សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោក ហ៊ុន សែន ជួបពិភាក្សាជាមួយមេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា ទោះបីជាមានការរិះគន់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ត្រូវបានស្វាគមន៍ដោយមេដឹកនាំយោធា មីន អោង ឡាំង ក្នុងជំនួបនៅប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ រូបភាពពីលោក អាន ឃួន សំអូន ទូរទស្សន៍ជាតិកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ត្រូវបានស្វាគមន៍ដោយមេដឹកនាំយោធា មីន អោង ឡាំង ក្នុងជំនួបនៅប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ រូបភាពពីលោក អាន ឃួន សំអូន ទូរទស្សន៍ជាតិកម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរទៅដល់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ ចំពេលមានការរិះគន់យ៉ាងខ្លាំង​ពីសង្គមស៊ីវិល និងសាធារណជនជុំវិញជំនួបរបស់លោកជាមួយមេដឹកនាំ​របបយោធា​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ហ៊ុន សែន នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ឧត្តម​សេនីយ៍ មីន អោង ឡាំង (Min Aung Hlaing) ដើម្បី​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី និង​ការ​វិវត្តន៍​ថ្មីៗ​ក្នុងតំ​បន់​​អាស៊ាន នេះបើតាម​សារនៅលើទំព័រហ្វេសប៊ុក​របស់​លោកនាយករដ្ឋ​​មន្ត្រី។

លោក ហ៊ុន សែន គឺជាមេដឹកនាំអាស៊ានដំបូងគេដែលបានជួបមេដឹកនាំយោធានៅ​ក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរបបយោធាបានទម្លាក់ និងចាប់ខ្លួនមេដឹក​នាំ​រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់ប្រទេសនេះ​កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ពួកយោធាបានបន្តបង្រ្កាបដោយហិង្សាទៅលើការតវ៉ាដែលកំ​ពុង​បន្តដោយបានសម្លាប់មនុស្សជាង១៤០០នាក់ និងមនុស្សរាប់ពាន់នាក់ទៀត​ត្រូវ​បាន​ចាប់ដាក់ពន្ធនាគារ។

ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន បាន​នាំ​ឲ្យ​មាន​ការ​តវ៉ា​ដ៏​ក្ដៅ​គគុក​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដោយ​ក្រុម​បាតុករ​បានដុត និង​ជាន់​រូបថតរបស់​​លោក ហ៊ុន សែន និង​គ្រវី​បដា​ដែល​សរសេរ​ថា “​កុំ​គាំទ្រឲ្យមាន​វាល​ពិឃាតមួយទៀត” និង “យើង​មិន​ត្រូវ​ការ​លោក ហ៊ុន សែន ទេ”

កាលពីខែមេសា មេដឹកនាំអាស៊ានបានយល់ព្រមលើកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលអំពាវនាវឲ្យបញ្ចប់អំពើហិង្សាជាបន្ទាន់ និងឲ្យមានការសន្ទនានយោបាយ។ នៅពេល​ដែលបេសកជនពិសេសអាស៊ានត្រូវបានរារាំងមិនឲ្យជួបជា​មួយមេដឹកនាំ​ប្រជាធិបតេយ្យ​ដែលកំពុងជាប់ឃុំនោះ លោក មីន អោង ឡាំង ត្រូវ​បានរារាំងពីកិច្ចប្រជុំអាស៊ាន​កាលពី​ខែ​តុលា។

កម្ពុជាគឺ​ជា​ប្រធាន​អាស៊ាន​ថ្មី ហើយ​កាល​ពី​ខែ​មុន លោក ហ៊ុន សែន បាន​ថ្លែង​ថា របប​យោធា​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្វាគមន៍ដោយមេដឹកនាំយោធា មីន អោង ឡាំង ក្នុងជំនួបនៅប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី៧  ខែមករា ឆ្នាំ២០២២។ ខេមបូចា/ រូបភាពពី​លោក អាន ឃួន សំអូន ទូរទស្សន៍ជាតិកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្វាគមន៍ដោយមេដឹកនាំយោធា មីន អោង ឡាំង ក្នុងជំនួបនៅប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ រូបភាពពី​លោក អាន ឃួន សំអូន ទូរទស្សន៍ជាតិកម្ពុជា

ក្រុមសិទ្ធិមនុស្សបានរិះគន់ដំណើរទស្សនកិច្ចនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែល​ចេញផ្សាយកាលពីថ្ងៃអង្គារ ក្រុមអង្គការសង្គមស៊ីវិលចំនួន១៩៥នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជាបានសរសេរថា ពួកគេ «ថ្កោលទោសលោក ហ៊ុន សែន យ៉ាងខ្លាំងក្លា​ចំពោះការគាំទ្ររបបយោធាដែលពាក់ព័ន្ធនឹងអំ​ពើ​ឧក្រិដ្ឋនៅក្នុងប្រទេសមីយ៉ាន់​ម៉ា»

លោក ហ្វីល រ៉ូបឺតសិន (Phil Robertson) នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch បាន​មាន​ប្រសាសន៍ថា៖ «ដំណើរទស្សនកិច្ចនេះ គឺជាការទះ​កំផ្លៀងប្រទេសសមាជិកអាស៊ានចំនួនប្រាំបីផ្សេងទៀត​ដែលមិនបាននិយាយអំពីបញ្ហានេះ បើទោះបីជាកន្លងមក​បានសម្រេចចិត្តរារាំង​​ការចូលរួមនយោបាយរបស់របបយោធា​ក្នុង​អាស៊ាន ដើម្បីដាក់សម្ពាធប្រ​ទេសមីយ៉ាន់ម៉ាឲ្យ​ធ្វើតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមការ​ព្រមព្រៀងឯកច្ឆន្ទប្រាំចំណុចដែលបានព្រមព្រៀងគ្នាកាល​ពីខែមេសា​ឆ្នាំ​មុន​អំពីថា តើ​ត្រូវ​​ដោះស្រាយ​វិបត្តិ​មីយ៉ាន់​ម៉ាតាមរបៀបណា​»

លោក Emerlynne Gil នាយករងប្រចាំតំបន់ផ្នែកស្រាវជ្រាវរបស់អង្គការលើកលែង​ទោសអន្តរជាតិបានព្រមានថា ដំណើរទស្សនកិច្ចនេះអាចធ្វើឲ្យ​ខូច​កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន។

លោកបាន​មាន​ប្រសាសន៍ថា៖ «កិច្ចការទូតបែបទុច្ចរិតរបស់លោក ហ៊ុន សែន អាចបង្កគ្រោះ​ថ្នាក់ច្រើនជាងផលល្អ ដោយធ្វើផ្ទុយ​នឹងការឆ្លើយតបរបស់អាស៊ានចំពោះវិបត្តិមីយ៉ាន់ម៉ា និង​បង្ហាញពីភាពមិនច្បាស់លាស់ចំពោះមេដឹកនាំរដ្ឋប្រ​ហារមីយ៉ាន់ម៉ាគឺលោកឧត្តមសេនីយ៍​ មីន អោង ឡាំង ដែលត្រូវបានរារាំងមិនឲ្យ​ចូល​រួម​កិច្ចប្រជុំជាន់ខ្ពស់អាស៊ាននាពេលថ្មីៗនេះជា​ការ​ស្តីបន្ទោសដ៏កម្រមួយ»

គណៈកម្មាធិការតំណាងសភា Pyidaungsu និងរដ្ឋាភិបាលរួបរួមជាតិ ដែលជារដ្ឋាភិបាល​ស្រមោលរបស់មីយ៉ាន់ម៉ា បានជំរុញឲ្យលោក ហ៊ុន សែន ចងចាំជនរងគ្រោះ​ដោយសារ​រដ្ឋប្រហារ។

សេចក្តីថ្លែងការណ៍មួយសរសេរថា៖ «កិច្ចសន្ទនាជាមួយមេដឹកនាំយោធាដែលប្រ​ព្រឹត្តអំពើ​រំលោភសិទ្ធិមនុស្ស និងការរំលោភបំពានផ្សេងទៀតលើសហគមន៍របស់​យើងនឹងមិននាំមក​នូវផលប្រយោជន៍អ្វីដល់ប្រទេសមីយ៉ាន់ម៉ា និងប្រជាជនរបស់ប្រទេសនេះទេ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្វាគមន៍ដោយមេដឹកនាំយោធា មីន អោង ឡាំង ក្នុងជំនួបនៅប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី៧  ខែមករា ឆ្នាំ២០២២។ ខេមបូចា/ រូបភាពពី​លោក អាន ឃួន សំអូន ទូរទស្សន៍ជាតិកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្វាគមន៍ដោយមេដឹកនាំយោធា មីន អោង ឡាំង ក្នុងជំនួបនៅប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ រូបភាពពី​លោក អាន ឃួន សំអូន ទូរទស្សន៍ជាតិកម្ពុជា

លោក​ អៀ សុផល អ្នកអត្ថាធិប្បាយ​ពីនយោបាយកម្ពុជា និងជាសាស្ត្រាចារ្យរងនៅ​មហាវិទ្យាល័យ Occidental College ក្នុងរដ្ឋកាលីហ្វ័រញ៉ាមានប្រសាសន៍ថា ដំណើរទស្សនកិច្ច​នេះនាំមកនូវគ្រោះថ្នាក់នៃការធ្វើឲ្យរបបយោធាស្របច្បាប់។

លោក​មាន​ប្រសាសន៍ថា៖ «តើវានឹងទៅជាយ៉ាងណា? គេគួរធ្វើឲ្យរដ្ឋប្រហារស្រប​ច្បាប់បែប​នេះ? គេមិនគួរធ្វើបែបនេះទេ។​ ប្រទេស​កម្ពុជា​គ្មាន​កិត្តិនាម​ទេ ​នៅ​ពេល​​និយាយ​អំពី​លទ្ធិ​ប្រជាធិបតេយ្យ។ ​ពិត​ណាស់ លោកនាយក​រដ្ឋ​មន្ត្រី​ចង់បង្ហាញភាតរភាពចំពោះ​មេទ័ព​មីយ៉ាន់ម៉ា ដែល​ប្រជាជន​ថៃគេ​និយាយថា ពួកគេស្រដៀងគ្នា ប៉ុន្តែ​មិនដូច​គ្នាទេ»

កាលពីដើមសប្តាហ៍នេះ លោក​ ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ីបាន​បង្ហោះសារនៅលើបណ្តាញសង្គមទ្វីតធើ​ថា លោកបាននិយាយជាមួយលោក ហ៊ុន សែន ហើយ «បានបញ្ជាក់ឡើងវិញយ៉ាងច្បាស់នូវគោលជំហររបស់ឥណ្ឌូនេស៊ី អំពីសារៈសំខាន់​នៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច​ដើម្បីនាំយកលទ្ធិប្រជាធិបតេយ្យមកកាន់​ប្រទេសមីយ៉ាន់ម៉ាវិញតាមរយៈការសន្ទនារួមគ្នារវាងភាគីពាក់ព័ន្ធ​»លោក​បាន​បន្ថែម​ថា៖«ប្រសិន​បើ​គ្មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​លើ​ការ​អនុវត្ត​កិច្ចព្រមព្រៀងជាឯកច្ឆន្ទ​ប្រាំ​ចំណុច នោះ​ប្រទេស​មីយ៉ាន់ម៉ា​គួរ​តែ​ត្រូវ​បាន​តំណាង​ដោយ​កម្រិត​ដែល​មិនពាក់ព័ន្ធ​នយោ​បាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន»

ទោះបីជាមានការរិះគន់ក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបាន​អះអាង​ថា កម្ពុជាកំពុងអនុវត្តតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ហើយ​បានបញ្ជាក់​ថា ប្រទេស​នេះមានបទពិសោធន៍ពាក់ព័ន្ធជាច្រើនក្នុងការផ្សះផ្សានិងការកសាងប្រទេសជាតិ ដើម្បី​​ចែក​រំលែក។

កបានមានប្រសាសន៍ថា៖ «ការតវ៉ារបស់ប្រជាជនមីយ៉ាន់ម៉ាគ្រាន់តែជាសិទ្ធិ​របស់​ពួកគេ​ក្នុងការបញ្ចេញមតិ ប៉ុន្តែអ្វីដែលសំខាន់ គឺការសម្របសម្រួល ដើម្បីស្វែងរកដំណោះ​ស្រាយ ដើម្បីបញ្ចប់ជម្លោះ និងអំពើហិង្សាជូនប្រជាជនមីយ៉ាន់ម៉ាខ្លួនឯង»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hun Sen meets Myanmar coup leader for talks, despite criticism

171 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម