សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិស្សថ្នាក់ទី៩ដែលប្រឡងធ្លាក់អាចចូលសិក្សាជំនាញនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្ដបាត់ដំបង

សិស្សកំពុងសិក្សាជំនាញនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង។ រូបថត បាន ធារ៉ា
សិស្សកំពុងសិក្សាជំនាញនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង។ រូបថត បាន ធារ៉ា

បាត់ដំបង៖ សិស្សានុសិស្សកម្រិតថ្នាក់ទី៩ ប្រឡងជាប់ ឬធ្លាក់ អាចចូលសិក្សាជំនាញផ្សេងៗនៅវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនបាត់ដំបង ដើម្បីទទួលបានជំនាញពិតប្រាកដ និងងាយស្រួលក្នុង​ការរកការងារធ្វើ។

លោក ឈឹម ធឿន នាយកវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនបាត់ដំបង ថ្លែងក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិចម្ការចេកបាត់ដំបង នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ថា គោលដៅសំខាន់របស់វិទ្យាស្ថាន គឺដើម្បីឱ្យសិស្ស និសិ្សត ដែលបានមកសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសទទួលបានជំនាញពិតប្រាកដ មានការងារធ្វើ និងរកប្រាក់ចំណូលបានខ្ពស់ផងដែរ។

លោក ធឿន បន្តថា៖ «ការសិក្សាមានមុខជំនាញផ្សេងៗក្នុងនោះ កម្រិតវិញ្ញាបណ្ណបត្របណ្ដុះបណ្ដាលវិជ្ជាជីវៈ (ការសិក្សាវគ្គខ្លី) និងកំរិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ C១ C២ C៣ ដែល១កម្រិតត្រូវសិក្សារយៈ១ឆ្នាំ»។

លោកបានថ្លែងឲ្យដឹងទៀតថា នៅក្នុងវគ្គសិក្សា មានជំនាញដូចជា ជំនាញសេវាកម្មកុំព្យូទ័រ ការថែទាំនិងជួសជុលរថយន្ដ ដំឡើងបណ្ដាញអគ្គិសនី ការងារកំបោរ ដំឡើងម៉ាស៊ីនត្រជាក់តាមផ្ទះ ម៉ូទ័រ បច្ចេកទេសក្រោយប្រមូលផល និងការកែច្នៃបន្លែផ្លែឈើ។ ចំណែកកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬក៏ឯកទេសបរិញ្ញាបត្ររង និងកម្រិតសញ្ញាបត្របច្ចេកវិទ្យា និងបរិញ្ញាបត្រ មានវគ្គបណ្ដុះបណ្ដាលព័ត៌មានវិទ្យា ជំនាញអេឡិចត្រូនិច ជំនាញអគ្គិសនី ជំនាញកសិកម្ម ជំនាញធនាគាហិរញ្ញវត្ថុជាដើម។

លោក ឈឹម ធឿន នាយកវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនបាត់ដំបង ថ្លែងក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិចម្ការចេកបាត់ដំបង នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ រូបថត បាន ធារ៉ា

លោកនាយកបន្ថែមថា នាឆ្នាំសិក្សាថ្មី ២០២២នេះវិទ្យាស្ថានមានផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិតចំនួន ១ ០៦៥កន្លែង។

លោកបានបញ្ជាក់ថា «សំរាប់សិស្សដែលសិក្សាបានត្រឹមកម្រិតថ្នាក់ទី៩ ទោះបីជាប្រឡងជាប់ ប្រឡងធ្លាក់ ឬបានរៀនបញ្ចប់ថ្នាក់ស្ពានចម្លងក្ដីក៏អាចទទួលបានការចូលសិក្សាដល់កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ C១បាន ហើយសំរាប់សិស្សដែលបានប្រឡងជាប់ ឬប្រឡងធ្លាក់ ថ្នាក់ទី១២ ក៏អាចដាក់ពាក្យស្នើសុំចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស បានផងដែរ»។

ទាក់ទងនឹងបញ្ហាចុះឈ្មោះចូលសិក្សាពលរដ្ឋម្នាក់ឈ្មោះ បញ្ញា រស់នៅក្រុងបាត់ដំបង មានចម្ងល់ចំពោះសិស្ស និស្សិតដែលចង់ចុះឈ្មោះចូលសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសក្នុងបរិបទកូវីដ១៩ ថានេះតើត្រូវទៅចុះឈ្មោះនៅទីតាំងណា?។

ពាក់ព័ន្ធនឹងបញ្ហាប្រជាពលរដ្ឋលើកឡើងលោក ឈឹម ធឿន នាយកវិទ្យាស្ថាន បានបកស្រាយថា ក្នុងបរិបទកូវីដ១៩ វិទ្យាស្ថានបានរៀបចំការចុះឈ្មោះ ២របៀបគឺ អាចចុះឈ្មោះផ្ទាល់នៅវិទ្យាស្ថានពហុបច្ចេកវិទ្យា ស្ថិតនៅផ្លូវលេខ១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ជាប់របងសាលាសោហឺ និងអាចចុះឈ្មោះតាមរយៈអនឡាញ (QR Cod) ដែលមាននៅក្នុងហ្វេសប៊ុកផេករបស់វិទ្យាស្ថានឈ្មោះ «វិទ្យាស្ថានពហុបច្ចេកភូមិភាគតេជោសែនបាត់ដំបង» ផងដែរ។

គួរឱ្យដឹងថា ចំនួនសិស្ស និស្សិតដែលកំពុងសិក្សានៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសនាឆ្នាំ២០២១នេះ មានចំនួន ១៥៨៣នាក់ ក្នុងក្របខ័ណ្ឌបណ្ដុះបណ្ដាលនៅវិទ្យាស្ថានផ្ទាល់ ចំពោះការបណ្ដុះបណ្ដាលនៅតាមមូលដ្ឋានមានចំនួនប្រមាណ ២០០នាក់៕

ដោយពលរដ្ឋសារព័ត៌មាន បាន ធារ៉ា

408 views

ព័ត៌មានទាក់ទង