សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ហ្វេសប៊ុករបស់លោក ហ៊ុន សែន និងវីដេអូបែបអុជអាល ដំណើរការឡើងវិញហើយនៅប៉ុន្មានថ្ងៃមុនការបោះឆ្នោត

រូបភាពscreenshotពីទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ថ្ងៃទី២១ ខែកក្កដា នៃវីដេអូបង្ហោះកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ដែលលោក ហ៊ុន សែន បានគំរាមក្នុង សុន្ទរកថានៅថ្ងៃដដែលនោះ ឱ្យចាត់វិធានការផ្លូវច្បាប់ ឬប្រើអំពើហិង្សាលើសមាជិកបក្ស ប្រឆាំង។
រូបភាពscreenshotពីទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ថ្ងៃទី២១ ខែកក្កដា នៃវីដេអូបង្ហោះកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ដែលលោក ហ៊ុន សែន បានគំរាមក្នុង សុន្ទរកថានៅថ្ងៃដដែលនោះ ឱ្យចាត់វិធានការផ្លូវច្បាប់ ឬប្រើអំពើហិង្សាលើសមាជិកបក្ស ប្រឆាំង។

គណនីហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍ ត្រូវ​បាន​បើក​ឱ្យ​ដំណើរ ការ​ឡើង​វិញហើយ ​បី​​សប្តាហ៍​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ត្រួត​ពិនិត្យ​របស់ Meta បាន​ប្រកាស​ថា ខ្លួន​បាន​ណែ​នាំ​​ឱ្យ​ផ្អាក​គណនីហ្វេសប៊ុក និងInstagram របស់​លោក​រយៈពេល៦ខែ។

នៅតែប៉ុន្មានថ្ងៃប៉ុណ្ណោះ​មុនការបោះឆ្នោតថ្ងៃទី​២៣ ខែកក្កដា ឃ្លីប​វីដេអូដែលជាកម្មវត្ថុ​នៃការ​ស៊ើប​អង្កេត​​របស់ក្រុមប្រឹក្សាត្រួតពិនិត្យ ក៏បើក​មើល​បាន​វិញ​ដែរ ដែលជាឃ្លីបវីដេអូ​​សុន្ទរកថា​បែប​អុជអាល​ផ្សាយ​បន្តផ្ទាល់កាលពីថ្ងៃទី៩ ខែមករា ដោយ​ក្នុង​នោះ​លោក​នាយករដ្ឋមន្ត្រី​បានគំរាមប្រើ​វិធានការ​ផ្លូវ​ច្បាប់ ឬ«ដំបង» ប្រឆាំងនឹងគូប្រជែងនយោបាយរបស់ខ្លួន។

ក្រុមប្រឹក្សាត្រួតពិនិត្យ​ (Oversight Board) បានជំទាស់ទៅនឹង​ការសម្រេចថ្ងៃទី២៩ ខែមិថុនា របស់​ក្រុមហ៊ុន Meta ក្នុងការ​រក្សាទុក​ឃ្លីបវីដេអូ​នោះ ដោយ​ចេញ​នូវ​សេចក្ដី​សម្រេច​ស្ថាពរ​មួយដែល​តម្រូវឱ្យ​ក្រុមហ៊ុន​ Meta លុបឃ្លីបវីដេអូនោះចោលក្នុងរយៈពេល៧ថ្ងៃ ។

ក្រុមប្រឹក្សាត្រួតពិនិត្យ​បាន​លើកឡើងនៅក្នុង​សេចក្ដីសម្រេចរបស់​ខ្លួន​យ៉ាង​ដូច្នេះ «នៅក្នុង​ឃ្លីបវីដេអូ​នៃ​ករណីនេះ ​មាន​​សេចក្ដីថ្លែការណ៍យ៉ាងច្បាស់អំ​ពីចេតនា​ប្រព្រឹត្ត​ហិង្សា​ប្រឆាំងនឹងគូប្រជែងនយោបាយ​របស់​​លោក ហ៊ុន សែន ដែល​រំលោភគោលនយោបាយស្ដីពីអំពើហិង្សា​និង​ការញុះញង់​យ៉ាង​ជាក់​ច្បាស់»

«បើតាម​ច្បាប់ Meta ត្រូវអនុវត្ត​សេចក្ដីសម្រេចចិត្ត​ស្ថាពរ​របស់​យើង ទោះក្នុងករណីណា​ក៏ដោយ នៅ​ក្នុង​រយៈពេល៧ថ្ងៃ» នេះ​ជាប្រសាសន៍របស់​លោក Jeffrey Gelman អនុប្រធានស្ដីទីរបស់ក្រុមប្រឹក្សា​ត្រួតពិនិត្យ ទទួលបន្ទុក​ទំនាក់ទំនង​សាកល​ និង​កិច្ចការសាធារណៈ នៅក្នុង​អ៊ីម៉ែល​មួយ​ដែល​ផ្ញើតប​មក​កាន់​សារព័ត៌មាន ខេមបូចា កាលពីថ្ងៃព្រហស្បតិ៍ ។

អ៊ីម៉ែល​ដាច់​ដោយ​ឡែក​មួយ​​ទៀតពីមន្ត្រីអ្នកនាំពាក្យ​របស់ក្រុមប្រឹក្សាត្រួតពិនិត្យដែល​ផ្ញើ​មក ខេមបូចា នៅថ្ងៃទី១ ខែកក្កដា បាន​សរសេរថា ជាធម្មតា ក្រុមហ៊ុន Meta មានចំណាត់ការ​បន្ទាន់ភ្លាមៗ​ឆ្លើយតប​ទៅ​នឹង​​ការសម្រេចរបស់​ក្រុមប្រឹក្សា ពោល​គឺ ​«ក្នុងពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីការចេញ​ផ្សាយ»

សារមួយ​ចេញពី Meta Transparency Center នៅថ្ងៃទី២៩ ខែមិថុនា បាន​ថ្លែងថា Meta ស្វាគមន៍​សេចក្ដី​​សម្រេចរបស់​ក្រុមប្រឹក្សាត្រួតពិនិត្យ និងថា៖ «Meta នឹង​មានចំណាត់ការ​ដើម្បី​អនុវត្ត​តាម​សេចក្ដី​សម្រេចរបស់​ក្រុមប្រឹក្សា និង​លុប​ចោល​នូវមាតិកា​នោះ»

នៅខណៈ​នៃការចុះផ្សាយអត្ថបទនេះ ក្រុមហ៊ុន Meta ពុំបានឆ្លើយតបនឹង​សំណើ​សុំ​ការអធិប្បាយ​ថា​តើ​មូលហេតុអ្វី​បានជា​គ្លីប​វីដេអូ​នោះ​ស្ថិតនៅលើ​ហ្វេសប៊ុកដដែល ។

លោក ហ៊ុន សែន បានប្រកាស​ក្នុងសារ​តេឡេក្រាមរបស់គាត់​ កាលពី​ថ្ងៃទី២៨ ខែមិថុនា​ ថា លោកនឹង​ឈប់​ប្រើប្រាស់ហ្វេសប៊ុក និងងាក​មក​ប្រើ​តេឡេក្រាមវិញ ដោយសារវាមាន«ប្រសិទ្ធភាព»ជាង និង​គ្មាន​បញ្ហា«ការលួចចូលប្រើប្រាស់» ដូច​នៅលើ​ហ្វេសប៊ុក។ ក្នុងពេល​តែប៉ុន្មានម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​ការ​ចេញផ្សាយ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាត្រួតពិនិត្យ​នៅថ្ងៃទី២៩ ខែមិថុនា គណនី​ហ្វេសប៊ុក​[របស់​លោក ហ៊ុន សែន] ទំនងជាត្រូវបាន​បិទដំណើរការ ។

សារថ្មីមួយ​ត្រូវបាន​​បង្ហោះ​នៅលើ​ទំព័រហ្វេសប៊ុកដែល​បើក​ឡើងវិញ​របស់​លោក ហ៊ុន សែន នៅ​វេលា​ម៉ោង១២និង៣២នាទីព្រឹកថ្ងៃព្រហស្បតិ៍ និង​មានបញ្ជាក់ឈ្មោះអ្នកសរសេរ​ថាជាលោក ដួង តារា ជំនួយ​ការកាន់ផ្នែក​បណ្ដាញ​សង្គមរបស់​លោក ហ៊ុន សែន ។ សារនោះ​បានអះអាងថា លោក តារា មាន​បំណង​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​មួយ​នេះជាបន្តទៀត ។

សារនោះ​បាន​ថ្លែង​យ៉ាង​ដូច្នេះថា៖ «ខ្ញុំមិនចង់បាត់បង់​ផេក​ដ៏សំខាន់​ ដែល​ខ្ញុំ​បានប្រើពេល​ ១៣ឆ្នាំ​កន្លងមក​នេះឡើយ ។ ខ្ញុំ​បាន​សម្រេចចិត្ត​យកប្រើឡើងវិញ និង​សូមស្នើសុំ​រក្សាផេកនេះ​ទុក​បន្ត​ប្រើជា​ប្រយោជន៍​សង្គមជាតិ ទោះបី​សម្ដេចតេជោ​[ហ៊ុន សែន]មិន​ប្រើក៏ដោយ»

លោក តារា បានប្រាប់​ ខេមបូចា ថា ពីពេលនេះ​តទៅ ទំព័រហ្វេសប៊ុក​របស់​លោក ហ៊ុន សែន នឹង​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់លោក តារា និង​ជា​កម្មសិទ្ធិរបស់​លោក ពីព្រោះ​លោក​បាន​បង្កើត​​វា​នៅ​ឆ្នាំ​២០១០ និង​ជា«អ្នកកាន់»ផេកនេះ​តាំងពីពេលនោះ​រហូត​មក ។ លោក​នឹង​បង្ហោះ​ព័ត៌មាន​សំខាន់ៗ​អំពី​ការអភិវឌ្ឍ​សង្គម ​និង​ព័ត៌មាននានា​ដើម្បី​ឱ្យ​ប្រជាជន​បានដឹងអំពី​លោក ហ៊ុន សែន។

លោក តារា និយាយ​យ៉ាងដូច្នេះថា៖ «សម្ដេច [ហ៊ុន សែន] បានសម្រេចចិត្ត​មិនប្រើ​វាទៀតទេ ហើយ​ខ្ញុំ​យល់ឃើញថាវា​មាន​ប្រយោជន៍ ។ ខ្ញុំ​ជា​ម្ចាស់​ផេក​នេះ ដែលខ្ញុំបាន​កាន់​និង​គ្រប់គ្រង​វា​កន្លងមក ។ ខ្ញុំ​បាន​សម្រេចចិត្តប្រើ​ប្រាស់​ផេកនេះ​ជា​របស់​ផ្ទាល់ខ្លួន​របស់ខ្ញុំ មិនពាក់ព័ន្ធនឹង​សម្ដេចទេ»

លោក តារា បានប្រាប់​ ខេមបូចា ថា មានបណ្ដាញសង្គមធំៗចំនួនបីដែល​លោក​នាយករដ្ឋមន្ត្រី​ប្រើប្រាស់​បច្ចុប្បន្ន រួមមាន តេឡេក្រាម, Twitter និង TikTok ។ លោក​បាន​លើកឡើង​ថា ប្រទេស​កម្ពុជា​បាន​បង្កើតនិងដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធីបណ្ដាញសង្គមថ្មីមួយ ឈ្មោះថា Happy Watch ដែល​ស្រដៀងគ្នា​ទៅនឹងហ្វេសប៊ុក​ដែរ ដែល​អ្នកប្រើប្រាស់​អ្នក​ធ្វើការផ្សាយ​ផ្ទាល់​វីដេអូ និង​បង្ហោះ​រូបភាពបាន ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងថា៖ «សម្ដេច [ហ៊ុន សែន] នៅតែប្រើប្រាស់​តេឡេក្រាមដដែល រីឯ​ ដួង តារា ប្រើប្រាស់​ហ្វេសប៊ុក​ក្នុង​នាម​ជាមន្ត្រី​ដែល​ស្និទ្ធនឹង​សម្ដេច និង​គ្រាន់តែ​ដើរតួ​ជា​អ្នកនាំពាក្យរបស់សម្ដេច»។ លោកបន្តថា៖ «ដើម្បីជាប្រយោជន៍ដល់​ប្រជាជន គេអាច​ប្រើប្រាស់​ទាំងពីរជម្រើស​ តេឡេក្រាម និងហ្វេសប៊ុក ដើម្បី[ប្រាស្រ័យទាក់ទង]ទៅសម្ដេច»

លោកលើកឡើងថា លោក តារា នឹងទទួលខុសត្រូវ​ចំពោះផេក​ហ្វេសប៊ុក​នេះ ហើយ​អាទិភាព​របស់​នាយករដ្ឋមន្ត្រី គឺ​ផ្សាយព័ត៌មានទៅកាន់​សាធារណជន ។

លោក ស៊ីផាន បន្ថែមថា៖ «ព័ត៌មានបន្ថែមទៀត សូម​ទាក់ទង​ផ្ទាល់​ទៅ​លោក តារា អំពី​ការពិត​ជុំវិញ​ការ​ដែល​លោក​បាន​ត្រឡប់មកប្រើប្រាស់​ផេក​ហ្វេសប៊ុករបស់​នាយករដ្ឋមន្ត្រីវិញ ពីព្រោះ​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន មិនដែលមានប្រសាសន៍ពីរដង​ទេ គាត់មានប្រសាសន៍តែម្ដងៗទេ»

នៅមុននេះ លោក ហ៊ុន សែន បានប្រកាសបដិសេធ​នូវរាល់​ផេកហ្វេសប៊ុកទាំងអស់ដែលពាក់ព័ន្ធនឹង​ឈ្មោះ​គាត់ ដោយ​លោក​បាន​សរសេរ​តាម​តេឡេក្រាមនៅថ្ងៃទី២៩ ខែមិថុនា ថា៖ «ពីថ្ងៃនេះតទៅ ផេក​ហ្វេសប៊ុកណា​ដែលមាន​ឈ្មោះ ហ៊ុន សែន គឺជាផេកក្លែងក្លាយ»

នៅក្រោយ​ការចេញផ្សាយសេចក្ដីសម្រេច​ និង​អនុសាសន៍របស់​ក្រុមប្រឹក្សាត្រួតពិនិត្យ ក្រសួង​ការបរទេស​ក៏បានប្រកាស​នៅថ្ងៃទី៤ ខែកក្កដា ថា សមាជិកទាំង​២២រូប​នៃ​ក្រុមប្រឹក្សាត្រួតពិនិត្យ​របស់​ក្រុមហ៊ុន Meta ត្រូវបានហាមឃាត់​មិន​ឱ្យ​ចូលប្រទេស​កម្ពុជា​ឡើយ។

​​យោងតាម​ការចុះផ្សាយរបស់ Khmer Times នៅមុននេះ​ដែរ លោក តារា បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ភ្ជាប់ទៅប្រព័ន្ធ​តេឡេក្រាម​របស់​លោក ហ៊ុន សែន ដើម្បី​ឱ្យ​បាន​កើនចំនួន​ដល់១លាននាក់ នៅមុន​ការ​បោះឆ្នោតថ្ងៃទី២៣ ខែកក្កដា។ គិតត្រឹម​វេលា​ម៉ោង៤និង៥០នាទី​រសៀលថ្ងៃព្រហស្បតិ៍ តេឡេក្រាម​[របស់​នាយករដ្ឋមន្ត្រី]មាន subscribers ៩៨៦ ៧១៨នាក់ ។ គណនី​ហ្វេសប៊ុករបស់​លោក​មាន​ចំនួន​អ្នកតាមដាន១៤លាននាក់ ។

លោក មាស នី អ្នក​វិភាគនយោបាយ បាន​លើកឡើង​ថា ប្រជាជន​នៅតាមតំបន់ជនបទ​អាចនឹង​ចូល​ចិត្ត​​តាមដាន​លោក​នាយករដ្ឋមន្ត្រី​នៅលើហ្វេសប៊ុក​ជាង ពីព្រោះ​សេវាអ៊ីនធឺណិតរបស់ពួកគេ​នៅមាន​ល្បឿនយឺត ។

លោក មាស នី បាន​លើកឡើង​យ៉ាង​ដូច្នេះថា៖ «បើធៀបគ្នា TikTok ត្រូវការអ៊ីនធឺណិត​ច្រើន ដូច្នេះ ប្រសិន​បើ​ប្រជាជនរស់នៅតាមតំបន់ជនបទ ពួកគាត់​មិនអាច​មានសំណាង​ច្រើន​ក្នុងការប្រើប្រាស់​អ៊ីនធឺណិត​នោះ​ទេ»។​ លោកបន្តថា៖ «នេះជាហេតុផលមួយ​ក្នុងចំណោមហេតុផល​ផ្សេងទៀត ដែល​បង្ហាញថា សារ​ដែល​នាយករដ្ឋមន្ត្រី​បញ្ជូន​ចេញតាមរយៈ​ TikTok ឬ Telegram ពុំបានច្រើនដូចនៅ​លើហ្វេសប៊ុក​ឡើយ»។​

សេចក្ដីសម្រេចកាលពីខែមិថុនា របស់​ក្រុមប្រឹក្សាត្រួតពិនិត្យ បាន​ជំទាស់​ទៅ​នឹងការសម្រេចរបស់​ក្រុមហ៊ុន​ Meta ក្នុងការ​​រក្សាទុក​វីដេអូ​នៅលើបណ្ដាញសង្គម​​សម្រាប់ជាតម្លៃនៃព័ត៌មាន ដោយ​និយាយ​ថា វិសាលភាព​​​ដែល​​លោក ហ៊ុន សែន អាចធ្វើបាន​នៅលើបណ្តាញ​សង្គមបាន​ធ្វើ​ឱ្យការគំរាមកំហែង​នេះ រីករាលដាលកាន់​តែ​ទូលំទូលាយ ។

សេចក្ដីសម្រេចនោះ​បាន​លើកឡើង​យ៉ាងដូច្នេះថា៖ «ក្រុមប្រឹក្សា​យល់ឃើញថា ក្រុមហ៊ុន Meta មាន​កំហុស​ដែល​អនុវត្ត​លក្ខខណ្ឌ​តម្លៃនៃព័ត៌មាន​នៅក្នុង​ករណីនេះ ដោយសារតែ​គ្រោះថ្នាក់​ដែល​បង្ក​ដោយ​​ការ​អនុញ្ញាត​ឱ្យ​មាតិកា​នោះ​បន្ត​ស្ថិតនៅលើ​បណ្ដាញសង្គម មានទម្ងន់ធ្ងន់ជាង​គុណតម្លៃ​ប្រយោជន៍​​សាធារណៈ​របស់​មាតិកានោះ»

ក្រុមប្រឹក្សា​ត្រួតពិនិត្យ​ក៏បានផ្ដល់អនុសាសន៍​ផង​ដែរ ឱ្យ​ផ្អាក​ផេក​ហ្វេសប៊ុក និង​ Instagram របស់​លោក ហ៊ុន សែន រយៈពេល​៦ខែ ។ ផ្ទុយពីសេចក្ដីសម្រេចរបស់​ក្រុមប្រឹក្សាចំពោះករណី​ឃ្លីបវីដេអូអនុសាសន៍របស់ខ្លួន​នេះ​ពុំមែនជាការបិទផ្លូវតវ៉ា​ជាស្ថាពរ​នោះទេ ហើយ​ហ្វេសប៊ុកមាន​ពេល៦០ថ្ងៃ ដើម្បី​ឆ្លើយតប៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hun Sen’s Facebook Page, Incendiary Video Back Up Days Before Election

161 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម