សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោក ហ៊ុន ម៉ាណែត សម្លឹងឱកាសធុរកិច្ចនៅប្រទេសបារាំងក្នុងអំឡុងទស្សនកិច្ចផ្លូវការលើកដំបូង

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ជួបជាមួយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ។ (រូបភាពពីផេកហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត)
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ជួបជាមួយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ។ (រូបភាពពីផេកហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត)

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីព្រហស្បតិ៍ បានជួបជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅឯវិមានអេលីស្សេ នៅថ្ងៃទីមួយ​នៃដំណើរទស្សនកិច្ចរបស់​លោក​នៅក្នុងប្រទេសបារាំង ជាទីដែល​លោក​បាន​បញ្ជាក់ពី​លទ្ធភាព​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ ។ ទស្សនកិច្ចនេះធ្វើឡើង​នៅចុងបញ្ចប់​នៃដំណើរមួយសប្ដាហ៍ទៅកាន់ទ្វីបអឺរ៉ុប​ ដែលជា​ទស្សនកិច្ច​លើកដំបូងបង្អស់របស់​លោក ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី ហើយដំណើរនេះ​ក៏រួមបញ្ចូល​កិច្ចប្រជុំនានាជាមួយ​មេដឹកនាំធុរកិច្ចបារាំង និង​ការឈប់សំចត​នៅ​ក្នុង​ប្រទេស​ស្វ៊ីស ដើម្បីចូលរួមវេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ប្រចាំឆ្នាំ ផងដែរ ។

លោក ហ៊ុន ម៉ាណែត បានថ្លែង​នៅក្នុងពិធីសន្និសីទសារព័ត៌មានយ៉ាងដូច្នេះ ថា៖ «កម្ពុជានឹងចងចាំជានិច្ច​នូវ​តួនាទីរបស់បារាំង​នៅក្នុងការរួមចំណែក​ស្ដារ​សេដ្ឋកិច្ច​ជាតិ​និងការអភិវឌ្ឍ​តាមរយៈ​ទីភ្នាក់ងារ​បារាំង​ដើម្បីការអភិវឌ្ឍ» ។ ដោយលោកបានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា ទស្សនកិច្ចរបស់ខ្ញុំមកកាន់ប្រទេសបារាំង ជាពិសេស ជំនួបជាមួយ​លោកប្រធានាធិបតី នឹងផ្ដល់លទ្ធភាពឱ្យយើងអាច​ពិភាក្សា​ការងារ​ដែលចាំបាច់ដើម្បី​បន្តពង្រឹង​ទំនាក់​ទំនង​កម្ពុជា​បារាំងឱ្យកាន់តែរឹងមាំថែមទៀត» ។

លោក ហ៊ុន ម៉ាណែត បានបន្ថែមថា វិស័យឯកជន​ជា​ផ្នែកដ៏សំខាន់ចាំបាច់​នៃការ​កសាងទំនាក់ទំនង​រវាង​ប្រទេសទាំងពីរ ។

លោក ម៉ាក្រុង ក៏បាននិយាយអំពី​បំណងប្រាថ្នារបស់​លោក​ក្នុងការរក្សាទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ​ ផងដែរ ។ លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ដំណើរទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា គឺជាឱកាស​មួយ​ដើម្បី​បង្កើត​គម្រោងថ្មីៗជាមួយក្រុមហ៊ុនរបស់​យើង ហើយ​យើង​នឹង​មាន​ឱកាស​ផ្លាស់ប្ដូរទស្សនៈ​ជាមួយ​ក្រុមហ៊ុនជាច្រើន ជាពិសេស នៅក្នុងវិស័យ​ថាមពល ការដឹកជញ្ជូន និង​ហេដ្ឋា​រចនាសម្ព័ន្ធ» ។

លោកប្រធានាធិបតីក៏បានបញ្ជាក់ផងដែរថា ទីភ្នាក់ងារ​បារាំងដើម្បីការអភិវឌ្ឍបានសន្យា​ផ្ដល់​ជំនួយ ២០០លានអឺរ៉ូ ដល់កម្ពុជា ដើម្បីជួយ​នៅលើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថាមពល និង​ទឹកស្អាត ។

នៅមុនដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសបារាំង លោក ហ៊ុន ម៉ាណែត បានជួបជាមួយ​តំណាង​ធុរកិច្ច​បារាំង​នៅឯ​វេទិកាធុរកិច្ច​កាលពីថ្ងៃចន្ទ ដែលនៅទីនោះ អនុស្សរណៈយោគយល់គ្នាចំនួន ៦ ត្រូវបានចុះហត្ថលេខា​រវាង​ក្រុមហ៊ុនកម្ពុជា និងស្ថាប័ននានាដែលមានមូលដ្ឋាននៅក្នុង​ប្រទេស​និយាយភាសាបារាំង ។

កិច្ចព្រមព្រៀង​ទាំងនោះត្រូវបានចុះហត្ថលេខារវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​ Assemblée Parlementaire de la Francophonie ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុន Blue Circle ព្រលានយន្តហោះ​អន្តរជាតិតេជោ និង​ក្រុមហ៊ុន Lagardere Travel Retail ក្រុមហ៊ុន OCIC និងក្រុមហ៊ុន Aloest Productions ក្រុមហ៊ុន OCIC និងក្រុមហ៊ុន Platform Impact និងក្រុមហ៊ុន LYP Group និង​ ក្រុមហ៊ុន Semmaris ។

នៅឯ​កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤នៃវេទិកាសេដ្ឋកិច្ច​ពិភពលោក នៅក្នុងទីក្រុងដាវ៉ូស​ ប្រទេស្វ៊ីស លោកនាយករដ្ឋមន្ត្រីបានជួបជាមួយមេដឹកនាំធុរកិច្ច​អន្តរជាតិ​និងមេដឹកនាំពិភពលោក ក្នុងនោះរាប់ទាំង​ប្រធាន USAID លោកស្រី Samanth Power និង​លោក Daren Tang អគ្គនាយកអង្គការ​កម្មសិទ្ធិបញ្ញា​ពិភព​លោក ផងដែរ ។

ក្នុងចំណោម​មេដឹកនាំធុរកិច្ច​ដែល​លោក ហ៊ុន ម៉ាណែត បានជួបជាមួយ គឺអគ្គនាយិកាក្រុមហ៊ុន Trip.com លោកស្រី Jane Sun ។ យោងតាម​សារមួយដែលបង្ហោះនៅលើក​ផេកហ្វេសប៊ុក​ផ្លូវការរបស់​លោក ហ៊ុន ម៉ាណែត លោកស្រី Sun បាន​និយាយថា ក្រុមហ៊ុន​មានបំណង​«បន្តកិច្ចសហប្រតិបត្តិការ​ជាមួយក្រុមហ៊ុនដៃគូនានានៅក្នុងប្រទេស​កម្ពុជា ដើម្បីនាំយកទេសចរកាន់តែច្រើនថែមទៀត ឱ្យមក​ទស្សនា​កម្ពុជា» ។ ក្រុមហ៊ុនគេហទំព័រ​វេបសាយទេសចរណ៍នេះ ក៏បាន​ចុះហត្ថលេខាលើអនុស្សរណៈ​យោគយល់គ្នាជាមួយ​ក្រុមហ៊ុនអាកាសចរណ៍ កម្ពុជាអង្គរ​អ៊ែរ ផង​ដែរ កាលពីខែឧសភា ឆ្នាំ២០២៣ ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគម​ទីភ្នាក់ងារ​ទេសចរណ៍កម្ពុជា បាននិយាយយ៉ាងដូច្នេះ៖ «ប្រសិនបើ​លោកស្រីបានធ្វើការសន្យានោះ​ជាមួយ​ថ្នាក់ដឹកនាំរបស់យើង នោះ​លោកស្រីនឹងអាច​ជួយជំរុញ​កំណើន​ទេសចរណ៍​និង​សេដ្ឋកិច្ចជាតិ ។ យើង​មានការរំពឹងទុកខ្ពស់» ។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច​នៅរាជបណ្ឌិត្យសភា​កម្ពុជា បាននិយាយថា ដំណើរទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅកាន់​អឺរ៉ុប គួរនាំមកនូវ​ផលវិជ្ជមានផ្នែកធុរកិច្ច​នៅកម្ពុជា ដែល​អាច​ទាក់ទាញ​វិនិយោគិនថ្មីៗ​ឱ្យចូលមករកស៊ីនៅក្នុងប្រទេសកម្ពុជា ព្រមទាំង​ទេសចរណ៍ ផងដែរ ។

លោក វណ្ណៈ បាននិយាយថា៖ «វិនិយោគិនបារាំង និងក្រុមហ៊ុនសាជីវកម្មធំៗនៅអឺរ៉ុប អាចនឹងចាប់អារម្មណ៍ក្នុងការពិចារណា​លើ​គម្រោង​វិនិយោគមួយចំនួន​នៅក្នុងប្រទេស​កម្ពុជា» ។ ដោយលោកបានបន្ថែមថា៖ «ប្រសិនបើរឿង​នេះ​កើតមានឡើងពិតមែន វាជាជំហានមួយទៀត​ដែល​បន្ថែម​ទៅលើអ្វីដែល​សហភាពអឺរ៉ុប​បាន​ផ្ដល់​ឱ្យយើងរួចមកហើយជាមួយនឹង EBA» ។  EBA គឺកម្មវិធីលើកលែងពន្ធ​នាំចូលទៅអឺរ៉ុប​សម្រាប់ទំនិញ​គ្រប់មុខ​លើកលែងតែអាវុធ ដែល​ផ្ដល់ដល់​ប្រទេស​កំពុងអភិវឌ្ឍនានាក្នុងនោះរួមទាំង​កម្ពុជា​ផងដែរ នូវ​ការចូលក្នុងទីផ្សារ​សហភាពអឺរ៉ុប​ដោយ​មិនបង់ពន្ធ ។

កាលពីឆ្នាំ២០២០ សហភាពអឺរ៉ុប​បាន​ដកចេញ​មួយ​ផ្នែក​នៃការចូលទៅក្នុង​ទីផ្សារសហភាពអឺរ៉ុប​របស់​កម្ពុជា ដោយសារតែ«ការព្រួយបារម្ភធ្ងន់ធ្ងរនិងជាលក្ខណៈប្រព័ន្ធ​ដែលទាក់ទិននឹង​សិទ្ធិមនុស្ស»នៅក្នុង​ប្រទេសកម្ពុជា ។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា បានប្រាប់ ខេមបូចា ថា ដំណើរទស្សនកិច្ច​នេះ​មានភាពវិជ្ជមានសម្រាប់រដ្ឋាភិបាលកម្ពុជា និងអាចនាំកម្ពុជាឈានទៅរក​ការមានទំនាក់ទំនងប្រសើរ​ឡើង​ជាមួយបណ្ដាប្រទេសអឺរ៉ុប នៅពេលអនាគត ។

លោកបាននិយាយថា៖ «ទោះបីពីមុន បារាំងធ្លាប់បានរិះគន់ពីការបោះឆ្នោត​របស់​កម្ពុជាក្ដី [ទស្សនកិច្ច]តែនេះបាន​បង្ហាញឆាកអន្តរជាតិថា អឺរ៉ុប​ឱ្យតម្លៃយើង ។ ជោគជ័យទីមួយ គឺ​ការអញ្ជើញជាផ្លូវការពីប្រទេស​បារាំង ដែលនេះជា​ជោគជ័យផ្នែកការទូត »។

លោកស្រី Astrid Norén Nilsson សាស្ត្រាចារ្យជាន់ខ្ពស់​នៃ​សាកលវិទ្យាល័យ Lund University នៅប្រទេស​ស៊ុយអែត ដែលសិក្សាពី​នយោបាយកម្ពុជា មើលឃើញថាទស្សនកិច្ចនេះ​គឺជា​ឱកាសមួយ​​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ទទួលបាន«មុខមាត់ស្ដារឡើងវិញ​នៅក្នុងបណ្ដាប្រទេសលោកខាងលិច» ។

លោកស្រីបាននិយាយថា៖ «ការទទួលស្គាល់ពីសំណាក់រដ្ឋាភិបាលបារាំង​ចំពោះដំណើរទស្សនកិច្ច​នេះ គឺ​ជាជ័យជំនះមួយសម្រាប់រដ្ឋាភិបាល» ។ លោកស្រីបានបន្ថែមថា៖ «ខណៈដែល​មិត្តភាពដែកថែបជាមួយចិនជាអ្វីដែលសំខាន់​បំផុតចំពោះ ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលរបស់លោក កម្ពុជាក៏ចង់ធ្វើពិពិធកម្ម​ទំនាក់ទំនង​ការបរទេស​របស់ខ្លួនផងដែរ »។

បារាំង​ក៏ទំនងជាចំណេញពី​ដំណើរទស្សនកិច្ច​របស់​មេដឹកនាំកម្ពុជានេះដែរ ។ ក្រោយការបោះឆ្នោត​ខែកក្កដា រដ្ឋាភិបាលបារាំងបានចេញសេចក្ដីថ្លែងការណ៍មួយ ដោយនិយាយថា បារាំង«សោកស្ដាយដែល​ការបោះឆ្នោតបានកើតឡើង​ដោយគ្មានវត្តមានគណបក្សប្រឆាំងដ៏ធំ» ។ ប៉ុន្តែ មួយខែក្រោយមក លោក ម៉ាក្រុង បានផ្ញើលិខិត​មួយ​ទៅ​លោក ហ៊ុន ម៉ាណែត ដោយ​ជូនពរ​លោក​ឱ្យទទួលបានជោគជ័យ​ក្នុងមុខតំណែងថ្មីរបស់​លោក និង​សម្ដែងនូវបំណងប្រាថ្នាចង់​ពង្រឹងកិច្ច​សហប្រតិបត្តិការរវាង​ប្រទេស​ទាំងពីរបន្ថែមទៀត ។

លោកស្រី Norén Nilsson បាននិយាយថា៖ «វាទំនងជា ម៉ាក្រុង អនុវត្តយុទ្ធសាស្ត្រដោយឈរ​លើ​ហេតុការណ៍ ៖ លោក​វាយតម្លៃថា ដោយសារតែវានឹងមិនអាចមាន​ការផ្លាស់ប្ដូរនយោបាយនៅក្នុង​ប្រទេសកម្ពុជា​ដែល​បារាំង​ស្នើឱ្យមាន បារាំង​គួរតែកសាង​ទំនាក់ទំនងជិតស្និទ្ធឡើងវិញ ជាមួយមេដឹកនាំ​ជំនាន់ថ្មីដែល​ចូលកាន់តំណែង​កាលពីខែសីហាឆ្នាំមុន» ។  ដោយលោកស្រីបានបន្ថែមថា៖ «កម្ពុជា​នឹងក្លាយជាដៃគូសហការ​ដែលជារង្វាន់បន្ថែម​សម្រាប់បារាំង ដោយសារតែ​កម្ពុជា​គឺជាមិត្តជិតស្និទ្ធបំផុត​របស់​ចិននៅក្នុងតំបន់»(រាយការណ៍បន្ថែមដោយ Leila Goldstein)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖​ Hun Manet Eyes Business Opportunities In France During First Official Visit

542 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម