អតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មានថា ប៉ុន្មានថ្ងៃមុនមានអ្នកប្រមាថ និងប៉ុនប៉ងសម្លាប់រូបលោក និងកូនរបស់លោក ហើយលោកទាមទារឱ្យមានការដោះស្រាយពីក្រុមហ៊ុនហ្វេសប៊ុក ខណៈអ្នកវិភាគមិនអាចសន្និដ្ឋានថារឿងរ៉ាវនេះជាការពិត ឬយ៉ាងណាទេ។
លោកហ៊ុន សែន បានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំរដ្ឋសភា លើកដំបូងនៃ នីតិកាលទី៧ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នេះ នៅវិមានរដ្ឋសភាថា ប៉ុន្មានថ្ងៃមុនមានអ្នកប្រមាថ និងប៉ុនប៉ងសម្លាប់រូបលោក និងកូនរបស់លោក គឺ ហ៊ុន ម៉ាណែត។ ទោះបីលោកហ៊ុន សែនបានប្រកាសឈប់ប្រើហ្វេសប៊ុក ដោយបង្វែរទៅប្រើបណ្តាញទំនាក់ទំនងសង្គមផ្សេងទៀត តែយ៉ាងណាលោកចង់ដឹងថា តើក្រុមហ៊ុនហ្វេសប៊ុននឹងមានចំណាប់ការណ៍ដូម្តេច ចំពោះអ្នកបង្ហោះសារប៉ុនប៉ងសម្លាប់កូនរបស់លោក។
លោកលើកឡើងថា៖ «ខ្ញុំក៏ចង់ដឹងដែរ ចង់ដឹងហ្វេសប៊ុក ប៉ុន្មានថ្ងៃមុនមានអ្នកប៉ុនប៉ងសម្លាប់ជីវិតកូនរបស់ខ្ញុំ»។
យ៉ាងណាមិញលោកហ៊ុន សែន ក៏មិនបានបញ្ជាក់ឱ្យច្បាស់អំពីអត្តសញ្ញាណបុគ្គល ដែលបានបង្ហោះសារប្រមាថ និងប៉ុនប៉ងសម្លាប់កូនរបស់លោកឡើយ ហើយក៏មិនបញ្ជាក់ថានឹងមានវិធានការយ៉ាងណាខ្លះចំពោះបុគ្គលនោះ។ ដោយលោកត្រឹមទាមទារឱ្យក្រុមហ៊ុនហ្វេសប៊ុក ជាពិសេសសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យនៃក្រុមហ៊ុន Meta ដែលគ្រប់គ្រងហ្វេសប៊ុកប្រចាំប្រទេសកម្ពុជា ដែលត្រូវបានរដ្ឋាភិបាលបណ្តេញចេញពីប្រទេសកម្ពុជាកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ថាតើត្រូវដោះស្រាយយ៉ាងណាខ្លះចំពោះបញ្ហានេះ។
លោកបន្ថែមថា៖ «អារឿងហ្វេសប៊ុកហ្នឹង តើមានតាមដានអារឿងគេចង់សម្លាប់ហ៊ុន ម៉ាណែតទេ? អាណុងបែបទង្វើនេះ ចាត់ទុកថាជាទង្វើបញ្ចេញមតិ!»។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សុំមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះទេ ដោយលោកថាមិនបានដឹងរឿងរ៉ាវនេះ ហើយលោកបង្វែរសំណួរឱ្យទៅសួរសមត្ថកិច្ចដែលពាក់ព័ន្ធតួនាទី និងកំពុងបំពេញភារកិច្ចចំពោះរឿងនេះវិញ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគ្មានថាមិនទាន់រកឃើញ ឬរកឃើញអីណា!។ ឱ្យសួរទៅសមត្ថកិច្ចដែលគាត់ពាក់ព័ន្ធតួនាទី និងភារកិច្ចរបស់គាត់ បានគាត់ដឹងរឿងរាក់ជ្រៅយ៉ាងណា»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃលើកឡើងថា ពេលវេលានេះទុកឱកាសឱ្យសមត្ថកិច្ចជំនាញដើម្បីធ្វើការ និងស៊ើបអង្កេត ដោយលោកមិនអាចបកស្រាយឱ្យលើសពីដែនសមត្ថកិច្ចបានទេ ទោះបីយ៉ាងណាសមត្ថកិច្ចស្វែងរកឃើញព័ត៌មានខ្លះៗហើយ មកដល់ពេលនេះ។
លោកបញ្ជាក់ថា៖ «ជំនាញរបស់យើងកំពុងចាប់វិធានការ ក្រោយពីសម្តេចមានប្រសាសន៍ភ្លាម ហើយយើងក៏មានដានខ្លះៗដែរ»។
អ្នកនាំពាក្យរូបនេះបន្ថែមថា ជំនាញសមត្ថកិច្ចគេដឹង និងចាប់តែអ្នកបង្ហោះសារប្រភពដើម ដោយមិនចាប់បុគ្គលដែលស៊ែរបន្តនោះទេ ហើយកន្លងមកសមត្ថកិច្ចក៏បានចាប់បុគ្គលមួយចំនួន និងបញ្ចូនទៅតុលាការផងដែរ។ ទើបមកដល់ពេលនេះ ការជេរ ការប្រមាថគ្នានៅតាមបណ្តាញសង្គមមានការអន់ថយ។ តែយ៉ាងណា លោកបញ្ជាក់ថា បុគ្គលដែលបង្ហោះសារប្រមាថ រហូតដល់ប៉ុនប៉ងសម្លាប់លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត គឺភាគច្រើននៅក្រៅប្រទេស។
លោកអះអាងថា៖ «ភាគច្រើនដែលធ្វើបែបនេះ វាអត់នៅក្នុងប្រទេស ពេលខ្លះ ជាពិសេសពួកបក្សប្រឆាំងហ្នឹងឯង»។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta ដែលគ្រប់គ្រងលើហ្វេសប៊ុក មិនអាចសុំការអត្ថាធិប្បាយបានទេក្នុងរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។
លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ លើកឡើងថា ចំពោះរឿងរ៉ាវនេះ មិនអាចសន្និដ្ឋានបានថាជាការពិតឬយ៉ាងណាទេ វាអាស្រ័យលើសមត្ថកិច្ចស្រាវជ្រាវ ដើម្បីស្វែងរកការពិត និងពាក់ព័ន្ធជាមួយនរណាខ្លះ។ នៅពេលរកឃើញករណីខុសច្បាប់ យើងត្រូវអនុវត្តតាមផ្លូវច្បាប់។ អ្នកវិភាគរូបនេះ មិនហ៊ានថាកាលដែលលោក ហ៊ុន សែន លើកឡើងពីការប៉ុនប៉ងសម្លាប់លោក ហ៊ុន ម៉ាណែត គឺជារឿងនយោបាយ ឬយ៉ាណាទេ តែលោកជំរុញឱ្យមានការស៊ើបអង្កេតដោយតម្លាភាព។
លោកបន្តថា៖ «យើងមិនគាំទ្រទេអ្នកដែលប្រព្រឹត្តបទល្មើស អ្នកណាប្រព្រឹត្តល្មើស អ្នកហ្នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ តែយ៉ាងណាសូមឱ្យមានការស៊ើបអង្កេតដោយតម្លាភាពមួយ ដើម្បីបង្ហាញការពិត»។
ទន្ទឹងនេះលោកថា ការបង្ហោះសារប្រមាថ ឬប៉ុនប៉ងសម្លាប់ ដែលបង្ហោះដោយពលរដ្ឋរស់នៅក្រៅប្រទេស វាជារឿងលំបាកដែលអាចស្រាវជ្រាវដឹង ឬឈានទៅដល់ចាប់ខ្លួន ព្រោះអាស្រ័យលើច្បាប់ប្រទេសនិមួយៗ កិច្ចសហប្រតិបត្តិការ និងការអនុវត្តផ្សេងៗគ្នានៃប្រទេស។
លោកបន្ថែមថា៖ «សិទ្ធិសេរីភាពនៃការបញ្ចេញមតិ វាជាសិទ្ធិសេរីភាពធានាដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិ ក៏ប៉ុន្តែទោះយ៉ាងណាយើងត្រូវប្រកាន់ភ្ជាប់ក្រមសីលធម៌ផងដែរ»៕