កម្មករដែលមានកាំភ្លើងក្នុងដៃតំណាងឱ្យក្រុមហ៊ុនចម្ការក្ដៅស៊ូបានបន្តឈូសឆាយដីកសិកម្មរបស់សហគមន៍ជនជាតិដើមភាគតិចចារ៉ាយក្នុងស្រុកអណ្ដូងមាស ខេត្តរតនគិរី នេះបើតាមវីដេអូឃ្លីបដែលខេមបូចាទទួលបាន។
ប្រជាពលរដ្ឋក្នុងភូមិតាំងជិ ក្នុងស្រុកអណ្ដូងមាសបានលើកឡើងថា ដីចម្ការរបស់ពួកគេកំពុងប្រឈមនឹងការឈូសឆាយដោយក្រុមហ៊ុន ៧ មករា ផារី ខណៈដែលក្រុមហ៊ុនបានអះអាងថាបានទទួលដីពីរដ្ឋតាមរយៈដីសម្បទានសេដ្ឋកិច្ចតាំងពីជាង១០ឆ្នាំមុន។
វីដេអូថ្មីៗដែលថតដោយអ្នកភូមិ ក្នុងឃុំញ៉ាងបានបង្ហាញថា តាំងពីថ្ងៃទី១៦ ខែមិថុនា មក ក្រុមហ៊ុនបានបន្តឈូសឆាយដីចម្ការរបស់ប្រជាពលរដ្ឋ ដោយបានបំផ្លាញដើមចន្ទី និងដើមដំឡូងមីអស់ជាច្រើន។
អ្នកភូមិម្នាក់ឈ្មោះ ក្លាន សៀន បានឲ្យដឹងថាបន្ទាប់ពីបានឈូសឆាយដីចម្ការអស់ជាច្រើនកន្លែងកាលពីពាក់កណ្ដាលខែឧសភា ក្រុមហ៊ុនក៏បានចាប់ផ្ដើមឈូសឆាយដីចម្ការបន្តទៀតកាលពីសប្ដាហ៍មុន។
អ្នកភូមិដដែលបន្តថា៖ «អ្វីៗហាក់ដូចជាបានស្ងប់ស្ងាត់មួយរយៈហើយ ប៉ុន្តែថ្មីៗនេះពួកគេបានពង្រីកបន្ថែមទៀត ឈូសបំផ្លាញដើមឈើទាំងអស់ និងដីចម្ការជាច្រើនកន្លែងថែមទៀត…ពេលនេះដីទាំងនោះ ត្រូវគេដាំកូនកៅស៊ូថ្មីពេញអស់ហើយ»។
ជម្លោះដែលបានអូសបន្លាយអស់ពេលជាយូរនេះបានបន្តឡើងកម្ដៅបន្ទាប់ពីអ្នកភូមិថាពួកគាត់ត្រូវគេបង្ខំលក់ដីទៅឱ្យក្រុមហ៊ុនក្នុងតម្លៃទាបជាងទីផ្សារដល់ទៅបួនដង។
បុរសម្នាក់ដែលគេដឹងថាធ្វើការឱ្យក្រុមហ៊ុនចម្ការកៅស៊ូបាននិយាយក្នុងវីដេអូដែលអ្នកភូមិថតបានកាលពីថ្ងៃទី១៦ ខែមិថុនា ថា៖ «ខ្ញុំបានអត់ឱនឱ្យអ្នកទាំងអស់គ្នាជាច្រើនដងមកហើយ…សូមចាកចេញពីកន្លែងនេះ។ ខ្ញុំសុំតែប៉ុណ្ណឹងទេ»។
នៅពីក្រោយបុរសខាងលើនេះ មានបុរសម្នាក់ទៀតមានកាំភ្លើងនៅក្នុងដៃ ដែលទំនងជាកាំភ្លើងប្រភេទ AK-47។
វីដេអូដាច់ដោយឡែកមួយទៀតថតក្នុងថ្ងៃដដែល បង្ហាញពីគ្រួសារមួយត្អូញត្អែរពីរឿងដីចម្ការរបស់ខ្លួនដែលកំពុងត្រូវគេឈូសឆាយ។ មេកាក្រុមហ៊ុន ឈ្មោះ ឡាញ ស្រេង បានប្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ថាអ្នកទាំងនោះអាចទទួលបានប្រាក់ចន្លោះពី៧៣ដុល្លារ ទៅ៩៧ដុល្លារ ជាសំណងចំពោះដីនេះ។ លោកបានប្រាប់កសិករថាវាជាកំហុសរបស់កសិករដែលមកដាំដុះលើដីរបស់ក្រុមហ៊ុនដោយគ្មានការអនុញ្ញាត។
បើតាមវីដេអូឃ្លីប លោក ស្រេង និយាយថា៖ «បើសិនជាមិនយល់ព្រម ខ្ញុំនឹងយកដីនេះទាំងអស់ពីព្រោះយើងបានទទួលសិទ្ធិជាដីសម្បទានសេដ្ឋកិច្ច»។
ពេលទាក់ទងតាមរយៈទូរសព្ទ លោក ស្រេង បានឱ្យដឹងថា បុរសក្នុងវីដេអូនោះគឺពិតជារូបលោក ប៉ុន្តែបានបដិសេធថាក្រុមហ៊ុនមិនបានប្រើប្រាស់អាវុធគំរាមកំហែងប្រជាពលរដ្ឋនោះទេ។ លោកថា ក្រុមហ៊ុនគ្រាន់តែឈូសឆាយដីដែលពួកខ្លួនមានសិទ្ធិក្នុងការអភិវឌ្ឍប៉ុណ្ណោះ។
លោកបន្ថែមថា៖ «យើងគ្រាន់តែឈូសឆាយដីរបស់យើង…យើងមិនបានធ្វើបែបហ្នឹងចំពោះប្រជាពលរដ្ឋទេ ពួកគាត់ចេះតែថាទេ»។
លោកបានបញ្ជាក់ថា ក្រុមហ៊ុនបានផ្ដល់ប្រាក់៤០ម៉ឺនរៀលទៅគ្រួសារមួយក្រោយពីដីពួកគេត្រូវបានឈូសឆាយ។
លោក ស្រេង បន្ថែមថា៖ «យើងគិតថាមិនមានបញ្ហាអ្វីទេ»។
គ្រួសារដែលបានបាត់ដីកន្លះហិកតាកាលពីថ្ងៃទី១៦ ខែមិថុនា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ ក្រុមហ៊ុន ៧ មករា ផារី បានទទួលដីសម្បទានសេដ្ឋកិច្ចសម្រាប់ដាំកៅស៊ូលើផ្ទៃដី ៨ ៦៥៥ហិកតា ក្នុងឆ្នាំ២០១១ សម្រាប់រយៈពេល៥០ឆ្នាំ។
ក្រុមហ៊ុន និងប្រធានក្រុមហ៊ុន គឹម សុផារី គឺបានជាប់ទណ្ឌកម្មរបស់រដ្ឋាភិបាលអាមេរិកដោយសារពួកគេមានទំនាក់ទំនងនឹងលោក គន់ គីម។ លោក គន់ គីម ជាឧត្តមសេនីយ៍ផ្កាយបួនចូលនិវត្តន៍ និងជាអតីតនាយកសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិ។
លោក គន់ គីម ក៏បានរងនូវការចោទប្រកាន់ជាច្រើនករណីលើការរំលោភសិទ្ធិមនុស្ស និងត្រូវបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩ ជាផ្នែកមួយទាក់ទងនឹងអ្វីដែលគេចោទថាលោកបានយកតួនាទីខ្លួនប្រើទាហានទៅ «សម្លុត វាយកម្ទេច និងឈូសឆាយដី» ឱ្យក្រុមហ៊ុនរបស់រដ្ឋចិនដែលកំពុងដំណើរការនៅកម្ពុជា។
អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន មានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា ជម្លោះរវាងសហគមន៍ និងក្រុមហ៊ុន គឺកើតមានឡើងយូរមកហើយ។
លោកឱ្យដឹងថា៖ «ប្រជាពលរដ្ឋបានទៅទន្រ្ទានយកដីបន្ថែម ហើយមួយធ្វើតាមមួយរហូតមក។ រឿងនឹងគឺវាបែបហ្នឹង…ខ្ញុំមិនបានលម្អៀងទៅខាងណាទេ»។
លោក សំអឿន បញ្ជាក់ថា លោកមិនបានទទួលសំណើពីអ្នកភូមិដើម្បីឱ្យអន្តរាគមន៍លើរឿងនេះទេ។
ក្នុងអំឡុងពេលឈូសឆាយដីកាលពីខែឧសភា មេឃុំញ៉ាង លោក ហៀម សំអន ថាលោកបានធ្វើរបាយការណ៍ពីហេតុការណ៍នោះបញ្ជូនទៅថ្នាក់លើរបស់លោករួចហើយ។
កាលពីថ្ងៃព្រហស្បតិ៍ លោកបានប្រាប់ខេមបូចា ថា លោកក៏បាននិយាយរឿងនេះប្រាប់ទៅលោកអភិបាលស្រុកអណ្ដូងមាស គឺលោក មាស សារ៉េត ដែរ កាលពីថ្ងៃពុធ និងថាបញ្ហានេះមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកទេ។
លោកបន្ថែមថា៖ «យើងបានត្រឹមតែជួយដោះស្រាយរវាងភាគីទាំងពីរ ហើយក្រៅពីនោះគឺហួសពីសមត្ថភាពរបស់យើង»។
លោកបន្តថា៖ «លោកអភិបាលស្រុកអណ្ដូងមាសក៏បានដឹងរឿងនេះដែរ ប៉ុន្តែពួកគេតែងតែរុញវាមកឱ្យថ្នាក់ឃុំដោះស្រាយវិញ»។
មេឃុំរូបនេះឱ្យដឹងទៀតថា លោកបានឮពីការឈូសឆាយដីក្នុងថ្ងៃទី១៦ ខែមថុនា ពីអ្នកភូមិម្នាក់ ប៉ុន្តែមិនបានអន្តរាគមន៍ទេ។ ខេមបូចា មិនអាចទាក់ទងអភិបាលស្រុកអណ្ដូងមាស លោក មាស សារ៉េត បានទេកាលពីថ្ងៃព្រហស្បតិ៍៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Gun-Wielding Rubber Firm Workers Clear More Jarai Farms in Ratanakiri Land Dispute