សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យបើកសាលាតាមតំបន់មួយចំនួនឡើងវិញ ដើម្បីទប់ស្កាត់សិស្សបោះបង់ការសិក្សា

ម្ដាយ និងកូនស្រី ដើរចេញពីវិទ្យាល័យបឹងត្របែក ក្នុងរាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
ម្ដាយ និងកូនស្រី ដើរចេញពីវិទ្យាល័យបឹងត្របែក ក្នុងរាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បើក​សាលា​មួយ​ចំនួន​ឡើង​វិញ ពិសេស​នៅ​តំបន់​ជន​បទ ជាកន្លែង​ដែល​មិនមាន​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ ដោយលោក​បារម្ភ​ថា​ការ​បន្ត​បិទ​សាលា​អាច​នាំ​ឲ្យ​មាន​អត្រា​ក្មេង​ភ្លេចអក្សរ​​កើន​ឡើង និង​មាន​សិស្ស​បោះ​បង់​ការ​សិក្សា។​

ក្នុង​សារ​ជា​សំឡេង​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី​ បាន​ណែ​នាំ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រ​សួង​អប់​រំ លោក ហង់ជួន ណារ៉ុន​ ពិភាក្សា​ជាមួយ​អភិបាល​រាជធានី​-ខេត្ត ដើម្បី​កំណត់​បើក​សាលា​ឡើង​វិញ​នៅ​តំបន់​ដែល​មិន​មាន​ករណី​ឆ្លងកើត​ឡើង​។​

លោក ហ៊ុន សែន មាន​ប្រ​សាសន៍​ថា៖ «ខ្ញុំ​​ស្នើ​ឲ្យ​រក​គ្រប់​វិធានការ​ដើម្បី​ឲ្យ​សិស្ស​បាន​រៀន ដោយ​បើកសាលាឡើង​វិញ​ ដោយសំដៅ​ឆ្ពោះទៅ​​ជនបទ​​ដើម្បី​ចៀសវាង​កុមារជនបទ របស់​យើង​ក្លាយ​ទៅ​ជា​ជន​រងគ្រោះ​ពី​ជំងឺ​កូវីដ​​…​ហើ​យ​នៅ​ពេល​ដែល​កុមារា កុមារី យុវវ័យ​របស់​យើង​ បាន​ចាក់​វ៉ាក់សាំង​គ្រប់​គ្រាន់​ហើយនោះ​យើង​អាច​ឈាន​ទៅ​ដល់​ការ​បើក​សាលារៀន​របស់​យើង​ឡើង​វិញ»។

យ៉ាង​ណា លោក​ថា តំបន់​ទី​ប្រជុំ​ជនដែល​មាន​ការ​ឆ្លង​ច្រើន​ វាចាំ​បាច់​ត្រូវនៅ​បន្ត​ការ​សិក្សា​តាម​អន​ឡាញ និង​រៀន​ពី​ចម្ងាយ​ ដោយ​សារ​តែ​កន្លែង​ទាំងនេះ​អាច​មានលទ្ធភាព​មាន​ប្រព័ន្ធ​អ៊ីនធឺណិតប្រើ​​ ដែល​អ្វី​ទាំង​នេះ សិស្ស​នៅ​តាម​ជន​បទ​​មិន​មានគ្រប់​​​នោះ​ទេ​។​

លោក បន្ថែម​ថា៖ «​យើង​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក ហើយ​​បើ​សិន​ជា​យើង​​បន្ត​បិទតទៅ​ទៀត​​ដោយមិន​បាន​ពិនិត្យ​​ និង​ញែកកន្លែង​ឆ្លង និងកន្លែង​​មិន​ឆ្លង វា​នឹង​ធ្វើ​ឲ្យ​សិស្ស​បោះ​បង់​ចោល​សាលារៀន​​ និងភ្លេច​អក្សរ»។ លោក​បន្ត​ថា៖ «ទោះបីជា​យើង​បង្កើត​ឲ្យ​មាន​ការ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញនោះ ប៉ុន្តែ​សិស្ស​នៅ​ទីជនបទរបស់​យើង​ និង​សិស្ស​ក្រី​ក្ររបស់​យើង​ ពុំមានលទ្ធភាព ឬ​មាន​​​អ៊ីនធឺណិត​នោះទេ​​»។

លោក​នាយក​រដ្ឋ​មន្ត្រី​ឲ្យ​ដឹង​ថា ប្រជាជន​​ជាង​១២,៦​លាននាក់​នឹង​ត្រូវ​ទទួល​វ៉ាក់សាំង និង​ក្នុង​នោះ​ក្មេង​អាយុ​ពី​១២​ទៅ​១៧ឆ្នាំ​ មាន​ចំនួន​ជាង​ពីរ​លាន​នាក់។ គិត​មក​ដល់ពេល​នេះ កុមារ និង​យុវវ័យ​ទាំង​នេះ បាន​ទទួល​វ៉ាក់សាំង​ជាង​១,៥​​លាននាក់​ហើយ​ដែរ​។​

លោក ហ៊ុន​ សែន ឲ្យ​ដឹង​ថា​ ចំនួ​ន​ករណី​ឆ្លង​កូវីដ-១៩ នៅ​ភ្នំពេញ​បាន​ធ្លាក់​ចុះ ខណៈ​ចំនួន​អ្នក​ស្លាប់​ក៏​បាន​ធ្លាក់​ចុះ​ដែរ​។ កត្តា​​ទាំងពីរ​នេះ លោក​ថា​ជា​ចំណុច​វិជ្ជមាន​ដែល​អាច​បើក​សេដ្ឋកិច្ច​សង្គមឡើង​វិញ រួម​ទាំង​វិស័យ​អប់​រំ​ផង​ដែរ​។​

កាលពី​ថ្ងៃអង្គារ​ ក្រ​សួង​អប់​រំ បាន​ចេញ​សេចក្ដី​ណែនាំ​មួយ​ឲ្យ​ចាប់​ផ្ដើម​ពិនិត្យ​មើល​ទី​តាំង​បើក​សាលា​រដ្ឋ​ឡើង​វិញ ដោយ​បាន​បញ្ជា​ទៅ​កាន់​អាជ្ញាធរ​រាជធានី-ខេត្ត បែង​ចែក​តំបន់​មាន​​ករណី​ឆ្លង​ខ្ពស់ តំបន់​មាន​ករណី​ឆ្លង​ទាប និង​មិន​មាន​ការ​ឆ្លង ដើម្បី​អាច​បើក​សាលា​ឡើង​វិញ​ប្រកប​ដោយ​សុវត្ថិ​ភាព​។​

រដ្ឋ​មន្ត្រី​ក្រ​សួង​អប់​រំ បាន​អំពាវ​នាវ​ឲ្យ​បង្កើត​គណៈគ្រប់​គ្រង​​សាលា​ដោយ​មានការ​ចូ​ល​រួមពី​អាណាព្យាបាល​សិស្ស អាជ្ញាធរ​មូល​ដ្ឋាន ដើម្បី​សម្រេច​ចិត្ត​បើក ឬ​បិទ​សាលា​ក្នុង​កម្រិត​សាលារៀន​។ សម្រាប់​សាលា​ដែល​បើក​ឡើង​វិញ លោក​រដ្ឋ​មន្ត្រី​ថា​ ត្រូវ​មាន​កូន​សិស្ស​តិច​ជាង​១៥​នាក់​ក្នុងមួយថ្នាក់។

យ៉ាងណា ក្នុង​សេចក្ដី​ណែ​នាំ​របស់​ក្រ​សួង​អប់​រំមិន​បានបញ្ជាក់​ច្បាស់​ថា ពេល​ណា​ត្រូវ​បើក​ឡើង​វិញ ឬ​កំណត់ទីតាំងណាមួយដែលនឹង​ត្រូវ​បើក​មុន​នោះទេ។

​អ្នក​នាំ​ពាក្យ​ក្រ​សួង​អប់​រំបដិសេធ​អត្ថាធិប្បាយ​លើ​រឿង​នេះ និង​បាន​បង្វែរ​ឲ្យ​​យោង​តាម​សេចក្ដី​ណែនាំ​របស់​ក្រ​សួង​​វិញ​។​

កម្ពុជា​បាន​បិទ​សាលា​រដ្ឋ និង​ឯកជន ​ជា​លើក​ដំបូង​កាល​ពីខែ​មីនា ឆ្នាំ​២០២០ នៅ​ពេល​មាន​ការ​ផ្ទុះការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ហើយ​បាន​បើក​ដំណើរ​ការ​ឡើងវិញ​នៅ​ខែ​វិច្ឆិកា ក្នុង​ឆ្នាំ​ដដែល។ ចំណែក​ការ​បិទ​លើកទីពីរ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ​ក្នុង​សហគមន៍​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០ កុម្ភៈ ។ ក្រៅពីបិទ​សាលា អាជីវកម្ម និង​សេវាកម្ម​​មួយ​ចំនួន​ធំ​ផ្សេង​ទៀត​ក៏​ត្រូវផ្អាក​ដូច​គ្នា​ ក្នុង​រយៈពេល​នៃ​ការ​ផ្ទុះ​ជំងឺ​កូវីដ-១៩ នេះ​។​

បើ​តាម​ការ​សិក្សា​រួម​គ្នា​រវាង​​ក្រ​សួង​អប់​រំ និង​អង្គការ​យូនីសេហ្វ(UNICEF) ចេញ​ផ្សាយ​កាលពី​ខែមីនា ឆ្នាំ​២០២១ សាលា​ទូទាំង​ប្រទេស​ចំនួន​១៣ ៤៨០​ បាន​បិទ​ដំណើរ​ការ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិស្ស​ជាង​៣,២​លាន​នាក់​។​

ស្រប​ពេល​ដែល​សិស្ស​មិន​អាច​រៀន​ក្នុង​ថ្នាក់​បាន​ រដ្ឋាភិបាល​បាន​ព្យាយាម​ជំរុញ​ការ​បង្រៀន​តាម​ប្រព័ន្ធ​អនឡាញ​។ ការ​បង្រៀន​នេះ​មាន​ទាំង​ការ​បង្រៀន​ទៅ​តាម​កម្រិត​ថ្នាក់​នីមួយៗ​​តាម​វីដេអូ ចាក់​ផ្សាយ​នៅ​លើ​ទូរទស្សន៍​ជាតិកម្ពុជា​ (ទ.ទ.ក) ក៏​ដូច​ជា​​បណ្ដាញ​យូធូប​ និង​ហ្វេស​ប៊ុក​របស់​ក្រ​សូង​អប់​រំ​។ ប៉ុន្តែ​ប្រសិទ្ធ​ភាព​នៃ​វីដេអូ​បង្រៀន​ទាំង​នេះ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា​អាចជួយ​សិស្ស​បាន​គ្រប់​គ្រាន់​ឬ​យ៉ាងណា ដោយ​ហេតុ​ថា​សិស្ស​នៅ​តាមជនបទ​អាចមិន​មានទូរសព្ទ​ទំនើប និង​មិន​អាចមាន​អ៊ីនធឺណិត ប្រើ​បាន​គ្រប់​គ្រាន់​​។​​

អ្នកស្រី ង៉ែត ស្រីលីន ជា​ម្ដាយ​របស់​កុមារី​វ័យ​ប្រាំពីរ​ឆ្នាំម្នាក់ ​រស់​នៅ​ក្នុង​ស្រុក​សំរោង ខេត្តតាកែវ មាន​ប្រសាសន៍ថា តាំងពី​បិទសាលា​មក គ្រូ​បាន​ផ្ដល់ឲ្យសិស្ស​នូវ​សន្លឹក​មេរៀន​សិក្សាពីចម្ងាយ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍ និង​បាន​ប្រាប់​សិស្ស​ឲ្យ​មើល​ក្នុង​យូធូប​។ ជា​លទ្ធ​ផល វិធីសាស្រ្ត​នេះ អ្នក​ស្រី​ថាមិន​ល្អ​នោះ​ទេ​។​​

អ្នកស្រី ឲ្យដឹង​ថា៖ «ឥឡូវ​កូន​ស្រី​ខ្ញុំ​មិន​ចេះ​ប្រកប​អក្សរ​ផង ហើយ​ខ្ញុំ​ក៍មិនមាន​ពេល​ដើម្បី​​បង្រៀន​នាង​នៅ​ផ្ទះ​ដែរ ពីព្រោះ​ខ្ញុំ​រវល់​ធ្វើ​ការ»។ ដោយអ្នកស្រីបន្ថែម​ថា ៖ «​ខ្ញុំ​គិត​ថាវា​នឹង​ល្អ បើ​សិន​ជា​ក្រ​សួង​បើក​សាលា​ឡើងវិញ ពីព្រោះ​[ភូមិ​របស់​ខ្ញុំ​] មិនមាន​ហានិភ័យ​ឆ្លង​ជំងឺ​កូវីដ-១៩ ដូច​នៅទីក្រុង​នោះទេ ដូច​នេះ កូនៗ​របស់​ខ្ញុំ​អាច​ទៅ​សាលាវិញ​បាន នឹង​អាច​បាន​រៀន​ដូច​ពី​មុន​វិញ»។​

អ្នក​ស្រី ញឹប សុខា នាយក​រង​សាលា​បឋមសិក្សា​ព្រៃអាន​ ក្នុង​ឃុំ​ខ្វាវ មាន​ប្រសាសន៍​ថា ការ​បង្រៀន​តាម​អន​ឡាញ គឺ​ពិបាក​សម្រាប់​សិស្ស​នៅ​ជនបទ ព្រោះ​ថា​មិន​សូវមាន​អ៊ីនធឺ​ណិត​។​

អ្នក​ស្រី បន្ថែម​ថា៖ «បញ្ហា​មួយ​ទៀត​គឺ​ថា ឪ​ពុក​ម្ដាយ​ខ្លះ​នៅ​តំបន់​ជនបទ​មិនមាន​ទូរសព្ទ​ទំនើប ឬ​មិន​មានឧបករណ៍​សម្រាប់កូនៗ​ពួកគេរៀន​តាមអនឡាញ​នោះទេ​ ហើយ​ឪពុកម្ដាយ​ទៅ​ធ្វើការ​បាត់ៗ នឹង​មក​វិញ​នៅ​ពេល​ល្ងាច»។​

លោក គួច ម៉េងលី ជា​ប្រធាន និង​ជាអគ្គនាយក​ក្រុមហ៊ុន ម៉េងលី ជេ.គួច គ្រុប ដែល​មាន​វិទ្យាស្ថាន​ភាសាបរទេស(AII) និង​សាលាអន្តរទ្វីប​អាមេរិកាំង​(AIS) ផង​នោះ មាន​ប្រ​សាសន៍ វា​ជា​ការ​ល្អ​ដែល​អាច​បើក​សាលា​នៅជនបទ​ឡើងវិញ ដែល​សិស្ស​នៅទី​នោះ​​មិន​អាច​មាន​អ៊ិនធឺ​ណិត​សម្រាប់​រៀន​តាម​អនឡាញ​។​

លោក បន្ថែម​ថា៖ «​ការ​រៀន​ផ្ទាល់​ល្អ​ប្រសើរ​ជាង​រៀន​តាម​អនឡាញ ពីព្រោះ​សិស្ស​ត្រូវការ​ទំនាក់​ទំនង​​គ្នា ហើយ​ពួកគេជា​ទូទៅ​ចង់ជួបគ្នា​នៅ​ក្នុង​ថ្នាក់​»។​

លោកបន្ត​ថាការ​រៀន​តាមអន​ឡាយ​មិនអាច​​ធ្វើ​ទៅ​បាន​ទូទាំង​ប្រទេស​នោះទេ ខណៈជីវ​ភាព​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្រីក្រ ហើយ​ប្រហែល​ជា​៧០​ភាគ​រយ​នៃ​សិស្ស​មិន​អាច​សិក្សា​បាន​ពេញ​លេញ ឬ​​​ត្រឹមត្រូវ​។​

លោក​ឲ្យ​ដឹង​ទៀត​ថា៖ «ភាគ​ច្រើន​ពួកគេ​មិន​មាន​លទ្ធភាព​ទិញ​ឧបករណ៍​ភ្ជាប់​wifi ដូច​នេះ​ពួកគេ​មិន​អាច​រៀន​តាម​អន​ឡាញ​បាន។ ពួកគេ​រៀន​តាម​ប្រព័ន្ធ​សិក្សា​ពី​ចម្ងាយ ហើយ​វា​ឲ្យ​ផល​បាន​តិច»។​

នៅ​ថ្ងៃអង្គារ​ ក្រ​សួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​ចំនួន​អ្នក​ឆ្លង​កូវីដ-១៩ ថ្មី​ចំនួន​៤៣៩​ករណី ក្នុង​នោះ​នាំចូល​មាន​ចំនួន​១២៣​ករណី ដែលធ្វើ​ឲ្យ​ចំនួន​ឆ្លង​សរុប​ឡើង​ដល់​៩៣ ០៥៥​ករណី​ និង​ករណី​នាំចូលសរុប​​មាន​១៥ ១៥២​ករណី​។ ចំនួន​នេះ គិត​ចាប់ពី​មាន​ការ​ផ្ទុះ​ការ​ឆ្លង​រាល​ដាល​តាំងពី​ដើម​ឆ្នាំ​២០២០ មក ហើយ​ករណី​ឆ្លង​ភាគ​ច្រើន កើត​មាន​បន្ទាប់ពី​មាន​ការ​ផ្ទុះ​ការ​ឆ្លង​ក្នុងសហគមន៍​២០ កុម្ភៈ។ ក្រ​សួង​ឲ្យ​ដឹង​ដែរថា អ្នក​ជា​សះស្បើយ​មានចំនួន​៨៨ ៧៨៦​នាក់ និង​អ្នក​ស្លាប់​សរុប​មាន​ចំនួន​១ ៩០៣​នាក់​។​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hun Sen orders partial reopening of schools to prevent education loss

442 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម