សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រ​សួង​អប់​រំបើកការ​ស៊ើបអង្កេតនាយកសាលាឈូកវ៉ា ក្រោយពីមានការតវ៉ាពីគ្រូនិងសិស្ស

ប្រជាពលរដ្ឋបើកម៉ូតូកាត់មុខវិទ្យាល័យជាស៊ីមឈូកវ៉ា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា)
ប្រជាពលរដ្ឋបើកម៉ូតូកាត់មុខវិទ្យាល័យជាស៊ីមឈូកវ៉ា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា)

គ្រូបង្រៀន និង​សិស្ស​ប្រមាណជា​២០០​នាក់​នៅ​វិទ្យាល័យ​ជាស៊ីមឈូកវ៉ា ក្នុងខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ បាន​ទាម​ទារ​ឲ្យ​ដក​នាយក​វិទ្យាល័យ​មួយ​នេះ ​ចេញ​ពី​តំណែង​ដោយ​​ចោទ​ប្រកាន់​ថា​បាន​ប្រើ​ប្រាស់​ថវិកា​របស់​សាលា​មិន​ត្រឹម​ត្រូវ និង​ខ្វះភាព​ជា​អ្នក​ដឹក​នាំ​។​

សិស្ស និង​គ្រូ​បង្រៀន​ទាំង​នោះ​បាន​រៀបចំការតវ៉ា​មួយ​កាល​ពីថ្ងៃទី២១ ​ខែ​មីនា ឆ្នាំ២០២៤ និង​បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ទៅ​ក្រ​សួង​អប់រំ និង​អំពាវ​នាវ​ឲ្យ​ក្រសួង ក៏ដូច​ជា​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​ស៊ើប​អង្កេត​លើ​ករណី​នេះ។ ទាំង​គ្រូ និង​សិស្ស បាន​ចោទ​ប្រកាន់​នាយក​វិទ្យាល័យ​​នេះ​ថា សកម្មភាព​របស់​លោកនាយក​​បាន​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​របស់​សាលា​។​​

បើ​តាម​វីដេអូសម្ភាសន៍​នៅ​លើ​បណ្ដាញ​សង្គម អ្នកគ្រូ ចាន់ ហួត បង្រៀន​នៅ​វិទ្យាល័យ​ខាង​លើ បាន​ចោទ​ប្រកាន់លើ​ «​ភាព​មិន​ប្រក្រតី និង​កង្វះ​តម្លាភាព​ ក្រោម​ការ​ដឹក​នាំ​របស់​នាយក ដែល​គេ​ស្គាល់​ថា​ឈ្មោះ ប៊ុន មុនី»។​

​អ្នកគ្រូ​មាន​ប្រសាសន៍​ថាថវិកា​ដែល​សាលា​ប្រមូល​បាន​ដូច​ជា​ការ​ជួល​តូប និង​ការ​ជួល​ចំណត​ម៉ូតូ ក៏​មិ​ន​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​ជា​សាធារណៈ​ដែរ។ ដូច​គ្នា​ដែរ ក៏​មិន​មាន​ការ​ដាក់ដេញ​ថ្លៃ​ត្រឹម​ត្រូវ​សម្រាប់​ការ​យក​ថ្លៃ​ចំណត​ម៉ូតូ​នេះដែរ។​

​អ្នកគ្រូ​បន្ត​ថា ការ​បែង​ចែង​ម៉ោង​បង្រៀន​សម្រាប់​គ្រូៗ​ក៏​មាន​ភាព​លម្អៀង ដោយ​គ្រូ​ខ្លះ​ត្រូវ​បង្រៀន​ពេញ​មួយ​សប្ដាហ៍ ខណៈ​អ្នក​ដែល «នៅ​ខាង​នាយក​» បង្រៀន​តែ​មួយ​ថ្ងៃ​។ ​អ្នកគ្រូ​ដដែល​បន្ត​ទៀត​ថា៖ «​យើង​បាន​ជួប​រឿង​អយុត្តិធម៌​ជា​ច្រើន ដូច​ជា​ការ​បែង​ចែកកាលវិភាគ​បង្រៀន​មិន​ស្មើ​ភាព។ គ្រូខ្លះបង្រៀន​តែ​មួយ​ថ្ងៃ គ្រូខ្លះ​បង្រៀន​ពេញ​មួយ​សប្ដាហ៍ ខណៈ​ដែល​គ្រូ​ខ្លះ​ទៀត​ដែល​សកម្មក្នុង​ការ​បង្រៀន​ហើយ នៅ​តែ​ទទួល​ការ​ស្ដី​បន្ទោស​ពី​នាយក​សាលា​ទៀត»។​

អ្នកគ្រូ​ឲ្យ​ដឹង​ទៀត​ថា៖ «ក្រោម​ការ​ដឹក​នាំ​របស់​នាយក​សព្វថ្ងៃ សាលា​មិន​មាន​អ្វី​រីកចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​នោះទេ»។ អ្នកគ្រូ​ថា សាលា​គ្មាន​ទាំង​សួន​ច្បារ និង​គ្មាន​ទាំង​ទឹក និង​ភ្លើង​ប្រើ​ប្រាស់​បាន​ត្រឹម​ត្រូវ​ផង​។​

អ្នកគ្រូ​បន្ត​ថា៖​«​បង្គន់​ខូច​មិន​ជួស​ជុល ធ្វើ​ឲ្យ​គ្រូ និង​សិស្ស​ពិបាក​ប្រើ​ប្រាស់។ អភិវឌ្ឍន៍​នៅ​ឯណា? យើង​ចង់​ផ្លាស់​ប្ដូរ​នាយក​»។​

លោក​គ្រូម្នាក់​ទៀត​ឈ្មោះ ភោគ សិទ្ធ មាន​ប្រសាសន៍​ដែរថា​មូល​ហេតុ​ដែល​ពួក​ខ្លួន​ចង់​ផ្លាស់​ប្ដូរ​នាយក​សាលា​ក៏​ព្រោះ​ថាគណៈគ្រប់​គ្រង​ប្រើ​ប្រាស់​ថវិកាដោយ​គ្មាន​គណនេយ្យភាព​។​​

លោក​បន្ត​ថា៖ «សូម​ក្រសួង​អប់​រំ​បញ្ជូន​មន្ត្រី​បច្ចេកទេស​មក​ធ្វើ​អធិការកិច្ច​សាលា​របស់​យើង ហើយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​គួរ​ស៊ើប​អង្កេត​ដែរ»។​

ខេមបូចា បាន​ព្យាយាម​ទាក់ទង​លោក​នាយកសាលាឈ្មោះ ប៊ុន មុនី តែ​ទូរសព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន​។​

នាយក​រង​វិទ្យាល័យ​ជាស៊ីមឈូកវ៉ា លោក ហៀង សាមឌី បាន​បដិសេធ​ផ្ដល់​អត្ថាធិប្បាយ​ពេល​ទាក់​ទង​តាម​ទូរសព្ទ​។ លោក​មាន​ប្រសាសន៍ថា៖​«ខ្ញុំ​មិន​ចង់​និយាយ​អ្វី​ទេ អរគុណ»។​

អ្នកគ្រូ​ម្នាក់​ទៀត ឈ្មោះ កាត ណារី ថា​ខ្លួ​ន​ចង់​ឲ្យ​នាយក​ចុះ​ចេញ​ពី​តំណែង ពី​ព្រោះថា​ពួក​លោក​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ក្រោម​ការ​ដឹក​នាំ​របស់​នាយក​រូប​នេះ ដែល​អ្វី​ទាំង​នោះ​មាន​ដូច​ជា «អំពើពុករលួយ ការដឹកនាំ​អាក្រក់ និង​បក្សពួកនិយម»។​

អ្នកស្រី ណារី ប្រាប់​ខេមបូចា​ថា៖ «​គាត់​មិនមាន​បញ្ជី​ចំណាយ។ ការ​ចំណាយ​លើ​ការ​អភិវឌ្ឍ​នានា​នៅ​សាលា​បាន​ពីសប្បុរសជន ប៉ុន្តែ​យើង​មិន​ដែល​ឃើញ​សាលា​ប្រើ​ថវិកា​របស់​ខ្លួន​ដើម្បី​អភិវឌ្ឍ​សាលា​ទេ»។​

អ្នកគ្រូ​រូប​នេះ​សង្ឃឹម​ថា​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ស៊ើប​អង្កេត​បញ្ហា​នេះ ដើម្បី​ជា​ប្រយោជន៍​របស់​សាលា និង​សិស្ស​នៅ​ក្នុង​សហគមន៍​។ អ្នកស្រថា​បើ​មិន​មាន​ការ​ត្រួត​ពិនិត្យ​ទេ​បញ្ហា​នេះ​នឹង​ប៉ះពាល់​ដល់​គុណភាព​អប់រំ និង​អនាគតក្មេង​ជំនាន់​ក្រោយ។ អ្នកស្រី​ថា៖ «កង្វះ​តម្លាភាព​លើ​ការ​ប្រើ​ប្រាស់​ថវិកា​ គឺ​ដូចជា​ពុក​រលួយ​អីចឹង​ដែរ»។​

ក្នុង​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា សាលា​នី​មួយ​ៗបាន​ទទួល​កញ្ចប់​ថវិកា​ប្រចាំ​ឆ្នាំ​ពីរដ្ឋាភិបាល​សម្រាប់​ថែទាំអគារសិក្សា និងរៀបចំ​កម្មវិធី​សិក្សា​ឲ្យ​ប្រសើរ​ឡើង​។​

អ្នកនាំពាក្យ​ក្រសួង​អប់​រំ អ្នកស្រី ឃួន វិច្ឆិកា មាន​ប្រសាសន៍​ថា ក្រ​សួង​បាន​ចាត់​តាំង​មន្ត្រី​មួយ​ក្រុម​ឲ្យ​ចុះ​ស៊ើប​អង្កេត​ករណី​នេះ ដែល​នាំ​ឲ្យ​មាន​ការ​​បញ្ឈប់​ការ​តវ៉ា និង​ការ​ប្រមូល​ផ្ដុំ​នៅ​សាលា​ផង​ដែរ​។ អ្នកស្រី​បន្ត​ថា មន្ត្រី​​ពី​នាយក​ដ្ឋាន​អប់​រំ​កំពុង​ធ្វើ​ការ​លើ​រឿង​នេះ ហើយ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នឹង​បង្ហាញ​ឲ្យ​ដឹង​ពេល​បញ្ចប់​ការ​ស៊ើប​អង្កេត​។​

អ្នកស្រី​លើក​ឡើងថា៖​«ក្រ​សួង​អប់រំ​បាន​រៀប​ចំក្រុម​ការងារ​ដែល​ដឹក​នាំ​ដោយ​នាយក​ដ្ឋានអប់រំ​ចុះ​ទៅ​ស៊ើប​អង្កេត។ ការ​តវ៉ាក៏​បាន​ឈប់​ហើយ​ដែរ។ ពេល​នេះ កំពុង​ស្វែង​រក​ដំណោះស្រាយ ដូច​នេះ​មិន​ទាន់​មាន​លទ្ធផល​នៅ​ឡើយ​ទេ»។​

កាល​ពី​ឆ្នាំ​២០២១ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ​ថា​ភា​ព​ជា​ដៃគូ​ថវិកាអន្តរជាតិ (International Budget Partnership) បាន​ដាក់​ពិន្ទុ​ឲ្យ​កម្ពុជា​៣៣​លើ​១០០ ក្នុង​ការ​ស្ទង់​មតិចំហ​មួយ​របស់​ស្ថាប័ន​នេះ ដែលពិន្ទុនេះ​ស្ទើរ​តែ​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៩​។ អង្គការ​នេះ​សរសេរថា​៖ «​ពិន្ទុដែល​បង្ហាញ​ថា​មាន​តម្លាភាព​គឺ​ចាប់​ពី​៦១​ឡើង ដែល​វា​អាច​បង្ហាញ​ថា​ប្រទេស​នោះ​ហាក់​មាន​ការ​បង្ហាញ​ជា​សាធារណៈ​គ្រប់គ្រាន់​នូវ​ឯកសារ​សម្រាប់​គាំទ្រ​ដល់​ការ​ជជែក​ដេញ​ដោល​ទាក់​ទង​នឹង​ថវិកា»។​

អង្គការ​ធ្វើ​ការ​ឃ្លាំ​មើល​អំពើ​ពុក​រលួយ​នៅ​កម្ពុជា ឈ្មោះថា​អង្គការ​តម្លា​ភាព​កម្ពុជា (TI Cambodia) បាន​រាយការណ៍​អំពី​តម្លាភាព​ថវិកា​របស់​កម្ពុជា​រវាង​​​​ឆ្នាំ​២០១៨​ និង​២០២៣  គឺ​មាន​កម្រិត​ទាប និង​ខ្វះ​ការ​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ។ ស្ថាប័ន​នេះ​បាន​ដាក់ចំណាត់​ថ្នាក់​កម្ពុជា​នៅ​លេខ​រៀង​ទី​១៥០​ក្នុង​ចំណោម​ប្រទេស​១៨០​​កាល​ពី​ឆ្នាំ​​២០២២ ក្នុង​តារាងសន្ទស្សន៍​នៃ​ការ​យល់​ឃើញ​អំពី​អំពើ​ពុក​រលួយ​របស់​ខ្លួន​។​

ប្រធាន​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រាប់​ខេមបូចា​ថា «នាយក​សាលា​ និង​សាកលវិទ្យាល័យ​មួយ​ចំនួន​បាន​ប្រព្រឹត្តអំពើពុករលួយ កេង​បន្លំថវិកា​ដែល​រដ្ឋផ្ដល់​ឲ្យ​ប្រចាំ​ឆ្នាំ»។​ ជាលទ្ធផល​ អ្នកស្រី​ថា បានធ្វើ​ឲ្យ​ប៉ះពាល់​គុណភាពអប់រំ ក៏ដូច​ជា​គ្រូ និង​សិស្ស​។​

អ្នកស្រី​បន្តថា៖ «​ខ្ញុំ​ជំរុញ​ឲ្យ​ក្រ​សួង​ធ្វើ​យ៉ាងណា​ឲ្យ​ថ្នាក់​ដឹក​នាំ​សាលា​​ចាយ​ថវិកា​ឲ្យ​មាន​តម្លា​ភាព ហើយ​បើ​សិនជា​មាន​ភាព​មិនប្រក្រតី​ត្រូវ​បាន​រក​ឃើញ នាយក​សាលាគួរ​ត្រូវ​ដកចេញ ដូច​នេះ​លោកគ្រូ អ្នកគ្រូនឹង​មិន​បាក់​ទឹក​ចិត្ត​ក្នុង​ការ​បង្រៀន»​ ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស High School Director Probed for Alleged Misuse of School Funds; Teachers Call For His Dismissal

1,101 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម