លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា លោកបានជួបជជែកតាមទូរសព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីយប់មិញ ដើម្បីពិភាក្សាអំពីការវិវត្តន៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីមានអំពើហិង្សាដ៏សាហាវចុងក្រោយដែលពាក់ព័ន្ធនឹងកងទ័ពថៃ នៅក្នុងភូមិព្រៃចាន់ នៅខេត្តបន្ទាយមានជ័យ។
លោកបានមានប្រសាសន៍ថា លោកបានអរគុណលោក ត្រាំ ចំពោះគំនិតផ្តួចផ្តើមរបស់លោក ដែលបានរួមចំណែកដល់ការបង្កើតបទឈប់បាញ់រវាងកម្ពុជា-ថៃ និងបានគូសបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់ស្មារតីនៃសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួ កាលពីខែមុន។
កាលពីថ្ងៃសុក្រ លោកក៏បានសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ផងដែរ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាដំណោះស្រាយដោយសន្តិវិធី ដោយបានបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការប្រើប្រាស់យន្តការដែលមានស្រាប់និងបានឯកភាពគ្នាស្របតាមសេចក្តីថ្លែងការណ៍រួម ដើម្បីដោះស្រាយបញ្ហាព្រំដែន។ ម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្ន រួមជាមួយលោក ត្រាំ បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងកិច្ចខិតខំប្រឹងប្រែងឱ្យមានការអនុវត្តន៍បទឈប់បាញ់នេះ។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា លោក ត្រាំ បានសង្កត់ធ្ងន់លើជំហរច្បាស់លាស់របស់លោក ក្នុងការ «ចង់ឃើញសន្តិភាពស្ថិតស្ថេរ» រវាងកម្ពុជា និងថៃ។ លោកប្រធានាធិបតី នឹងបន្តតាមដានយ៉ាងដិតដល់នូវបញ្ហានេះ ដើម្បីធានាថាមិនមានការប៉ះទង្គិចប្រដាប់អាវុធកើតឡើងវិញ តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរទៀតនោះទេ។

កិច្ចព្រមព្រៀងសន្តិភាពមួយ ត្រូវបានចុះហត្ថលេខាដោយកម្ពុជា និងថៃ កាលពីចុងខែមុន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន ដោយមានគោលបំណងបញ្ចប់ជម្លោះព្រំដែនដែលបានផ្ទុះឡើងជាអំពើហិង្សា កាលពីខែកក្កដា បណ្តាលឱ្យមានមនុស្សស្លាប់រាប់សិបនាក់ និងធ្វើឱ្យមនុស្សរាប់រយនាក់ ឬរាប់ពាន់នាក់ត្រូវផ្លាស់ទីលំនៅនៅព្រំដែនទាំងសងខាង។ ក្រោយមក ប្រទេសថៃបានផ្អាកកិច្ចព្រមព្រៀងនោះ។
ខណៈដែលភាពតានតឹងរវាងប្រទេសជិតខាងបានផ្ទុះឡើងជាថ្មី ប្រជាជនមូលដ្ឋានកំពុងប្រឈមមុខនឹងសម្ពាធ ដោយមានអ្នកភូមិខ្មែរជាង 5០០គ្រួសារ ត្រូវបានជម្លៀសចេញពីភូមិព្រៃចាន់ ដែលជាភូមិកំពុងមានជម្លោះ ចាប់តាំងពីថ្ងៃព្រហស្បតិ៍មក ក្រោយពីមានជនស៊ីវិលម្នាក់បានស្លាប់ និង ៣ នាក់ផ្សេងទៀតរងរបួស៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hun Manet Speaks to Donald Trump Via Phone After Thai Troops Open Fire on Cambodians







