លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានបដិសេធថា រាជរដ្ឋាភិបាលកម្ពុជានិងតុលាការមិនបានចោទសហរដ្ឋអាមេរិកគាំទ្រលោក កឹម សុខា ដើម្បីផ្ទួលរំលំរដ្ឋាភិបាលនោះទេ។ ការថ្លែងបែបនេះធ្វើឡើងនៅសហរដ្ឋអាមេរិកក្នុងពេលដែលលោក ហ៊ុន សែន ត្រៀមធ្វើជាសហប្រធានកិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិក។
នៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួនក្នុងពិធីជួបជុំជប់លៀងបាយល្ងាចមួយកាលពីយប់ថ្ងៃទី១១ ខែឧសភា លោក ហ៊ុន សែន មានប្រសាសន៍ថា រឿងចោទអាមេរិកពាក់ព័ន្ធសំណុំរឿងលោក កឹម សុខា គួរតែអាមេរិកដោះស្រាយជាមួយលោក កឹម សុខា ផ្ទាល់ព្រោះទាំងតុលាការ ទាំងរាជរដ្ឋាភិបាលកម្ពុជា មិនបានចោទអាមេរិកនៅពីក្រោយកាប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលទេ។
លោក ហ៊ុន សែនមានប្រសាសន៍៖«ខ្ញុំអត់ចោទអាមេរិកទេគឺឯកឧត្តម កឹម សុខា គាត់និយាយខ្លួនឯង ដូច្នេះត្រូវការដោះស្រាយរវាងអាមេរិក និងកឹម សុខា អ៊ីងចឹងអាមេរិកប្រកាសបដិសេធថា បានធ្វើអ៊ីងចឹងដូច កឹម សុខា និយាយអត់? ខ្ញុំសូមជម្រាបទាំងតុលាការ ទាំងរាជរដ្ឋាភិបាលអត់មានចោទអាមេរិក អ្វីដែលកើតមានគឺ កឹម សុខា និយាយពីអាមេរិកជួយអ៊ីងចឹងរឿងនេះមិនមែនរឿងកម្ពុជាជាមួយអាមេរិកឯណា ជារឿងរបស់ កឹម សុខា»។
ទោះបីជាលោក ហ៊ុន សែន មានប្រសាសន៍បែបនេះក្ដីតែមេធាវីការពារក្ដីឱ្យលោក កឹម សុខា បានអះអាងថា កន្លងមកតុលាការនិងសមត្ថកិច្ចសុទ្ធតែបានលើកឡើងថាអាមេរិកជាប់ពាក់ព័ន្ធក្នុងសំណុំរឿងលោកកឹមសុខា។
លោកមេធាវី ផែង ហេង បញ្ជាក់ថា នៅក្នុងសំណុំឯកសារទាំងអស់ដែលសមត្ថកិច្ចរដ្ឋាភិបាល យកជាសំអាងដើម្បីដាក់បន្ទុកនៅតុលាការបានបង្ហាញពីស្ថាប័នបរទេសនានាដែលជាប់ពាក់ព័ន្ធនឹងលោកកឹមសុខារួមទាំងសហរដ្ឋអាមេរិកផង។
លោក ផែង ហេង មានប្រសាសន៍ថា៖«ឯកសារទាំងអស់ដែលសមត្ថកិច្ចដាក់ទៅតុលាការបានរៀបរាប់ពីស្ថាប័នបរទេសទាំងអស់ ដែលមានប្រទេសកាណាដា សហភាពអ៊ឺរ៉ុបអង្គការអន្តរជាតិនានា រួមទាំងអាមេរិកផង។ដូច្នេះតុលាការភ្ជាប់ច្បាស់ណាស់ទៅនឹងសហរដ្ឋអាមេរិកនេះ រាប់តាំងពីឈ្មោះអតីតប្រធាននាធិបតីអាមេរិកដូណាល់ត្រាំផង»។ លោក បន្តថា៖«បើសិនជាគ្មានភស្តុតាងនិងគ្រាន់តែជាសំដីរបស់អ្នកនយោបាយ ឬជាវោហាសាស្ត្រនោះ មិនគួរណាមានការចោទប្រកាន់លើរូបលោកកឹមសុខាទៀតឡើយ»។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញដែលកាត់ក្ដីលើសំណុំរឿងនេះ លោកចៅក្រម កូយ សៅ បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ។
លោកឆ្លើយសំណួរខេមបូចាដោយខ្លីថា៖«ខ្ញុំមិនមានតួនាទីឬផ្លូវច្បាប់ក្នុងការឆ្លងឆ្លើយទេ។ សាលាដំបូងមានអ្នកនាំពាក្យរួចហើយអ៊ីងចឹងសូមទាក់ទងទៅអ្នកនាំពាក្យ»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មិនឆ្លើយសំណួរអ្នកសារព័ត៌មាននោះទេនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា សំណុំរឿងរបស់លោក កឹម សុខា ពាក់ព័ន្ធនឹងបញ្ហានយោបាយ។ លោកបន្តថា បក្សកាន់អំណាចគួរណាស់តែបើកចំហសេរីភាពនយោបាយ ឈានទៅបញ្ចប់ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីធ្វើទុក្ខបុកម្នេញទៅលើគូប្រកួតប្រជែងឬអ្នកមានទស្សនៈផ្ទុយពីក្រុមខ្លួន។
លោក នី សុខា ថ្លែងថា៖«សម្តេច ហ៊ុន សែន លោកថាអាមេរិកមិនជាប់ពាក់ព័ន្ធទេ អ៊ីងចឹងបានន័យថា តើលោក កឹម សុខា ទៅក្បត់ជាតិជាមួយអ្នកណា? ចម្លើយគឺមិនអាចចោទគាត់បានទេ អ៊ីងចឹងគួរតែតុលាការទម្លាក់បទចោទនេះទៅ»។
លោក បន្តថា៖«ខ្ញុំគិតថាអ្នកនយោបាយកម្ពុជាយើងគួរធ្វើការងាររួមដើម្បីប្រយោជន៍ជាតិ លើកស្ទួយសិទ្ធិសេរីភាពជូនពលរដ្ឋ ហើយមិនគួរណាធ្វើទង្វើដែលនាំឱ្យខ្មែរនិងខ្មែរមានគំនុំនឹងគ្នាឡើយ»។
អ្នកវិភាគបញ្ហានយោបាយ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក គឹម សុខ មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រីហ៊ុនសែននិយាយដើម្បីដោះសារទាំងបំពាន។
លោក គឹម សុខ មានប្រសាសន៍ថា៖«បើថាលោក កឹម សុខា និយាយខ្លួនឯងភ្ជាប់សហរដ្ឋអាមេរិក ម្ដេចមិនយកភ័ស្ដុតាង ទាំងឯកសារ ជាវីដេអូ ជាសំណេរ ជាសាក្សី រួមមានសហរដ្ឋអាមេរិកជាដើម ទៅពិនិត្យផ្ទៀងផ្ទាត់ឲ្យដឹងការពិត។ ហេតុអ្វីតុលាការ បដិសេធសំណើរបស់ក្រុមមេធាវីលោក កឹម សុខា ដែលទាមទារឲ្យអញ្ជើញតំណាងរដ្ឋាភិបាលអាមេរិកទៅបំភ្លឺ»?
លោក គឹម សុខ បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាត្រូវតែស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ដើម្បីឱ្យកម្ពុជាមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក។
លោក គឹម សុខ បន្ថែមថា៖«លោក ហុន សែន ត្រូវចាប់ផ្ដើមពីការទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា»។
សំណុំរឿងលោក កឹម សុខា ត្រូវបានតុលាការបើកសវនាការចំនួន៣៩លើករួចមកហើយដោយសវនាការលើកចុងក្រោយធ្វើឡើងកាលពីថ្ងៃទី១១ខែឧសភា ដោយតុលាការសួរដេញដោលពីសកម្មភាពរបស់គណបក្សសង្គ្រោះជាតិក្នុងដំណើរការបោះឆ្នោតឆ្នាំ២០១៣ ជាការបោះឆ្នោតដែលបក្សកាន់អំណាចបាត់បង់កៅអីសភា២២អសនៈ។ តុលាការគ្រោងបើកសវនាសួរដេញដោលបន្តទៀតសប្ដាហ៍ក្រោយ។
សវនាការលើសំណុំរឿងរបស់លោក កឹម សុខា បានអូសបន្លាយជាង២ឆ្នាំមកហើយ។ សវនាការខ្លះត្រូវបានផ្អាកដោយហេតុផលជំងឺកូវីដ១៩និងផ្អាកតាមការស្នើសុំពីដើមបណ្ដឹងរដ្ឋប្បវេណីពីខាងរដ្ឋាភិបាល។ សព្វថ្ងៃលោក កឹម សុខា នៅជាប់បំរាមមិនអោយធ្វើនយោបាយនិងមិនអោយចាកចេញទៅក្រៅប្រទេស។
ទោះជាយ៉ាងណាកាលពីថ្ងៃទី១១ ខែឧសភានេះ លោក ហ៊ុន សែន បានប្រឡូយពាក្យថា ការចាកចេញទៅក្រៅប្រទេសរបស់លោកកឹម សុខា មិនគួរណាមានការរារាំងនោះទេ។
លោកមានប្រសាសន៍ថា ៖« ខ្ញុំបង្ហាញអារម្មណ៍របស់ខ្ញុំ ។ ខ្ញុំបង្ហាញជាមួយគាត់ថា ការសុំទៅក្រៅប្រទេសពិនិត្យសុខភាពឬទៅមើលកូនមើលចៅអីនោះមិនគួរណាមានឧបសគ្គនោះទេ។ប៉ុន្តែត្រង់សម្រេចឱ្យទៅឬមិនអោយទៅនៅលើតុលាការ»៕