កាលពីថ្ងៃទី២៨ ខែសីហា រដ្ឋាភិបាលកម្ពុជាបានច្រានចោលការចោទប្រកាន់របស់ភាគីថៃដែលថាទាហានកម្ពុជានាពេលថ្មីៗនេះបានដាក់គ្រាប់មីនថ្មីៗ និងបានបណ្ដាលឲ្យទាហានថៃម្នាក់រងរបួសនៅជិតប្រាសាទតាក្របី នៅតាមបណ្ដោយព្រំដែនខេត្តឧត្តរមានជ័យ។ រដ្ឋាភិបាលកម្ពុជាចាត់ទុកថាសកម្មភាពដាក់ពង្រាយគ្រាប់មីនជាទង្វើដែលបំពានទៅនឹងការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការប្រឆាំងនឹងការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។
បើតាមរដ្ឋាភិបាលថៃ ហេតុការណ៍ផ្ទុះគ្រាប់មីនបង្កឲ្យទាហានថៃរបួសនេះកើតឡើងជាលើកទីប្រាំមួយ ហើយថៃបានចោទកម្ពុជាថាអ្នកដាក់ពង្រាយគ្រាប់មីនទាំងនោះនៅតាមតំបន់ព្រំដែនកំពុងមានជម្លោះ និងបានផ្ទុះអាវុធកាលពីខែមុនដែលបានបណ្ដាលឲ្យមានទាហានស្លាប់និងរបួស។
ទាក់ទងនឹងការចោទប្រកាន់កន្លងទៅ កម្ពុជាបានចេញមុខបដិសេធ និងម្ដងហើយម្ដងទៀតកម្ពុជាបានបញ្ជាក់ថាតំបន់នៅតាមបណ្ដោយព្រំដែនគឺនៅមានមីន និងគ្រាប់មិនទាន់ផ្ទុះជាច្រើនមិនទាន់បានបោសសម្អាតដែលគ្រាប់ទាំងនោះសល់តាំងពីសម័យសង្គ្រាម។
ក្រសួងការបរទេសកម្ពុជាបន្តបដិសេធចំពោះការចោទប្រកាន់របស់ថៃមុនមានហេតុការផ្ទុះមីនជាថ្មីកាលពីថ្ងៃពុធ។ ក្រសួងអះអាងថា អង្គការអន្តរជាតិខាងដោះមីនដូចជា HALO Trust អង្គការម៉ែក (MAG)និង APOPO «បានបញ្ជាក់»ថា មីនទាំងនោះជាមីនសល់ពីសម័យសង្គ្រាម។ យ៉ាងណា ស្ថាប័នដោះមីនអន្តរជាតិទាំងនេះមិនបាននិយាយឲ្យដឹងថា ខ្លួនបានស៊ើបអង្កេតលើហេតុការណ៍នោះ ឬបានបញ្ជាក់លើអ្វីដែលរដ្ឋាភិបាលបានលើកឡើងនោះទេ។
អង្គការទាំងបីនេះបានធ្វើប្រតិបត្តិការដោះមីននៅកម្ពុជាច្រើនទសវត្សរ៍មកហើយ។ យ៉ាងណា អង្គការទាំងបីនេះមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំអត្ថាធិប្បាយលើអ្វីដែលរដ្ឋាភិបាលកម្ពុជាបានលើកឡើងទាក់ទងនឹងគ្រាប់មីនដែលបានផ្ទុះ និងបណ្ដាលឲ្យទាហានថៃរងរបួសនោះថាជាគ្រាប់សល់ពីសង្គ្រាម ឬស្ថាប័នទាំងនោះបានធ្វើការស៊ើបអង្កេតលើហេតុការណ៍ផ្ទុះមីននោះដែរឬយ៉ាងណានោះទេ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី២២ ខែសីហា អង្គការម៉ែក បាននិយាយថាខ្លួនមានការបារម្ភចំពោះ«ហេតុការណ៍ផ្ទុះមីននាពេលថ្មីៗ» បើទោះបីជាកម្ពុជា និងថៃបានប្ដេជ្ញាបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរក៏ដោយ។
ចំណែកអង្គការ HALO វិញកាលពីសប្ដាហ៍មុនបានដាក់ពង្រាយមន្ត្រីដោះមីនចំនួនប្រាំពីរក្រុមដើម្បីសិក្សាពីលទ្ធភាពក្នុងការដោះមីននៅតំបន់ព្រំដែន និងបានបើកវគ្គអប់រំពីគ្រោះថ្នាក់ដោយសារគ្រាប់មីនជាច្រើនវគ្គនៅត្រឹមពាក់កណ្ដាលខែសីហា នេះ។
ក្រសួងការបរទេសកម្ពុជាបានបញ្ជូនសេចក្ដីបំភ្លឺរបស់ខ្លួនទៅកាន់ប្រធានគណៈកម្មការអនុសញ្ញាអូតាវ៉ា។ អនុសញ្ញាអូតាវ៉ា ជាអនុសញ្ញាអន្តរជាតិមួយដែលបានហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ហើយកម្ពុជា និងថៃជាហត្ថលេខីលើអនុសញ្ញានេះ។
ភាគីថៃបានលើកឡើងថាថាខ្លួននឹងបង្ហាញភត្តុតាងទៅកាន់សមាជិកគណៈកម្មការអនុសញ្ញាអូតាវ៉ា និងបានចោទកម្ពុជាថាបានបំពានកាតព្វកិច្ចរបស់ខ្លួន។
នៅថ្មីៗនេះ អាជ្ញាធរថៃបាននាំអ្នកសារព័ត៌មានបរទេសទៅកាន់តំបន់ព្រំដែនក្នុងខេត្តស៊ីសាកេតរបស់ថៃ និងបានតាំងបង្ហាញគ្រាប់មីនផលិតសម័យសហភាពសូវៀត PMN-2 ដែលពួកគេអះអាងថាបានរកឃើញក្រោយពីមានហេតុការណ៍ផ្ទុះនាពេលកន្លងមក និងថាគ្រាប់មីនដែលមិនទាន់ដកគន្លឹះសុវត្ថិភាពទាំងនេះត្រូវបានដាក់ពង្រាយដោយកងទ័ពកម្ពុជា។
អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានចែករំលែកបន្តនូវរូបភាពគ្រាប់មីនដែលថៃចោទថាកម្ពុជាបានដាក់ពង្រាយ ហើយលោកបានបង្ហាញថាគ្រាប់មីនដែលភាគីថៃដាក់បង្ហាញទៅអ្នកសារព័ត៌មាននោះមានមួយចំនួនមិនទាន់ដកគន្លឹះសុវត្ថិភាពឲ្យផ្ទុះនៅឡើយ។ លោកថាគ្រាប់មីនដែលបានដាក់បង្ហាញនេះមិនអាចជាមីនដែលដាក់ដោយកងទ័ពកម្ពុជានោះទេ។
កងទ័ពជើងទឹកថៃបានបញ្ចេញរូបភាព និងវីដេអូមួយចំនួន និងបានអះអាងថាជារូបភាពបានទូរសព្ទរបស់ទាហានកម្ពុជា ហើយក្នុងទូរសព្ទនោះមានបង្ហាញពីសកម្មភាពដាក់មីន ប៉ុន្តែកម្ពុជាបានច្រានចោលចំពោះការលើកឡើងនេះ ដោយថាជារូបភាពប្រតិដ្ឋ។
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ឬហៅកាត់ថា អាជ្ញាធរមីន បានច្រានចោលការចោទប្រកាន់របស់ថៃចំពោះហេតុការណ៍ផ្ទុះមីនដែលបានកើតឡើងកាលពីថ្ងៃពុធ ដោយបានហៅការចោទប្រកាន់នោះថា«គ្មានមូលដ្ឋាន» និងបានកត់សម្គាល់ថានៅតំបន់ទាំងនោះ ក៏ដូចជាតំបន់តាមបណ្ដោយព្រំដែនផ្សេងទៀត គឺនៅមានមីនជាច្រើនដែលសេសសល់តាំងពីសម័យសង្គ្រាម។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អាជ្ញាធមីនបានលើកឡើងថាកម្ពុជា «មិនបានប្រើមីនថ្មីនោះទេ ហើយក៏នឹងមិនប្រើដូចគ្នា» និងបានទាមទារឲ្យថៃផ្ដល់ភស្តុតាងទាក់ទងនឹងហេតុការណ៍ផ្ទុះមីនថ្មីៗនេះ។
ការចោទប្រកាន់ជាបន្តបន្ទាប់មកលើកម្ពុជាទាក់ទងនឹងការផ្ទុះមីននេះ បានបន្ថែមភាពតានតឹងដល់បទឈប់បាញ់ដ៏ផុយស្រួយមួយរបស់ប្រទេសទាំងពីរ ដែលបទឈប់បាញ់នេះទើបតែសម្រេចបានកាលពីខែមុន។
ការផ្ទុះមីនកាលពីថ្ងៃទី១៦ ខែកក្កដា និងថ្ងៃទី២៣ ខែកក្កដា បាននាំឲ្យរដ្ឋាភិបាលក្រុងបាងកកកោះហៅឯកអគ្គរាជទូតរបស់ខ្លួនប្រចាំកម្ពុជាវិលចូលប្រទេសវិញ ហើយនៅថ្ងៃទី២៤ ខែកក្កដា ការផ្ទុះអាវុធក៏បានកើតឡើង។ ទាហានថៃក៏បានអះអាងដែរថានៅថ្ងៃទី២៨ ខែកក្កដា ទាហានរបស់ខ្លួនក៏បានរងរបួសដោយសារមីនផងដែរ ដោយការអះអាងនេះកើតឡើងតែប៉ុន្មានម៉ោងមុនពេលបទឈប់បាញ់ចូលជាធរមាន។ ដូចគ្នាដែរ ភាគីថៃថាទាហានរបស់ខ្លួនបីនាក់បន្ថែមទៀតបានរងរបួសដោយសារមីនកាលពីថ្ងៃទី៩ ខែសីហា ពេលកំពុងដើរល្បាតតាមព្រំដែនប្រទេសទាំងពីររវាងខេត្តស៊ីសាកេត និងខេត្តព្រះវិហារ។ ករណីផ្ទុះមីនផ្សេងទៀតត្រូវបានអាជ្ញាធរថៃរាយការណ៍ថាកើតមាននៅថ្ងៃទី១២ ខែសីហា នៅជិតប្រាសាទតាមាន់ធំ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Govt Rejects New Mine Allegations, Cited Deminers Stay Silent










