នៅច្រាំងទន្លេសាបក្នុងស្រុកពញាឮ ខេត្តកណ្ដាល មនុស្សច្រើនកុះករកំពុងរង់ចាំទិញត្រីពីក្រុមអ្នកនេសាទតូចៗ ដែលទទួលត្រីបន្តពីម្ចាស់ដាយ ដែលទទួលបានអាជ្ញាបណ្ណចាប់ត្រី នៅទន្លេសាប។ នៅទីនោះមនុស្សជាច្រើនបានរង់ចាំយ៉ាងអន្ទះសាដើម្បីទិញត្រីសម្រាប់ធ្វើប្រហុក។
ពេលទូកចូលមកដល់ច្រាំងជាមួយនឹងត្រីតូចៗដែលទើបនឹងចាប់បាន ក្រុមអ្នកចាំទិញត្រីទាំងនោះវិញមានខ្លះបានញាប់ដៃញាប់ជើងលាងសម្អាតត្រី និងកាត់ក្បាល់ត្រី ខណះអ្នកខ្លះរអ៊ូរពីតម្លៃត្រីឡើងខ្ពស់។
«ងាប់ហើយថ្លៃអីថ្លៃម៉្លេះលោក! » នេះជាការស្រែកឡើងរបស់ស្រ្តីវ័យ៥០ឆ្នាំ ឡេង ខេម មកពីខេត្តកំពង់ស្ពឺ ជាមួយអ្នកភូមិជាង២០នាក់ផ្សេងទៀតដែលកំពុងឈររង់ចាំទិញត្រីរៀលសម្រាប់ធ្វើប្រហុកនៅច្រាំងទន្លេ។
រដូវធ្វើត្រីប្រហុក ទាំងឈ្មួញ និងអាជីវករតូចតាច និងប្រជាពលរដ្ឋនាំគ្នាប្រញាប់ប្រញាល់ទិញត្រីឲ្យបានច្រើនតាមដែលអាចធ្វើបាន ដែលរដូវកាលត្រីប្រហុកចាប់ពីខែវិច្ឆិកា ដល់ខែកុម្ភៈ។ ការនេសាទត្រីនេះអាស្រ័យលើខ្យល់មូសុង និងការហូរពីបឹងទន្លេសាបចូលទន្លេមេគង្គវិញ។
អ្នកស្រី ខេម បានឲ្យដឹងថាកាលពីឆ្នាំទៅ អ្នកស្រីទិញត្រីរៀលក្នុងតម្លៃមួយគីឡូក្រាមពី ២ ០០០រៀល ៣ ០០០រៀល ប៉ុន្តែនៅឆ្នាំនេះ តម្លៃបានហក់ឡើង ៥ ០០០រៀល ទៅ៩ ០០០រៀលក្នុងមួយគីឡូក្រាម។
អ្នកស្រីឲ្យដឹងថា៖ «ខ្ញុំដាក់លុយមកសម្រាប់ទិញត្រីធ្វើប្រហុក ១០០គីឡូ ប៉ុន្តែបើថ្លៃយ៉ាងនេះ មើលទៅប្រហែលទិញបានតែ៥០គីឡូក្រាមប៉ុណ្ណោះ»។
អ្នកស្រីរួមជាមួយអ្នកភូមិជាង២០នាក់ផ្សេងទៀត បានបោះតង់សម្រាកមួយយប់នៅច្រាំងទន្លេចាំទិញត្រីស្រស់ពីទូក និងសង្ឃឹមថាតម្លៃនឹងចុះថោក សមរម្យបន្តិច។ នៅទីនេះ ប្រជាជនមិនអាចទិញត្រីផ្ទាល់ពី ម្ចាស់ដាយ ដែលទទួលបានអាជ្ញាបណ្ណនេសាទពីររដ្ឋាភិបាលនោះទេ។ សូម្បីអ្នកនេសាទជាលក្ខណះគ្រួសារ និងអ្នកនេសាទតូចៗ ក៏ត្រូវទៅទិញត្រីយកមកលក់បន្តពី ម្ចាស់ដាយ ដែលជាមូលហេតុមួយជំរុញឲ្យតម្លៃត្រីឡើងថ្លៃផងដែរ។
តម្លៃត្រីបានហក់ឡើងយ៉ាងខ្លាំង ដោយសារចំនួនត្រីចាប់បាននៅទន្លេសាបបានធ្លាក់ចុះ ខណៈកម្ពស់ទឹកក៏ទាប។ បើតាមតួលេខរបស់អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ផ្ទៃដីព្រៃលិចទឹកបឹងទន្លេសាបបានថយចុះពីជាង៦៣៤ ០០០ហិកតា មកនៅប្រហែល៣០០ ០០០ហិកតា ក្នុងរយៈពេល១០ចុងក្រោយនេះ។
អង្គការបរិស្ថាន និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត បានព្រមានកម្ពុជា និងប្រទេសនៅតាមបណ្ដោយដងទន្លេមេគង្គពីការកសាងទំនប់វារីអគ្គិសនី ដែលនឹងប៉ះពាល់ដល់បរិមាណត្រី ក៏ដូចជាផលប៉ះពាល់ពីបញ្ហាបម្រែបម្រួលអាកាសធាតុ និងកម្រិតទឹកកាន់តែទាប។
រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោក វេង សាខុន មានប្រសាសន៍ថាត្រីទឹកសាបឆ្នាំនេះនឹងធ្លាក់ចុះចំនួន១៣ភាគរយបើប្រៀបធៀបនឹងឆ្នាំកន្លងទៅ។
នាយកដ្ឋានជលផលបានប៉ាន់ប្រមាណថា ការចាប់ត្រីដោយ ម្ចាស់ដាយនឹងធ្លាក់ចុះចំនួន៣១ភាគរយ ពី១៤ ៣២០តោន ក្នុងឆ្នាំ២០១៩ មកនៅប្រហែល៩ ០០០តោនក្នុងរដូវធ្វើត្រីប្រហុកឆ្នាំនេះ។
លោក វេង សាខុន បានច្រានចោលការលើកឡើងថា ការធ្លាក់ចុះបរិមាណត្រីមកពីការកសាងទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ ដែលភាគច្រើននៅប្រទេសចិន និងឡាវ។ លោកថ្លែងថា បញ្ហាគឺបម្រែបម្រួលអាកាសធាតុ។
លោកមានប្រសាសន៍ថា៖ «មនុស្សខ្លះតែងភ្ជាប់រឿងបរិមាណត្រីថយចុះទៅនឹងការកសាងទំនប់វារីអគ្គិសនី ទាំងទឹកជំនន់ និងគ្រោះរាំងស្ងួត។ ពួកគេថាទឹកលិចទីក្រុងភ្នំពេញ ព្រោះលុបបឹង ពួកគេនេះពិតជាឆ្កួតមែន ពួកគេមិនបានមើលបញ្ហាជាទូទៅទេ»។
លោក ឱម សាវ៉ាត នាយកអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល មានប្រសាសន៍ថាការធ្លាក់ចុះនៃបរិមាណត្រីធម្មជាតិនៅឆ្នាំនេះ ដោយសារកត្តាមួយចំនួនដូចជាបម្រែប្រួលអាកាសធាតុ នេសាទខុសច្បាប់ និងការកសាងទំបន់វារីអគ្គិសនីតាមដងទន្លេមេគង្គ ខណៈជម្រកត្រីដែលជាព្រៃលិចទឹកត្រូវបំផ្លាញ។
លោកបន្តថា៖ «យើងបារម្ភពីការធ្លាក់ចុះបរិមាណត្រីនៅឆ្នាំនេះ មកពីការអភិវឌ្ឍគម្រោងទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ ទាំងនៅផ្នែកខាងលើ និងខាងក្រោម ដែលធ្វើកម្ពស់ទឹកទន្លេទាប»។
លោកឲ្យដឹងទៀតថាទឹកទន្លេមេគង្គមានកម្រិតទាបរយៈពេលពីរឆ្នាំមកហើយ ហើយឆ្នាំនេះកាន់តែទាបដែលធ្វើឲ្យទឹកទន្លេសាបទាបផងដែរ ក្នុងកម្រិត ៥ម៉ែត្រ ខណៈត្រីរៀលត្រូវការទឹកជម្រៅពី៨ ទៅ១០ម៉ែត្រ ដើម្បីលូតលាស់ និងរស់នៅបាន។
លោកបន្ថែមថារដ្ឋាភិបាលត្រូវគិតគូបន្ទាន់លើបញ្ហាមួយចំនួនទៀត ដូចជាការនេសាទខុសច្បាប់ និងការពារតំបន់អភិរក្សព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ដែលជាជម្រកត្រីពង។
ផុន ចាន់ វ័យ៥៧ឆ្នាំ ជាអាជីវករម្នាក់នៅសង្កាត់កំបូល រាជធានីភ្នំពេញ ដែលបានមកទិញត្រីសម្រាប់ធ្វើប្រហុកសម្រាប់គ្រួសារ បានលើកឡើងថា ត្រីឆ្នាំនេះតូចៗណាស់ តែបែជាថ្លៃទៅវិញ។
លោកបន្តថា «កាលពីមុន ត្រីធំៗណាស់ ហើយយើងសម្បូរត្រីហូបណាស់ ប៉ុន្តែឥឡូវចំនួនត្រីធ្លាក់ចុះ ខណៈចំនួនប្រជាពលរដ្ឋ [និងតម្រូវការ]កើនឡើង»។
បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចេញផ្សាយកាលពីខែតុលា បរិមាណផលត្រីនេសាទបានចំនួន២៥០ ០០០តោន ធ្លាក់ចុះចំនួន៩៦៥តោនធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។ របាយការណ៍បង្ហាញថា ចំនួននាំចេញផលនេសាទស្រស់ធ្លាក់ចុះ៧៨ភាគរយ និងកែច្នៃធ្លាក់ចុះ៩៤ភាគរយ។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ High costs and low fish catch imperil ‘prahok’ production