សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មន្ត្រីសុខាភិបាលព្យាយាមធ្វើតេស្តក្រុមកូដករណាហ្គាវើលដ៍ស្វែងរកអូមីក្រុង

មន្ត្រីសុខាភិបាលរៀបចំធ្វើតេស្តរកវីរុសអូមីក្រុងលើកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ នៅកន្លែងធ្វើកូដកម្មក្បែរស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ជាទីតាំងដែលពួកគេ ត្រូវបានរារាំង។ រូបថតថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
មន្ត្រីសុខាភិបាលរៀបចំធ្វើតេស្តរកវីរុសអូមីក្រុងលើកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ នៅកន្លែងធ្វើកូដកម្មក្បែរស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ជាទីតាំងដែលពួកគេ ត្រូវបានរារាំង។ រូបថតថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

មន្ត្រីសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញបានព្យាយាមរារាំងកូដករនៃក្រុមហ៊ុន​ណាហ្គាវើលដ៍នាល្ងាចថ្ងៃសុក្រនេះដើម្បីធ្វើតេស្តរក​វីរុសបំប្លែងថ្មីអូមីក្រុង​បន្ទាប់ពី​កូដករ​ជាស្ត្រីមានផ្ទៃពោះម្នាក់​ត្រូវបានធ្វើតេស្តរកឃើញ​វិជ្ជមានអូមីក្រុង។

អ្នកស្រី សុខ រតនា ជាបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បម្រើ​ការងារ​រយៈពេល​១៤ឆ្នាំមកហើយ បានប្រាប់ខេមបូចាថា សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ជុំវិញការ​រកឃើញបាតុករជា​ស្រ្តីម្នាក់មានវិជ្ជមានអូមីក្រុង គឺជារឿងពិត  ហើយអ្នកស្រីសំណូមពរ​ឱ្យ​ក្រសួងសុខាភិបាល​មកពិនិត្យសំណាកពលករនៅទីតាំងធ្វើកូដកម្ម និងបង្ហាញលទ្ធផល ដោយប្រកាន់លើ​ភាព​ស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក។

អ្នកស្រីរៀបរាប់ថា៖ «ខ្ញុំអត់បានបដិសេធទេ តែគ្រាន់តែចង់ស្នើសុំទៅខាងក្រសួងសុខាភិបាល មកធ្វើតេស្តខ្ញុំ នៅកន្លែងខ្ញុំធ្វើកូដកម្ម ហើយបង្ហាញភាពស្មោះត្រង់ទៅវិញទៅមកពី​លទ្ធផល​ដែលតេស្តឃើញ»

អ្នកស្រីរតនា បានបន្តថា អ្នកស្រីក៏បារម្ភពីស្ថានភាពនៃជំងឺអូមីក្រុងដែរ តែអ្នកស្រីនិង​ក្រុមកូដករផ្សេងទៀត នៅតែបន្តសកម្មភាពធ្វើកូដកម្មដដែល ព្រោះករណីស្រ្តីមានផ្ទៃពោះ វិជ្ជមាន​អូមីក្រុង មិនបានឆ្លងពីក្រុមកូដករឡើយ ម្យ៉ាងស្រ្តីរូបនោះ​បានផ្អាកចូលរួម​កូដកម្ម​តាំង​តែពីថ្ងៃទី១៥ ខែមករា មកម្ល៉េះ។

អ្នកស្រីរតនាបានប្រាប់ថា៖ «ខ្ញុំមិនមែនមិនបារម្ភទេ តែបើមកតេស្តហើយឃើញ​មានឱ្យ​គាត់ទៅព្យាបាលម្នាក់ ដោយសារប្រសាសន៍សម្ដេចថា បើមានអាការៈចាំទៅពិនិត្យ ចាំ​ទៅធ្វើតេស្ត បើអ្នកមិនមានអាការៈមិនបាច់ទៅទេ»

អ្នកស្រីអះអាងថា សុខភាពកូដករដែលមកធ្វើកូដកម្មនេះមានភាពមាំមួន បានទទួលវ៉ាក់សាំង​គ្រប់គ្នា មានពាក់ម៉ាស់ រក្សាគម្លាត និងប្រើប្រាស់អាល់កុល ឬជែល ហើយប្រសិន​បើក្រុម​កូដករមានវិជ្ជមានកូវីដមែន ក្រុមអ្នកស្រីមិនអាចឈរក្រោមកម្ដៅថ្ងៃក្ដៅហួតហែង បានមក​ដល់ថ្ងៃនេះទេ។

អ្នកស្រីបញ្ជាក់ថា៖ «ពួកយើងសុខភាពល្អហើយ បានមកឈរកណ្ដាលថ្ងៃបាន ខ្ញុំមានវ៉ាក់សាំង លើកទី៣តែខ្ញុំមិនទាន់បានទៅចាក់លើកទី៣ តែបងប្អូនខ្លះចាក់លើកទី៤ហើយ យើងមាន​អាល់កុល មានម៉ាស់ រក្សាគម្លាត »

គេសង្កេតឃើញថានៅរសៀលនេះ ក្នុងនោះគេក៏ឃើញមានវត្តមាន​មន្រ្តីអាជ្ញាធរ​ និងមន្ត្រី​សុខាភិបាលប្រមាណជា ១០០នាក់ បានព្យាយាមរារាំងក្រុមកូដករ​ដើម្បីយក​សំណាក​ក្រុមកូដករដល់ទីតាំងធ្វើកូដកម្មក្បែរ​ស្ថានទូតអូស្រ្តាលី ប៉ុន្តែក្រុមកូដករបានស្នើ​ទៅមន្ត្រី​សុខាភិបាល ដោយសុំធ្វើតេស្តនៅថ្ងៃស្អែកវិញ។

ដូច្នេះហើយទើបគេឃើញមន្ត្រីសុខាភិបាល បានប្រមូលសម្ភារៈពេទ្យត្រឡប់ទៅ​វិញ​ហើយអាជ្ញាធរក៍បានដករបាំងដែកចេញពីទីតាំងកូដកម្មហ្នឹងនៅម៉ោងប្រហែលជា ៦:៤០នាទី ជាមួយគ្នាហ្នឹងក្រុមកូដករក៍បំបែកគ្នាផងដែរ។  

ជាងនេះទៅទៀត គេសង្កេតឃើញកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍​នៅតែមកចូលរួម​ធ្វើ​កូដកម្មក្នុងចំនួនដ៏ច្រើនដដែល ដោយប្រព្រឹត្តទៅតាមទម្លាប់​ដូចសព្វ​មួយដង ដោយប្រកាន់​ភ្ជាប់ការពាក់ម៉ាស់ ការរក្សាគម្លាត ការប្រើអាល់កុល។

បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានបន្តធ្វើកូដកម្មទាមទារដំណោះស្រាយ​ពីក្រុមហ៊ុន នៅជិតស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ជាទីតាំងដែលពួកគេត្រូវបាន​រារាំង។ រូបថតថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

យោងតាមក្រសួងសុខាភិបាលនៅព្រឹកមិញនេះ បានចេញនូវសេចក្ដី​ប្រកាសមួយស្ដី​ពី​ការ​ឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងចំណោមក្រុមបាតុករអតីតបុគ្គលិក​ណាហ្គាវើលដ៍ ក្នុង​អំឡុង​ពេលធ្វើបាតុកម្មនៅខាងមុខស្ថានទូតអូស្ត្រាលី ដោយសំណូមពរឱ្យបាតុករទាំងអស់​ទៅយក​សំណាក ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីតាំងដែលបានកំណត់ស្ថិតនៅកោះពេជ្រក្នុង​រយៈពេលបីថ្ងៃ។

សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានសង្កត់ធ្ងន់ថា៖ «បុគ្គលទាំងឡាយណាដែល​មិនបានអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់ស្តីពី​វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយ​គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតជាធរមាន»

ដោយឡែក ក្នុងករណីមានបុគ្គលណាម្នាក់ត្រូវបានរកឃើញ វិជ្ជមានកូវីដ-១៩ នឹងត្រូវដាក់​ឱ្យនៅដាច់ដោយឡែក ឬធ្វើការព្យាបាលទៅតាមការវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យទទួល​ខុស​ត្រូវ។

ទាក់ទងនឹងបញ្ហានេះ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យនៃក្រសួងសុខាភិបាល និងប្រធាន​គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ មិនអាចសុំការបកស្រាយបានទេ ដោយទូរសព្ទ​ទៅហើយ ថាកំពុងជាប់ប្រជុំ រួចក៏ចុចបិទបាត់ទៅ។

លោក ឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​ នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស របស់អង្គការសង់ត្រាល់ បានមើលឃើញពីភាពមិនប្រក្រតីក្នុងការចេញនូវសេចក្ដីប្រកាស​របស់ក្រសួងសុខាភិបាល ដោយចាត់ទុកថាទម្រង់នេះ គឺជាការដាក់សម្ពាធមកលើក្រុម​កូដករ។

លោកលើកឡើងថា៖ «ទីមួយកូដករហ្នឹងមិនបានចូលរួមកូដកម្មហ្នឹង វាយូរណាស់ហើយ គម្លាតពេលវេលាដែលគាត់មិនបានទៅចូលរួមហ្នឹងពេលដែលគាត់ដឹងខ្លួនថាមានផ្ទៃពោះ ចឹងទៅគាត់ទៅពិនិត្យផ្ទៃពោះ ក៏ពិនិត្យឃើញវីរុសថ្មីអូមីក្រុងហ្នឹង»។

លោក ថារ៉ូ បន្តថា ដំណាក់កាលដែលអ្នកវិជ្ជមានអូមីក្រុង ដឹងលទ្ធផល គឺនៅថ្ងៃ២៨ ខែមករា ហេតុអ្វីបានជាក្រសួងសុខាភិបាល ទើបតែប្រកាសព័ត៌មាននៅថ្ងៃនេះទៅវិញ។ លោកបន្ថែម​ថា ការណ៍នេះ គឺបង្ហាញពីភាពមិនសមហេតុផលនៃគោលការណ៍សុខាភិបាលក្នុងការ​ស្វែង​រកអ្នកដែលពាក់ព័ន្ធនឹងជំងឺកូវីដ។

លោកបន្ថែមទៀតថា ហេតុផលផ្សេងទៀតស្រ្តីដែលវិជ្ជមានអូមីក្រុង បានបកស្រាយហើយថា​មិនបានឆ្លងពីក្រុមកូដករទេ គឺឆ្លងពីបុគ្គលផ្សេង មិនពាក់ព័ន្ធនឹងក្រុមកូដករឡើយ។

លោក ថារ៉ូ បកស្រាយថា៖ «ខ្ញុំគិតថាទម្រង់នេះ គឺជាការដាក់សម្ពាធបន្ថែមទៀតមកលើកូដករ ជាការប៉ះពាល់ដល់ផ្នែកស្មារតី អារម្មណ៍ ការតាំងចិត្តពួកគាត់ ខណៈពេលដែលគាត់ធ្វើកូដកម្ម​អស់រយៈពេលជិត៥០ថ្ងៃ»។

លោកមើលឃើញថា ការចេញសេចក្ដីប្រកាសនេះ គឺអនុវត្តមិនបានស្មើភាពគ្នា ចំពោះទីតាំង ឬទីកន្លែងផ្សេងៗទៀត ដែលក្រសួងរកឃើញថាមានការឆ្លង។ ក្រសួងគួរតែអនុវត្ត​គោលការណ៍ដូចគ្នា និងមិនអាចជាការបារម្ភដល់កម្រិតនេះពេកទេ។

លោកបន្ថែមថា៖ «ខ្ញុំឃើញថាពួកគាត់ អនុវត្តនូវវិធានការសុខាភិបាលហ្នឹង គម្លាតនៃការឈរ​ធ្វើកូដកម្មហ្នឹង បានល្អជាងទីតាំងផ្សេងៗទៀតណ៎។ ចឹង វាមិនអាចជាការបារម្ភអីនៅក្នុង​កម្រិតនេះទេ ខ្ញុំគិតថាអានេះជាការដាក់សម្ពាធរបស់អាជ្ញាធរជាជាងចេតនា នៅក្នុងការ​រុករក​នៅករណីកូវីដវីរុសថ្មីនេះច្រើនជាង»។

យ៉ាងណាមិញ លោក ថារ៉ូ មើលឃើញថា អាជ្ញាធរមិនឈរលើគោលការណ៍អព្យាក្រឹត្យ សម្រាប់ដោះស្រាយបញ្ហាជូនកម្មករទេ មានតែការដាក់សម្ពាធគ្រប់រូបភាព ដូចជាការតាមដាន ការថត ការផ្ញើសារគំរាមទៅវិញ។

មន្ត្រីសុខាភិបាលរៀបចំធ្វើតេស្តរកវីរុសអូមីក្រុងលើកូដករ​នៃ​ក្រុមហ៊ុនណាហ្គាវើលដ៍ នៅកន្លែងធ្វើកូដកម្មក្បែរស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ជាទីតាំងដែលពួកគេ ត្រូវបានរារាំង។ រូបថតថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ចំណែកលោកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើង​ស្រដៀង​គ្នាថា គម្លាតនៃអវត្តមានរបស់កូដករដែលវិជ្ជមានអូមីក្រុង គឺជាសក្ខីកម្មមួយដែល​បញ្ជាក់ថាស្រ្តីរូបនោះ មិនបានពាក់ព័ន្ធនឹងកូដកម្មទេ។

លោកស្រីបន្ថែមទៀតថា រដ្ឋាភិបាលបានបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ ហើយពិធីបុណ្យ មង្គលការ ការជួបជុំនានា ក៏បានបើកឡើងវិញដែរ ប្រសិនបើក្រោមហេតុផលសុខភាព​ណា​មួយយកមកទប់ស្កាត់ការធ្វើកូដកម្ម  វាអាចបង្ហាញនូវរបត់មួយ ដើម្បីទប់ស្កាត់ការអនុវត្ត​សិទ្ធិ​សេរីភាពមូលដ្ឋានរបស់កម្មករនិយោជិត និងសហជីពណាហ្គាវើលដ៍។

លោកស្រីបន្ថែមថា៖ «កន្លងមកយើងដឹងហើយថា ការរីករាលដាលនៃជំងឺអូមីក្រុង​នៅក្នុង​សហគមន៍រួចហើយ ចឹងថាតើអាជ្ញាធរបានដុតដៃដុតជើងដូចករណីហ្នឹងដែរទេ យើងឃើញ​មានពិធីបុណ្យ ពិធីការ តើមានការពាក់ព័ន្ធទេ មានការប្រកាសជាទ្រង់ទ្រាយបែប​ហ្នឹងដែរ​អត់»។

យ៉ាងណាមិញលោកស្រីបញ្ជាក់ថា ខាងសង្គមស៊ីវិលនឹងតាមដានមើលរាល់ការអនុវត្ត​របស់​អាជ្ញាធរ ថានឹងមានវិធានការបែបណា ហើយឈរលើការអនុវត្តដោយ​ស្មើភាព​ចំពោះ​ពលរដ្ឋដទៃទៀតឬយ៉ាងណា។

លោកស្រីថា៖​ «យើងត្រូវតាមដានទាំងអស់គ្នា ការអនុវត្តបែបណាក៏ដោយឱ្យវាមាន​តុល្យភាព​ការធានាដល់សុខភាពសារធារណៈ និងការដែលពលរដ្ឋអាចអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋាន​របស់គាត់»។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ មានរយៈពេល៣៦ថ្ងៃហើយ ដែល​អាជ្ញាធរបានចាប់ខ្លួនមេដឹកនាំ និងតំណាងសហជីពទាំង៨រូបពីបទញុះញង់ និងឃុំខ្លួនពួកគេ។

ទន្ទឹមនឹងនេះ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២កន្លងទៅ  មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានស្នើទៅតុលាការ ដើម្បីសួរសុខទុក្ខអ្នកជាប់ឃុំទាំង៨នាក់នោះ ចំនួនម្ដងក្នុងមួយខែ ចាប់ពីខែមករាទៅ  តែត្រូវចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបដិសេធមិនឱ្យ លោកស្រី ជរ ច័ន្ទធីតា ដែលជាតំណាងអង្គការសង្គមស៊ីវិលចូលសួរសុខទុក្ខថ្នាក់ដឹកនាំ​សហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ឡើយ។

ការបដិសេធមិនឱ្យអង្គការសង្គមស៊ីវិលចូលសួរសុខទុក្ខនេះ ខាងសាលាដំបូងរាជធានីភ្នំពេញ បានលើកឡើងថា ដោយសារតែសំណុំរឿងពាក់ព័ន្ធនឹងឈ្មោះ ឈឹម ស៊ីថរ, រឺ សុវណ្ណឌី, សុន ស្រីពេជ្រ, ហៃ សុភាព, ឃ្លាំង សុបិន្ត, ទូច សិរីមាស, ឈឹម សុខន និងឈ្មោះ សុខ ណារិទ្ធ ស្ថិតក្នុងដំណាក់កាលស៊ើបសួរ ហើយចៅក្រមស៊ើបសួរ កំពុងតែបន្តស្រាវជ្រាវស៊ើបសួរ​ទៅ​លើបុគ្គលមួយចំនួនទៀត ដែលចៅក្រមត្រូវកោះហៅសួរបំភ្លឺ៕

750 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម