អ្នកសារព័ត៌មានស្ត្រីមួយចំនួននៅតែមានការព្រួយបារម្ភ ខណៈពួកគេបានជួបប្រទះនឹងការរើសអើង គំរាមកំហែង បៀតបៀន និងករណីមួយចំនួនទៀតឈានទៅដល់មានការប៉ុនប៉ងរំលោភបំពានផ្លូវភេទ ការណ៍នេះបានធ្វើឱ្យស្រ្តីអ្នកសារព័ត៌មានហាក់សាក់ស្ទើរក្នុងការបន្តអាជីពមួយនេះ។
ប្រឈមនឹងបញ្ហាការបៀតបៀន
កំពុងតែអង្គុយនៅក្រោមដើមឈើនាបរិវេណសាលារៀនមួយកន្លែងក្នុងក្រុងភ្នំពេញ កញ្ញា សិលា ជាឈ្មោះអ្នកសារព័ត៌មានដាក់ឱ្យ កញ្ញាបានរំលឹកដល់រឿងអតីតកាលដែលគាត់បានគេចផុតពីការប៉ុនប៉ងរំលោភផ្លូវភេទពីអ្នកសារព័ត៌មានបុរសម្នាក់ដែលបច្ចុប្បន្នបុរសម្នាក់នោះកំពុងតែបម្រើការងារជាអ្នកសារព័ត៌មាននៅស្ថានីយទូរទស្សន៍មួយក្នុងប្រទេសកម្ពុជា។
អ្នកសារព័ត៌មានស្ត្រីសំដីមុតរូបនេះបានរៀបរាប់ប្រាប់ថា នាងបានចាប់អាជីពជាអ្នកសារព័ត៌មានជាង៦ឆ្នាំនៅស្ថាប័នសារព័ត៌មានឯកជនមួយកន្លែង។ ស្ថិតក្នុងអាជីពនេះនាងបានប្រឈមទៅនឹងបញ្ហាជាច្រើន ប៉ុន្តែហាក់មិនធ្វើឱ្យ សិលា រួញរាក្នុងការពុះពារដើម្បីលើកស្ទួយអាជីពមួយនេះឱ្យកាន់តែរីកចំរើនរួមទាំងជួយបង្កើនវត្តមានស្រ្តីនៅក្នុងវិស័យសារព័ត៌មានផងដែរ។ ការជម្នះឧបសគ្គនានារបស់នារីក្លាហានវ័យ៣១ឆ្នាំរូបនេះ បានរុញច្រានឱ្យនាងពើបប្រទះនឹងរឿងរ៉ាវហួសចិត្តដោយបន្សល់ទុកនូវរឿងអាក្រក់មួយក្នុងជិវិតទៅវិញ។
កញ្ញា សិលា លើកឡើងថា៖ «នៅក្នុងវិស័យការងារហ្នឹង! ខ្ញុំជួបច្រើន! ខ្ញុំជួបច្រើនហើយចំពោះរឿងហ្នឹង ប៉ុន្តែត្រង់ថាករណីធំៗ ដែលខ្ញុំជួបហ្នឹងគឺ៣ដង រឿងខ្ញុំជួបចុងក្រោយគេ វាជារឿងមួយប៉ះមែនទែនសម្រាប់អារម្មណ៍ដែលទទួលបាននៅពេលហ្នឹង»។
ផ្លាស់ប្តូរពីទឹកមុខញញឹមប្រែជាស្រពោនអ្នកសារព័ត៌មានស្រ្តីសម្បុរស្រអែមរូបនេះតូចចិត្តនឹងខ្លួនឯង ដែលជួបករណីប៉ុនប៉ងរំលោភបំពាន។ ចាប់តាំងពីពេលនោះមក សិលា ហាក់បាក់ស្បាត និងកាន់តែប្រុងប្រយ័ត្នជាងមុនៗ នៅពេលដែលនាងចេញរាយការណ៍ព័ត៌មាននៅខាងក្រៅម្តងៗ លើសពីនេះទៀត នាងបានសម្រេចចិត្តឈប់ចុះរាយការណ៍ព័ត៌មានតាមខេត្តជាមួយនឹងក្រសួងមួយចំនួន អង្គការសង្គមស៊ីវិល និងមិនសូវចង់ធ្វើដំណើរជាមួយអ្នកសារព័ត៌មានបុរសផ្សេងៗ ទៀត។
សិលា បន្ថែមថា៖ «ដំបូងគិតហួសចិត្តតិច អង្គុយយំតិច! ហេតុអីបានរឿងហ្នឹងកើតឡើងចំពោះខ្ញុំ […] គេហៅទៅខេត្តមួយចំនួន ខ្ញុំអត់ទៅទេ ខ្ញុំនៅខ្លាច។ បើទៅខេត្តទៅជាមួយក្រុមការងារបានខ្ញុំទៅ តែអង្គការអីមួយចំនួន ខាងអ្នកកាសែត ខាងក្រសួងអី ខ្ញុំលែងដើរជាមួយដោយសាររឿងហ្នឹងកើតឡើង»។
បើទោះបីជាហេតុការណ៍កន្លងហួសជាងមួយឆ្នាំយ៉ាងណាក្តី តែ សិលា នៅតែមិនអាចបំភ្លេចរឿងរ៉ាវដែលបានកើតឡើងចំពោះរូបនាង។ ផ្ទៃមុខក្រៀមក្រំរំលឹកដល់រឿងអតីកាល នាងបញ្ជាក់ថានៅពេលដែលឃើញករណីរំលោភបំពាន ឬក៏នៅក្នុងរង្វង់អ្នកសារព័ត៌មានបុរសដែលចូលចិត្តនិយាយលែបខាយ និងបង្ហាញសកម្មភាពបៀតបៀន បានធ្វើឱ្យនាងនឹកឃើញដល់ករណីពីអតីកាល។
រៀបរាប់ទាំងការឈឺចាប់អមដោយដំណក់ទឹកភ្នែកពេលនឹកឃើញពីសកម្មភាពខំប្រឹងរើបម្រះ គេចចេញពីការប៉ុនប៉ងរំលោភបំពានពីអ្នកប្រព្រឹត្ត សិលា ប្រាប់ថា ករណីនេះបានកើតឡើងនៅពេលនាងត្រលប់មកពីបំពេញបេសកម្មការងារនៅឯខេត្តសៀមរាបដោយពេលនោះបុគ្គលដែលប៉ុនប៉ងប្រព្រឹត្តអំពើរំលោភបំពាន គឺជាមិត្តរួមអាជីព បានប្រើល្បិចស្នើសុំជូននាងត្រលប់ទៅផ្ទះនៅក្នុងក្រុងភ្នំពេញ ក៏ប៉ន្តែបុគ្គលម្នាក់នោះបានឆ្លៀតឱកាសបំពាននៅពេលដែលនាងសម្រេចចិត្តឡើងជិះរថយន្តរបស់គេ។
សិលា បន្ថែមថា៖ «រឿងយប់ដែលខ្ញុំមកពីសៀមរាបហ្នឹងគឺភ្លេចអត់បានទេ រូបភាពទាំងប៉ុន្មាន គឺនៅនឹងភ្នែកទាំងអស់ ដល់ឥឡូវគឺនៅក្នុងភ្នែកទាំងអស់ សកម្មភាពខ្ញុំរើម៉េច សកម្មភាពវាលូកលាន់យើងយ៉ាងម៉េច គឺនៅនឹងភ្នែកខ្ញុំហ្មង»។
ការងារជាអ្នកសារព័ត៌មានតែងតែប្រឈមសម្ពាធពីប្រភពផ្សេងៗ រួមមានមន្ត្រីរដ្ឋាភិបាល អាជ្ញាធរ និងប្រភពផ្សេងទៀតរហូតដល់ពេលខ្លះត្រូវរងនូវការគំរាមកំហែង ការឆ្លើយតបដោយសំដីអសីលធ៌មជាដើម តែវាមិនគួរឱ្យភ័យខ្លាចជាជាងកាលដែលត្រូវមនុស្សដែលយើងទុកចិត្តបានព្យាយាមបៀតបៀនម្តងហើយម្តងទៀត ការណ៍នេះបានធ្វើឱ្យអ្នកសារព័ត៌មានស្ត្រីម្នាក់នេះគ្មានទំនុកចិត្តនឹងចេញទៅរាយការណ៍ព័ត៌មាននៅទីសារធារណៈ។
ទើបតែចាប់អាជីពជាអ្នកសារព័ត៌មានស្ត្រីថ្មីថ្មោង ស.ម. ប្រៀបបាននឹងក្រដាសសមួយផ្ទាំងដោយតែងតែគិតថាអ្នកធ្វើការដើម្បីលើកម្ពស់សង្គមជាបុគ្គលដែលមានការយល់ដឹងពីសិទ្ធិ តែនាងហាក់ខកចិត្តដោយទទួលរងការបៀតបៀនតាមប្រព័ន្ធអនឡាញពីមន្រ្តីអង្គការសង្គមស៊ីវិលទៅវិញ។ នាងថាការរក្សាទំនាក់ទំនងជាមួយប្រភព គឺជារឿងសំខាន់ដែលអ្នកសារព័ត៌មានគ្រប់រូបត្រូវតែធ្វើមិនថាប្រភពនោះជាមន្រ្តីរដ្ឋាភិបាល ប្រជាពលរដ្ឋ ឬក៏មន្រ្តីអង្គការសង្គមស៊ីវិល ដោយយល់ឃើញដូច្នេះទើប ស.ម. បានព្យាយាមរក្សាទំនាក់ទំនងជាមួយនឹងប្រភពដែលមិនគួរឱ្យទុកចិត្តបន្ទាប់ពីនាងបានស្នើសុំសម្ភាន៍តាមទូរស័ព្ទ។
ស.ម. និយាយថា៖ «ខ្ញុំទាក់ទងសុំសម្ភាសន៍គាត់អ៊ីចឹង [បន្ទាប់ពីសម្ភាសន៍] គាត់ឆាតមកខ្ញុំ ដំបូងឡើយពេលផុសរឿងហើយ គាត់សុំមើល […] ក្នុងនាមជាអ្នកកាសែតខ្ញុំតែងតែចង់ Keep [ថែរក្សា] Good Relation [ទំនាក់ទំនងល្អ] ជាមួយនឹងប្រភពអីហ្នឹង ខ្ញុំស្រួលទាក់ទងថ្ងៃក្រោយអ៊ីចឹងណា ប៉ុន្តែអា Good Relation [ទំនាក់ទំនងល្អ] មិនមែនមានន័យអីផ្សេងទេ»។
រយៈពេលដែល ស.ម. ព្យាយាមរក្សាទំនាក់ទំនងជាមួយប្រភពមន្រ្តីអង្គការសង្គមស៊ីវិលរូបនោះ នាងគ្មានសុខុមាលភាពផ្លូវចិត្តនោះទេ ដោយសារបុគ្គលរូបនោះតែងតែផ្ញើសារសុំរូបថតនាង និងសរសេរពាក្យសំដីបែបលែបខាយជាបន្តបន្ទាប់។ តឹងតែងផ្លូវចិត្តដែលត្រូវបន្តរក្សាទំនាក់ទំនងបែបបៀតបៀនពីប្រភពមិនបាន ទើបនាងសម្រេចចិត្តផ្តាច់ខ្លួនចេញរួមទាំងឈប់សរសេរសាច់រឿងដែលត្រូវសម្ភាសន៍បុគ្គលម្នាក់នោះ។
ស្ងប់បានប្រហែលជាងប្រាំមួយខែ បុគ្គលនោះនៅតែបន្តសកម្មភាពតាមស្រាវជ្រាវរកនាងនៅលើបណ្តាញសង្គម Instagram និងបន្តផ្ញើសារមកនាងដែលជាហេតុធ្វើឱ្យកាន់តែស្លុតចិត្តបន្ថែមទៀត។
ស.ម. បន្ថែមថា៖ «គាត់មកសុំរូបខ្ញុំ មកសុំខ្ញុំអ៊ីចឹងណា! អាហ្នឹងខ្ញុំគិតថាវាជាទង្វើមួយដែលអត់គួរមានទេ វាប៉ះពាល់ខ្លាំងមែនទែននៅពេលខ្ញុំព្យាយាមផ្តាច់ទំនាក់ទំនង គាត់នៅតែព្យាយាមទាក់ទងមកខ្ញុំតាមគ្រប់ Channel តាម Instagram Telegram Facebook អីៗហ្នឹង វារំខាតការងារខ្ញុំមែនទែន ខ្ញុំពេលដំណាក់កាលហ្នឹង គឺខ្ញុំពិបាកមែនទែន»។
ព្យាយាមគេចចេញដោយមិនអើពើ តែវាហាក់គ្មានប្រសិទ្ធភាពដូចទៅនឹងអ្វីដែល ស.ម. បានធ្វើនោះទេ នាងនៅតែទទួលបានសារជាថ្មីតាម Instagram ពីបុគ្គលម្នាក់នោះ គ្រាន់តែឃើញសារភ្លាមនាងក៏សម្រេចចិត្តមិនឆ្លើយតប និង Block ចោលភ្លាមៗ។
ស.ម. បន្តថា៖ «គាត់នៅឆាតមកខ្ញុំទៀត! ខ្ញុំអត់ Reply [ឆ្លើយតប] ហើយ Block គាត់ចោល ប៉ុន្តែមានអារម្មណ៍ថាគាត់ហ្នឹងមកទៀតហើយ ខ្ញុំមានអារម្មណ៍ថាអត់ Secure [សុវត្តភាព]។ ពេលខ្ញុំទៅយកព័ត៌មានម្តងៗ ខ្ញុំបារម្ភ! ចូលរួម Training [វគ្គបណ្តុះបណ្តាល] អីម្តងៗ គិតថា តិចខ្ញុំជួបម្នាក់ហ្នឹងទៅ ហើយខ្ញុំត្រូវ Challenge [ប្រឈម] ជាមួយគាត់ហ្នឹងបែបណាទៅ ខ្ញុំនៅរាងក្មេងក្នុងវិស័យហ្នឹង»។
នៅឆ្នាំ២០២១របាយការណ៍ក្រសួងព័ត៌បានបង្ហាញថា អ្នកសារព័ត៌សរុបនៅកម្ពុជាមានប្រមាណជាង៥០០០នាក់ ក្នុងនោះស្រ្តីអ្នកសារព័ត៌មានចំនួនត្រឹមតែ ៤៧០នាក់ ស្មើនឹង ៩,៤ ភាគរយ។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងចំៗ ចំពោះករណីប៉ុនប៉ងរំលោភផ្លូវភេទទៅលើអ្នកសារព័ត៌មានស្រ្តី ថា ករណីមួយនេះចាំបាច់ត្រូវមានការស៊ើបអង្កេតឱ្យបានច្បាស់លាស់ និងត្រូវប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងឈានដល់ការកំណត់វិធីសាស្ត្រដោះស្រាយដោយឈរលើទាំងអង្គហេតុ និងអង្គច្បាប់ជុំវិញហេតុការដែលបានកើតឡើងនេះ។
លោកបន្តថា នៅឆ្នាំ២០២៣ ក្រសួងបានទទួលដោះស្រាយវិវាទអង្គភាពសារព័ត៌មានចំនួន៤៣លើក និងបានផ្តល់ជំនួយប្រឹក្សាផ្នែកច្បាប់ដល់អង្គភាពសារព័ត៌មានចំនួន៥០លើក។ ក្រសួងព័ត៌មានកំពុងបន្តពង្រឹងកិច្ចសហការដែលមានស្រាប់ជាមួយក្រុមការងារមេធាវីរាជរដ្ឋាភិបាល ដើម្បីផ្តល់ការការពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មានដែលប្រតិបត្តិតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវក្នុងក្របខណ្ឌនៃការផ្តល់ការគាំពារ និងលើកស្ទួយសេរីភាពសារព័ត៌មាននៅកម្ពុជា។
លោក អស្នារិទ្ធ ថ្លែងថា៖ «ដូច្នេះសម្រាប់ករណីខាងលើនេះ អាចរៀបចំសំណើមកគណៈកម្មការសម្របសម្រួលដោះស្រាយវិវាទអ្នកសារព័ត៌មាននៃក្រសួងព័ត៌មានដែលមានក្រុមការងារទទួល និងពិនិត្យដោយរក្សាការសម្ងាត់ជូន។ ក្រសួងទទួលពិនិត្យ និងដោះស្រាយបញ្ហាបៀតបៀន ការរំលោភសេពសន្ថវៈតាមរយៈយន្តការដែលបានរៀបរាប់ខាងលើនេះបាទ»។
តាមរបាយការណ៍ UNESCO នៅទូទាំងពិភពលោកអ្នកសារព័ត៌មានស្ត្រី និងបុគ្គលិកធ្វើការតាមប្រព័ន្ធផ្សព្វផ្សាយប្រឈមនឹងការកើនឡើងនូវការវាយប្រហារពីខាងក្រៅ និងតាមប្រព័ន្ធអ៊ីនធឺណិតដោយទទួលរងនូវការគំរាមកំហែង។ របាយការណ៍នេះមានរួមបញ្ចូលអ្នកសារព័ត៌មានកម្ពុជាបានសន្និដ្ឋានថា ៧៣% នៃបុគ្គលិកធ្វើការតាមប្រព័ន្ធផ្សព្វផ្សាយជាស្ត្រីបានជួបប្រទះនឹងអំពើហិង្សាតាមប្រព័ន្ធអ៊ីនធឺណិត។
នៅក្នុងរបាយការណ៍បានលាតត្រដាងពីអំពើហិង្សាផ្អែកលើយេនឌ័រដោយមានការមាក់ងាយ ការនិយាយស្អប់ខ្ពើមផ្លូវភេទ ការបោកប្រាស់ ការវាយដំលើរាងកាយ ការរំលោភ និងឃាតកម្មជាដើម ដែលតម្រូវឱ្យមានការប្រយុទ្ធប្រឆាំងនឹងដោះស្រាយបញ្ហានេះជាបន្ទាន់។
របាយការណ៍ចេញផ្សាយដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា CamboJA ស្តីពីស្ថានភាពសារព័ត៌មានឆ្នាំ២០២២ នៅកម្ពុជា បានបង្ហាញថាមានករណីបៀតបៀនចំនួន ៣៥ករណី អ្នកកាសែតចំនួន ៥៥នាក់ ក្នុងនោះមានស្រ្តីចំនួន៨នាក់។
លោកស្រី ឆន សុគន្ធា នាយិកានៃនាយកដ្ឋានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយរបស់មជ្ឈណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានលើកឡើងថា ករណីរំលោភបំពានផ្លូវភេទ គឺធ្ងន់ធ្ងរពាក់ព័ន្ធនឹងក្រមព្រហ្មទណ្ឌដូច្នេះលោកស្រីលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានស្រ្តីក្លាហានចេញមុខដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ដោយរៀបចំឯកសារ ភស្តុតាង និងសាក្សីដើម្បីឱ្យជនប្រព្រឹត្តទទួលទោសតាមប្រព័ន្ធតុលាការ។
លោក ស្រី ឆន សុគន្ធា លើកឡើងថា៖ «ជនរងគ្រោះខ្លួនឯងគាត់ត្រូវតែហ៊ានចេញមុខដើម្បីដោះស្រាយបញ្ហា អត់អាចរក្សាទុករឿងនេះគឺជារឿងសម្ងាត់ទេ បើសិនជាយើងរក្សាទុករឿងនេះជារឿងសម្ងាត់ គឺដូចជាការលើកទឹកចិត្តដល់ជនប្រព្រឹត្តរួចពីសំណាញ់ច្បាប់ ហើយគាត់អាចប្រព្រឹត្តទៅអ្នកផ្សេងទៀតដូចគាត់ប្រព្រឹត្តចំពោះយើងអ៊ីចឹង»។
គោលនយោបាយការពារស្រ្តីអ្នកសារព័ត៌មាន
ការសិក្សារបស់អង្គការ ActionAid ទៅលើស្ត្រីកម្ពុជា ចំនួន៣៨០នាក់ បានរកឃើញថាស្ត្រីម្នាក់ក្នុងចំណោម៥នាក់ ឬ២២ភាគរយត្រូវបានបៀតបៀនផ្លូវភេទ ឬបៀតបៀនរាងកាយនៅកន្លែងសាធារណៈជាមធ្យម៥ដងនៅក្នុងឆ្នាំ២០១៤។ កម្ពុជាមានច្បាប់ទាក់ទងនឹងការបៀតបៀនផ្លូវភេទ មាត្រា១៧២ ក្រមព្រហ្មទណ្ឌ និងមាត្រា២៥០ ផ្តោតលើការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ។
ជួបបទពិសោធ៍ឈឺចាប់ក្នុងអាជីព សិលា បង្ហាញការយល់ឃើញថា ស្ថាប័នសារព័ត៌មានគួរតែមានគោលនយោបាយក្នុងការអប់រំបុគ្កលិកថ្មីដែលទើបចូលធ្វើការឱ្យយល់ពីអ្វីទៅជាការបៀតបៀននៅកន្លែងធ្វើការ រៀបចំវគ្គបណ្តុះបណ្តាលឱ្យបុគ្គលិកបានយល់កាន់តែស៊ីជម្រៅ និងគោរពសិទ្ធិគ្នាទៅវិញទៅមក។ បន្ថែមពីនេះទៀតនាងអំពាវនាវឱ្យបុគ្គលិកបុរសបែងចែកឱ្យដាច់រវាងការងារ និងរឿងផ្ទាល់ខ្លួនមិនត្រូវលូកលាន់ រញ៉េរញ៉ៃជាមួយនឹងអ្នកសារព៍ត៌មានស្រ្តីវ័យក្មេងនោះទេ។
សិលា លើកឡើងថា៖ «ស្ថាប័នមួយៗ ជាពិសេសស្ថាប័នដែលគិតថាខ្លួនឯងជាស្ថាប័នធំ ស្ថាប័នមានវិជ្ជាជីវៈត្រឹមត្រូវ កាលណានិយាយស្ថាប័នមានវិជ្ជាជីវៈត្រឹមត្រូវបុគ្គលិកមួយៗ ក៏ត្រូវមានជំនាញវិជ្ជាជីវៈដែរ! គួរតែមានវគ្កបណ្តុះបណ្តាល ឬក៏គួរតែហៅបុគ្កលិកចូលធ្វើការថ្មីឱ្យស្វេងយល់ កន្លែងការងារគឺការងារ អត់ទៅលូកលាន់អីៗ រញ៉េរញ៉ៃអីទេ»។
ឆ្លើយតបដោយសំដីមុតៗ ដោយសារតែជួបបទពិសោធន៍ដែលសង្គមដាក់បន្ទុកបន្ថែមទៅលើជនរងគ្រោះ សិលា ស្នើសុំឱ្យក្រសួងព័ត៌មានត្រូវតែមានគោលនយោបាយជាក់លាក់ដើម្បីការពារអ្នកសារព័ត៌មានស្ត្រីពីការបៀតបៀន។
សិលា បន្តថា៖ «ខ្ញុំគិតថាក្រសួងព័ត៌មានត្រូវតែមានគោលនយោបាយណាមួយគាំពារអ្នកកាសែតស្រ្តី ព្រោះអីមិនមែនមានតែខ្ញុំទេ អ្នកផ្សេងគាត់រងផលប៉ះពាល់ដែរ។ ក្រសួងព័ត៌មានមានផ្នែកច្បាប់ណាមួយដែលយើងដាក់ពាក្យបណ្តឹង ហើយហៅបុគ្គលិកជាអ្នកកាសែតហ្នឹងនិយាយ អាចថាការពិន័យផ្ទៃក្នុងវិស័យសារព័ត៌មានអ៊ីចឹង»។
កញ្ញាបន្ថែមថា៖ «ចង់ឱ្យមាន Department [នាយកដ្ឋាន] មួយដោះស្រាយរឿង Harassment [ការបៀតបៀន] ហ្នឹងហ្មង រឿងការបំពានហ្នឹង។ ដោយសារអ្នកកាសែតស្រ្តីឥឡូវកើន […] កំពុងតែមានបញ្ហាដូចខ្ញុំ គាត់អត់ដឹងថានិយាយថាម៉េច គាត់អត់ដឹងថាប្តឹងធ្វើម៉េច ជួនកាលអត់ហ៊ាននិយាយជាមួយមេទៀត បើសិនជាក្រសួងព័ត៌មានមាន ខ្ញុំគិតថាសម្រួលច្រើនចំពោះជនរងគ្រោះ ជាពិសេសទៅលើស្រ្តីហ្នឹង»។
លោកស្រី ឆន សុគន្ធា ក៏បានទទួចឱ្យក្រសួងដែលពាក់ព័ន្ធរួមទាំងស្ថាប័នត្រូវតែមានវិធានការដោះស្រាយពាក្យបណ្តឹងជូនអ្នកសារព័ត៌មានស្ត្រីដែលពួកគាត់ជួបប្រទះបញ្ហាប្រឈមនឹងការបៀតបៀនតាមប្រព័ន្ធអនឡាញ ការយាយី ការរំលាភសេពរំលោភសេពសន្ថវៈ និងចាត់វិធានការចំពោះជនដែលប្រព្រឹត្តទៅកាត់ទោសនៅតុលាការតាមផ្លូវច្បាប់។
លោកស្រី សុគន្ធា បញ្ញាក់ថា៖ «អាហ្នឹងវាគំរូអាក្រក់មួយដោយសារតែគាត់ធ្វើការនៅលើវិស័យសារព័ត៌មាន យើងសុទ្ធតែដឹងពីច្បាប់ ដឹងថាខ្លួនឯងប្រព្រឹត្តអំពើខុសហើយ! យើងចង់ឱ្យសង្គមមួយនេះមានការគោរពច្បាប់ អ៊ីចឹងត្រូវតែនាំគាត់ធ្វើការដោះស្រាយតាមនីតិវិធីច្បាប់»។
លោកស្រីបន្តថា៖ «ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារីសូមធ្វើការពិនិត្យមើលឡើងវិញថាត្រូវមាននាយកដ្ឋានក្នុងការការពារ អន្តរាគមន៍ទៅដល់អ្នកកាសែតស្រ្តីដែលប្រឈមនូវការយាយី ឬក៏រំលោភសេពសន្ថវៈ។ ពិសេសក្រសួងព័ត៌មាន គឺជាអណាព្យាបាលរបស់អ្នកសារព័ត៌មានត្រូវតែមាននាយកដ្ឋានមួយដើម្បីរង់ចាំដោះស្រាយបញ្ហាអ្នកសារព័ត៌មានស្រ្តី»។
លោកស្រី សុគន្ធា ក៏បានផ្តោតសំខាន់ទៅលើស្ថាប័នប្រព័ន្ធផ្សព្វផ្សាយខ្លួនឯងផងដែរថាត្រូវតែមានគោលនយោបាយដោះស្រាយពាក្យបណ្តឹង និងគោលនយោបាយយេនឌ័រដើម្បីងាយស្រួលដោះស្រាយបញ្ហាដល់ក្រុមគោលដៅផងដែរ។
លោកស្រី សុគន្ធា បន្ថែមថា៖ «ស្នើសុំឱ្យគ្រប់ស្ថាប័នទាំងអស់ត្រូវតែមានគោលនយោបាយដោះស្រាយបណ្តឹង ឬក៏គោលនយោបាយយេនឌ័រនៅស្ថាប័នរបស់ខ្លួន មិនមែនមានតែគោលនយោបាយទេ ត្រូវមានគណៈកម្មការចាំទទួលពាក្យបណ្តឹង រងចាំនៅការដោះស្រាយបញ្ហាផ្សេងៗ»។
ជំរុញលើកទឹកចិត្ត និងដំណោះស្រាយការបៀតបៀន
តាមរយៈបទសម្ភាសន៍ជាមួយស្រ្តីអ្នកសារព័ត៌មានចំនួន១០រូបពួកគាត់បានប្រាប់ថាធ្លាប់ទទួលបានករណីបៀតបៀនដោយផ្ទាល់ បៀតបៀនតាមប្រព័ន្ធអនឡាញ រហូតមានករណីប៉ុនប៉ងរំលោភបំពានផ្លូវភេទជាដើម ស្ទើរតែគ្រប់ករណី គឺពួកគាត់សម្រេចចិត្តឈប់ទាក់ទងប្រភពរហូតដល់មានករណីមួយចំនួនត្រូវបង្ខំចិត្តឈប់សរសេរសាច់រឿងដែលត្រូវស្នើសុំសម្រង់សំដីដើមពីប្រភព។
រួចផុតពីការបៀតបៀន និងការប៉ុនប៉ងរំលោភបំពាន សិលា បានចែករំលែកបទពិសោធន៍ទាំងអួលដើមកថា បើទោះបីជាស្ថិតនៅក្នុងកាលៈទេសៈតឹងតែងយ៉ាងណាក្តីស្រ្តីត្រូវរឹងមាំ ហើយត្រូវតែគ្រប់គ្រងស្មាតីមិនត្រូវបណ្តាយតាមអារម្មណ៍ស្រើបស្រាលមួយពេល។
ផ្នត់គំនិតភាគច្រើនតែងតែលើកឡើងថាមនុស្សស្រីមានកម្លាំងទន់ខ្សោយជាងបុរសតែ សិលា បានបំបែកឯកត្តកម្មពាក្យនេះ ដោយនាងបានព្យាយាមរើបម្រះខ្លួនមួយទំហឹង បើទោះជារាងកាយត្រូវបានជាប់ក្លេអ្នកប្រព្រឹត្តយ៉ាងណាក្តី ខណៈនោះនាងបានធាក់កញ្ចក់ឡានផ្នែកខាងមុខមួយទំហឹងរហូតដល់បែក និងបានស្រែកគំរាមឱ្យបុគ្គលនោះបញ្ឈប់សកម្មភាពបំពាន។
សិលា និយាយថា៖ «ជារួមខ្ញុំរើបម្រះគ្រប់ច្រកដែលខ្ញុំអាច និយាយទៅពេលហ្នុងខ្ញុំជាប់ក្លេគាត់! ខ្ញុំជាប់ក្លេគាត់មែន ករបស់ខ្ញុំនៅពេលគាត់រឹតខ្លាំងគឺខ្ញុំហប់ខ្យល់ ប៉ុន្តែជើងខ្ញុំទល់នឹងកញ្ចក់ឡាន ខ្ញុំធាក់កញ្ចក់ឡានមួយទំហឹង ខ្ញុំរមួលខ្លួន»។
មានរាងសមល្មមដែលអាចទប់នឹងកម្លាំងអ្នកប្រព្រឹត្ត សិលា ពេលនោះបានធ្វើឱ្យនាងស្រឡាំងកាំងរួមជាមួយនឹងការឈឺចាប់ ខណៈពេលដែលនាងព្យាយាមរើបម្រះចេញភ្លាមៗ ដោយនាងយល់ថាវាមិនមែនជាទង្វើដែលមិត្តរួមអាជីពគួរធ្វើ។
សិលា បន្តថា៖ «និយាយមែនខ្ញុំរើបម្រះងាប់ចោល ខ្ញុំគិតថាការរំលោភបំពាន បើយើងអត់ព្រម កម្លាំងមួយដូចគ្នានៅតែអត់បានអ៊ីចឹង ខ្ញុំគិតថាអ៊ីចឹង នៅតែរើបម្រះរួច […] អ្វីដែលឈឺចាប់បំផុតវាជាមនុស្សដែលខ្ញុំរាប់អានថាជាមិត្តភត្តិ! ជាមិត្តភត្តិ វាបែរជាបំផ្លាញអាទឹកចិត្ត ខ្ញុំឈឺចាប់មែនទែន»។
ងាកមកកញ្ញា ស.ម. ផ្តើមដោះស្រាយបញ្ហាដោយការ Block បុគ្គលម្នាក់នោះស្ទើរគ្រប់បណ្តាញសង្គមទាំងអស់ដើម្បីគេចចេញពីអារម្មណ៍ភ័យខ្លាច ស្ងាត់មួយរយៈពេលខ្លីស្រមោលអតីកាលក៏វិលត្រលប់មកវិញ។
កញ្ញា ស.ម. និយាយថា៖ «ខ្ញុំអត់ដឹងថាគាត់បាន Instagram ខ្ញុំមកពីណាទេ ខ្ញុំអត់ដឹងសោះហ្មងដល់ពេលអ៊ីចឹងគាត់ក៏ឆាតមកទៀត អាហ្នឹងដូចជា Feel [អារម្មណ៍] ដូច Anxiety [ការថប់បារម្ភ] វាឮមកវិញ! ម៉េចបានអាប៊ិកហ្នឹងវារកខ្ញុំឃើញទៀតហើយ ដល់ពេលអ៊ីចឹងខ្ញុំភ័យណាស់»។
ព្យាយាមដោះស្រាយបញ្ហាដោយខ្លួនឯងមិនមែនជាដំណោះស្រាយដែលមានប្រសិទ្ធភាពនោះទេ ស.ម. ពីមួយជំហានទៅមួយជំហាននាងសួរខ្លួនឯងជានិច្ចថា គួរតែដោះស្រាយស្រមោលអន្ទោលតាមប្រាណនេះដោយវីធីសាស្រ្តបែបណា។
កញ្ញា ស.ម ថា៖ «ខ្ញុំអត់ត្រូវរស់នៅជាមួយអារម្មណ៍ភ័យខ្លាចទាំងអស់ហ្នឹងទេ! អ៊ីចឹងខ្ញុំក៏ប្រាប់ទៅក្រុមការងាររបស់ខ្ញុំ ធ្វើការងារដោះស្រាយទៅលើរឿងហ្នឹង ខ្ញុំជួបជជែកជាមួយគាត់រកដើមហេតុ ហើយក៏គាត់ហៅសាក្សីណាដែលធ្លាប់ជួបស្រដៀងខ្ញុំ អាចធ្វើជាសាក្សីឱ្យខ្ញុំ»។
មិនខុសពីកញ្ញា ស.ម. កញ្ញា ថូវ៉ាន មានអាយុ២៣ឆ្នាំ ជាអ្នកសារព័ត៌មានស្ត្រីម្នាក់ដែលទទួលរងការបៀតបៀនតាមអនឡាញពីមន្រ្តីអង្គការសង្គមស៊ីវិលដូចគ្នាដែលនោះ បានចែករំលែកបទពិសោធន៍ដោះស្រាយបញ្ហាដោយការមិនអើពើ និង Block បុគ្គលម្នាក់គ្រប់បណ្តាញសង្គម នាងចាត់ទុកករណីនោះជាទង្វើដែលបុគ្គលមានចំណេះដឹងមិនគួរប្រព្រឹត្ត។
កញ្ញា ថូវ៉ាន និយាយថា៖ «ការបៀតបៀនទាំងអស់នោះវាដូចជាមិនបានបង្អាក់ដំណើរការងារខ្ញុំទេ ព្រោះអីវាមិនមែនជាការបៀតបៀនរាងកាយដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ថា Insecure [អសន្តិសុខ] ធ្វើឱ្យខ្ញុំមានភាពអាម៉ាស់អីទេ វាគ្រាន់តែប្រើប្រាស់ពាក្យសំដីដែលមិនបានឆ្លងកាត់ខួរក្បាល»។
ឆ្លងកាត់បទពិសោធន៍ការងារជាអ្នកសារព័ត៌មានស្ត្រីជាង៣ឆ្នាំបានរុញច្រានឱ្យ កញ្ញា ថូវ៉ាន កាន់តែមានភាពអត់ធ្មត់នៅពេលជួបបញ្ហាប្រឈមនានា តែទោះជាយ៉ាងណាក្តីទង្វើនេះហាក់បានធ្វើឱ្យនាងរង្គាលចិត្តហើយនាងបញ្ឈប់សម្ភាសន៍បុគ្កលម្នាក់នោះ។
ថូវ៉ាន បន្តថា៖ «ខ្ញុំបានរាយការណ៍ទៅក្រុមការងាររបស់ខ្ញុំ! ខ្ញុំអត់អាចសម្ភាសន៍ម្នាក់ហ្នឹងតទៅទេទៀត […] និយាយទៅធ្វើយ៉ាងខ្ញុំជៀសវាងពីបុគ្គលម្នាក់ហ្នឹង អាចមានអ្នកផ្សេងដែលមានតួនាទីប្រហាក់ប្រហែលគាត់ គឺខ្ញុំទៅសម្ភាសន៍អ្នកផ្សេង ខ្ញុំចាត់ទុកគាត់នៅក្នុង Black List [បញ្ជីខ្មៅ] នៅក្នុងអាជីពសារព័ត៌មានរបស់ខ្ញុំហ្នឹង»។
លោកស្រី ស ស៊ីណែត អ្នកនាំពាក្យក្រសួងកិច្ចការនារី បានបង្ហាញអារម្មណ៍សោកស្តាយដែលអ្នកសារព័ត៌មានស្រ្តីទទួលរងការបៀតបៀនតាមប្រព័ន្ធអនឡាញ រហូតឈានទៅដល់ការប៉ុនប៉ងរំលោភបំពាន លោកស្រីលើកទឹកចិត្តឱ្យជនរងគ្រោះបើកបង្ហាញការសម្ងាត់និយាយចេញ និងស្វែងរកជំនួយពីអាជ្ញាធរមានសមត្ថកិច្ច អជ្ញាធរមូលដ្ឋានដែលនៅជិតកន្លែងកើតហេតុ។
លោកស្រី ស៊ីណែត ថ្លែងថា៖ «ប្រសិនបើក្នុងករណីដែលស្រ្តីក្មេងខ្ចីគាត់ទទួលរងការរំលោភបំពានតាមប្របព័ន្ធអនឡាញ ឬក៏ទទួលរងការរំលោភបំពានពីក្រុមគោលដៅណាម្នាក់ អ្វីដែលគាត់អាចធ្វើបាន គាត់ត្រូវតែបំបែកការសង្គាត់ដែលគាត់ទទួលរងអំពើហិង្សា និងការរំលោភបំពាននេះ ទាក់ទងប្តឹងទៅអជ្ញាធរមានសម្ថកិច្ច ឬក៏អជ្ញាធរមូលដ្ឋានដែលនៅជិត»។
លោកស្រីលើកទឹកចិត្តឱ្យជនរងគ្រោះស្វែងរកជំនួយប្រឹក្សាយោបល់ផ្នែកផ្លូវចិត្ត រួមទាំងផ្នែកផ្លូវច្បាប់ក្នុងការដោះបញ្ហាដែលជនរងគ្រោះទទួលរងភាពអយុត្តិធម៌ ចំណែកឯក្រសួងកិច្ចការនារីក៏មានលេខ Hotline សម្រាប់ងាយស្រួលសម្រួលដល់ជនរងគ្រោះដែលត្រូវការសេវានានា។
លោកស្រីបន្តថា៖ «គាត់ត្រូវស្វែងរកជំនួយប្រឹក្សាយោបល់ទាំងផ្លូវចិត្ត ទាំងផ្នែកផ្លូវច្បាប់ក្នុងការដោះបញ្ហាដែលគាត់ទទួលរងភាពអយុត្តិធម៌នេះ […] សម្រាប់ក្រសួងកិច្ចការនារីមានលេខទូរសព្ទជំនួយបន្ទាន់ គឺហៅថា Hotline សម្រាប់ឱ្យជនរងគ្រោះសុំជំនួយប្រឹក្សាយោបល់ផ្នែកផ្លូវចិត្ត ផ្លូវច្បាប់ ហើយចំណុចមួយទៀតគឺអាចជជែក មានន័យថាចូលរួមទំនាក់ទំនងដើម្បីស្វែងរកការអន្តរាគមន៍អីៗផ្សេង»។
លោកស្រីបន្ថែមថា៖ «ក្រសួងក៏ជួយសម្របសម្រួលជាមួយជនរងគ្រោះបន្តទៅរកសេវាពាក់ព័ន្ធដែលជាតម្រូវការរបស់ជនរងគ្រោះរួមទាំងសម្របសម្រួលរកមេធាវីដើម្បីជួយការពារក្តីឱ្យជនរងគ្រោះដោយឥតគិតថ្លៃ»។
លោក ទេព អស្នារិទ្ធ បានផ្តល់ជាយោបល់ និងលើកទឹកចិត្តឱ្យស្រ្តីអ្នកសារព័ត៌មានត្រូវក្លាហានក្នុងការប្រឈមចំពោះករណីបំពាននានា ដោយមិនត្រូវបន្តលាក់ទុកតែម្នាក់ឯង ត្រូវស្វែងរកជំនួយផ្សេងៗ ក៏ដូចជាការពិគ្រោះយោបល់ចាំបាច់សម្រាប់រួមចំណែកដល់ការដោះស្រាយបញ្ហា។
លោកថា៖ «អាចវែកមុខការបៀតបៀន និងអាចធ្វើឱ្យភាគីពាក់ព័ន្ធរៀងចាល ក៏ដូចជាផ្តល់យុត្តិធម៌សម្រាប់អ្នកទទួលរងការបំពាន។ មិនតែប៉ុណ្ណោះវាក៏អាចក្លាយជាគំរូសម្រាប់ករណីផ្សេងទៀត ដើម្បីកំញើញដល់ការប៉ុនប៉ង ធានាការគោរពសិទ្ធិស្ត្រី និងការពារសេចក្តីថ្លៃថ្នូររបស់អាជីពជាអ្នកសារព័ត៌មានទៀតផង»។
ទិវាសិទ្ធិនារីអន្តរជាតិខួបទី១១៣
ថ្ងៃទី៨មីនា គឺជាទិវាសិទ្ធិនារីអន្តរជាតិ ដែលបច្ចុប្បន្នត្រូវបានប្រារព្ធធ្វើឡើងជាទូទៅក្នុងពិភពលោក ទិវានេះគឺជានិមិត្តរូបនៃការតស៊ូ ទាមទារ សិទ្ធិសេរីភាពរបស់ស្ត្រីប្រឆាំងនឹងការរើសអើងផ្លូវភេទរវាងបុរសនិងស្ត្រី។ ឆ្នាំ១៩៧៥ អង្គការសហប្រជាជាតិបានប្រកាសថាពីឆ្នាំ១៩៧៦ដល់១៩៨៥ ជាសតវត្សសម្រាប់នារី បើយើងប្រៀបធៀបទិវានេះទៅនឹងកំណើតនៃអង្គការសហប្រជាជាតិ គឺមានកំណើតមុនអង្គការសហប្រជាជាតិ និងមុនសិទ្ធិមនុស្ស។
ឆ្នាំនេះប្រទេសកម្ពុជានឹងអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៣ ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» តាមរយៈវេបសាយព័ត៌មានទូរទស្សន៍ជាតិកម្ពុជានាថ្ងៃទី២ ខែមីនា លោកជំទាវ ម៉ែន សំអន សមាជិកឧត្តមប្រឹក្សានៃព្រះមហាក្សត្របានលើកឡើងថា៖ «នៅក្នុងសម័យឌីជីថលនេះ ការប្រឈមរបស់ស្ត្រី និងក្មេងស្រី គឺមានច្រើនពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធឌីជីថល ការបៀតបៀនតាមរូបភាពផ្សេងៗ ជាដើម ដែលទាំងនេះធ្វើឱ្យមានការប៉ះពាល់ដល់កិត្តិយសស្ត្រីជាច្រើន ដោយសារគ្នាមិនសូវមានការយល់ដឹង ដូច្នេះហើយទើបធ្វើឱ្យពួកគេធ្លាក់ចូលទៅក្នុងការចាញ់បោកគេ»។
អ្នកនាំពាក្យក្រសួងព័ត៌មានថ្លែងទៀតថា ស្ត្រីប្រឈមនឹងហានិភ័យមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងសុខុមាលភាព។ ទន្ទឹមនេះ វប្បធម៌ និងផ្នត់គំនិត ដែលចាក់ឫសគល់យ៉ាងជ្រៅក្នុងសង្គមកម្ពុជាក៏ជាកត្តារាំងស្ទះដល់ស្ត្រី និងក្មេងស្រី មិនឱ្យមានការចូលរួមបានពេញលេញ។
លោក ទេព អស្នារិទ្ធ បន្ថែមថា៖ «ដើម្បីបង្កើនការរួមចំណែករបស់ស្រ្តីក្នុងវិស័យព័ត៌មានត្រូវជួយដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី ព្រមទាំងលើកទឹកចិត្តពួកគាត់ឱ្យសម្របខ្លួនបានទៅនឹងសម័យកាលនៃការវិវត្តបច្ចុប្បន្ន»។
បើទោះបីជាអាជីពស្រ្តីអ្នកសារព័ត៌មានជួបប្រទះនឹងបញ្ហាប្រឈមយ៉ាងណាក្តីក៏អ្នកព័ត៌មានស្ត្រីនៅតែបន្តប្តេជ្ញាចិត្តតស៊ូជាមួយអាជីពនេះដើម្បីលើកស្ទួយឱ្យមានយុវតី និងស្រ្តីចូលរួមកាន់តែច្រើនបន្ថែមទៀត។
សិលា ស្នើសុំឱ្យស្ថាប័នប្រព័ន្ធផ្សព្វផ្សាយគិតគួរផ្តល់ឱកាសសម្រាប់យុវតីឱ្យបានច្រើន បង្កើតបរិកាសល្អដល់អ្នកសារព័ត៌មានស្ត្រីដើម្បីធ្វើយ៉ាងណាឱ្យប្រាកដថាពួកគាត់ទទួលបានសុវត្តិភាពនៅកន្លែងការងារ។
សិលា លើកឡើងថា៖ «ខ្ញុំលើកទឹកចិត្តរុញឱ្យស្ថាប័នគាត់ផ្តល់ឱកាសឱ្យស្រ្តីឱ្យក្មេងស្រីហ្នឹងចូលមកសិន ទន្ទឹមនឹងផ្តល់ឱកាសឱ្យគ្នាត្រូវបង្កើតបរិយាកាសឱ្យគ្នាមានសុវត្តិភាពដែរ អាផ្លូវចិត្តហ្នឹង គឺសំខាន់ណាស់ វាជាកត្តាជំរុញឱ្យពួកគាត់ថាអាចជោគជ័យនៅក្នុងវិស័យហ្នឹង»។
បន្ថែមពីនេះ សិលា អំពាវនាឱ្យបុរសបញ្ឈប់ការនិយាយាលេងសើចលេបខាយលើអ្នកសារព័ត៌មានស្ត្រី ដោយកញ្ញាបន្ថែម៖ «ការលេងសើចបន្លំមែន លេងសើចលែបខាយគ្នា ឃើញគ្នាថ្មីធ្វើបាប […] អត់ចង់ឱ្យមានរូបភាពហ្នឹងកើតឡើងទេ ខ្ញុំសង្ឃឹមថាកន្លែងមួយៗ នឹងបង្កើតបរិយាកាសឱ្យល្អប្រសើរសម្រាប់ក្មេងស្រីឱ្យគាត់ចូលធ្វើការងារហ្នឹង»។
កញ្ញា ស.ម. ស្រ្តីអ្នកសារព័ត៌មានត្រូវតែប្រុងប្រយ័ត្ន ត្រូវដឹងពីតួនាទី និងក្រមសីលធម៌ ប្រយ័ត្នជាមួយប្រភពដែលត្រូវសម្ភាស បែងចែកឱ្យដាច់រវាងការងារ បើទោះបីជាប្រភពនោះព្យាយាមផ្តល់ព័ត៌មានឱ្យយ៉ាងណាក្តីមិនត្រូវទុកចិត្តប្រភព។
កញ្ញា ស.ម. និយាយថា៖ «សម្រាប់ខ្ញុំត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវតែធ្វើតាមក្រមសីលធម៌ វិជ្ជាជីវៈរបស់យើងអ៊ីចឹងណា ដើម្បីជៀសវាងនៅបញ្ហា»។ កញ្ញាបន្ថែមថា៖ «កុំព្យាយាមលាក់ទុកតែឯង យោបល់របស់ខ្ញុំបើជួបករណីបៀតបៀនហ្នឹងហើយ គួរតែរកអ្នកណាដែលយើងអាចទុកចិត្តក្នុងការដោះស្រាយឱ្យយើង ហើយរក្សាឯកជនភាពឱ្យយើង»។
ចំណែក កញ្ញា ថូវ៉ាន បានស្នើសុំប្រភពមន្រ្តីរដ្ឋាភិបាល អង្គការសង្គមស៊ីវិលគួរតែឆ្លើយតបដោយភាពទន់ភ្លន់ជាមួយអ្នកសារព័ត៌មានស្ត្រីដើម្បីបង្កភាពងាយស្រួលក្នុងអាជីពការងាររបស់ពួកគាត់។
កញ្ញាសំណូមពរថា៖ «មន្រ្តីរដ្ឋាភិបាល! មន្រ្តីអង្គការសង្គមស៊ីវិលហ្នឹងគួរតែប្រើប្រាស់ភាសាដែលមានក្រមសីលធម៌ មានសុជីវធម៌ជាមួយនឹងអ្នកសារព័ត៌មានស្រ្តី […] ដើម្បីកុំឱ្យប៉ះពាល់លើអារម្មណ៍របស់ពួកគាត់ ហើយវាជះឥទ្ធិពលទៅលើការងាររបស់ពួកគាត់»៕