ អ្នកលក់ដូរគ្រឿងទេស បន្លែ ត្រីសាច់នៅតាមដងផ្លូវបានប្រាប់អ្នកស្រី សារេម ថា គាត់ត្រូវផ្អាកលក់ហើយ ព្រោះតែអាជ្ញាធរមូលដ្ឋានប្រាប់ថាមិនអាចលក់ដូរនៅក្នុងតំបន់ក្រហមបានទេ។
អ្នស្រី សារេម និយាយថា៖ «ខ្ញុំ ក៏ដូចជាអ្នកផ្សេងទៀតដែលបានស្នាក់នៅបន្ទប់ជួលទីនេះ នឹងប្រឈមការខ្វះខាតម្ហូបអាហារសម្រាប់ហូប ពេលដែលគ្មានអ្នកលក់ម្ហូប ពីព្រោះយើងមិនអាចចេញក្រៅទៅទិញបានទេ»។ ដូចទៅនឹងកម្មករផ្សេងទៀតដែលកំពុងរស់នៅក្នុងបន្ទប់ជួលដែរ អ្នកស្រី សារេម មិនមានទូទឹកកកផ្ទាល់ខ្លួននោះទេ ដូច្នេះអ្នកស្រីបារម្ភពីការខ្វះខាតម្ហូបអាហារ។
យ៉ាងណា អ្នកស្រី សារេម អាចជាមនុស្សមានសំណាងម្នាក់ក្នុងចំណោមអ្នកផ្សេងទៀតដែរ។ នៅរសៀថ្ងៃអង្គារ អ្នកស្រីបានទទួលអំណោយជាអង្ករចំនួន២៥គីឡូក្រាម មីមួយកេស និងទឹកស៊ីអ៊ីវមួយយួរ និងទឹកត្រី ជាកញ្ចប់ជំនួយរបស់រដ្ឋាភិបាល ហើយរដ្ឋាភិបាលបានចាត់ឲ្យក្រសួងពាណិជ្ជកម្មជាអ្នកផ្គត់ផ្គង់ម្ហូបអាហារនៅតំបន់ក្រហម។
អ្នកខ្លះបានឲ្យដឹងដែរថាខ្លួននៅមិនទាន់បានទទួលអំណោយជាម្ហូបអាហារនេះនៅឡើយ ហើយក្រុមសិទ្ធិមនុស្សរិះគន់លើផែនការបន្ទាន់របស់រដ្ឋាភិបាលក្នុងការបិទខ្ទប់នេះ ដោយថាបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើននៅភ្នំពេញប្រឈមនឹងបញ្ហាខ្វះស្បៀងអាហារ។
លោក លី ធា វ័យ៤២ឆ្នាំ ជាអ្នករត់ម៉ូតូកង់បី និងរស់នៅបន្ទប់ជួលក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ លើកឡើងថា តាំងពីមិនទាន់កំណត់ជាតំបន់ក្រហម លោកបានជួបការលំបាកក្នុងការទិញអាហារហូបចុករួចទៅហើយ។ លោកថា ក្នុងអំឡុងពេលបិទខ្ទប់ពីរបីថ្ងៃដំបូង លោកបានមិត្តភក្តិរស់នៅសង្កាត់ចោមចៅ១ ជាអ្នកទិញអាហារហូបចុកសម្រាប់លោក ប្រពន្ធរបស់លោក និងកូនប្រុសពីរនាក់ ប៉ុន្តែឥលូវនេះ តំបន់ដែលមិត្តភក្តិលោកកំពុងរស់នៅក៏ស្ថិតក្នុងតំបន់ក្រហមដូចគ្នា។
លោកបន្ថែមថា៖ «ខ្ញុំស្នើទៅអាជ្ញាធរ សូមមេត្តាអនុញ្ញាតឲ្យមានការលក់ដូរម្ហូបអាហារ និងបន្លែ ក្នុងតំបន់ក្រហម»។
លោក ធា បន្តថា លោក និងគ្រួសារមិនមានប្រាក់គ្រប់គ្រាន់ដើម្បីទិញម្ហូបអាហារឲ្យបានគ្រប់គ្រាន់សម្រាប់ពេលបិទខ្ទប់នោះទេ ដោយថាជីវភាពរបស់លោកសព្វថ្ងៃពឹងលើការរត់កង់បី។
លោកបន្តថា៖ «ខ្ញុំគិតថាបើអាជ្ញាធរមិនផ្ដល់ជាអំណោយ ឬម្ហូបអាហារទេ គ្រួសាររបស់ខ្ញុំនឹងប្រឈមនឹងការខ្វះខាតអាហារ ព្រោះថាអាហាររបស់យើងអាចមានត្រឹមតែមួយសប្ដាហ៍ទៀតប៉ុណ្ណោះ»។
តាមរយៈវីដេអូផ្សាយផ្ទាល់លើសារព័ត៌មាន Fresh News កាលពីរសៀលថ្ងៃអង្គារ នគរបាលរាជធានីភ្នំពេញមានស្ពាយកាំភ្លើង និងកាន់រំពាត់ផង ដើរពីផ្ទះមួយទៅផ្ទះមួយក្នុងតំបន់ក្រហម និងស្រែកប្រាប់ពលរដ្ឋឲ្យនៅក្នុងផ្ទះ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ មានប្រសាសន៍ថា កន្លែងលក់ម្ហូបអាហារក៏ត្រូវបិទដូចនឹងមុខរបរផ្សេងទៀតដែរ ដើម្បីទប់ស្កាត់ការរាលដាលវីរុសកូវីដ១៩ និងថារដ្ឋាភិបាលនឹងចែកម្ហូបអាហារដល់ប្រជាពលរដ្ឋដែលត្រូវការចាំបាច់។
លោកបន្ថែមថា៖ «ថ្ងៃនេះ អាជ្ញាធរបានចុះទៅចែកអំណោចដល់ប្រជាពលរដ្ឋចំនួន ២ ០០០គ្រួសារ ក្នុងសង្កាត់ស្ទឹងមានជ័យ៣»។ ប៉ុន្តែលោកបានបដិសេធពន្យល់លម្អិតពីការចែកអំណោយនៅថ្ងៃខាងមុខ ឬសប្ដាហ៍ខាងមុខទៀត។
ទាំងអភិបាករាជធានីភ្នំពេញ លោក ឃួង ស្រេង និងអ្នកនាំពាក្យសាលារាជធានី លោក ម៉េត មាសភក្ដី មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃអង្គារ។
ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា ហៅកាត់ថាAKP បានផ្សាយរូបថតជាច្រើនសន្លឹកបង្ហាញពីរថយន្តយោធាជាច្រើនគ្រឿងត្រូវបានរៀបចំដឹកជញ្ជូនស្បៀងអាហារសម្រាប់ចែកចាយដល់ជនរងគ្រោះដោយសារការបិទខ្ទប់នេះ។
នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន សាលារាជធានីភ្នំពេញ បានប្រកាសថាអភិបាលរាជធានីបានចុះទៅចែកអំណោយ អង្ករ២៥គីឡូក្រាម មីមួយកេស ទឹកត្រីមួយយួរ និងទឹកស៊ីអ៊ីវមួយយួរ ទៅដល់ប្រជាពលរដ្ឋ ១ ០០០គ្រួសារក្នុងភូមិដំណាក់ធំ២ និងភូមិដំណាក់ធំ៣ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
ប្រភពដដែល ក៏បានផ្សាយថា លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានដឹកនាំមន្ត្រីរដ្ឋាភិបាលចុះចែកស្បៀងអាហារដល់ប្រជាពលរដ្ឋ៦០០គ្រួសារក្នុងភូមិ១៤ ភូមិ១៦ និងភូមិ១៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោកផងដែរ កាលពីព្រឹកថ្ងៃអង្គារ។
ក្នុងអំឡុងពេលផ្ទុះរាលដាលកូវីដលើកមុន រដ្ឋាភិបាលបានប្រកាសផ្ដល់ជាថវិកាចំនួន៣០ម៉ឺនរៀលដល់ប្រជាពលរដ្ឋក្រីក្រដែលត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។ នៅថ្ងៃទី៩ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីអំពីជំនួយនេះ ដោយថារដ្ឋាភិបាលក៏នឹងអាចជួយចេញថ្ងៃទឹក ភ្លើង ក្នុងកម្រិតអប្បបរមាចំនួនពីរខែទៀតផង។ ប៉ុន្តែក្នុងសារជាសំឡេងរបស់លោកនាយករដ្ឋមន្ត្រី និងបានផ្សាយលើទំព័រហ្វេសប៊ុករបស់លោកនៅយប់ថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាការផ្ដល់ជាថវិកានេះមិនអាចធ្វើបានទៀតទេ ដោយសារតែចំនួនមនុស្សក្នុងពេលត្រូវបិទខ្ទប់នេះមានច្រើន។
លោកមានប្រសាសន៍ថា៖ «ថ្ងៃនេះមានបងប្អូនមួយចំនួនបានបង្ហោះតាមហ្វេសប៊ុកក៏ដូចជាតវ៉ាជាមួយក្រុមអ្នកចែកជំនួយ។ ខ្ញុំសូមបងប្អូនមេត្តាយោគយល់អធ្យាស្រ័យចំពោះការលំបាករបស់រដ្ឋាភិបាល ដែលមិនអាចផ្ដល់ប្រាក់៣០ម៉ឺនរៀលក្នុងមួយគ្រួសារ ឬមួយនាក់»។
លោកបន្ថែមថា៖ «យើងខិតខំជំនួយវិញដោយផ្គត់ផ្គង់ជាអង្ករ មី ត្រីខ ទឹកត្រី និងទឹកស៊ីអ៊ីវជំនួសវិញ។សូមបងប្អូនយោគយល់ ៣០ម៉ឺនមិនច្រើនទេសម្រាប់បងប្អូន តែវាធំសម្រាប់រដ្ឋាភិបាល ដើម្បីផ្គត់ផ្គង់ទូទាំងរាជធានីភ្នំពេញ»។
លោកនាយករដ្ឋមន្ត្រីកត់សម្គាល់ដែរថា មន្ត្រីរដ្ឋាភិបាលជាច្រើនបានជាប់នៅតំបន់បិទខ្ទប់ និងធ្វើចត្តាឡីស័ក ដែលនាំឲ្យការចែកអំណោយមានការពិបាក។ ប៉ុន្តែលោកក៏បានព្រមានដែរថាប្រសិនជាអ្នកភូមិទាមទារច្រើនពេក ហើយ «មិនអាចសម្របសម្រួល» ជាមួយអាជ្ញាធរលើការចែកអំណោយនេះ លោកនឹងស្នើឲ្យអាជ្ញាធរបង្វែរអំណោយទាំងនោះទៅកន្លែងផ្សេងវិញ។
លោកបញ្ជាក់ថា៖ «បើសិនជាបងប្អូនប្រកែប្រកាន់ដូច្នេះ យើងក៏គ្មានជម្រើសណា ក្រៅតែពីចែកជូនអ្នកព្រមទទួលយកតែប៉ុណ្ណោះ»។
លោកបន្ថែមទៀតថា៖ «ខ្ញុំបានទទួលព័ត៌មាន ដោយមានការក្ដុកក្ដួលក្នុងចិត្តថាបងប្អូនមួយចំនួនបដិសេធមិនទទួលយកជំនួយ ប្រសិនបើបងប្អូនបដិសេធ ខ្ញុំក៏សូមស្នើឲ្យអ្នកផ្ដល់ជំនួយទាំងនោះ ដកថយពីតំបន់នោះទៅចែកជូនអ្នកនៅតំបន់ផ្សេងដែលគេត្រូវការ»។
លោកបានលើកឡើងថា៖ «ខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថា បើសិនជាត្រឹម១ម៉ឺន ទៅ២ម៉ឺនគ្រួសារ វាមិនលំបាកទេ ប៉ុន្តែឥលូវនេះយើងមានរាប់សិបម៉ឺនគ្រួសារ»។
លោកបន្តថា៖ «យើងបានចែកជាងប្រមាណ១ម៉ឺនគ្រួសារ ហើយស្អែក ខានស្អែកនេះ ស្អែកប្រហែលជាជិត១ម៉ឺនគ្រយសារទៀត និងខានស្អែកប្រមានជាជាង២ម៉ឺនគ្រួសារ»។
ជាមួយគ្នានោះដែរ លោកក៏បានស្នើឲ្យអាជ្ញាធរកុំភ្លេចគិតដល់ព្រះសង្ឃក្នុងអំឡុងពេលបិទខ្ទប់នេះដែរ ដោយថាអាចខ្វះខាតចង្ហាន់ដោយគ្មានអ្នកយកទៅប្រគេន។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថា វាជាការចាំបាច់ណាស់ដែលរដ្ឋាភិបាលត្រូវពន្លឿនការចែកស្បៀងអាហារដល់ប្រជាពលរដ្ឋ។
លោកបន្ថែមថា៖ «វាជារឿងសំខាន់ណាស់ដែលទាក់ទងនឹងដំណើរការចែកម្ហូបអាហារឲ្យបានលឿនតាមតែអាចធ្វើទៅបានសម្រាប់ប្រជាពលរដ្ឋកំពុងខ្វះស្បៀងក្នុងតំបន់ក្រហម»។
ចំណែកលោក មឿន តុលា នាយកប្រតិបត្តិអង្គការសិទ្ធិការងារសង់ត្រាល់ លើកឡើងថាវាដូចជាមិនសូវទំនងទេដែលឲ្យក្រសួងពាណិជ្ជកម្មជាអ្នកសម្របសម្រួលក្នុងការផ្គត់ផ្គង់ស្បៀងអាហារ ហើយថាវាគួរតែមានវិធីល្អជាងនេះ ដោយរកវិធីសុវត្ថិភាពដើម្បីឲ្យអ្នកលក់ដូរនៅបន្តដំណើរការបាន។
លោកបន្ថែមថា៖ «វាជាការល្អ បើសិនជាអាជ្ញាធរអាចកំណត់ម៉ោងឲ្យប្រជាពលរដ្ឋលក់ម្ហូបអាហារ និងបន្លែ…ហើយអាជ្ញាធរអាចកំណត់ចំនួនមនុស្សចូលទិញ ដើម្បីរក្សាកម្លាត»។
គិតត្រឹមថ្ងៃអង្គារចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ មានចំនួន៤៩នាក់ ដែលអ្នកទាំងនោះជាអ្នកឆ្លងក្នុងពេលការផ្ទុះរាលដាលថ្មី។ ក្រសួងសុខាភិបាលប្រកាសឲ្យដឹងដែរថាចំនួនអ្នកឆ្លងថ្មីទាក់ទងនឹងព្រឹត្តិការណ៍ ២០កុម្ភៈ មានចំនួន៦៨៩៩ករណី នាំឲ្យចំនួនឆ្លងសរុបមានចំនួន ៧ ៤៤៤ករណី គិតតាំងពីមានការផ្ទុះវិបត្តិកូវីដ១៩ កាលពីដើមឆ្នាំ២០២០មក។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Gov’t food distribution begins but with food stores closed, ‘red zone’ residents worry about feeding their families