រដ្ឋាភិបាលកម្ពុជាបានលុបចោលគ្រប់បម្រាមលើការធ្វើដំណើរដោយសារជំងឺកូវីដ១៩ ក្នុងក្តីសង្ឃឹមថា នឹងអាចជំរុញដល់វិស័យទេសចរណ៍ ដែលបានរងការប៉ះពាល់ខ្លាំងដោយសារវិបត្តិជំងឺនេះ។ ប៉ុន្តែឥឡូវនេះ ទណ្ឌកម្មលើរុស្ស៊ី និងតម្លៃប្រេងឥន្ធនៈឡើងខ្ពស់ជាលទ្ធផល កំពុងតែបង្កជាបញ្ហាចោទមកលើការងើបរើនៃវិស័យទេសចរណ៍។
កាលពីពាក់កណ្តាលខែមីនា ក្រសួងសុខាភិបាលបានប្រកាសថា អ្នកដំណើរចូលមកកម្ពុជាមិនតម្រូវឲ្យបង្ហាញលទ្ធផលតេស្តកូវីដដោយម៉ាស៊ីន PCR នោះទេ ក្នុងករណីដែលពួកគេមានលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំងពេញលេញ។ ហើយករណីចំនួនឆ្លងជំងឺកូវីដ១៩ កំពុងធ្លាក់ចុះជាបន្តបន្ទាប់ ដោយក្រសួងបានប្រកាសថា មានករណីឆ្លងចំនួន ៣៩ប៉ុណ្ណោះ កាលពីថ្ងៃអង្គារ និងមិនមានការស្លាប់នោះទេ។
ទោះបីជាមានការបន្ធូរបន្ធយគោលការណ៍តម្រូវផ្សេងៗ និងចំនួនករណីឆ្លងទាបក៏ដោយ អាជ្ញាធរនៅខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពជាងគេនៅក្នុងប្រទេស និយាយថា សណ្ឋាគារភាគច្រើននៅតែបន្តបិទទ្វារ។
អភិបាលខេត្តសៀមរាប លោក ទៀ សីហា ថ្លែងថា៖ «[មានតែ] ៤០ភាគរយនៃសណ្ឋាគារផ្កាយប្រាំប៉ុណ្ណោះបានបើកទ្វារឡើងវិញ ហើយភាគច្រើនកំពុងប្រឈមនឹងកង្វះខាតបុគ្គលិក។ បុគ្គលិកភាគច្រើនមកពីខេត្តផ្សេង ហើយពួកគេបានចាកចេញពីសៀមរាបអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩ ដូច្នេះហើយមានការលំបាកក្នុងការហៅពួកគេត្រឡប់មកវិញ»។
ប៉ុន្តែលោកសីហាបានលើកឡើងថា អាជីវកម្មធុនតូចជាងនេះដូចជា ផ្ទះសំណាក់បានបើកទ្វារឡើងវិញទាំងស្រុង ដោយសារការចំណាយទាប និងងាយស្រួលចាប់ផ្តើមដំណើរការឡើងវិញ។
លោកបានបន្តថា ភោជនីយដ្ឋាននិងបៀរហ្គាឌេនកំពុងបើកដំណើរការឡើងវិញជាបន្តបន្ទាប់ ហើយរដ្ឋបាលខេត្តកំពុងរៀបចំទទួលអ្នកទេសចរអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរនៅពាក់កណ្តាលខែមេសា។
បើតាមលោកសីហា ជើងហោះហើរក្នុងស្រុកនិងពីក្រៅប្រទេសចូលមកខេត្តសៀមរាបក៏កំពុងងើបរើឡើងវិញសន្សឹមៗផងដែរ ស្របពេលអ្វីៗកំពុងចាប់ផ្តើមដំណើរការឡើងវិញ។
អ្នកស្រី ក្លេស ចិន្តា (Clais Chenda) អនុប្រធានសមាគមសណ្ឋាគារនៅកម្ពុជា និងម្ចាស់សណ្ឋាគារនៅខេត្តកែប និងខេត្តក្រចេះ និយាយថា វិបត្តិជំងឺកូវីដ១៩ រយៈពេលពីរឆ្នាំមកនេះបានធ្វើឲ្យវិស័យសណ្ឋាគារប្រឈមនឹងកង្វះខាតបុគ្គលិក។
អ្នកស្រីបានថ្លែងថា៖ «ដំបូង យើងរំពឹងថា ជំងឺនេះវាអូសបន្លាយពេលត្រឹមប្រាំមួយខែ ឬមួយឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែអ្វីៗគឺមិនដូចការរំពឹងទុកនោះទេ ហើយឥឡូវនេះ បុគ្គលិកភាគច្រើនរកបានការងារថ្មីរួចទៅហើយ»។
អ្នកស្រីបានលើកឡើងថា សណ្ឋាគារទាំងពីររបស់អ្នកស្រីកំពុងប្រឈមនឹងកង្វះខាតបុគ្គលិកចំនួន ៦០ភាគរយ ប៉ុន្តែដោយសារចំនួនភ្ញៀវទាប សណ្ឋាគារនៅមានលទ្ធភាពដំណើរការ។ ប៉ុន្តែអ្នកស្រីព្រួយបារម្ភថា នៅពេលចំនួនការកក់បន្ទប់វិលមករកស្ថានភាពធម្មតាឡើងវិញ អ្នកស្រីនឹងមិនមានបុគ្គលិកគ្រប់គ្រាន់។
អ្នកស្រីព្យាករណ៍ថា ឧបសគ្គមួយទៀតចំពោះការងើបរើឡើងវិញនូវវិស័យទេសចរណ៍គឺ តម្លៃប្រេងឥន្ធនៈឡើងខ្ពស់។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានថ្លែងនៅអំឡុងពេលពិធីសម្ពោធអគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-កូរ៉េកាលពីថ្ងៃចន្ទថា តម្លៃប្រេងឥន្ធនៈខ្ពស់អាចប៉ះពាល់ដល់ការចំណាយធ្វើដំណើររបស់ពលរដ្ឋអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ។
អ្នកស្រីចិន្តា ដែលសណ្ឋាគាររបស់អ្នកស្រីផ្តល់ការបញ្ចុះតម្លៃពិសេសដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស យល់ស្របថា ដោយសារតម្លៃប្រេងឥន្ធនៈខ្ពស់ អ្នកដំណើរទំនងនឹងត្រូវចំណាយរហូតដល់ ៤០ភាគរយនៃការចំណាយសរុបអំឡុងពេលធ្វើដំណើរកម្សាន្ត។
យោងតាមទិន្នន័យពីក្រសួងទេសចរណ៍ កម្ពុជាទទួលភ្ញៀវទេសចរបរទេសចំនួន ៤៤.៧៣៤ នាក់ កាលពីខែមករា ឆ្នាំ២០២២ បើប្រៀបជាមួយ ២០.៥៦៧នាក់ កាលពីខែមករា ឆ្នាំ២០២១។ ប៉ុន្តែតួលេខអំឡុងពេលវិបត្តិជំងឺកូវីដ១៩ នេះនៅមានទាបខ្លាំង បើប្រៀបជាមួយនឹងភ្ញៀវទេសចរបរទេសចំនួន ៦.៦លាននាក់ ដែលបានមកកម្ពុជា កាលពីឆ្នាំ ២០១៩។
នៅខេត្តមួយទៀត ដែលពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍ គឺខេត្តព្រះសីហនុ ប្រធានមន្ទីរទេសចរណ៍ខេត្តលោក តាំង សុជាតិគ្រឹស្នា បាននិយាយថា សណ្ឋាគារនិងផ្ទះសំណាក់ប្រមាណ ៧០ភាគរយបានបើកទ្វារឡើងវិញ។
លោកបានថ្លែងថា៖ «យើងរំពឹងថា នឹងទទួលបានអ្នកទេសចរច្រើនជាងនេះអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ ប្រសិនបើស្ថានភាពជំងឺកូវីដ១៩ នៅបន្តមានស្ថិរភាព។ ចាប់តាំងពីរដ្ឋាភិបាលបានលុបចោលតម្រូវការធ្វើតេស្ត PCR យើងបានទទួលភ្ញៀវទេសចរកាន់តែច្រើនជាងមុនពីបស្ចឹមប្រទេស»។
នៅពេលមុនការរាតត្បាតជំងឺកូវីដ១៩ ខេត្តព្រះសីហនុមានជើងហោះហើរចេញចូលជាប្រចាំ ២៩ ក្នុងមួយថ្ងៃ ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៣។ នាពេលឥឡូវនេះ មានតែក្រុមហ៊ុនអាកាសចរណ៍តែពីរប៉ុណ្ណោះកំពុងដំណើរការ និងមានជើងហោះហើរចំនួនបីទៅប្រាំក្នុងមួយសប្តាហ៍។
លោកបានថ្លែងថា៖ «ឥឡូវនេះ យើងមានតែក្រុមហ៊ុនអាកាសចរណ៍ចំនួនពីរប៉ុណ្ណោះ ដែលគ្រប់គ្រងលើជើងហោះហើរ បី ទៅប្រាំជើង ក្នុងមួយសប្តាហ៍ ដែលជើងហោះហើរមួយក្នុងចំណោមនោះភ្ជាប់ជាមួយខេត្ត ក្វាងចូវ ប្រទេសចិន»។
លោក ខែក នរិន្ទដា មន្ត្រីទំនាក់ទំនង និងកិច្ចការសាធារណៈនៃក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា និយាយថា លោករំពឹងក្រុមហ៊ុនអាកាសចរណ៍ច្រើនជាងនេះនឹងចាប់ផ្តើមធ្វើការហោះហើរឡើងវិញមកកាន់ព្រលានយន្តហោះអន្តរជាតិទាំងបីនៅក្នុងប្រទេស បន្ទាប់ពីរដ្ឋាភិបាលបានបន្ធូរបន្ធយគោលការណ៍តម្រូវផ្សេងៗពេលចូលមកកម្ពុជា។
លោកបានថ្លែងថា៖ «ស្របពេលប្រទេសកាន់តែច្រើននៅក្នុងតំបន់ក៏បានបន្ធូរបន្ធយលើការរឹតត្បិតលើការធ្វើដំណើរ យើងមានជំនឿថា តួលេខនឹងកើនឡើង»។
លោកបានបន្តថា កាលពីខែកុម្ភៈ មានជើងហោះហើរក្នុងស្រុកនិងអន្តរជាតិជាមធ្យមចំនួន ៣៨ ដែលភាគច្រើនគឺ ចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ព្រលានយន្តហោះខេត្តសៀមរាបមានក្រុមហ៊ុនអាកាសចរណ៍ពីរកំពុងដំណើរការរួមមាន ក្រុមហ៊ុន Singapore Airlines និងក្រុមហ៊ុន Thai Smile។ ប៉ុន្តែជើងហោះហើរចេញចូលខេត្តព្រះសីហនុនៅមានទាបខ្លាំងនៅឡើយ ហើយពឹងផ្អែកលើទីផ្សារចិន។
ដំណាលគ្នានេះដែរ វិស័យដឹកជញ្ជូននិងអាកាសចរណ៍កំពុងតែប្រឈមនឹងបញ្ហាថ្មីផ្សេងទៀត ក្រោយពីវិបត្តិជំងឺកូវីដ១៩ ដែលនោះគឺ ចំណាយខ្ពស់ជាងមុន ដោយសារតែការដាក់ទណ្ឌកម្មលើរុស្ស៊ី បន្ទាប់ពីការចូលលុកលុយប្រទេសអ៊ុយក្រែន។
លោកបានថ្លែងថា៖ «យើងត្រូវការពេលវេលាដើម្បីវាស់វែងពីផលប៉ះពាល់ និងឥទ្ធិពលនៃជម្លោះនោះមកលើវិស័យទាំងនោះនៅលើពិភពលោក ហើយជាពិសេសនៅកម្ពុជា»។
អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និយាយថា ការឡើងថ្លៃប្រេងឥន្ធនៈនឹងបង្កជាការប៉ះពាល់លើវិស័យទេសចរណ៍។
អ្នកស្រីបានថ្លែងថា៖ «ទីភ្នាក់ងារទេសចរណ៍ខ្លះបានផ្តល់ជាកញ្ចប់ដំណើរទេសចរណ៍បីខែមុន ឥឡូវនេះពួកគេកំពុងប្រឈមនឹងការខាតបង់បន្ថែម ដោយសារតម្លៃខ្ពស់នៃប្រេងឥន្ធនៈ។ អ្នកខ្លះប្រហែលលុបចោលផែនការធ្វើដំណើរផងដែរ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ High Fuel Prices a Blow to Cambodia’s Covid-hit Tourism Sector