ជាថ្មីម្តងទៀត រដ្ឋាភិបាលកម្ពុជាបានខកខានមិនបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានដែលបានពន្យាពេលយូរមកហើយនោះ បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សន្យាថាសេចក្តីព្រាងច្បាប់នេះនឹងត្រូវអនុម័តនៅក្នុងឆ្នាំ២០២០ក៏ដោយ។
សេចក្តីព្រាងច្បាប់ ដែលមានបំណងអនុញ្ញាតឲ្យសាធារណៈជនទទួលបានរបាយការណ៍និងឯកសាររបស់រដ្ឋនោះត្រូវបានពន្យារពេលច្រើនឆ្នាំមកហើយ និងរងការរិះគន់ដោយសារតែរដ្ឋាភិបាលព្យាយាមរឹតតិ្បតវិសាលភាពរបស់ច្បាប់នេះ។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា ច្បាប់នេះនឹងត្រូវបានអនុម័តត្រឹមឆ្នាំមុន ហើយសេចក្តីព្រាងច្បាប់នេះត្រូវបានបញ្ចប់កាលពីខែសីហា ប៉ុន្តែរដ្ឋសភាមិនទាន់បានអនុម័តនៅឡើយទេ។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា ការអនុម័តសេចក្តីព្រាងច្បាប់នេះត្រូវអាក់ខានដោយសារការរីករាលដាលជំងឺកូវីដ-១៩ ពីព្រោះក្រុមកាងារមិនអាចជួបប្រជុំ។
លោកបានមានប្រសាសន៍ថា៖ «ដូចយើងដឹងស្រាប់ហើយ មានការរីករាលដាលជំងឺកូវីដ-១៩។ ដូច្នេះវាប៉ះពាល់ដល់កិច្ចប្រជុំរបស់ក្រុមការងារយើង»។
លោក មាស សុភ័ណ្ឌ បានមានប្រសាសន៍ថា អ្នកជំនាញនៅក្រសួងយុត្តិធម៌និងក្រសួងព័ត៌មានបានបញ្ចប់ការពិភាក្សានិងរៀបចំរបាយការណ៍ស្តីពីសេចក្តីព្រាងច្បាប់នេះ ដែលនឹងត្រូវបញ្ជូនបន្តទៅទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីអនុម័ត។
លោកបន្តថា ការងារបច្ចេកទេសរបស់ក្រសួងទាំងពីរបានសម្រេចមិនបញ្ចូលឃ្លាដែលមានចែងពីទោសទណ្ឌនៅក្នុងសេចក្តីព្រាងច្បាប់នេះហើយយល់ស្របថា ឃ្លាដែលមានចែងក្នុងក្រមព្រហ្មទណ្ឌអាចត្រូវបានប្រើ ប្រសិនបើចាំបាច់។
អង្គការឃ្លាំមើលសិទ្ធិមនុស្សនិងមាត្រា១៩បានវិភាគសេចក្តីព្រាងច្បាប់នេះកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ហើយបានរកឃើញថា សេចក្តីព្រាងច្បាប់នេះមិនបានអនុលោមតាមស្តង់ដាអន្តរជាតិពេញលេញទេ។ មានការលើកឡើងថា ច្បាប់នេះមាននិយមន័យតូចចង្អៀតស្តីពីប្រភេទព័ត៌មានដែលស្ថិតនៅក្រោមច្បាប់នេះនិងខកខានមិនបានបង្កើតយន្តការត្រួតពិនិត្យ។
លោក ឡាំ សុជាតិ នាយកវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយបានមានប្រសាសន៍ថា ច្បាប់នេះត្រូវបានពន្យារពេលម្តងហើយម្តងទៀត ហើយប៉ះពាល់ដល់សិទ្ធិពលរដ្ឋក្នុងការទទួលបានព័ត៌មានសំខាន់នេះ។
លោកមានប្រសាសន៍ថា៖ «យើងព្រួយបារម្ភថា វាប៉ះពាល់ដោយផ្ទាល់ដល់សិទ្ធិរបស់មនុស្សម្នាក់ៗក្នុងការទទួលបានព័ត៌មានសំខាន់ៗទាក់ទិននឹងការប្រាស្រ័យទាក់ទងនិងជីវភាពប្រចាំថ្ងៃ»។
លោកបានរិះគន់ការព្យាយាមរបស់រដ្ឋាភិបាលក្នុងការពង្រួមនិយមន័យនៃព័ត៌មានដែលអាចទទួលបាននៅក្នុងមាត្រា ២០ ចំណុចដែលស្ថាប័នសាធារណៈអាចកំណត់ថា តើព័ត៌មានសំខាន់ណាមួយនោះគឺជាការសម្ងាត់និងហាមឃាត់ការចេញ ដោយឃ្លានេះថា ប្រើពាក្យមិនច្បាស់លាស់។
លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានយល់ស្របថា ច្បាប់នេះគួរតែអនុម័តឲ្យបានឆាប់ ព្រោះវាគឺជាឧបករណ៍ដ៏មានប្រយោជន៍សម្រាប់អ្នកសារព័ត៌មាន។
លោកបានមានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំ វាមិនបញ្ហាទេ ប្រសិនបើមានការយឺតយ៉ាវបន្តិចបន្តួច ប៉ុន្តែសំខាន់គឺថា ច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ»។
លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានសម្តែងការខកចិត្តដែលថ្នាក់ដឹកនាំរដ្ឋាភិបាលមិនបានអនុវត្តតាមការសន្យារបស់ខ្លួនក្នុងការអនុម័តច្បាប់នេះកាលពីឆ្នាំមុន។
លោកមានប្រសាសន៍ថា៖ «អ្វីដែលសំខាន់គឺថា តើរដ្ឋាភិបាលមានឆន្ទៈពិតប្រាកដក្នុងការជំរុញច្បាប់នេះឬក៏អត់»។
អ្នកនាង វ៉ន មករា ជាមន្ត្រីកម្មវិធីផ្នែកទំនាក់ទំនងនិងព័ត៌មាននៅអង្គការយូណេស្កូបានយល់ស្របថា សេចក្តីព្រាងច្បាប់នេះត្រូវបានពន្យារពេលដោយសារស្ថានភាពជំងឺកូវីដ-១៩ ពីព្រោះ «សេចក្តីព្រាងច្បាប់នេះនៅមានការប្រែប្រួលបន្ថែមទៀត»។ អ្នកនាងមានសុទិដ្ឋិនិយមថា សេចក្តីព្រាងច្បាប់នេះនឹងអនុម័តនៅឆ្នាំ២០២១។
អ្នកនាងនិយាយថា៖ «យើងយល់ ដោយសារតែកូវីដ-១៩ ការពិភាក្សារួមអំពីសេចក្តីព្រាងច្បាប់នេះជាពិសេសស្តីពីទោសបញ្ញត្តិត្រូវបានពន្យារពេល»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Gov’t says draft access to information law delayed by COVID-19 pandemic