ក្រោមស្រមោលអគារខ្ពស់ៗនៅកណ្តាលរាជធានីភ្នំពេញ អគារនគរមានជ័យ ដែលមានអាយុកាល៧៥ឆ្នាំដែលមានសភាពចាស់ទ្រុឌទ្រោម និងស្ទើរតែមិនមានអ្នកស្នាក់នៅ ត្រូវអាជ្ញាធរកំណត់ពេលឱ្យវាយកម្ទេចចោល ដោយសារក្តីបារម្ភអំពីរចនាសម្ព័ន្ធគ្រឿងបង្គុំដែលបាត់បង់តុល្យភាពលំនឹងហើយប្រឈមនឹងការបាក់រលំ។
អគារនេះត្រូវបានសាងសង់មុនពេលកម្ពុជាទទួលបានឯករាជ្យពីបារាំងបន្តិច ហើយសណ្ឋាគារចាស់ដែលមានវ័យចំណាស់នេះត្រូវបានបំលែងជាលំនៅថានសហកម្មសិទ្ធិ។ នាសម័យដែលអគារនៅរឹងមាំអ្នកស្នាក់នៅទីនោះមានរហូតដល់៦៥គ្រួសារ។
ប៉ុន្តែកាលពីខែឧសភា ក្រសួងដែនដី បានប្រកាសថាអគារនេះបាត់បង់លំនឹងដោយកំណត់រយៈពេល១៥ថ្ងៃ ឱ្យអ្នករស់នៅ និងប្រកបអាជីវកម្មចាកចេញពីអគារនេះមុនពេលចាប់ផ្តើមនីតិវិធីវាយកម្ទេចចោល។ ប្រជាពលរដ្ឋភាគច្រើនបានទទួលយកសំណងពីរដ្ឋាភិបាលហើយបានចាកចេញ។ ទោះជាយ៉ាងណា មានគ្រួសារ ៤ មិនព្រមចាកចេញ បើទោះបីជាមានហានិភ័យក្នុងការរស់នៅ និងធ្វើការនៅក្នុងអាគារដែលត្រូវកំណត់ថានឹងដួលរលំក៏ដោយ ព្រោះពួកគេយល់ថាសំណងដែលផ្តល់ឱ្យមិនគ្រប់គ្រាន់ ទោះបីជាមានហានិភ័យនៃការរស់នៅ និងធ្វើការនៅក្នុងរចនាសម្ព័ន្ធដែលត្រូវបានកត់សម្គាល់សម្រាប់ការដួលរលំក៏ដោយ។
បច្ចុប្បន្ន អគារនគរមានជ័យ ត្រូវបានបិទជាផ្លូវការ ហើយអ្នកអភិវឌ្ឍន៍កំពុងបង្ហាញការចាប់អារម្មណ៍ ដែលករណីនេះបង្ហាញពីការកើនឡើងនៃភាពតានតឹងរវាងការអភិវឌ្ឍទីក្រុងយ៉ាងឆាប់រហ័ស និងការថែរក្សាអគារបុរាណ។ ស្ថាបត្យករ សហគ្រិន និងអ្នករៀបចំទីក្រុងព្រមានថា បើគ្មានច្បាប់អភិរក្ស ការធ្វើផែនការ និងវិនិយោគ ដែលរឹងមាំ កម្ពុជាជាពិសេសនៅរាជធានីភ្នំពេញ ប្រថុយនឹងបាត់បង់ស្ថាបត្យកម្មបុរាណ និងអត្តសញ្ញាណវប្បធម៌ដ៏មានតម្លៃជាច្រើន។
ពួកគេអំពាវនាវឱ្យមានការផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍទីក្រុង។

អ្នកស្រី ហ៊ុន សុកញ្ញា ដែលជាស្ថាបត្យករឯករាជ្យនៅរាជធានីភ្នំពេញ បានឱ្យដឹងថា អគារចាស់ជាច្រើននៅក្នុងទីក្រុង រួមមានអាគារដែលពាក់ព័ន្ធនឹងអតីតកាលដ៏ជូរចត់របស់កម្ពុជា មានតម្លៃខាងសង្គម សេដ្ឋកិច្ច និងវប្បធម៌យ៉ាងជ្រាវជ្រៅ។ ប៉ុន្តែអ្នកស្រីបានបញ្ជាក់ថា បេតិកភណ្ឌទាំងនេះភាគច្រើនត្រូវបានបាត់បង់ទៅដោយសារការអភិវឌ្ឍដែលខ្វះការគ្រប់គ្រងត្រួតពិនិត្យ។
ដោយបានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ រួមមានអាណានិគម សង្រ្គាមស៊ីវិល និងរបបផ្តាច់ការ ប្រទេសកម្ពុជាមានអាគារចាស់ជាច្រើនដែលបានឈរតស៊ូឆ្លងកាត់ពីមួយជំនាន់ទៅមួយជំនាន់។ ការសិក្សាមួយនៅឆ្នាំ២០១៦ ដោយអ្នកស្រាវជ្រាវបារាំងបានរកឃើញអាគារអាណានិគមបារាំងចំនួន ៥២៣ ក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះ ៤៤៨ ជាអាគារស្នាក់នៅ។ ទោះជាយ៉ាងណា មិនមានទិន្នន័យច្បាស់លាស់អំពីចំនួនអាគារនៅសល់ប៉ុន្មានរហូតដល់បច្ចុប្បន្ននេះនោះទេ។
អ្នកស្រី សុកញ្ញា បានពន្យល់ថា ការអភិរក្សអគារទាំងនេះនៅតែជាបញ្ហាប្រឈមដ៏សំខាន់មួយ ដែលភាគច្រើនបណ្តាលមកពីមិនមានច្បាប់ត្រឹមត្រូវ និងកង្វះអ្នកជំនាញបច្ចេកទេសចាំបាច់សម្រាប់ការថែទាំ និងជួសជុលឡើងវិញ។
ភាគច្រើននៃអគារចាស់ៗនៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ ស្ថិតនៅក្រោមទម្រង់សហកម្មសិទ្ធិ ដែលធ្វើឱ្យការងារជួសជុលកាន់តែពិបាក។ អ្នកស្រី សុកញ្ញា បានមានប្រសាសន៍ថា ការជួសជុលធំៗត្រូវការការអនុញ្ញាតតាមច្បាប់ និងការយល់ព្រមពីម្ចាស់អគារទាំងអស់។ ប្រសិនបើគ្រួសារតែមួយបដិសេធ គម្រោងនោះមិនអាចបន្តទៅមុខបានទេ។ ហិរញ្ញវត្ថុគឺជាឧបសគ្គធំមួយទៀត ដោយសារតែអ្នករស់នៅជាច្រើនមិនអាចមានលទ្ធភាពចំណាយលើការជួសជុលអគារចាស់ៗដែលមានតម្លៃថ្លៃនោះទេ។
អ្នកស្រី សុកញ្ញា បានលើកឡើងថា៖ «បញ្ហាទី១ គឺយើងមិនទាន់មានច្បាប់សម្រាប់ជួសជុល យើងមានតែសារាចរណ៍។ ដូច្នេះ បើនរណាម្នាក់ដែលរស់នៅក្នុងអគារសហកម្មសិទ្ធិចង់កែច្នៃ ពួកគាត់ត្រូវស្នើសុំទៅរដ្ឋ។ បញ្ហាទី២ រដ្ឋាភិបាលក៏មិនមានកញ្ចប់ថវិកាសម្រាប់ឱ្យជួសជុល ហើយពលរដ្ឋក៏មិនមានលទ្ធភាព»។

យោងតាមច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌អគារ ឬវត្ថុដែលត្រូវបានគេចាត់ទុកថាមានតម្លៃប្រវត្តិសាស្ត្រ សិល្បៈ វិទ្យាសាស្ត្រ ឬសាសនា អាចត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិវប្បធម៌ ទោះបីជាវាមិនត្រូវបានចាត់ថ្នាក់ជាផ្លូវការក៏ដោយ។ បន្ទាប់ពីការចុះបញ្ជី ម្ចាស់ត្រូវតែជូនដំណឹងដល់អាជ្ញាធរយ៉ាងហោចណាស់មួយខែមុនពេលផ្លាស់ទី ជួសជុល កែប្រែ ឬរុះរើទ្រព្យសម្បត្តិនោះ។
ប្រជាជនជាច្រើននៅអគារនគរមានជ័យបាននិយាយថា ពួកគេមិនដែលស្នើសុំការការពារបែបនេះទេ។
លើសពីឧបសគ្គផ្លូវច្បាប់ និងហិរញ្ញវត្ថុ អ្នកស្រី សុកញ្ញា បានសង្កត់ធ្ងន់លើតម្រូវការនៃការចូលរួមយ៉ាងទូលំទូលាយពីសាធារណជន ក្នុងដំណើរការធ្វើផែនការអភិរក្សបេតិកភណ្ឌទីក្រុង។ ដំណើរនេះតម្រូវឱ្យយកចិត្តទុកដាក់ចំពោះអតីតកាលអាណានិគមកម្ពុជា និងបំបែកទស្សនៈដែលផ្ទុយគ្នារវាងការអភិរក្សនិងការអភិវឌ្ឍ។
អ្នកស្រី សុកញ្ញា បានបន្តថា ការចូលរួមរបស់សហគមន៍ និងការយល់ដឹងរបស់សាធារណជនចំពោះសារៈសំខាន់នៃអគារប្រវត្តិសាស្ត្រនៅភ្នំពេញ នៅមានកម្រិតនៅឡើយ។ អ្នកស្រីបានព្រមានថា ប្រសិនបើគ្មានគោលនយោបាយផែនទីក្រុងច្បាស់លាស់ដែលអាចធ្វើសមតុល្យរវាងការអភិរក្ស និងការអភិវឌ្ឍ ការអភិវឌ្ឍលឿនអាចនាំឱ្យបាត់បង់កេរ្តិ៍ដំណែលស្ថាបត្យកម្មរបស់ទីក្រុង។
អ្នកស្រីបានបញ្ជាក់ថា អាជ្ញាធរត្រូវតែបែងចែកតំបន់សម្រាប់សំណង់សម័យទំនើប និងការពារតំបន់ស្នូលដែលអាគារបុរាណគួរតែត្រូវបានថែរក្សា។ ផែនការមេរាជធានីភ្នំពេញបច្ចុប្បន្ន នៅមានភាពខ្វះខាត ដោយខ្វះបទប្បញ្ញត្តិច្បាស់លាស់អំពីការអភិវឌ្ឍអគារខ្ពស់នៅតំបន់កណ្ដាលរាជធានី។
អាគារប្រវត្តិសាស្ត្រជាច្រើនដែលលេចធ្លោនៅរាជធានីភ្នំពេញដែលបានសាងសង់ដោយការរួមបញ្ចូលរចនាបថអាណានិគមបារាំងជាមួយលំនាំខ្មែរ ប្រមូលផ្តុំតាមបណ្តោយមហាវិថីសំខាន់ៗ ដូចជា មុនីវង្ស និងនរោត្តមជាដើម។
អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានបញ្ជាក់ថា គិតត្រឹមឆ្នាំនេះក្នុងរាជធានីមានអាគារខ្ពស់ដែលជាអាផាតមិនចំនួនជាង ៤៥៣ និងអាគារខ្ពស់ជិត ១ ៨៨០។
អ្នកស្រី មីឡេណា វ៉ាល់ (Milena Wald) អ្នកភូមិសាស្ត្រទីក្រុង បានសរសេរយ៉ាងច្រើនពីបញ្ហាប្រឈមរបស់កម្ពុជា ក្នុងការរួមបញ្ចូលការអភិរក្សបេតិកភណ្ឌចូលទៅក្នុងផែនការអភិវឌ្ឍទីក្រុង។

ស្រដៀងគ្នានឹងសុកញ្ញាដែរ អ្នកស្រី មីឡេណា វ៉ាល់ បានលើកឡើងថា អគារសម័យអាណានិគមនៅក្នុងរាជធានីភ្នំពេញ និងទីក្រុងផ្សេងទៀត ត្រូវបានគេមើលឃើញថាជាសំណល់នៃអតីតកាលដ៏ឈឺចាប់ ហើយកម្រត្រូវបានគេផ្តល់អាទិភាពក្នុងការថែរក្សា។
ភាពមិនច្បាស់លាស់នោះ បូករួមជាមួយនឹងសមត្ថភាពស្ថាប័នខ្សោយ និងអំពើពុករលួយ បានធ្វើឱ្យការអភិវឌ្ឍធ្លាក់ចូលក្នុងដៃរបស់បុគ្គលឯកជនជាច្រើន។ អ្នកស្រីបានបន្តថា លទ្ធផលគឺការរុះរើ ឬការធ្វើទំនើបកម្មអគារប្រវត្តិសាស្ត្រជាបន្តបន្ទាប់ ដែលជារឿយៗមានការយល់ដឹង ឬការប្រឆាំងពីសាធារណជនតិចតួចណាស់។
ឧទាហរណ៍លេចធ្លោបំផុតមួយនៃនិន្នាការនេះគឺការរុះរើអគារ «ស» ដ៏ល្បីល្បាញក្នុងឆ្នាំ ២០១៧។ បានសាងសង់រួចរាល់ក្នុងឆ្នាំ១៩៦៣ អគារនេះស្ថិតនៅតាមមហាវិថីសុធារសនៅកណ្តាលរាជធានីភ្នំពេញ ហើយជាស្ថាបត្យកម្មខ្មែរសម័យថ្មីដែលលេចធ្លោ ដែលត្រូវបានរចនាដោយស្ថាបត្យករខ្មែរ លូ បានហាប និងវិស្វករជនជាតិបារាំងដែលកើតនៅអ៊ុយក្រែន លោក វ្ល៉ាឌីមៀ បូឌីយ៉ានស្គី (Vladimir Bodiansky )។ ស្ថាបត្យករ និងអ្នកប្រវត្តិសាស្ត្របានសរសើរអគារនេះថាជានិមិត្តរូបដំបូងនៃស្ថាបត្យកម្មទំនើបរបស់កម្ពុជានៅទសវត្សរ៍ឆ្នាំ ១៩៦០។
អត្តសញ្ញាណស្ថាបត្យកម្មបានលេចចេញក្នុងអំឡុងពេល«យុគសម័យមាស»របស់កម្ពុជាក្រោមការដឹកនាំរបស់ព្រះបាទ នរោត្តម សីហនុ នៅពេលដែលប្រទេសបានធ្វើទំនើបកម្មយ៉ាងឆាប់រហ័សមុនពេលធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍។ ស្ថាបត្យករដូចជាលោក បានហាប និងលោក វណ្ណ មូលីវណ្ណ បានបង្កើតនិន្នាការនេះជាមួយនឹងការរចនាដែលរួមបញ្ចូលគ្នានូវសម័យទំនើបនិយម និងធាតុផ្សំរបស់ខ្មែរ។ អគារខ្មែរជាច្រើនដែលមានលក្ខណៈពិសេសទាំងនេះក៏ត្រូវបានគេបំភ្លេចចោល ឬត្រូវបានខូចខាត ក្រោមសម្ពាធនៃការអភិវឌ្ឍទីក្រុងយ៉ាងឆាប់រហ័សផងដែរ។
ទោះបីអាគារសមានតម្លៃផ្នែកវប្បធម៌ក៏ដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរុះរើវាចោល។ នៅពេលនោះ មន្ត្រីបានបញ្ជាក់ថា ក្រុមហ៊ុនសំណង់ជប៉ុនមួយនឹងសាងសង់អគារថ្មីមានកំពស់លើសពី ២១ ជាន់ ដែលមានការវិនិយោគច្រើនជាង ៧០ លានដុល្លារ។
ប៉ុន្តែផែនការទាំងនោះបានផ្លាស់ប្តូរតាំងពីពេលនោះមក។ ទីតាំងនោះបច្ចុប្បន្នកំពុងត្រូវបានអភិវឌ្ឍជាផ្នែកមួយនៃគម្រោងណាហ្គាវើល៣ ដែលជាការពង្រីកសំណង់កាស៊ីណូ និងសណ្ឋាគាររបស់រាជធានីភ្នំពេញ។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំអធិប្បាយទាក់ទងនឹងអគារនគរមានជ័យជុំវិញអ្នកស្នាក់នៅដែលនៅសល់ និងផែនការរុះរើនៅឡើយទេ។
អ្នកជំនាញបានថ្លែងថា ដំណោះស្រាយមួយក្នុងការរក្សាស្ថាបត្យកម្មចាស់ៗ គឺការបញ្ចូលវាជាសម្បត្តិទេសចរណ៍។
អ្នកស្រី សូ ភីណា នាយិកាសមាគមដើម្បីការអភិវឌ្ឍ និងការគាំទ្រឧស្សាហកម្ម កែច្នៃនៃកម្ពុជា (សមាគមស៊ីកាដា) បានលើកឡើងថា អគារប្រវត្តិសាស្ត្រអាចប្រែក្លាយជាកន្លែងសាធារណៈដែលអាចទាក់ទាញភ្ញៀវ ប្រសិនបើមានការគាំទ្រពីដៃគូរដ្ឋ និងឯកជន។ អ្នកស្រីបានបន្ថែមថា គំរូនេះទទួលបានលទ្ធផលនៅក្នុងប្រទេសជាច្រើនផងដែរ។
អ្នកស្រីបានបន្ថែមថា អគារជាច្រើនក្នុងចំណោមអគារទាំងនោះ កំពុងដើរតួនាទីជាទីលំនៅ និងទីតាំងអាជីវកម្មតូចៗ ដែលបង្ហាញពីសក្តានុពលសេដ្ឋកិច្ចរបស់វា។ អ្នកស្រី ភីណា បានអំពាវនាវឱ្យមានកិច្ចសហការរួមគ្នារវាងង វិស្វករ រដ្ឋាភិបាល សិល្បករ សហគមន៍មូលដ្ឋាន ម្ចាស់ជំនួន និងអ្នកវិនិយោគ ទើបកិច្ចនេះអាចសម្រេចជោគជ័យបាន។
អ្នកស្រីបានណែនាំឱ្យនាំយកគំនិតច្នៃប្រឌិតនៃការរួមបញ្ចូល ហាងកាហ្វេ ហាងលក់សៀវភៅ ឬហាងលក់សម្លៀកបំពាក់ ក្នុងទីតាំងអគារទាំងនោះ ដើម្បីទាក់ទាញភ្ញៀវទេសចរថ្មើរជើង។
អ្នកស្រីបានបន្តថា៖ «នៅពេលណាដែលរៀបចំបែបនេះរួចរាល់ ទេសចរនឹងទៅលេង ហើយគេនឹងប្រើប្រាស់សេវានៅទីនោះ។ ដូច្នេះប្រភពចំណូលនឹងបានទៅប្រជាជន វាជួយសេដ្ឋកិច្ចមកយើង ហើយយើងបានថែរក្សាអាគារចាស់ៗទាំងអស់ហ្នឹងកុំឱ្យវាបាក់បែកទៅទៀត»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រីក៏បានកត់សម្គាល់ផងដែរថា ភាពជោគជ័យត្រូវការពេលវេលា ការវិនិយោគ និងការសម្របសម្រួល។ បើគ្មានការដឹកនាំដ៏រឹងមាំ នោះមានតែរដ្ឋាភិបាលប៉ុណ្ណោះដែលអាចសម្របសម្រួល និងលើកទឹកចិត្តការវិនិយោគក្នុងវិស័យនេះបាន។
សហគ្រិនខ្លះបានចាប់ផ្តើមធ្វើការដោយខ្លួនឯងរួចហើយ។

លោក ហែម ច័ន្ទសុភ័ក្រ សហស្ថាបនិកសហគមន៍ «ផ្ទះចាស់» បើកហាងលក់ផ្កា និងកាហ្វេរួមទាំងតួបលក់វត្ថុអនុស្សាវរីយ៍ នៅអគារចាស់មួយដែលត្រូវបានកសាងឡើងនៅឆ្នាំ១៩៥៣ ដែលមានទីតាំងក្បែរមាត់ទន្លេរាជធានីភ្នំពេញ។
សម្រាប់លោកបានឃើញឱកាសសម្រាប់«ផ្ទះចាស់» ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលផ្តល់ការគាំទ្របន្ថែមទៀតក្នុងការអភិរក្សអគារទាំងនេះ។
លោកបានស្នើថា៖ «រដ្ឋាភិបាលគួរតែចេញជាគោលនយោបាយ និងច្បាប់បន្ថែមទៀតដើម្បីថែរក្សាសំណង់អាគារចាស់ៗអាចក្នុងទម្រង់ផ្សេងៗគ្នា អាចជាទម្រង់បដិភាគថវិការដ្ឋក្នុងការលើកទឹកចិត្តឱ្យអ្នកដែលគាត់រស់នៅក្នុងសំណង់ចាស់ៗមានលទ្ធភាពក្នុងការជួសជុល និងថែរក្សា»។ លោកបន្តថា៖ «រដ្ឋអាចកំណត់តំបន់ដែលមានសំណង់បេតិកភ័ណ្ឌចាស់ៗច្នៃទៅជាតំបន់ទេសចរណ៍ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចប្រជាជនក្នុងមូលដ្ឋាន»។
លោកបានបន្ថែមថា វិធានការនេះអាចជួយបង្កើនការងារ និងទេសចរ រួមទាំងជួយថែរក្សាតម្លៃប្រវត្តិសាស្ត្រដែលមានក្នុងអាគារចាស់ៗនៅរាជធានីភ្នំពេញផងដែរ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Historic Phnom Penh Building Set for Demolition as Preservation Calls Grow













