សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

របាយការណ៍ ៖ ការរំលោភសិទ្ធិមនុស្ស ការកាប់បំផ្លាញព្រៃឈើ​ត្រូវបានរកឃើញនៅក្នុងការរុករករ៉ែមាសនៅកម្ពុជា អំឡុងពេល​ជាង២០ឆ្នាំនេះ

អ្នកភូមិកាន់សំណល់រ៉ែមួយដុំដែលបន្សល់ទុកដោយក្រុមហ៊ុនជីករ៉ែមាសនៅក្នុងខេត្តក្រចេះ នៅក្នុងឆ្នាំ២០២៣ ។ (អង្គការ សមធម៌កម្ពុជា)
អ្នកភូមិកាន់សំណល់រ៉ែមួយដុំដែលបន្សល់ទុកដោយក្រុមហ៊ុនជីករ៉ែមាសនៅក្នុងខេត្តក្រចេះ នៅក្នុងឆ្នាំ២០២៣ ។ (អង្គការ សមធម៌កម្ពុជា)

របាយការណ៍មួយដែលចេញផ្សាយកាលពីពេលថ្មីៗនេះដោយអង្គការ សមធម៌កម្ពុជា (Equitable Cambodia) បាន​លាតត្រដាង​ពី​ការជាប់ពាក់ព័ន្ធរបស់​ឧស្សាហកម្ម​ជីករករ៉ែមាស​ជាលក្ខណៈ​ពាណិជ្ជកម្ម​នៅក្នុងការកាប់បំផ្លាញព្រៃឈើ ការរំលោភសិទ្ធិមនុស្ស ការទន្ទ្រាននិងចាប់យកដីធ្លីនៃតំបន់ព្រៃប្រពៃណីរបស់ជនជាតិដើមភាគតិច ។

របាយការណ៍ដែលមានចំណងជើងថា «កម្រងរូបភាពពី​ឧស្សាហកម្មរុករក​រ៉ែមាសនៅកម្ពុជា ៖ ការរំលោភសិទ្ធិមនុស្ស​និងការខូចខាតបរិស្ថាន» ផ្ដោតសំខាន់​លើ​ការជីករករ៉ែមាស​នៅក្នុងខេត្ត​ព្រះវិហារ រតនគិរី មណ្ឌលគិរី និង​ក្រចេះ ។ អ្នកភូមិនៅទីនោះ​បារម្ភខ្លាច​បាត់បង់​ធនធានធម្មជាតិ ព្រមទាំង​ដីធ្លី​របស់ពួកគេ ដែលសំខាន់បំផុត​ចំពោះ​ការប្រកប​របរ​ចិញ្ចឹមជីវិត​និង​ទំនៀមទម្លាប់ប្រពៃណី​​ជនជាតិ​ដើមភាគតិចរបស់ពួកគេ ។

របាយការណ៍បានសរសេរថា៖ «អ្នកភូមិ​បានសម្ដែង​ក្ដីបារម្ភ​ជុំវិញ​ការកាប់បំផ្លាញព្រៃឈើ​ដែលកើតមាន ​ជាក់ស្ដែងនិងកំពុងបន្ត ។ ការលក់ដីធ្លីដោយបង្ខិតបង្ខំ​បន្តកើតមាន ដោយក្នុងនោះអ្នកភូមិ​ត្អូញត្អែរ​អំពី​ដីធ្លី​ត្រូវគេរឹបអូសយក​ដោយបង្ខំ និង​ពុំទទួលបានសំណងអ្វីឡើយ» ។

របាយការណ៍ដដែលបានរាយឈ្មោះ​ក្រុមហ៊ុន​ជីករក​រ៉ែ រួមមាន ក្រុមហ៊ុន Angkor Gold, Mesco, Rong Cheng Industrial Investment (Cambodia), Renaissance Mineral (Cambodia), Delcom (Kampuchea) Pte, Xinshan Industrial (Cambodia) និង Xing Yuan Kanng Yeak Co., Ltd. ។

របាយការណ៍បានលើកឡើងថា ភាពជាក់ស្ដែង​បច្ចុប្បន្នបន្ទាប់ពីការអនុញ្ញាត​ឱ្យធ្វើអាជីវកម្ម​រុករក​រ៉ែមាសជាហូរហែមកអស់រយៈពេល ២០ឆ្នាំ គឺថា «គួរឱ្យសោកស្ដាយដែលគេឃើញមាន​សញ្ញាតិចតួច​បំផុត​នៃការកែលម្អ​គោលនយោបាយនិងការអនុវត្ត ពាក់ព័ន្ធនឹង​ការគោរពសិទ្ធិមនុស្ស​និង​សិទ្ធិដីធ្លី និងការការពារបរិស្ថាន» ។

របាយការណ៍បានលើកឡើងថា៖ «វិស័យរ៉ែទាំងមូលនៅតែជួបប្រទះបញ្ហា​ជាច្រើននៅក្នុង​វិស័យទាំងនេះ» ។

ទិដ្ឋភាព​មើលពីលើ​ទីតាំង​រុករករ៉ែរបស់​ក្រុមហ៊ុន Renaissance Mineral នៅក្នុងខេត្ត​មណ្ឌលគិរី នៅក្នុង​ខែ​កក្កដា ឆ្នាំ២០២៣ ។ (សមធម៌កម្ពុជា)

នាយកប្រតិបត្តិអង្គការ សមធម៌កម្ពុជា លោក អៀង វុទ្ធី បាននិយាយថា ការសិក្សាករណីនៅលើដី​របស់​ពួកគេ​បានចងក្រង​ជាឯកសារ​អំពីការបំពុលទឹក ការមិនមាន​ផែនការគ្រប់គ្រង​សំណល់សម្រាប់​ប្រតិបត្តិការ​ជីករករ៉ែ ព្រមទាំង​ការមិនចែករំលែកជាសាធារណៈ​នូវ​របាយការណ៍​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន (EIA) ។

លោក​ វុទ្ធី បាននិយាយ​យ៉ាងដូច្នេះថា៖ «យើងព្រួយបារម្ភ​ពីព្រោះ​ធនធានធម្មជាតិមិនកកើតឡើងវិញ​នោះទេ ដូច្នេះ យើង​ចង់​ឱ្យមាន​ការគ្រប់គ្រង​ល្អប្រសើរជាងនេះ​[ទៅលើ​ការការពារធនធាន]សម្រាប់​ជាប្រយោជន៍ជាតិ ។ យើង​ក៏ចង់​ឱ្យ​ការរុករករ៉ែ​កុំ​ប៉ះពាល់​ដល់​ប្រជាជន​និងបរិស្ថានផងដែរ» ។

លោក វុទ្ធី និយាយថា អ្នកភូមិ​ធ្លាប់តែដាំដុះបង្កបង្កើនផល​ដំណាំនៅលើ​ដីស្រែចម្ការរបស់ពួកគេ ប៉ុន្តែ ឥឡូវ ពួកគេមិនត្រូវបានអនុញ្ញាត​ឱ្យ​ធ្វើ​ទៀត​ឡើយ ។ ធនធានទឹករបស់ពួកគេ​ក៏កំពុងរងផលប៉ះពាល់​ផងដែរ ដោយសារតែវាហូរមកពី​អណ្ដូងរ៉ែ ។

លោក វុទ្ធី បានបន្ថែមថា៖ «យើងបារម្ភពីការគ្រប់គ្រង​ការប្រើប្រាស់សារធាតុគីមី ។ វាចាំបាច់​ត្រូវមានការតាមដានមើល​ឱ្យបានហ្មត់ចត់​ ។ អ្នកភូមិ​បានអះអាងថា សារធាតុគីមីបាន​លេចជ្រាបចេញពី​ទីតាំង​ជីក​រ៉ែ។ អ្នកភូមិខ្លះគាត់មានបញ្ហាប៉ះពាល់ស្បែក»។

យោងតាមរបាយការណ៍ខាងលើ ក្រុមហ៊ុនជីករ៉ែ​នៅក្នុងខេត្ត​ព្រះវិហារ គឺក្រុមហ៊ុន Delcom និង Xinshan ត្រូវបានចោទប្រកាន់ថា បានបំផ្លិចបំផ្លាញ​ដីធ្លី​សហគមន៍​និងតំបន់ព្រៃឈើ និងបាន​បង្ក​ការខូចខាត​បរិស្ថាន​ដោយសារការបញ្ចេញ​សារធាតុគីមី​ទៅក្នុង​ប្រភពទឹក​ដែលនៅក្បែរៗនោះ ។

ប្រភពនានាដែលបានផ្ដល់សម្ភាសន៍​នៅក្នុងរបាយការណ៍​ បាននិយាយថា «គុណភាពទឹកត្រូវបាន​ធ្វើតេស្ត​ក្នុងអំឡុងពេល​រដូវ​វស្សា ។ លទ្ធផលបានបង្ហាញថា កម្រិត​នីត្រាត (NO3) បានឡើង​ដល់ជាង ១០០០ក្រាម/លីត្រ ដែលជា​កម្រិត​​ខ្ពស់​ខ្លាំងមែនទែន ។ ទឹកពណ៌ក្រហម​មានន័យថា វាមានផ្ទុកជាតិ​ពុល​ខ្លាំង» ។

អ្នកភូមិដែលរស់នៅផ្នែកខាងក្រោមទឹកពីតាំងរបស់ក្រុមហ៊ុន Delcom បានកត់សម្គាល់ឃើញថា កូនអូរ​តូចៗបានរងផលប៉ះពាល់ពី​បញ្ហាគុណភាពទឹក ដែលប៉ះពាល់ដល់​រុក្ខជាតិនិងសត្វដែលរស់នៅក្នុងទឹក​នៅតាមតំបន់នោះ ។

ក្រុមហ៊ុន Delcom ត្រូវបានផ្ដល់ដីឱ្យ ១៨០០ហិកតា​សម្រាប់ការរុករករ៉ែនៅក្នុងស្រុករវៀង ។ អ្នកភូមិ​​ដែល​ត្រូវបានសម្ភាស បាននិយាយថា «ពុំមានការខិតខំពិតប្រាកដណាមួយ»ត្រូវបានធ្វើឡើង​ដើម្បី​ពិភាក្សា​បញ្ហា​ជម្លោះ​ដីធ្លីដ៏ស្មុគស្មាញជាមួយពួកគេ​ នៅឡើយទេ ។ ផ្ទុយទៅវិញ ពួកគេ​បានទទួលរង​ការបំភិតបំភ័យ​និងការគំរាមកំហែងពីសំណាក់​មន្ត្រីមូលដ្ឋាន​និងតំណាងក្រុមហ៊ុន ។

អ្នកភូមិមួយរូបដែលប្រាប់ត្រឹមតែឈ្មោះ ឆេង បានប្រាប់ ខេមបូចា ថា ក្រុមហ៊ុន Delcom បានពង្រីក​ព្រំប្រទល់ដីរបស់ខ្លួន និង​«បានចាប់យកដីចម្ការរបស់គាត់អស់ ៤ហិកតា» កាលពីឆ្នាំ២០២១ ។

លោក ឆេង បាននិយាយថា៖ «ពួកគេ [ក្រុមហ៊ុន]បានយកដីដោយគ្មាន​ផ្ដល់សំណងអ្វីឡើយ ហើយ​ឥឡូវនេះ គេមិនអនុញ្ញាត​ឱ្យយើងទៅធ្វើចម្ការនៅទីនោះ​ទៀតទេ ។ វាជាការរំលោភសិទ្ធិមនុស្ស​ទាំងស្រុងហើយ» ។

លោក ឆេង បានបន្ថែមថា៖ «យើងប្រឈមនឹងការខ្វះដីធ្លី​សម្រាប់ដាំដំឡូង​និង​ស្រូវ» ។ លោក ឆេង បានដាំដុះដំណាំនៅលើដីចម្ការរបស់ខ្លួនចាប់តាំងពីឆ្នាំ២០០៤មក ហើយលោកបានចោទថា អាជ្ញាធរ​បានព្រងើយ​កន្តើយចំពោះ​បញ្ហារបស់ពួកគេ​ពាក់ព័ន្ធនឹង​ក្រុមហ៊ុនរុករករ៉ែ ។

សំណួរ​ដែលបានផ្ញើទៅកាន់ក្រុមហ៊ុន Delcom និង Xinshan ពុំទទួលបានការឆ្លើយតបឡើយ ។

រណ្តៅរ៉ែមាសរបស់ក្រុមហ៊ុនMesco នៅក្នុងខេត្តរតនគិរី ក្នុងឆ្នាំ២០២៣។ (ផ្តល់ឲ្យ)

ប្រធានមន្ទីរ​រ៉ែនិងថាមពលខេត្តព្រះវិហារ លោក ស៊ុន ច័ន្ទរក្សា បានសុំ​មិនធ្វើការអត្ថាធិប្បាយលើរឿងនេះ​ទេ ចំណែក​ឯ​​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត លោក ណុប វុទ្ធី បាន​ថ្លែងថា ការរកឃើញ​ពីរបាយការណ៍​ទាក់ទងនឹង​ការទន្រ្ទានដីចម្ការ គឺ«មិនពិតទេ» ។

លោក វុទ្ធី បាននិយាយថា៖ «បងប្អូនពលរដ្ឋគាត់ចេះតែលើកទ្បើងបញ្ហានេះ តាមពិត ក្រុមហ៊ុនធ្វើប្រតិបត្តិការ​ដោយ​ស្របច្បាប់​នៅលើទីតាំងនោះ» ។ «ប៉ុន្តែ វាមិនពិតទេ [របាយការណ៍នោះ] ហើយ​ប្រសិនបើពួកគេ​រកឃើញ​ដី[ដែលត្រូវគេទន្ទ្រានយក] សូម​មក​កាន់​រដ្ឋបាល​ខេត្ត ហើយ​យើង​នឹង​ពិនិត្យ​មើលទៅលើរឿងនេះជាមួយគ្នា» ។​​

នៅក្នុងករណីសិក្សាមួយផ្សេងទៀតនៅខេត្តរតនគិរី អ្នកភូមិ​ព្រួយបារម្ភបំផុត​អំពី​ការបាត់បង់​ធនធាន​ធម្មជាតិ​ និង​ដីធ្លីរបស់ពួកគេ ដែលទាក់ទងនឹង​សកម្មភាព​រុករករ៉ែ​របស់​ក្រុមហ៊ុន Angkor Gold និង Mesco Gold ។

ពួកគេបាននិយាយថា ពុំមានការពិគ្រោះយោបល់ជាសាធារណៈគ្រប់គ្រាន់ឡើយនៅមុន​ការចាប់ផ្ដើម​​ប្រតិបត្តិការ​រុករក​រ៉ែ និងថា ពួកគេ​ត្រូវបានបង្ខិតបង្ខំ​ឱ្យលក់ដី​ដើម្បី​បើកផ្លូវ​សម្រាប់អណ្ដូងរ៉ែ ។

របាយការណ៍បាន​គូសបញ្ជាក់ថា៖ «ការព្រួយបារម្ភនេះ​គឺដូចគ្នានឹងការព្រួយបារម្ភ​អំពីការ​បំផ្លិច​បំផ្លាញដែលកំពុងបន្តទៅលើ​​ព្រៃឈើនិងដីស្រែចម្ការ​ដែលសំខាន់បំផុត​ចំពោះការរស់រាន​របស់​អ្នកភូមិ» ។

ទាំងក្រុមហ៊ុន Angkor Gold និង Mesco ពុំបានឆ្លើយតបភ្លាមៗ​ចំពោះសំណួររបស់ ខេមបូចា ឡើយ ។

អភិបាលខេត្ត​រតនគិរី លោក ញ៉ែម សំអឿន ពុំអាចទាក់ទងសុំ​ការអត្ថាធិប្បាយបានទេ ។

ដូចគ្នានេះដែរ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក​នៃអគ្គនាយកដ្ឋានធនធាន​រ៉ែរបស់ក្រសួងរ៉ែនិងថាមពល និង​លោក ផៃ ប៊ុនឈឿន អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន មិនបានឆ្លើយតបនឹងសំណួរ​ទេ ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Human Rights Violation, Deforestation Evident in Cambodia’s Gold Mine Operations Over 20 Years – Report

633 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម