អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួនពីររូបបន្ថែមទៀតបានដាក់សំណើសុំធ្វើនយោបាយឡើងវិញ ដែលនាំឲ្យចំនួនមន្ត្រីអតីតគណបក្សប្រឆាំងមួយនេះឡើងដល់២៤រូបហើយដែលបានសុំសិទ្ធិធ្វើនយោបាយ ខណៈបេក្ខជនមួយចំនួនត្រៀមខ្លួនចូលរួមការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំក្រោយ។
អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ ជាអតីតសមាជិកគណៈកម្មាធិការនាយក និងជាមេធាវី លោក កឹម សុខា ផង កាលពីថ្ងៃទី១៧ ខែឧសភា បានដាក់លិខិតមួយច្បាប់ទៅក្រសួងមហាផ្ទៃ ដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ អ្នកទាំងពីរ ជាមនុស្សដែលស្ថិតក្នុងចំណោមអ្នកនយោបាយជាង១០០នាក់របស់គណបក្សសង្គ្រោះជាតិដែលត្រូវហាមធ្វើនយោបាយរយៈពេលប្រាំឆ្នាំ។
សំណើនេះបានធ្វើឡើងមួយថ្ងៃក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមបង្ក្រាបចលនាប្រឆាំងដែលអាចរំខានដល់ការបោះឆ្នោតឃុំ–សង្កាត់នៅឆ្នាំ២០២២។
តាមរយៈសារលិខិតមួយចេញទី១៦ ខែឧសភា ក្នុងថ្ងៃរំឮកខួបអនុស្សាវរីយ៍៧៦ឆ្នាំនៃកម្លាំងនគរបាលជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅ «ក្រុមឧទាម» ដែលសំដៅដល់ក្រុមអតីតបក្សសង្គ្រោះជាតិ ថាប៉ុនប៉ងវាយប្រហារការបោះឆ្នោតឆ្នាំក្រោយ ដើម្បីរំខាន «ដំណើរការនៃព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយនេះ»។
បើតាមលិខិតដដែល លោកបានលើកឡើងថា៖ «ដូចនេះ ស្ថានការណ៍ទៅថ្ងៃខាងមុខ ទោះបីតិចឬច្រើន ដោយផ្ទាល់ ឬដោយប្រយោល សុទ្ធតែមានផលប៉ះពាល់សន្ដិសុខផ្ទៃក្នុងយ៉ាងពិតប្រាកដ»។ លោកនាយករដ្ឋមន្ត្រីបន្ថែមថា ការគំរាមកំហែងនេះ ទាមទារឲ្យកម្លាំងនគរបាលជាតិត្រូវបន្តខិតខំពង្រឹងការបំពេញតួរនាទីបន្ថែមទៀត។
លោកបញ្ជាក់ថា៖ «ការរក្សាស្ថិរភាព ការពារ និងបង្ក្រាបឲ្យទាន់ពេលវេលានូវរាល់ឧប្បាយកលរបស់ក្រុមឧទាមក្បត់ជាតិ និងបក្សពួក ដោយមិនអនុញ្ញាតឲ្យពួកគេសម្រេចផែនការទុច្ចរិតទាំងនេះបានដាច់ខាត»។
ក្រុមអ្នកតាមដានផ្នែកនយោបាយ បានលើកឡើងថាការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីនឹងនាំឲ្យមានការធ្វើទុក្ខបុកម្នេញលើអតីតសកម្មជន និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិនៅក្នុងប្រទេស និងមានការភ័យខ្លាចដល់ការកសាងកម្លាំងណាមួយរបស់បក្សប្រឆាំងសម្រាប់ការបោះខាងមុខ។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា មានប្រសាសន៍ថាសេចក្ដីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រីជាសារមួយថានឹងមិនមានការសម្របសម្រួលនយោបាយ។
លោកបន្ថែមថា៖ «បើសិនជាជាគាត់និយាយដូចនេះក្នុងហេតុផលនយោបាយ វាច្បាស់ណាស់ ថាការដាក់សម្ពាធ និងការចាប់ខ្លួន ក៏ដូចជាការធ្វើទុក្ខបុកម្នេញលើអតីតសកម្មជនគណបក្សប្រឆាំង និងថ្នាក់ដឹកនាំក្នុងស្រុក អាចនឹងកើនមានច្រើនទៀត ជាពិសេសនៅពេលមុនការបោះឆ្នាតឃុំ–សង្កាត់»។ លោកថា អវត្តមានគណបក្សប្រឆាំងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មួយនឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
លោកបន្ថែមថា៖ «សង្គមប្រជាធិបតេយ្យត្រូវមានគណបក្សប្រឆាំងខ្លាំងក្លាមួយដើម្បីប្រកួតប្រជែងជាមួយបក្សកាន់អំណាច។ ចំនួនគណបក្សច្រើនចូលរួមការបោះឆ្នោតនាពេលខាងមុខគ្រាន់តែជាតួលេខប៉ុណ្ណោះ…ហើយវាពិបាកនិយាយថាប្រទេសមួយកំពុងអនុវត្តប្រព័ន្ធប្រជាធិបតេយ្យ»។
មន្ត្រី និងសមាជិកគណបក្សសង្គ្រោះជាតិត្រូវបានស្ថិតនៅក្នុងស្ថានភាពលំបាកមួយ តាំងពីគណបក្សនេះត្រូវបានរំលាយដោយតុលាការកំពូលក្នុងឆ្នាំ២០១៧ ក្រោយបានទទួលការគាំទ្រច្រើនក្នុងការបោះឆ្នោតជាតិ និងឃុំ–សង្កាត់។
សមាជិកគណបក្សជាង១៥០រូប និងអ្នកពាក់ព័ន្ធផ្សេងទៀតត្រូវបានជាប់ទោស និងកាត់ទោស ដែលការណ៍នេះរងការរិះគន់ថាជាដំណើរការមិនត្រឹមត្រូវ។ បន្ទាប់ពីគណបក្សត្រូវរំលាយ មន្ត្រីជាន់ខ្ពស់គណបក្ស១១៨រូបត្រូវបានហាមឃាត់ធ្វើនយោបាយរយៈពេលប្រាំឆ្នាំ។ អ្នកឃ្លាំមើលខ្លះបានរិះគន់លើនីតិវិធី «ផ្ដល់សិទ្ធិធ្វើនយោបាយឡើវិញ» ដោយថាវាគឺជាវីធីមួយដែលរដ្ឋាភិបាលធ្វើឡើងដើម្បីឲ្យគ្រាន់តែល្អមើលសម្រាប់ការបោះឆ្នោតខាងមុខ។ ក្នុងចំណោមអ្នកដែលបានដាក់សំណើ និងទទួលបាន «សិទ្ធធ្វើនយោបាយឡើងវិញ» មានខ្លះបានទៅចូលរួម ឬបង្កើតបក្សប្រឆាំងតូចៗ និងមានខ្លះបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
អ្នកវិភាគនយោបាយ លោក មាស នី មានប្រសាសន៍ថា ការសុំ «សិទ្ធិធ្វើនយោបាយ» ជាសិទ្ធិរបស់បុគ្គលម្នាក់ៗ មិនមានអ្នកណាអាចហាមឃាត់បានទេ ហើយវាមិនមែនមានន័យថាអ្នកទាំងនោះនឹងចូលរួមជាមួយគណបក្សនយោបាយនោះដែរ។
លោកថា៖ «អ្នកខ្លះអាចគ្រាន់តែចង់បានសេរីភាពខាងផ្នែកនយោបាយវិញប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់អ្នកដែលនឹងចូលក្នុងនយោបាយ ដោយបង្កើតបក្សផ្ទាល់ខ្លួនសម្រាប់ចូលរួមការបោះឆ្នោតដោយគ្មានយុទ្ធសាស្ត្រ វានឹងគ្រាន់តែធ្វើឲ្យតម្លៃនៃកម្លាំងប្រជាធិបតេត្យធ្លាក់ចុះ»។
អ្នកវិភាគរូបនេះលើកឡើងទៀតថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថាអតីតគណបក្សប្រឆាំងនឹងរំខានដល់ការបោះឆ្នោត គឺវាមិនអាចទៅរួចនោះទេ ព្រោះគណបក្សត្រូវរំលាយទៅហើយ។
លោក សម រង្ស៊ី រស់នៅនិរទេសខ្លួននៅប្រទេសបារាំង ដើម្បីគេចពីការចោទប្រកាន់របស់តុលាការ ជឿថានេះគ្រាន់តែជាចេតនានយោបាយ។ លោក ប្រាប់ខេបូចា តាមរយៈសារអេឡិកត្រូនិកថា ការបោះឆ្នោតដែលតម្រូវឲ្យមានការបង្ក្រាបលើសកម្មភាពរបស់គណបក្សប្រឆាំងគឺមិនមែនជាការបោះឆ្នោតពិតប្រាកដនោះទេ។
លោកបន្ថែមថា៖«គ្មានអ្នកណាគេល្ងង់ទេ ទាំងក្នុង និងក្រៅប្រទេស ប្រសិនបើគណបក្សសង្គ្រោះជាតិមិនត្រូវអនុញ្ញាតឲ្យចូលរួមបោះឆ្នោត»។
លោក សម រង្ស៊ី សរសេរទៀតថា៖ «គណបក្សសង្គ្រោះជាតិបានទទួលកាគាំទ្រ និងបានឈ្នះកៅអីជាច្រើនកាលពីការបោះឆ្នោតឃុំ–សង្កាត់។ ក្នុងន័យនេះ ចេតនារបស់លោក ហ៊ុន សែន ក្នុងការដាក់សម្ពាធលើគណបក្សនឹងត្រូវបរាជ័យ និងបរាជ័យរហូត»។
កម្ពុជានឹងត្រូវរៀបចំការបោះឆ្នោតឃុំ–សង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០២៣។
បច្ចុប្បន្ន មានគណបក្សចំនួនបួនហើយត្រូវបង្កើត និងដឹកនាំដោយអតីតមន្ត្រីគបក្សសង្គ្រោះជាតិ ក្នុងនោះរួមមានគណបក្សទើបបង្កើតថ្មីឈ្មោះ គណបក្សកែទម្រង់កម្ពុជា ដឹកនាំដោយ លោកអ៊ូ ច័ន្ទរ័ត្ន។
លោកអ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា គណបក្សលោកកំពុងរៀបចំរចនាសម្ព័ន្ធត្រៀមខ្លួនចូលរួមការបោះឆ្នោតឃុំ–សង្កាត់ខាងមុខ។
លោកបន្ថែមថា៖ «យើងយល់ថាសំឡេងនៅតាមមូលដ្ឋានមានសារសំខាន់ណាស់ក្នុងការការពារផលប្រយោជន៍ប្រជាជន។ យើងមើលឃើញថា ក្រោយគណបក្សសង្គ្រោះជាតិត្រូវរំលាយ ប្រជាពលរដ្ឋនៅតែស្មោះត្រង់នឹងគណបក្ស ប៉ុន្តែឥឡូវនេះវាមានរយៈពេលបីឆ្នាំហើយ ហើយប្រជាពលរដ្ឋត្រូវការគណបក្សប្រឆាំងដែលអាចប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច ដើម្បីការពារផលប្រយោជន៍របស់ពួកគាត់»។
លោកអ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា លោក ផាន់ ច័ន្ទសាក់ នឹងចូលរួមជាមួយគណបក្សកែទម្រង់កម្ពុជា។ លោក ប៉ុល ហំម មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
អ្នកនាំពាក្យគណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា គជប នឹងចាប់ផ្ដើមធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅខែតុលា។
លោកបន្ថែមថា៖ «គជប បានត្រៀមរៀបចំដំណើរការបោះឆ្នោតដូចធម្មតា ប៉ុន្តែដូចជាលឿនបន្តិចដែលត្រូវនិយាយពីដំណើរការនោះ ពីព្រោះយើងនៅមានពេលវេលាច្រើនទៅមុខទៀត»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការខុមហ្វ្រែល លោក កង សាវាង្ស មានប្រសាសន៍ថា ខុមហ្វ្រែល កំពុងឃ្លាំមើលការរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោត និងកំពុងពិនិត្យមើលលើទិដ្ឋភាពច្បាប់របស់ច្បាប់ស្ដីពីគណបក្សនយោបាយ ដើម្បីរកមើលថាតើមានបញ្ហាប្រឈមឬយ៉ាងណា។
លោកបន្ថែមថា៖ «យើងមិនទាន់មានគម្រោងសម្រេចចិត្តនៅឡើយថាតើនឹងត្រូវចូលរួមឃ្លាំមើលការបោះឆ្នោត ព្រោះយើងមានក្រុមអង្គការសង្គមស៊ីវិលច្រើនដែលនឹងត្រូវសម្រេចចិត្ត។ យើងនឹងចូលរួម បើយើងរកឃើញថាការបោះឆ្នោតប្រព្រឹត្តិទៅដោយសេរី និងយុត្តិធម៌»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hun Sen warns of ‘rebel group’ disrupting 2022 commune elections, as high-ranking CNRP officials allowed to rejoin politics