លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរចំពោះដំណើរការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ ដោយបានហៅការបោះឆ្នោតនេះថា «ត្រឹមត្រូវ និងយុត្តិធម៌» ហើយលោកក៏បានច្រានចោលការចោទប្រកាន់របស់គណបក្សប្រឆាំងថាការបោះឆ្នោតមិនត្រឹមត្រូវ និងមានភាពមិនប្រក្រតីច្រើនផងដែរ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំសូមអរគុណចំពោះប្រជាជនទាំងអស់ដែលបានអនុវត្តសិទ្ធិរបស់ខ្លួនដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ត…នេះជាការបង្ហាញពីភាពចាស់ទុំផ្នែកនយោបាយនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា»។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្សនៅសាលាភូមិន្ទរដ្ឋបាលក្នុងរាជធានីភ្នំពេញកាលពីថ្ងៃចន្ទ លោក ហ៊ុន សែន ថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរៀបចំដំណើរការបានល្អ និងបានច្រានចោលការរិះគន់នានាថាជាការបំភ្លៃការពិត។
លោកថ្លែងថា៖ «អ៊ីចឹងតើពួកអ្នកឯង[ក្រុមប្រឆាំង]ដែលចោទថា គេលួចសន្លឹកឆ្នោតនេះ ហ៊ានស្បថឱ្យរន្ទះបាញ់ងាប់ឬអត់?»
ដូចគ្នាដែរ លោកក៏បានច្រានចោលសំណើរបស់គណបក្សភ្លើងទៀនដែលចង់ពិភាក្សាពីកំណែទម្រង់ការបោះឆ្នោត សម្រាប់ការបោះឆ្នោតសកលនាឆ្នាំខាងមុខផងដែរ។
កាលពីសប្ដាហ៍មុនគណបក្សភ្លើងទៀនបាននិយាយថាខ្លួនចង់ជជែកជាមួយគណបក្សកាន់អំណាចដើម្បីពិភាក្សាលើកំណែទម្រង់គ.ជ.ប ដើម្បីឲ្យប្រាកដថាការបោះឆ្នោតសកលឆ្នាំក្រោយប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា៖ «អ្នកខ្លះនិយាយថាពួកគេចង់ជជែក និងចរចាជាមួយបក្សកាន់អំណាច[ប៉ុន្តែ] គ្មានស្អីត្រូវចរចាទេ។ បើសិនជាអ្នកឯងចង់ជជែក ទៅជជែកជាមួយគ.ជ.ប ទៅ គណបក្សប្រជាជនកម្ពុជាមិនត្រូវការជជែកអីទេ ពីព្រោះគណបក្សប្រជាជនក៏ជាគូប្រកួតប្រជែងដែរ»។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី គឺចំថ្ងៃជាមួយគ្នាដែល គ.ជ.ប ប្រកាសថាខ្លួននឹងចាត់វិធានការច្បាប់ប្រឆាំងនឹងអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ដែលបានអះអាងថាការបោះឆ្នោតមិនធ្វើឡើងដោយសេរី និងយុត្តិធម៌ និងបានចោទ គ.ជ.ប ថាលម្អៀងទៅរកបក្សកាន់អំណាច។
គ.ជ.ប សរសេរក្នុងសេចក្ដីថ្លែងការណ៍ខ្លួនថា៖ «ការថ្លែងនេះមិនអាចទទួលយកបាន ហើយជាការមាក់ងាយ និងប៉ះពាល់ដល់តម្លៃនៃម្ចាស់ឆ្នោតដែលបានចេញទៅបោះឆ្នោត»។
សេចក្ដីថ្លែងការណ៍បន្តថា៖ «វាក៏នឹងប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ គ.ជ.ប»។ សេចក្ដីថ្លែងការណ៍បន្ថែមថាលោក សុន ឆ័យ កំពុងប្រឈមនឹងការផាកពិន័យរហូតដល់ ៥ ០០០ដុល្លារ។
ទាក់ទងទៅនឹងការចោទប្រកាន់របស់លោក សុន ឆ័យ អំពីភាពមិនប្រក្រីនៃការបោះឆ្នោតជ្រើសរើសឃុំសង្កាត់នេះ តំណាងមេធាវីរបស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដោយស្នើដាក់ទោសទណ្ឌលើ លោក សុន ឆ័យ និងទាមទារប្រាក់សំណងចំនួន ៤ពាន់លានរៀល ឬប្រមាណ១លានដុល្លារ។
ដូចគ្នាដែរ លោក ហ៊ុន សែន ថ្លែងថា គ្មានអ្នកណាអាចចោទប្រកាន់កម្ពុជាថាមានការដឹកនាំដោយឯកបក្សទៀតទេ ពីព្រោះថាការបោះឆ្នោតសកលឆ្នាំក្រោយនឹងមានគណបក្សផ្សេងទៀតបានអាសនៈនៅរដ្ឋសភា។
លោកបន្ថែមថា៖ «បើតាមការព្យាករក្នុងឆ្នាំ២០២៣ នឹងមានគណបក្សចម្រុះនៅរដ្ឋសភា»។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីនេះ កើតមានក្រោយពីគណបក្សភ្លើងទៀនបានរិះគន់ចំពោះការបោះឆ្នោតឃុំសង្កាត់ និងបានចោទថាមានការដាក់សម្ពាធ និងគំរាមកំហែងមកលើក្រុមខ្លួន ហើយបានហៅការបោះឆ្នោតនេះថា «អាក្រក់មិនធ្លាប់មាន»។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន មានប្រសាសន៍ថា អ្នកនយោបាយគួរតែមានឆន្ទៈចូលតុចរចា។
លោកបន្តថា៖ «ពួកគេគួរតែគោរពឆន្ទៈប្រជាពលរដ្ឋ ពីព្រោះគណបក្សភ្លើងទៀនក៏មានអ្នកគាំទ្រជាងមួយលាននាក់ដែរ។ ប្រសិនបើពួកគេមិនអើពើ វាបង្កជាការចែកបក្សពួក។ ក្នុងប្រទេសប្រជាធិបតេយ្យយើងត្រូវតែជជែកគ្នាពីការធ្វើកំណែទម្រង់ គ.ជ.ប»។
លោក ថាច់ សេដ្ឋា ឲ្យដឹងថាគណបក្សលោកបានដាក់ពាក្យបណ្ដឹងជាង ១០០បណ្ដឹងទាក់ទងនឹងភាពមិនប្រក្រតីអំឡុងពេលបោះឆ្នោត។ លោកថា មានបណ្ដឹងខ្លះបានដោះស្រាយនៅថ្នាក់ក្រោម និងបណ្ដឹងខ្លះត្រូវបានទម្លាក់ចោល។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ក្នុងដំណើរការបោះឆ្នោតកន្លងមក គ.ជ.ប បានទទួលបណ្ដឹងចំនួន ១៩២បណ្ដឹងពីគណបក្សនយោបាយនានា ប្ដឹងពីភាពមិនប្រក្រតីពេលបោះឆ្នោត។
លោកក៏បានច្រានចោលការអះអាងថា គ.ជ.ប លម្អៀងទៅរកគណបក្សកាន់អំណាច។ លោកថា៖ «ទោះបីជា[មន្ត្រី គ.ជ.ប] គឺមកពីគណបក្សនយោបាយ ពួកគេក៏ត្រូវប្រកាន់អព្យាក្រឹត្យភាព ដែលមានន័យថាពួកគេត្រូវតែគោរពតាមគោលការណ៍ផ្ទៃក្នុងរបស់ គ.ជ.ប»។
លោកឲ្យដឹងដែរថា គ.ជ.ប នឹងអញ្ជើញគណបក្សនយោបាយ និងភាគីពាក់ព័ន្ធផ្សេងទៀតចូលរួមសមាជមួយនៅដើមខែកក្កដា ដើម្បីជជែកកែលម្អការបោះឆ្នោតដើម្បីឲ្យការបោះឆ្នោតខាងមុខកាន់តែប្រសើរ។
យ៉ាងណា អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា លោកជឿថាការបោះឆ្នោតសកលឆ្នាំក្រោយនឹងមិនខុសការបោះឆ្នោតឆ្នាំនេះនោះទេ។
លោកឲ្យដឹងថា៖ «យន្ដការរបស់ គ.ជ.ប នៅពេលនេះនឹងនៅតែបន្តប្រើ ហើយអ្វីដែលគេហៅថាការបោះឆ្នោតដោយសេរី និងយុត្តិធម៌មិនអាចទៅរួចទេ ដូចដែលបានឃើញហើយថាការបោះឆ្នោតឃុំ សង្កាត់នេះ មានលេចចេញភាពមិនប្រក្រតីច្រើនមកហើយ»។
លោកបន្ថែមថាការណ៍នេះអាចធ្វើឲ្យមានការព្រួយបារម្ភច្រើនពីសហគមន៍អន្តរជាតិ ដែលជាអ្វីដែលរដ្ឋាភិបាលយើងត្រូវឆ្លើយតប។ លោកថា កម្ពុជាបានទទួលប្រយោជន៍ពាណិជ្ជកម្មច្រើនពីសហគមន៍អ៊ឺរ៉ុប និងអាមេរិក ដែលលោកថា អ្នកទាំងនេះមានទម្ងន់ក្នុងការទាមទារឲ្យមានកំណែទម្រង់ច្រើនជាងក្រុមប្រឆាំង។
លោកបន្តថា៖ «ការចរចាត្រូវធ្វើតាមរយៈសហគមន៍អន្តរជាតិ ពីព្រោះថាគណបក្សប្រឆាំងនៅតូច មិនមានអំណាចក្នុងការចរចាជាមួយបក្សកាន់អំណាចទេ…យ៉ាងណា សម្ពាធពីសហគមន៍អន្តរជាតិអាចរុញឲ្យរដ្ឋាភិបាលចរចា និងផ្ដល់សេរីភាពច្រើនជាងមុន»។
កាលពីសប្ដាហ៍មុន អង្គការសង្កេតការចំនួនប្រាំបានចេញរបាយការណ៍បឋមរបស់ខ្លួននិយាយពីភាពមិនប្រក្រតី ដោយមានទាំងកងកម្លាំងប្រដាប់អាវុធនៅតាមមណ្ឌលបោះឆ្នោត និងមានអាជ្ញាធរកត់ត្រាឈ្មោះអ្នកទៅបោះឆ្នោត។
បន្ថែមពីនេះ ពេលរាប់សន្លឹកឆ្នោត មានមណ្ឌលខ្លះបានហាមអ្នកសង្កេតការមិនឲ្យចូលទៅជិត។ មួយវិញទៀត បង្អួចនៅតាមការិយាល័យបោះឆ្នោតខ្លះបានបិទពេលកំពុងរាប់សន្លឹកឆ្នោត និងមានការហាមមិនឲ្យប្រជាពលរដ្ឋចូលមើល។
បើតាមលទ្ធផលបោះឆ្នោតបឋមចេញដោយ គ.ជ.ប គណបក្សចំនួន ១៧ដែលបានចូលរួមការបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀនប៉ុណ្ណោះដែលទទួលបានកៅអីជាមេឃុំនិងចៅសង្កាត់ ហើយគណបក្សប្រជាជនកម្ពុជាទទួលបានច្រើនបំផុត។ លទ្ធផលផ្លូវការរំពឹងថានឹងបង្ហាញជាផ្លូវការនៅថ្ងៃទី២៦ ខែមិថុនា ខាងមុខ ៕ (រាយការណ៍បន្ថែមដោយ ទ្រី ថានី)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hun Sen Praises ‘free and fair’ commune election, denies vote rigging