សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកស្រលាញ់ភេទដូចគ្នាបន្តស្នើសុំច្បាប់ស្ដីពី​អាពាហ៍ពិពាហ៍ ខណៈរដ្ឋាភិបាលថាត្រូវការពេលផ្លាស់​ប្ដូរ​ផ្នត់គំនិតសង្គម

គូស្នេហ៍ស្រឡាញ់ភេទដូចគ្នា ស៊យ ស៊ីថា និង ហុង សារឿន បានរៀបការនិងរស់នៅជាមួយគ្នាយ៉ាងសុខសប្បាយតាំងពីឆ្នាំ១៩៧៥។ រូបភាពថតកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ស៊ើង និមល់)
គូស្នេហ៍ស្រឡាញ់ភេទដូចគ្នា ស៊យ ស៊ីថា និង ហុង សារឿន បានរៀបការនិងរស់នៅជាមួយគ្នាយ៉ាងសុខសប្បាយតាំងពីឆ្នាំ១៩៧៥។ រូបភាពថតកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ស៊ើង និមល់)

ច្បាប់​ស្ដី​ពី​អាពាហ៍​ពិពាហ៍​សម្រាប់​ភេទ​ដូច​គ្នា​ទំនង​ជា​មាន​ការ​ពិបាក​ក្នុងការបង្កើត និង​អនុវត្ត​ ខណៈ​មន្ត្រី​រដ្ឋាភិបាល​បារម្ភ​ថា​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនៀម​ទម្លាប់ និង​ប្រពៃណី​។​

ក្នុង​បរិបទ​ប្រទេស​កម្ពុជា​ ការ​រើស​អើង​លើ​សហគមន៍អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​គឺ​មិនទាន់មានភាពល្អប្រសើរនៅឡើយទេ នេះ​បើ​តាម​ការ​សង្កេត​របស់​លោក ស្រ៊ាង ចិន្ដា តំណាង​គណៈកម្មាធិការសិទ្ធិ​មនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល​។ ការណ៍​នេះ លោក​ថា​វា​បង្ហាញ​ថា​សង្គម​មិន​ទាន់​ទទួល​យក​ជាទូទៅ​ចំពោះ​ច្បាប់​ស្ដីពី​អាពាហ៍​ពិពាហ៍សម្រាប់អ្នកស្រលាញ់​ភេទ​ដូច​គ្នា​នៅ​ឡើយ​។​

រឿង​ដែល​ត្រូវ​ធ្វើ​ដំបូង​គេ​​មុន​នឹង​ចេញ​សេចក្ដី​ព្រាង​ច្បាប់ គឺ​ត្រូវ​អប់​រំ​ប្រជាពល​រដ្ឋ​ឲ្យ​យល់​​ថា​អ្វី​ជា​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ជាមុន​សិន ដើម្បី​បញ្ឈប់​ការ​រើស​អើង ទោះ​បី​ជា​ត្រូវ​ការ​ពេល​ច្រើន​​ក៏​ដោយ​។​

លោក​បន្ត​ថា៖ «យើង​ត្រូវដឹង​ថា​ច្បាប់បង្កើតឡើងដើម្បី​​រក្សា​ភាព​សុខុដុម​រមនា​ក្នុង​សង្គម។ បើ​សិន​ជា​ច្បាប់ [អាពាហ៍​ពិពាហ៍​សម្រាប់អ្នកស្រលាញ់ភេទ​ដូច​គ្នា]នាំឲ្យ​មានការ​បែ​ក​បាក់​សង្គម​របស់​យើង យើង​មិន​អាច​បង្កើតវា​បាន​ទេ»។ លោក​បន្ថែម​ថា៖ «យើង​ត្រូវ​ការពេល​វេលា​ដើម្បី​ផ្លាស់​ប្ដូរ​ផ្នត់គំនិតរបស់​សង្គម។ ការណ៍នេះ​ត្រូវ​ការ​ការអប់​រំ និង​ការ​ផ្សព្វ​ផ្សាយ [ព័ត៌មាន] ដែល​ត្រូវ​ការពេលវេលា​»។​

លោក ចិន្ដា មាន​ប្រសាសន៍​ថាលោក​តែង​តែ​សង្កេត​ឃើញ​ប្រ​ជា​ពលរដ្ឋបញ្ចេញ​មតិ​លើ​បណ្ដាញ​សង្គម​នៅពេល​មានការបង្ហោះរូបភាពក្នុងកម្មវិធី​អាពាហ៍​ពិពាហ៍របស់អ្នកស្រលាញ់​ភេទ​ដូច​គ្នា​លើ​អនឡាញ​។ លោក​ថា​វា​មាន​ពីរ​ផ្នែក មួយ​គាំ​ទ្រ និង​មួយ​ទៀត​ជំទាស់​។ លោក​ថា៖ ​«​ដូចនេះ ការ​ព្រាង​ច្បាប់​ស្ដីពីអាពាហ៍​ពិពាហ៍​សម្រាប់អ្នកស្រលាញ់ភេទ​ដូច​គ្នា​ត្រូវ​ការ​ការ​ទទួល​ស្គាល់​ពី​សង្គម​ជាមុន​សិន​»។​

ជា​មន្ត្រី​ចូល​និវត្តន៍ ស៊យ ស៊ីថា វ័យ៧២​ឆ្នាំ ដែល​បាន​រៀប​ការ​ជាមួយអ្នកស្រី ហុង សារឿន តាំងពី​ឆ្នាំ​១៩៧៥ យល់​ឃើញ​ថា​ច្បាប់​ស្ដី​ពី​អាពាហ៍​ពិពាហ៍​សម្រាប់អ្នកស្រលាញ់ភេទ​ដូច​គ្នា​មិនបាន​បំផ្លាញ​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​កម្ពុជា​ទេ​។​

អតីត​មន្ត្រី​ក្រ​សួង​ព័ត៌មាន​រូប​នេះ​លើក​ឡើង​ថា៖ «​ខ្ញុំ​មិន​យល់​ថាអ្នកស្រឡាញ់ភេទ​ដូច​គ្នា​ធ្វើ​ឲ្យ​ខូច​ខាត​ប្រពៃណីទេ។ ប្រហែល​​ព្រោះ​តែ​ច្បាប់​បច្ចុប្បន្នចែងថា​​បុរស​អាចរៀប​ការ​ជាមួយ​ស្រ្តី​​…​ខ្ញុំ​មិន​គិត​ថា​វា​ជា​រឿង​ខុស​នោះទេ ប៉ុន្តែ​បើ​ពួកគេ​យល់​ពី​អារម្មណ៍​របស់​យើង ពួកគេ​គួរ​តែ​ជួយ​យើង»។

អ្វីទាំង​នេះ​ហើយ ដែល​ ស៊ីថា និយាយ​ថា​អ្នក​ស្រឡាញ់​ភេ​ទ​ដូច​គ្នារង​សម្ពាធ​ជា​ច្រើន​តាំង​ពី​គ្រួសារ សង្គម និង​អ្នក​​ប្រពៃណី​និយម​។​

នៅ​កម្ពុជា​​ ការ​យល់​ឃើញ​អំពី​ភាព​ស្រប​ច្បាប់​នៃ​ការ​រៀបអាពាហ៍​ពិពាហ៍​សម្រាប់អ្នកស្រលាញ់ភេទ​ដូច​គ្នា​ហាក់​មាន​ភាព​វិជ្ជមាន​គឺ​៥៧​ភាគរយ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​ក្នុង​ប្រទេស​កំពូល​តារាង​បន្ទាប់​ពី​ជប៉ុន វៀតណាម ថៃ និង​ហុងកុង។ នេះ​បើ​តាម​ការ​ស្ទង់​មតិមួយ​របស់​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ Pew មាន​មូលដ្ឋាន​ក្នុង​ទីក្រុងវ៉ាស៊ីន​តោន។ ការ​ស្ទង់​មតិ​នេះ​ធ្វើ​ឡើង​លើ​មនុស្ស​ចំនួន​១ ៥០២​នាក់​មកពី​ភូមិ​ចំនួន​១៥០​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

គ្មានឯកសារផ្លូវការ

ទោះបី​ជា​អ្នកស្រឡាញ់​ភេទ​ដូច​គ្នា «មានសិទ្ធិ» រៀប​ការ​ជាមួយ​គ្នា​ដោយ​ «ត្រូវបាន​ផ្ដល់​សេរីភាព​ពី​រដ្ឋាភិបាល​កម្ពុជា» ប៉ុន្តែគូស្នេហ៍​ជា​ច្រើន​គូ​មិន​អាច​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ស្រប​ច្បាប់​បាន​ទេ​ដោយ​សារ​ខ្វះ​ឯកសារ​ផ្លូវ​ច្បាប់ ដូច​ជា​សំបុត្រ​អាពាហ៍​ពិពាហ៍ ឬ​សៀវភៅ​គ្រួសារជាដើម​។​

លោក ចិន្តា មាន​ប្រសាសន៍ថា៖ «ការ​សម្រប​សម្រួល​ឲ្យ​ចេញ​ឯកសារ​សម្រាប់​ពួក​គេនៅ​មិន​ទាន់​មាន​នៅ​ឡើយ បើ​ផ្អែក​តាម​ច្បាប់​របស់​​យើង អាពាហ៍​ពិពាហ៍​ស្រប​ច្បាប់​ត្រូវ​តែមាន​ចុះ​បញ្ជី​»។​

«ឥឡូវនេះ ពួកយើង​គឺ​ដូច​ជា​មិត្ត​ភក្ដិ​រស់​នៅ​ជាមួយ​គ្នា ពីព្រោះ​យើង​គ្មានឯកសារ​ទទួលស្គាល់​អាពាហ៍​ពិពាហ៍​របស់​យើង​។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​​ពឹង​ពាក់មេធាវី​​​បញ្ជាក់​ថា​ពួក​យើង​ជា​គ្រួសារ ដែល​យល់​ព្រម​រស់​នៅ​ជាមួយ​គ្នា» នេះ​បើ​តាមការ​លើក​ឡើង​របស់ ឃីម ដែល​បដិសេធ​ផ្ដល់​ឈ្មោះ​ពេញ។ ឃីម បន្ត​ថា៖ «បើ​សិន​ជា​មាន​ច្បាប់អាពាហ៍​ពិពាហ៍សម្រាប់​អ្នកស្រលាញ់ភេទ​ដូច​គ្នា វា​នឹង​អាច​ធ្វើ​ឲ្យ​យើង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​រស់​នៅ»។​​

អ្នក​ស្រឡាញ់​ភេទដូចគ្នា​រូបនេះ​មាន​វ័យ​៣៦​ឆ្នាំ ដែលបច្ចុប្បន្នធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ទេសចរណ៍​មួយ​ក្នុង​ក្រុង​ភ្នំពេញ​បាន​រៀបការ​ជាមួយ​ដៃ​គូ​របស់​ខ្លួន​ឈ្មោះ​វីណា កាលពី​ឆ្នាំ​២០១៧។ អ្នកទាំង​ពី​រលើក​ឡើង​ថា​គូស្នេហ៍​ស្រឡាញ់​ភេទ​ដូច​គ្នា​ពិបាក​ក្នុង​ការ​រួម​គ្នា​ទិញ​អចលនទ្រព្យ និង​ស្មុំ​កូន​ចិញ្ចឹម​ ដោយ​ថា​មាន​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​ដាក់​ឈ្មោះ​លើឯកសារ​ទាំង​នោះ ហើយ​មិន​អាច​ដាក់​ឈ្មោះទាំងពីរនាក់បានទេ​​។​

ឃីម លើក​ឡើង​ថា៖ «ប្ដីប្រពន្ធ​មិន​អាច​ដាក់​ឈ្មោះ​រួម​គ្នា​ដើម្បី​ស្មុំ​កូន​ចិញ្ចឹម​ ឬ​ដាក់​ឈ្មោះ​កូន​ក្នុង​សៀវភៅ​គ្រួសារ​របស់​អ្នក​ចិញ្ចឹម​ពួកគេ​ទេ…​បើ​សិន​ជា​រដ្ឋាភិបាល​​ធ្វើ​ឲ្យ​អាពាហ៍​ពិពាហ៍សម្រាប់អ្នកស្រលាញ់​ភេទ​ដូច​គ្នា​ស្រប​ច្បាប់ និង​ផ្ដល់​សំបុត្រ​អាពាហ៍ពិពាហ៍ វា​ពិត​ជា​អស្ចារ្យ​ណាស់​សម្រាប់​ពួក​យើង​»។​

ជាមួយ​គ្នា​នេះ​ដែរ​ ស៊ីថា និយាយ​ថា​សំបុត្រ​អាពាហ៍​ពិពាហ៍​មាន​សារសំខាន់​ណាស់​សម្រាប់​ប្ដីប្រពន្ធ​ស្រឡាញ់​ភេទ​ដូច​គ្នា​។ គាំទ្រ​ទៅ​នឹង​គំនិត​របស់​ ឃីម លោក ស៊ីថា ​យល់​ឃើញ​ដូច​គ្នា​ថា​បើ​សិន​ជាមាន​ច្បាប់​សម្រាប់​អាពាហ៍ពិពាហ៍​អ្នកស្រឡាញ់​ភេទ​ដូច​គ្នា វា​នឹង​ធ្វើ​ឲ្យ​ជីវិត​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​កាន់​តែ​ងាយ​ស្រួល ជាពិសេស​ការ​ចុះ​ឈ្មោះ​រួម​គ្នា​លើ​កម្មសិទ្ធិ​អចលនទ្រព្យ និង​ទទួល​កូន​ចិញ្ចឹម​​។​

លុប​បំបាត់​ការ​រើស​អើស​

ប្រឆាំង​ទៅ​នឹង​ទស្សនៈ​នេះ សហគមន៍​អ្នកស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​តែ​បន្ត​​ចង់​បាន​សិទ្ធិ​របស់​ពួកគេ ពិសេស​សិទ្ធិ​ទទួល​បាន​សំបុត្រ​អាពាហ៍ពិពាហ៍​ស្របច្បាប់ ដូច​ដែល​ឃីម និង​វីណា មាន​សង្ឃឹម​ថា​ថ្ងៃណាមួយ​កម្ពុជា​នឹង​ដាក់​ចេញ​ច្បាប់​មួយ​នេះ​ដូច​ប្រទេស​ផ្សេង​ដែរ​។​

វីណា និយាយ​ថា៖ «​ខ្ញុំ​សង្ឃឹម​ថា​រដ្ឋាភិបាល​នឹង​ពិចារណាច្បាប់​នេះ មាន​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល និង​ថា​នឹង​មាន​ច្បាប់​មួយ​នេះ​កើត​ឡើង»។​

កាល​ពី​ខែ​កក្កដា កន្លង​ទៅ អតីត​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​ថ្លែងថា​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មានច្បាប់សមភាពអាពាហ៍ពិពាហ៍សម្រាប់អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ប៉ុន្តែ «ពួកគេ​នៅ​តែ​អាច​ស្រឡាញ់​គ្នា និង​រស់​នៅ​ជាមួយ​គ្នា​ដោយ​គ្មាន​បញ្ហា»។​

លោក លឹម​ បូ​រិន អ្នកសម្រប​សម្រួលគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ ការបង្ហាញទំនោរយេនឌ័រ និងលក្ខណៈភេទ​ (SOGIESC) នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាប្រាប់​ខេមបូចា​ថា លោក និង​ក្រុម​ការងារ​បាន​ចែក​រំលែក​ក្ដី​កង្វល់​របស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​ផ្ទុះ​ការរិះគន់​ពី​សាធារណជន បើ​សិន​ជា​ច្បាប់​នេះ​ដាក់​ឲ្យ​អនុវត្ត​។​

លោក​មាន​ប្រសាសន៍​ថា៖ «ពួកគាត់​ត្រូវ​ការ​ពេល​សិក្សា​លើ​ទិដ្ឋភាព​ច្បាប់ ដើម្បី​ធ្វើ​សេចក្ដីព្រាង ឬ​​វិសោធនកម្ម ដើម្បី​ធានា​ថាមិនមាន​ផល​អវិជ្ជមាន»។

លោក​បូរិន បន្ត​ថាច្បាប់​នេះ​មាន​ផល​ប្រយោជន៍​ច្រើន​ចំពោះ​ក្រុម​អ្នកស្រឡាញ់​ភេ​ទ​ដូច​គ្នា ដូច​ជា​ទទួល​បាន​ការពារ​ស្រប​ច្បាប់​លើ​ដៃគូ ឬ​សមាជិក​គ្រួសារ ក៏​ដូច​ជា​ផល​ប្រយោជន៍​សង្គម និង​អាច​លុប​បំបាត់​ការ​រើស​អើស​លើ​ពួក​គេ​ផង​ដែរ។​

រៀបការ​ក្រោម​ឈ្មោះ​កម្មវិធី​ផ្សេង

ជាមួយ​គ្នា​នេះ​ដែរ​លោក​ ចិន្ដា អះអាង​ថា​ថ្វីបើ​កម្ពុជា​មិន​មាន​ច្បាប់​ស្ដី​ពី​អាពាហ៍ពិពាហ៍​សម្រាប់អ្នកស្រលាញ់ភេទ​ដូច​គ្នា គូស្នេហ៍ទាំងពីរ​នៅតែ​អាច​រៀប​ការជាមួយ​គ្នា ប៉ុន្តែ​ពួកគេ​អាច​រៀប​ការ​ក្រោម​ឈ្មោះ​ថា​ជា​ពិធី​ខួបកំណើត ឬ​ពិធី​ឡើង​ផ្ទះ​។​

ស៊យ ស៊ីថា ប្រាប់​ខេមបូចា​ថា ប្ដីប្រពន្ធ​ស្រឡាញ់​ភេទ​ដូច​គ្នា​មិន​អាច​ហៅ​ពិធី​អាពាហ៍​ពិពាហ៍​របស់​ខ្លួន​ដោយ​ចំហ​ថា​ជា​ពិធី​មង្គល​ការទេ ប៉ុន្តែ​ពួកគេ​អាច​ចង​បដា​នៅ​ថ្ងៃរៀប​ការ និង​ភ្ជាប់​ទៅ​នឹង​​កម្មវិធី «ខួបកំណើត» ឬ​ «ពិធី​ឡើង​ផ្ទះ»។​

លោក​បន្ត​ថា បើ​ទោះ​បីជា​ពួក​គេ​អាច​រៀបការ តែសង្គម​នៅតែមិន​ទទួល​ស្គាល់​ពួកគេ​ថាជា​គូស្វាមី​ស្រប​ច្បាប់ ពីព្រោះ​ពួកគេ​រៀប​ការ​ជាមួយ​ភេទ​ដូច​គ្នា ដែល​មិន​មាន​ចែង​ក្នុងច្បាប់។​

លោក​បន្ត​ថា៖ «យើង​មាន​សិទ្ធិ​ក្នុងការ​រៀប​ការ ប៉ុន្តែ​ពួក​យើង​មានតែការ​ទទួល​ស្គាល់​តែ​ពី​គ្រួសារ មិនមែន​ច្បាប់។ គ្មាន​ច្បាប់​រៀប​ការ ការ​រើស​អើង​លើ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​តែ​មាន​»។​

ជញ្ជាំង​ផ្ទះ​របស់​ ស៊ុយ ស៊ីថា និង​ហុង សារឿន បាន​ព្យួរ​ទៅ​ដោយ​រូប​ថត​កូនចិញ្ចឹម​របស់​ពួក​គាត់ និង​ចៅៗ។ រូបភាព​ថត​កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ស៊ើង និមល់)

​ចំពោះ​បទពិសោធន៍​ផ្ទាល់​ខ្លួន ឃីម ប្រាប់​ខេមបូចា ថា​ដោយ​សារ​តែ​មិន​មាន​ច្បាប់ ខ្លួន​មិន​អាច​សុំ​ច្បាប់អនុញ្ញាត​​រៀបការ​បាន​ទេ គឺ​មាន​តែ​រក​វិធី​ផ្សេង។​

លោកឃីម​ឲ្យ​ដឹង​ថាលោក និង​ដៃគូ​ក៏​បាន​សម្រេច​ចិត្ត «រៀបការ» ក្នុង​ពិធី​មង្គល​ការ​របស់បង​ប្រុស​របស់ខ្លួន​។ លោក​ថា៖ «​យើង​ឈរ​នៅពីក្រោយ​កូន​កម្លោះ កូន​ក្រមុំ ដើម្បី​ស្វាគមន៍​ភ្ញៀវ។ យើង​អាច​ធ្វើ​បាន​ត្រឹមតែ​ប៉ុណ្ណឹង»។​​

វីណា លើកឡើង​ដែរថា៖ «យើង​មិន​អាច​សុំ​ច្បាប់​រៀប​ការ​បានទេ។ យើង​បាន​សុំ​ទៅ​អាជ្ញាធរ​ជា​ច្រើន​ដង ប៉ុន្តែពួកគាត់​មិន​ព្រម»។ វីណា បន្ត​ថាអាពាហ៍​ពិពាហ៍​របស់​ខ្លួន​មិន​ទទួល​ស្គាល់​ពី​សង្គម​ទេ ប៉ុន្តែ​បាន​ការ​ទទួល​ស្គាល់​ពី​មេធាវី ឪពុកម្ដាយ និង​មិត្តភក្ដិ​ ៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Gov’t Studies Same-Sex Marriage Law Amid Prejudices, Risk of Breaking Tradition

790 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម