ក្រុមអ្នកស្រលាញ់ភេទដូចគ្នា មកពីសហគមន៍ផ្សេងគ្នា បានលើកឡើងថាពួកគេនៅតែខ្វះការការពារដោយច្បាប់ជាក់លាក់ រួមទាំងសិទ្ធិរៀបការ សិទ្ធិចិញ្ចឹមកូន ការទទួលស្គាល់អត្តសញ្ញាណប្ដូរភេទ និងសេរីភាពការរើសអើង ខណៈរដ្ឋាភិបាលមិនទាន់បង្ហាញពីភាពវិជ្ជមានជុំវិញការបង្កើតច្បាប់រៀបអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រលាញ់ភេទដូចគ្នានៅឡើយ។
ជាអ្នកស្រលាញ់ភេទដូចគ្នា និងជាសកម្មជនតស៊ូមតិនៃអ្នកស្រលាញ់ភេទដូចគ្នា មួយរូបនៅខេត្តបាត់ដំបង អ្នកស្រី ហួ ពៅ ថ្លែងថា មកទល់ពេលនេះក្រុមអ្នកស្រលាញ់ភេទដូចគ្នា ដូចជាអ្នកស្រីនៅតែរងគ្រោះ និងជួបផលលំបាកមួយចំនួនក្នុងការរស់នៅ ត្បិតថា មិនទាន់មានច្បាប់ការពារជាក់លាក់ ដូចជាសិទ្ធិរៀបអាពាហ៍ពិពាហ៍ សិទ្ធិពេញលេញក្នុងការចិញ្ចឹមកូន និងលិខិតបទដ្ឋានមួយចំនួននៅមិនទាន់ទទួលស្គាល់អ្នកស្រលាញ់ភេទដូចគ្នា។
អ្នកស្រី ហួ ពៅ និយាយថា៖ «ច្បាប់ក៏មិនទាន់ចែងមកថាខ្ញុំនៅកន្លែងណាឱ្យពិតប្រាកដ[ទទួលស្គាល់ដោយច្បាប់] គ្រាន់តែជាគូរស្នេហ៍ភូមិឃុំទទួលស្គាល់រស់នៅជាដៃគូធម្មតា តែលិខិតអាពាហ៍ពិពាហ៍ស្របច្បាប់អត់ទាន់មានទេ»។
អ្នកស្រី ហួ ពៅ បានលើកឡើងពីបញ្ហាលំបាកមួយចំនួន ត្រង់ថានៅពេលដែលគ្រួសារអ្នកស្រីមិនទាន់មានលិខិតស្របច្បាប់ ដើម្បីបញ្ជាក់នៅពេលដែលចង់ទិញទ្រព្យសម្បត្តិ ចុះសំបុត្រកំណើតកូន ឬធ្វើកិច្ចការណាដែលចាំបាច់ត្រូវមានឯកសារផ្លូវការជាភស្តុតាង។
អ្នកស្រី ពៅ បន្ថែមថា៖ «វាប៉ះពាល់ទៅលើការរកស៊ី និងបញ្ហាចែកទ្រព្យសម្បត្តិ ពេលណាដែលយើងចែកផ្លូវគ្នា វាពិបាកត្រង់ថាមិនដឹងបែងចែកទ្រព្យសម្បត្តិទៅខាងណាពេលមានបញ្ហាទៅរកច្បាប់អត់មាន»។
ចំណែកលោក អ៊ូច ផានី អាយុ៤១ឆ្នាំ ជាអ្នកស្រលាញ់ភេទដូចគ្នា និងអ្នកតស៊ូមតិនៃក្រុមអ្នកស្រលាញ់ភេទដូចគ្នា នៅខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា គ្រួសារលោកមិនទាន់មានសំបុត្រអាពាហ៍ពិពាហ៍ឡើយ ពោលមានតែលិខិតបញ្ជាក់ពីទំនាក់ទំនងតែប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ ការទទួលបានសេវាសាធារណៈពីសង្គម គឺត្រូវបានកាត់បន្ថយ ដោយសារតែមិនមានឯកសារគ្រប់គ្រាន់។
លោក ផានី លើកឡើងថា៖ «រឿងយើងមិនអាចចុះអេតាស៊ីវិលបានហ្នឹង ដោយសារតែយើងអត់មានច្បាប់អាពាហ៍ពិពាហ៍។ គេសួររក[ឯកសារ] គេមិនធ្វើអីឱ្យយើងទេ និយាយរួមទៅយើងចង់ធ្វើសៀវភៅគ្រួសារអីអត់បាន»។
ក្រៅតែពីគ្មានសំបុត្រអាពាហ៍ពិពាហ៍ កូនរបស់លោក ផានី មិនមានសំបុត្រកំណើតពេញលេញដែលអាចដាក់ឈ្មោះលោកជាឪពុកបានទេ ដោយអាជ្ញាធរតម្រូវឱ្យដាក់ជាមីង និងក្មួយតែប៉ុណ្ណោះ។
លោក ផានី អះអាងថា រូបលោកជាអ្នកស្រលាញ់ភេទដូចគ្នា តែក៏ចង់បានគ្រួសារមួយដែលមានការទទួលស្គាល់ដោយច្បាប់ ភាពពេញលេញ ស្មើមុខស្មើមាត់ដូចអ្នកឯទៀតផងដែរ។
លោក ផានី បន្តថា៖ «សំណូមពរទៅរដ្ឋាភិបាលឱ្យបង្កើតច្បាប់ហ្នឹង ដើម្បីឱ្យអ្នកស្រលាញ់ភេទដូចគ្នាមានសិទ្ធិទូលំទូលាយ សិទ្ធិរៀបអាពាហ៍ពិពាហ៍ដូចជាប្រុសនិងស្រីជាដើម»។
ទន្ទឹមនឹងការមិនទាន់ទទួលស្គាល់ពេញសិទ្ធិដោយផ្លូវច្បាប់ លោក ផានី នៅតែប្រទះនឹងការរើសអើង ដោយមិនទទួលស្គាល់អត្តសញ្ញាណភេទរបស់លោកនៅកន្លែងការងារផងដែរ។
លោក ផានី និយាយថា៖ «ទាក់ទងនឹងការងារ កន្លែងការងារខ្ញុំអត់ឱ្យស្លៀកខោទេ គេឱ្យស្លៀកសំពត់ពេលបំពេញការងារ»។
មានបទពិសោធន៍មិនខុសពីលោក ផានី សកម្មជនអ្នកស្រលាញ់ភេទដូចគ្នាមកពីខេត្តស្វាយរៀង គឺលោក ស៊ុន ភី ឱ្យដឹងថា ការទទួលស្គាល់អត្តសញ្ញាណយេនឌ័រនៅតែជាបញ្ហា ពោលគឺគ្រួសារលោកមានត្រឹមតែលិខិតប្រកាសពីទំនាក់ទំនងថាមានគ្រួសារតែប៉ុណ្ណោះ ចំណែកសំបុត្រអាពាហ៍ពិពាហ៍មិនមានអាជ្ញាធរណាអាចធ្វើបានឡើយ ខណៈកូនរបស់លោកអាយុ២២ឆ្នាំ មិនមានសំបុត្រកំណើតមានឈ្មោះឪពុកម្ដាយត្រឹមត្រូវ។
លោក ស៊ុន ភី ថ្លែងថា៖ «ខ្ញុំបានស្មុំកូនគេមកចិញ្ចឹមតាំងពីកូនអាយុបាន១ខួប ហើយសព្វថ្ងៃនេះកូនខ្ញុំអាយុ២២ឆ្នាំហើយ គេ[អាជ្ញាធរ]ឱ្យដាក់តែម្ដាយអត់ឪពុក គេទុកចំហចោលចឹងជាបញ្ហាធំក្នុងគ្រួសារខ្ញុំ»។
ដោយសារតែបញ្ហានេះ លោកស៊ុន ភី អះអាងថា កូនស្រីរបស់លោកមិនអាចចេញទៅប្រកបកិច្ចការអ្វីបានដោយសារតែគ្មានឯកសារគ្រប់គ្រាន់។
លោក ស៊ុន ភី និយាយថា៖ «ឯកសារយើងមិនច្បាស់លាស់អ៊ីចឹងទៅ សូម្បីតែយើងទៅធ្វើកិច្ចការអ្វីទៅក៏អត់មានឯកសារ ព្រោះការងារគេត្រូវការបញ្ជាក់ឪពុកម្ដាយ មានឯកសារច្បាស់លាស់ ដល់តែសំបុត្រកំណើតកូនខ្ញុំ គឺមានតែម្ដាយអត់ឪពុក ធ្វើឱ្យកូនខ្ញុំគាំងនៅតែក្នុងផ្ទះ អត់បានធ្វើកិច្ចការអ៊ីចឹង»។
យ៉ាងណាមិញ លោក ភី លើកឡើងថា ថ្វីបើលោកជាអ្នកស្រលាញ់ភេទផ្ទុយគ្នា ក៏លោកចង់បានសិទ្ធិ និងច្បាប់រៀបអាពាហ៍ពិពាហ៍ដូចគូស្នេហ៍ស្រីនិងប្រុសផងដែរ។
លោក ភី និយាយថា៖ «ខាងសហគមន៍ធ្លាប់តស៊ូមតិឱ្យមានច្បាប់រៀបអាពាហ៍ពិពាហ៍យូរឆ្នាំហើយ ពួកខ្ញុំក៏ចង់ឱ្យមានច្បាប់ទទួលស្គាល់ដូចអ្នកស្រលាញ់ភេទផ្ទុយគ្នាផងដែរ»។
លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកឡើងថា ទទួលស្គាល់ថាកម្ពុជាមិនទាន់មានច្បាប់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រលាញ់ភេទដូចគ្នាមែន តែនៅកម្ពុជាមានភាពអំណោយផល និងបើកទូលាយចំពោះការទទួលស្គាល់ទៅលើអ្នកស្រលាញ់ភេទដូចគ្នាជាងប្រទេសដទៃ។
លោក កត្តា អ៊ន ថ្លែងថា៖«រហូតមកដល់ពេលនេះ តើនៅលើសាកលលោកយើង មានប្រទេសប៉ុន្មានដែលគេមានច្បាប់អាពាហ៍ពិពាហ៍ សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា? នៅកម្ពុជាយើងទោះបីជាមិនទាន់ទទួលស្គាល់ការចុះបញ្ជីអាពាហ៍ពិពាហ៍អ្នកស្រលាញ់ភេទដូចគ្នាក៏ដោយ ប៉ុន្តែបងប្អូនគាត់មានសិទ្ធិរៀបការនៅគ្រប់ទីកន្លែងទាំងអស់»។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាល រូបនេះ បន្តទៀតថា បច្ចុប្បន្ននេះមានគូស្នេហ៍នៃអ្នកស្រលាញ់ភេទដូចគ្នាប្រមាណ១ម៉ឺនគូ ដែលបានកសាងគ្រួសាររួមរស់ជាមួយគ្នាបើធៀបនឹងប្រទេសមួយចំនួនក្រៅពីគ្មានច្បាប់គាំពារ ឬការបើកទូលាយទៅលើអ្នកស្រលាញ់ភេទដូចគ្នា ថែមទាំងមានច្បាប់ដាក់ទោសទៅលើពួកគេទៀតផង។
លោក កត្តា អ៊ន បានបន្ថែមថា៖ «នៅកម្ពុជាអ្នកស្រលាញ់ភេទដូចគ្នា មានសេរីភាពពេញទីនៅក្នុងការកសាងសិទ្ធិរបស់គេ។ បើយើងប្រៀបធៀបប្រទេសមួយចំនួនក្នុងតំបន់ គេមានច្បាប់ដាក់ទោសទៅលើអ្នករួមភេទមុនអាពាហ៍ពិពាហ៍ ហើយទោសពៃរ៍នោះរហូតដល់ធ្ងន់ធ្ងរទៅទៀត ប៉ុន្តែនៅកម្ពុជាយើងគ្មានវិធានទាំងអស់នោះទេ គឺយើងបើកទូលាយទៅលើសេរីភាពពួកគាត់ក្នុងការរៀបចំខ្លួនបុរសរៀបចំខ្លួនជានារី នារីរៀបចំខ្លួនជាបុរស ឬក៏ការកែភេទ ការរួមរស់ជាមួយគ្នាដោយសេរីទូទាំងប្រទេស»។
យោងតាមមាត្រា ៣១ ក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា បានចែងអំពីសិទ្ធិនៃការរស់នៅរបស់ពលរដ្ឋក្នុងសង្គមកម្ពុជាដោយស្មើភាពគ្នា គ្មានការប្រកាន់ពណ៌សម្បុរ ភេទ ជំនឿសាសនា ភាសា ជនជាតិ វណ្ណៈ ឬឋានៈឡើយ ហើយមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។
លោក លឹម បូរិន មន្ត្រីសម្របសម្រួលគម្រោងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លើកឡើងថា បច្ចុប្បន្នមិនទាន់មានរបាយការណ៍ជាក់លាក់អំពីចំនួនអ្នកស្រលាញ់ភេទដូចគ្នា ដែលគ្មានសំបុត្រអាពាហ៍ពិពាហ៍ឡើយ ហើយការជួយសម្រួលផ្នែកផ្លូវច្បាប់ទៅលើលិខិតបទដ្ឋាននានាក៏មិនទាន់បានប្រសើរឡើងដែរ។
លោក បូរិន ថ្លែងថា៖ «នៅកន្លែងខ្លះអាជ្ញាធរចេញសៀវភៅគ្រួសារឱ្យ ប៉ុន្តែមិនមែនដាក់ជាប្ដីប្រពន្ធឡើយ ដោយដាក់ថាជាបងប្អូនស្រី ឬជាសាច់ញាតិ ចំណែកកន្លែងខ្លះគេមិនឱ្យសៀវភៅគ្រួសារតែម្ដង ចំណែកការរៀបអាពាហ៍គេមិនអនុញ្ញាតទេ គេឱ្យដាក់ថាពិធីជប់លៀងជាដើម»។
លោក បូរិន យល់ឃើញថា ប្រសិនបើកម្ពុជាពិចារណាបង្កើតច្បាប់ ដែលអនុញ្ញាតឱ្យអ្នកស្រលាញ់ភេទដូចគ្នាអាចរៀបការដោយស្របច្បាប់ នោះនឹងអាចកាត់បន្ថយអត្រានៃការរើសអើងពីសង្គម ហើយពួកគេមានសិទ្ធិដូចមនុស្សទូទៅដែរ។
លោកបញ្ជាក់ថា៖ «ប្រសិនបើមានច្បាប់ វាអាចកាត់បន្ថយការរើសអើងមកលើសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា ដោយសារតែច្បាប់បានគាំទ្រពួកគាត់ ហើយគាត់មានអេតាស៊ីវិល ចំណែកកូនដែលគាត់ស្មុំមកមានសិទ្ធិពេញលេញ មានសៀវភៅគ្រួសារ និងសំបុត្រកំណើតងាយស្រួលដល់ការសិក្សា ឬចេញក្រៅស្រុកជាដើម»។
លោកបន្តទៀតថា ប្រសិនបើអ្នកស្រលាញ់ភេទដូចគ្នាមានច្បាប់រៀបការដោយស្របច្បាប់ នោះពួកគេនឹងទទួលបានប្រយោជន៍ពីសេវាសង្គម ដូចជាការកាត់ពន្ធប្រាក់សោធននិវត្តន៍ជាដើម ត្បិតពួកគេមានឯកសារ និងមានការទទួលស្គាល់ដោយច្បាប់។
យ៉ាងណាមិញ លោកបូរិន បញ្ជាក់ថា ការបង្កើតច្បាប់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា មិនគួរណារង់ចាំមើលការទទួលស្គាល់ផុសផុលពីសាធារណជនឡើយ ត្បិតវានឹងប៉ះពាល់ប្រយោជន៍ និងឱកាសសម្រាប់អ្នកស្រលាញ់ភេទដូចគ្នា។
លោកឱ្យដឹងថា៖ «ក្រុមដែលយើងគិតថាងាយរងគ្រោះ គួរតែមានច្បាប់ការពារក្រុមអ្នកស្រលាញ់ភេទដូចគ្នាព្រោះគាត់ជាជនងាយរងគ្រោះហើយ ហេតុអ្វីក៏ចាំដល់ពេលណាមួយបង្កើតច្បាប់? បើគាត់ជាជនងាយគ្រោះហើយ គួរតែមានច្បាប់ឱ្យគាត់អាចអនុវត្តន៍សិទ្ធិបានពេញលក្ខណៈ»។
តែយ៉ាងណាមិញ អ្នកជំនាញសិទ្ធិមនុស្សកម្ពុជា អះអាងថា បច្ចុប្បន្ននេះ កម្ពុជាមិនទាន់បានចាប់ផ្ដើមសិក្សាដើម្បីបង្កើតច្បាប់រៀបអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រលាញ់ភេទដូចគ្នានៅឡើយទេ ប៉ុន្តែនៅថ្ងៃខាងមុខកម្ពុជានឹងពិចារណាឱ្យមានកិច្ចការពារផ្លូវច្បាប់ចំពោះអ្នកស្រលាញ់ភេទដូចគ្នា ហើយច្បាប់នេះអាចទៅរួចបានលុះត្រាតែអ្នកស្រលាញ់ភេទដូចគ្នាធ្វើឱ្យសាធារណៈជនមានការទទួលស្គាល់តម្លៃពួកគេទូលំទូលាយជាងនេះ។
លោក កត្តា អ៊ន ថ្លែងថា៖ «នៅពេលនេះយើងមិនទាន់មានការចាប់ផ្ដើមណាមួយអំពីការធ្វើច្បាប់នោះទេ យើងកំពុងតែពិនិត្យសិក្សាគ្រប់ទិដ្ឋភាពច្បាប់ជាតិ និងអន្តរជាតិរបស់បណ្ដាប្រទេសផ្សេងៗដើម្បីមានការប្រៀបធៀប»។
លោកបានបន្ថែមទៀតថា៖ «អ្វីដែលសំខាន់គឺបរិបទសង្គម ច្បាប់មួយកើតបានលុះត្រាតែសង្គមមានសេចក្ដីត្រូវការ ចឹងបើបរិបទសង្គម វប្បធម៌ប្រពៃណី ផ្នត់គំនិតជនជាតិយើងកាន់តែទូលំទូលាយក្នុងការទទួលស្គាល់ និងឱ្យតម្លៃបងប្អូនអ្នកស្រលាញ់ភេទដូចគ្នា ខ្ញុំគិតថាច្បាប់នេះចេញក្រោយទេ អ្វីដែលសំខាន់បងប្អូនអ្នកស្រលាញ់ភេទដូចគ្នាត្រូវបង្ហាញឱ្យសង្គមទទួលស្គាល់តម្លៃរបស់ខ្លួន ចឹងនៅពេលដែលសង្គមទទួលស្គាល់ទាំងអស់គ្នា ច្បាប់នេះចេញមកបានហើយ»។
សូមជម្រាបជូនថា កាលពីពេលកន្លងទៅ សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា (LGBT+) និងបណ្ដាញដៃគូសង្គមស៊ីវិលនៅប្រទេសកម្ពុជាបានរៀបចំនូវកិច្ចសន្ទនាតុមូលមួយជាមួយនឹងតំណាងរាជរដ្ឋាភិបាលកម្ពុជា និងដាក់សម្ពាធជាផ្លូវការនូវយុទ្ធនាការ «ខ្ញុំទទួលយក» ដើម្បីឱ្យមានសមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់ដៃគូអ្នកស្រលាញ់ភេទដូចគ្នានៅប្រទេសកម្ពុជា។
បច្ចុប្បន្ន នៅក្នុងមាត្រា៤៥នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់អាពាហ៍ពិពាហ៍រវាង «ប្ដីមួយ ប្រពន្ធមួយ» ដែលបានផាត់ចេញដៃគូអ្នកស្រលាញ់ភេទដូចគ្នា។ ទោះជាមិនមានច្បាប់ហាមឃាត់អាពាហ៍ពិពាហ៍ដៃគូអ្នកស្រលាញ់ភេទដូចគ្នាជាក់លាក់ក៏ដោយក៏មិនមានការចែងណាមួយ ដែលសម្រួលទៅដល់អាពាហ៍ពិពាហ៍ដៃគូអ្នកស្រលាញ់ភេទដូចគ្នាក្នុងច្បាប់កម្ពុជាដែរ៕