សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោក ហ៊ុន សែន ចាក់វ៉ាក់សាំង ខណៈខេត្តព្រះសីហនុបិទការធ្វើដំណើរចេញចូលជាបណ្តោះអាសន្ន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកមេដៃជាសញ្ញាដាក់អ្នកសារព័ត៌មាននៅពេលលោកទទួលដូសដំបូងរបស់វ៉ាក់សាំង AstraZeneca កាលពីថ្ងៃព្រហស្បតិ៍នៅមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ។ រូបភាព៖ ហ្វេសប៊ុករបស់លោក ហ៊ុនសែន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកមេដៃជាសញ្ញាដាក់អ្នកសារព័ត៌មាននៅពេលលោកទទួលដូសដំបូងរបស់វ៉ាក់សាំង AstraZeneca កាលពីថ្ងៃព្រហស្បតិ៍នៅមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ។ រូបភាព៖ ហ្វេសប៊ុករបស់លោក ហ៊ុនសែន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាក់វាក់សាំងកូវីដ-១៩ AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ ខណៈករណីឆ្លងជាចង្កោមថ្មីបានជំរុញឲ្យរដ្ឋាភិបាលរឹតត្បិតការផ្លាស់ទីនិងការធ្វើដំណើរទៅខេត្តព្រះសីហនុ។

លោក ហ៊ុន សែន គឺជាមន្រ្តីរដ្ឋាភិបាលដំបូងគេ បានទទួលវ៉ាក់សាំង AstraZeneca ដែលផលិតដោយវិទ្យាស្ថាន Serumក្នុងប្រទេសឥណ្ឌា។ វ៉ាក់សាំងចំនួន៣២៤,០០០ដូស បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃអង្គារតាមរយៈកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក។

ទោះបីជាយ៉ាងណា រដ្ឋាភិបាលបានរឹតត្បិតរាល់ការធ្វើដំណើរចូលនិងចេញពីខេត្តព្រះសីហនុ បន្ទាប់ពីមានការរីករាលដាលនៃការឆ្លងសហគមន៍ថ្មី ដែលគេហៅថា «ព្រឹត្តិការណ៍២០ កុម្ភៈ»។ ការឆ្លងជាចង្កោមនេះ បានចាប់ផ្តើមនៅទីក្រុងភ្នំពេញនិងខេត្តកណ្តាល ហើយចាប់តាំងពីពេលនោះមកបានរាលដាលដល់ខេត្តជាប់ឆ្នេរសមុទ្រនិងខេត្តស្វាយរៀង។ គិតត្រឹមថ្ងៃសុក្រនេះ មានអ្នកឆ្លងចំនួន៤២៥ករណីក្នុងព្រឹត្តិការណ៍២០ កុម្ភៈ​ ដែលធ្វើឲ្យចំនួនឆ្លងសរុបឡើងដល់៩៣២ករណី។

នៅក្នុងសន្និសីទកាសែតបន្ទាប់ពីចាក់វ៉ាក់សាំងរួច លោក ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំងចំនួន២០០,០០០ដូសនឹងត្រូវប្រើដើម្បីចាក់ជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ដែលរងផលប៉ះពាល់ពីការឆ្លងជាចង្កោម ហើយនឹងត្រូវផ្តល់អាទិភាពដល់មនុស្សចាស់ អ្នកការទូតនិងបុគ្គលិកអង្គការអន្តរជាតិនិងអង្គការសហប្រជាជាតិ។

លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «អ្នកដែលមានអាយុក្រោម ៥៩ ឆ្នាំនឹងទទួលបានវ៉ាក់សាំងស៊ីណូហ្វាមហើយអ្នកដែលមានអាយុលើសពី៦០ឆ្នាំនឹងទទួលបានវ៉ាក់សាំង AstraZeneca»

លោក ហ៊ុន សែន បានប្រកាសកាលពីខែកុម្ភៈថា លោកនឹងទទួលយកវ៉ាក់សាំងស៊ីណូហា្វមផលិតនៅប្រទេសចិន ប៉ុន្តែត្រូវបានណែនាំដោយវេជ្ជបណ្ឌិតថាមនុស្សដែលមានអាយុលើសពី៦០ឆ្នាំ មិនអាចចាក់វ៉ាក់សាំងនេះបានទេ។ រដ្ឋាភិបាលក៏បានចេញផ្សាយតារាងប្រភេទជំងឺនិងស្ថានភាពសុខភាពជាច្រើន ដែលធ្វើឲ្យប្រជាជនកម្ពុជាជាច្រើនមិនត្រូវបានរាប់បញ្ចូលក្នុងការទទួលវ៉ាក់សាំងស៊ីណូហ្វាម។

លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «មានការរិះគន់ជាច្រើនថា ខ្ញុំមិនចាក់វ៉ាក់សាំងចិន។ វាជារឿងវិទ្យាសាស្រ្ត។ វាមិនមែនជារឿងនយោបាយទេ»។

រយៈពេលពីរម៉ោង បន្ទាប់ពីចាក់វ៉ាក់សាំងរួច លោក ហ៊ុន សែន មានប្រសាសន៍ថា លោកមិនមានអារម្មណ៍ថា ប៉ះពាល់អ្វីនោះទេ។ ទេសរដ្ឋមន្រ្តីនិងមន្រ្តីរដ្ឋាភិបាលដែលមានអាយុលើសពី៦០ឆ្នាំក៏បានតម្រង់ជួរ ដើម្បីទទួលវ៉ាក់សាំង AstraZeneca នៅថ្ងៃព្រហស្បតិ៍នេះផងដែរ រួមមានលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ស ខេង រដ្ឋមន្រ្តីក្រសួង មហាផ្ទៃនិងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។

កាលពីថ្ងៃព្រហស្បតិ៍ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចាក់វ៉ាក់សាំង AstraZeneca ផលិតនៅឥណ្ឌា ដែលនឹងត្រូវផ្តល់អាទិភាពសម្រាប់ពលរដ្ឋវ័យចំណាស់ដែលមិនអាចប្រើវ៉ាក់សាំងស៊ីណូហ្វាមផលិតនៅប្រទេសចិន។ រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន ។

លោក ហ៊ុន សែន បានការពារការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការទទួលយកវ៉ាក់សាំងស៊ីណូហ្វាមចំនួន ១លានដូសពីប្រទេសចិន ហើយបាននិយាយថា កូនប្រុសរបស់លោកទាំង អស់បានចាក់វ៉ាក់សាំង ដែលផលិតនៅប្រទេសចិន។

លោកបានបន្ថែមទៀតថា ប្រទេសកម្ពុជានឹងទិញវ៉ាក់សាំងស៊ីណូហ្វាម ១លានដូស​ និងវ៉ាក់សាំង AstraZeneca ១លានដូស បន្ថែមទៀត ដែលបូករួមជាមួយនឹងការផ្តល់ជូនពី COVAX កម្ពុជានឹងមានវ៉ាក់សាំងសរុបចំនួន ៤,២ លានដូសសម្រាប់ត្រីមាសទី១ នៃឆ្នាំនេះ។

កម្មវិធី COVAX ជាកិច្ចប្រឹងប្រែងដើម្បីធានាថា បណ្តាប្រទេសដែលមានកម្រិតប្រាក់ចំណូលទាបនិងមធ្យមទទួលបានវ៉ាក់សាំងស្មើៗគ្នានឹងផ្តល់ឱ្យប្រទេសកម្ពុជានូវវ៉ាក់សាំងចំនួន ២០ ភាគរយនៃចំនួនប្រជាពលរដ្ឋឬប្រហែល ៣,២ លាននាក់។

លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា រដ្ឋាភិបាលត្រូវតែរឹតត្បិតការធ្វើដំណើរនៅក្នុងខេត្តព្រះសីហនុ ដើម្បីកាត់បន្ថយការរីករាលដាលនៃការឆ្លងសហគមន៍ ២០កុម្ភៈ ប៉ុន្តែនឹងបន្តអនុញ្ញាតការដឹកជញ្ជូនទំនិញ។

លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «យើងមិនអាចបិទខេត្តព្រះសីហនុទាំងមូលបាន ទេ ដោយសារតែការដឹកជញ្ជូនទំនិញ ប៉ុន្តែអាចធ្វើជាមួយប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលទៅខេត្តផ្សេងទៀត»។

រដ្ឋាភិបាលបានប្រកាសបិទសាលារៀនរយៈពេល២សប្តាហ៍ ប៉ុន្តែលោក ហ៊ុន សែន បាននិយាយថា លោកយល់ព្រមនឹងសំណើរបស់លោក ហង់  ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំដើម្បីពន្យារការបិទសាលារៀននៅភ្នំពេញ ខេត្តកណ្តាលនិង ខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានបដិសេធមិនធ្វើការអត្ថាធិប្បាយទេកាលពីថ្ងៃព្រហស្បតិ៍ ហើយបានបង្វែរសំណួរទៅអ្នកនាំពាក្យសាលាខេត្តវិញ។ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តបានប្រកាសនៅលើហ្វេសប៊ុកថា​ ការធ្វើដំណើរចេញចូលខេត្តព្រះសីហនុត្រូវបានផ្អាកជាបណ្តោះអាសន្ន លើកលែងតែរថយន្តសង្គ្រោះបន្ទាន់និងរថយន្តដឹកទំនិញ។

លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា កម្លាំងសន្តិសុខចម្រុះកំ ពុងជួយអន្តរាគមន៍ជាមួយមន្ត្រីសុខាភិបាល​ ហើយមិនមានការរឹតបន្តឹងខ្លាំងហួសហេតុក្នុងការធ្វើដំណើរចេញចូលខេត្តព្រះសីហនុទេ។

លោក ជួន ណារិន បានមានប្រសាសន៍ថា៖ «យើងមិនរឹតត្បិតខ្លាំងចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋទេ ប៉ុន្តែពួកគាត់ត្រូវតែគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងសេចក្តីជូនដំណឹងរបស់អភិបាលខេត្ត» ដោយលោកបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីការរៀបចំដើម្បីបិទការធ្វើដំណើរនៅក្នុងខេត្តនេះទេ។

ខេមបូចាបានទាក់ទងស្ថានទូតចំនួន៩ ថាតើពួកគេព្រមទទួលយកការផ្តល់ជូនរបស់រដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំង AstraZeneca ដល់បុគ្គលិករបស់ខ្លួនឬយ៉ាងណា។ មានតែស្ថានទូតស៊ុយអែតនិងសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយ។

អ្នកនាំពាក្យស្ថានទូតអាមេរិកលោក Chad Roedemeier មានប្រសាសន៍ថា៖ «ខ្ញុំមិនអាចធ្វើអត្ថាធិប្បាយលើវ៉ាក់សាំងសម្រាប់បុគ្គលិកស្ថានទូតសហរដ្ឋអាមេរិកបានទេ ប៉ុន្តែខ្ញុំសូមឲ្យពិនិត្យមើលសេចក្តីថ្លែងការណ៍ ដែលយើងបានធ្វើកាលពីម្សិលមិញ អំពីការមកដល់នៃវ៉ាក់សាំង AstraZeneca នៅប្រទេសកម្ពុជា»។

លោកស្រី Camilla Ottoson លេខាទី១ នៃស្ថានទូតស៊ុយអែតប្រចាំនៅទីក្រុងភ្នំពេញបានមានប្រសាសន៍ថា ប្រទេសស៊ុយអែតមានសេចក្តីរីករាយ ដែលប្រទេសកម្ពុជាទទួលបាន ផលប្រយោជន៍ពីកម្មវិធី COVAX ។

លោកស្រីបានបន្ថែមថា រដ្ឋមន្ត្រីការបរទេសស៊ុយអែតមិនទាន់សម្រេចថា តើត្រូវចាក់វ៉ាក់សាំងដល់មន្ត្រីការទូតបម្រើការនៅបរទេសរបៀបណានោះទេ។

អ្នកយកព័ត៌មានក៏បាននិយាយទៅកាន់ប្រជាពលរដ្ឋ៣នាក់ ដែលរស់នៅក្នុងរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ ដែលបាននិយាយថា ពួកគាត់នឹងចាក់វ៉ាក់សាំង ប្រសិនបើមានការតម្រូវ ប៉ុន្តែមានម្នាក់និយាយថា ស្ថានភាពសុខភាពមិនអាចឲ្យអ្នកស្រីចាក់វ៉ាក់សាំងកូវីដ-១៩ បានទេ។

លោក អ៊ុន សារី អាយុ៦៥ឆ្នាំជាអ្នករត់រ៉ឺម៉កម៉ូតូមកពីខណ្ឌឬស្សីកែវរាជធានីភ្នំពេញមិនប្រាកដថា តើលោកនឹងត្រូវគេចាក់វ៉ាក់សាំងឲ្យឬយ៉ាងណា ហើយនឹងពិភាក្សាបញ្ហានេះជាមួយក្រុមគ្រួសាររបស់លោកជាមុនសិន។ លោករីករាយដែលប្រជាពលរដ្ឋមានអាយុប្រហាក់ប្រហែលលោកអាចទទួលបានវ៉ាក់សាំង AstraZeneca។

លោក សារី បាននិយាយថា៖ «ប្រសិនបើមានការតម្រូវចាំបាច់ឲ្យចាក់ ខ្ញុំនឹងទៅចាក់វ៉ាក់សាំងជាមួយប្រពន្ធខ្ញុំ»

អ្នកភូមិឈ្មោះ ឃឹម ខន អាយុ៧៧ឆ្នាំ ដែលរស់នៅស្រុកព្រៃនប់ខេត្តព្រះសីហនុមានការព្រួយបារម្ភអំពីការចាក់វ៉ាក់សាំងនេះ នៅក្នុងវ័យរបស់លោក ប៉ុន្តែលោកនឹងចាក់វ៉ាក់សាំងប្រសិនបើរដ្ឋាភិបាលតម្រូវឲ្យចាក់។

លោកបាននិយាយថា លោកនៅតែក្នុងផ្ទះភាគច្រើន ហើយការរឹតត្បិតការធ្វើដំណើរមិនបានប៉ះពាល់ដល់លោកទេ។

លោក ឃឹម ខន បាននិយាយថា៖ «វាមិនរំខានខ្ញុំទេ ពីព្រោះខ្ញុំចាស់ ហើយខ្ញុំតែងតែនៅផ្ទះ ប៉ុន្តែសម្រាប់អ្នកផ្សេងទៀត វាអាចប៉ះពាល់ដល់អាជីវកម្មរបស់ពួកគាត់»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hun Sen gets vaccinated, as Preah Sihanouk faces a soft lockdown

211 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម