សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោក ហ៊ុន សែន គាំទ្រកូនប្រុសច្បងឲ្យធ្វើជាមេដឹកនាំបន្ទាប់របស់ប្រទេសកម្ពុជា

លោក ហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (កណ្ដាល) ចូលរួមទិវាបុណ្យឯករាជ្យជាតិនៅទីក្រុងភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ខេមបូចា/ ព្រីង សំរាំង
លោក ហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (កណ្ដាល) ចូលរួមទិវាបុណ្យឯករាជ្យជាតិនៅទីក្រុងភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ខេមបូចា/ ព្រីង សំរាំង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈគាំទ្រកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ជាអនាគតបេក្ខភាពស្នងតំណែងបន្តពីលោកជានាយករដ្ឋមន្ត្រី។ លោកបានអះអាងថា ការប្រកាសនេះធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងអ្នករិះ គន់ដែលបានចោទប្រកាន់លោកជាយូរមកហើយថា បានត្រួសត្រាយផ្លូវឲ្យកូនប្រុសរបស់លោកឡើងកាន់តំណែងជាមេដឹកនាំបន្ទាប់របស់កម្ពុជា។

កន្លងមក លោក ហ៊ុន សែន ធ្លាប់​បាន​លើក​ឡើងពីលោក អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុថា ជាអនាគត​បេក្ខភាព​​ម្នាក់​សម្រាប់តំណែងនាយក​រដ្ឋមន្ត្រី​នា​ពេល​អនាគត។ ទោះជាយ៉ាងនេះក្តី អ្នករិះគន់នៅតែបន្តជឿថា លោក ហ៊ុន ម៉ាណែត នៅតែជាបេក្ខភាពសំខាន់សម្រាប់អ្នកស្នងតំណែងពីឪពុករបស់លោក ដោយសារតែលោកត្រូវបានដំឡើងឋានៈជាបន្តបន្ទាប់នៅក្នុងជួរកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា រួមទាំងការតែងតាំងលោកជាមេបញ្ជាការកងទ័ពជើងគោក កាលពីឆ្នាំ២០១៨។

លោក ម៉ាណែត ក៏ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមយុវជននៃគណបក្សប្រជាជនកម្ពុជា (CPP) ដែលកំពុងកាន់អំណាចផងដែរ។

ការ​ប្រកាស​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​នៅក្នុង​ពិធី​សម្ពោធ​ហេដ្ឋារចនាសម្ព័ន្ធ​ទើប​អភិវឌ្ឍន៍​ថ្មី​តម្លៃ​ជាង៣០០​លាន​ដុល្លារ​នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ក្នុង​សុន្ទរកថា​រយៈពេល​ជាង​ពីរ​ម៉ោង​ពោរពេញ​ទៅ​ដោយ​ពាក្យសម្តីធ្ងន់ៗ​ប្រឆាំង​នឹងក្រុម​អ្នក​រិះគន់និង​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​រំលាយហើយនោះ លោក ហ៊ុន សែន បាន​ប្រកាស​គាំទ្រ​លោក ហ៊ុន ម៉ាណែត ជា​នាយក​រដ្ឋមន្ត្រី​បន្ទាប់​របស់​ប្រទេសនេះ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «អញប្រកាស​ថ្ងៃ​នេះ​តែម្តង​គាំទ្រកូនឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រីបន្ត​ ប៉ុន្តែមិនមែនអ្វីក្រៅការ​បោះឆ្នោតទេ។ និយាយឲ្យច្បាស់នៅថ្ងៃ​នេះតែម្តងទៅ! ហ៊ុន ម៉ាណែត គឺជាបេក្ខភាពម្នាក់ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រី ហើយ [ខ្ញុំ] គាំទ្រពេញលេញ»

កាល​ពី​ចុង​ខែ​វិច្ឆិកា លោក ហ៊ុន សែន បាន​ប្រកាស​ថា លោក​នឹង​បន្ត​ធ្វើ​ជា​នាយក​រដ្ឋ មន្ត្រី​រហូត​ដល់​លោក សម រង្ស៊ី ដែល​ជា​គូប្រជែង​របស់​លោកនិង​​កំពុង​រស់នៅ​និរទេសនោះស្លាប់។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ទិវាបុណ្យ​ឯករាជ្យ​ជាតិ​នៅ​ទីក្រុងភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ខេមបូចា/ ព្រីង សំរាំង
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ទិវាបុណ្យ​ឯករាជ្យ​ជាតិ​នៅ​ទីក្រុងភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ខេមបូចា/ ព្រីង សំរាំង

លោក សេង សារី ជាអ្នក​ឃ្លាំ​មើល​សង្គមមាន​ប្រសាសន៍​ថា ការ​ប្រកាស​របស់​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​សញ្ញា​វិជ្ជមាន​សម្រាប់​ការ​ផ្លាស់​ប្តូរ​នយោបាយ​​នា​ពេល​អនាគតរបស់ប្រទេសនេះ។

លោក​បាន​មានប្រសាសន៍ថា៖ «ខ្ញុំ​គិត​ថា ​យ៉ាង​ហោច​ណាស់​ វា​គឺជា​សញ្ញា​ល្អ​សម្រាប់​គណបក្ស​ផ្សេង​ទៀត​ដែល​ចង់​ប្រកួតប្រជែង​ដណ្តើម​អំណាច​ជាមួយ​គណបក្ស​ប្រជា ជន​កម្ពុជា»

លោកបានបន្ថែមថា៖ «នេះ​គឺជា​សារ​ច្បាស់​លាស់​ដែល​កម្ពុជា​នឹងមាន​មេដឹកនាំ​ផ្លាស់​ប្តូរ​តាម​រយៈ​ការ​បោះ​ឆ្នោត។ ទោះបីជាយ៉ាងនេះក្តី ការបោះឆ្នោតសកលដោយសេរីត្រឹមត្រូវ និងតម្លាភាព ត្រូវតែទទួលយកបានដោយគ្រប់ភាគី ទន្ទឹមនឹងនោះ ក្រុមប្រឆាំងក៏ត្រូវរៀបចំអ្នកស្នងតំណែងរបស់ខ្លួនដែរ ដើម្បីប្រកួតប្រជែងជាមួយឯកឧត្តម ហ៊ុន ម៉ាណែត»

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់ខេមបូចាថា បេក្ខ ភាពនាយករដ្ឋមន្ត្រីរបស់គណបក្សត្រូវតែឆ្លងកាត់គណៈកម្មាធិការកណ្តាលរបស់គណបក្ស ហើយបន្ទាប់មកត្រូវបានជ្រើសរើសដោយសម្ងាត់ដោយមហាសន្និបាត។

លោកបានមានប្រសាសន៍ថា៖ «ខ្ញុំមិនហ៊ាននិយាយថា គាត់ [ហ៊ុន ម៉ាណែត] គឺជាបេក្ខជនដ៏មានសក្តានុពលតែ៼ម្នាក់គត់នៅក្នុងគណបក្សនោះទេ ប៉ុន្តែខ្ញុំគិតថា សម្តេច ហ៊ុន សែន ក្នុងនាមលោកជាឪពុកតែងតែគាំទ្រកូនប្រុសរបស់លោក ដែលជារឿងធម្មតា»។ ដោយលោកបន្ថែមថា៖​ «កន្លង​មក ​លោក​ក៏​ធ្លាប់​និយាយ​ពី​ការ​គាំទ្រ​កូនប្រុស​លោក​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ដែរ ប៉ុន្តែ​ការ​សម្រេច​នឹង​ធ្វើឡើង​​អាស្រ័យ​លើ​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​តែ​ប៉ុណ្ណោះ​»

លោក ហ៊ុន ម៉ាណែត ដែល​បច្ចុប្បន្ន​មាន​អាយុ៤៤ឆ្នាំ បាន​ចូល​បម្រើ​កងទ័ព​ក្នុង​ឆ្នាំ១៩ ៩៥ ហើយ​ជា​ជនជាតិ​ខ្មែរ​ដំបូង​គេ​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​បណ្ឌិតសភា​យោធា West Point នៅ​សហរដ្ឋ​អាមេរិក។

លោក មាស នី ជាអ្នកវិភាគសង្គមមានប្រសាសន៍ថា លោកមិនភ្ញាក់ផ្អើលនឹងការប្រ កាសរបស់លោកនាយករដ្ឋមន្ត្រីទេ ដោយលោកមានប្រសាសន៍ថា គំរូនៃការស្នងតំ ណែងពីឪពុកទៅកូន គឺជារឿងធម្មតានៅទូទាំងពិភពលោក សូម្បីតែប្រទេសប្រជាធិបតេយ្យក៏មានដែរ។

លោក​បាន​មានប្រសាសន៍ថា៖ «ទោះបី​លោក​និយាយ​ដោយ​កំហឹង​ក៏ដោយ ​ក៏លោក​ប្រើ​ពាក្យគាំទ្រ​បេក្ខភាព​ មិនមែន៼តែងតាំង​ទេ ដូច្នេះ​មាន​ន័យ​ថា ​គាត់​គ្រាន់តែមាន​សិទ្ធិ​គាំទ្រ​បេក្ខភាព​កូនប្រុស​គាត់​តែ​ប៉ុណ្ណោះ​»ទោះបីជាយ៉ាងណា លោក មាស នី បានមានប្រសាសន៍ថា សារគាំទ្រកូនប្រុសរបស់លោកជាអនាគតមេដឹកនាំនេះ នឹងត្រូវផ្សាយទៅកាន់សមាជិកភាពផ្ទៃក្នុងរបស់គណបក្សផងដែរ។

លោក​មានប្រសាសន៍ថា៖ «​នេះ​គឺជា​ការទទួល​ខុស​ត្រូវ​របស់​គណបក្ស​ដោយខ្លួន​ឯង ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ថា​ តើ​ការ​ស្នង​អំណាច​នេះនឹង​នាំ​ប្រទេស​ទៅ​រក​ភាព​រុងរឿង នីតិរដ្ឋ និង​យុត្តិធម៌​សង្គម ឬ​ក៏គ្រាន់​តែ​បម្រើ​ដល់បុគ្គល និង​ក្រុម​គ្រួសារ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hun Sen backs oldest son to be the next country’s leader

283 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម