សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

លោក ហ៊ុន តូ ទទួលស្គាល់ថាធ្លាប់មានភាគហ៊ុននៅហួយវ័ន ផេ ប៉ុន្តែបដិសេធការពាក់ព័ន្ធនឹងប្រតិបត្តិការរបស់ក្រុមហ៊ុននេះ

អតីតទីស្នាក់ការកណ្ដាលរបស់ហួយវ័ន ផេ ម.ក (Huione Pay PLC.) នៅរាជធានីភ្នំពេញ។ រូបភាពថត នៅថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៥ (ខេមបូចា/ព្រីង សំរាំង)
អតីតទីស្នាក់ការកណ្ដាលរបស់ហួយវ័ន ផេ ម.ក (Huione Pay PLC.) នៅរាជធានីភ្នំពេញ។ រូបភាពថត នៅថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៥ (ខេមបូចា/ព្រីង សំរាំង)

លោក ហ៊ុន តូ ដែលជាបងប្អូនជីដូនមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់កាលពីថ្ងៃពុធថា កន្លងមកលោកមានភាគហ៊ុន៣០% នៅក្នុងក្រុមហ៊ុនផ្តល់សេវាទូទាត់ប្រាក់ ហួយវ័ន ផេ (Huione Pay) ដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅពិតមែន ប៉ុន្តែលោកបដិសេធថាមិនបានពាក់ព័ន្ធនឹងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុននោះឡើយ ទោះបីជាកំណត់ត្រាផ្លូវការបង្ហាញថាលោកជានាយកម្នាក់ក៏ដោយ។

សេចក្តីបំភ្លឺរបស់លោក ហ៊ុន តូ បានធ្វើឡើងបន្ទាប់ពីអតិថិជន ហួយវ័ន ផេ បានធ្វើបាតុកម្មលើកទី៤ នៅមុខធនាគារជាតិនៃកម្ពុជា កាលពីសប្ដាហ៍មុន ដោយទាមទារឱ្យអាជ្ញាធរ និងក្រុមហ៊ុនប្រគល់ប្រាក់ឱ្យពួកគេវិញ បន្ទាប់ពីក្រុមហ៊ុនត្រូវបានជម្រះបញ្ជី និងដកអាជ្ញាបណ្ណនៅឆ្នាំ២០២៤ ប៉ុន្តែត្រូវបានរាយការណ៍ថានៅតែបន្តប្រតិបត្តិការក្រោយពីនោះ។

ការតវ៉ានេះបានប្រែក្លាយទៅជាហិង្សានិងនាំឱ្យមានការចាប់ខ្លួនបាតុករពីរនាក់ ដែលក្រោយមកត្រូវបានចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ»។

ហួយវ័ន ផេ និងក្រុមហ៊ុនពាក់ព័ន្ធ ត្រូវបានសហរដ្ឋអាមេរិ​កដាក់ទណ្ឌកម្មកាលពីឆ្នាំមុនដោយរងការចោទប្រកាន់ថាបានលាងលុយរាប់ពាន់លានដុល្លារដែលមានទំនាក់ទំនងនឹងប្រតិបត្តិការបោកប្រាស់នៅកម្ពុជា ក៏ដូចជាប្រាក់រាប់សិបលានដុល្លារដែលពាក់ព័ន្ធនឹងក្រុមហេកឃើរពីកូរ៉េខាងជើង។

ក្រោយមក ក្រុមហ៊ុននេះហាក់បានប្តូរឈ្មោះមកជា អេច-ផេ (H-Pay) ក្រោមនាយកថ្មី មុនពេលប្រឈមមុខនឹងការដកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ទូទាំងប្រទេស បន្ទាប់ពីការផ្អាកសេវាដកប្រាក់។ ក្រុមហ៊ុនបានបដិសេធការពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្ម។

ហ៊ុន តូ បាននិយាយថា លោកត្រូវបានចោទប្រកាន់ថាជាម្ចាស់ក្រុមហ៊ុនហួយវ័ន ផេ និងត្រូវបានដាក់សម្ពាធឱ្យសងប្រាក់ទៅអតិថិជនវិញ។ លោកទទួលស្គាល់ថាកាន់កាប់ភាគហ៊ុន ៣០% ប៉ុន្តែបញ្ជាក់ថាលោកមិនបានគ្រប់គ្រងប្រតិបត្តិការរបស់ក្រុមហ៊ុន និង «មិនធ្លាប់ទទួលបានប្រាក់ចំណេញ ប្រាក់ភាគលាភ ឬទ្រព្យសកម្មបន្តិចណាសោះពីក្រុមហ៊ុននោះឡើយ»។

លោក បានថ្លែងថា៖ «ខ្ញុំបាទបានបាត់បង់សិទ្ធិចាត់ចែងការងារទូទៅក្នុងនាមជាម្ចាស់ភាគហ៊ុន ៣០% នេះ តាំងពីចាប់ផ្ដើមដំណើរការក្រុមហ៊ុនដំបូងពីឆ្នាំ២០២០មកម្ល៉េះ ដោយសារតែខ្ញុំមិនបានបង់ប្រាក់សុទ្ធ ចំនួន៣០% ដែលជាចំណែកភាគហ៊ុនរបស់ខ្ញុំចូលទៅក្នុងក្រុមហ៊ុនសម្រាប់បើកដំណើរការប្រតិបត្តិការរបស់ក្រុមហ៊ុន»។

បញ្ជីក្រុមហ៊ុនហួយវ័ន ផេ នៅក្នុងទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម មិនអាចរកមើលបានជាសាធារណៈទៀតទេ​។ ទោះយ៉ាងណា តាមការស្វែងរកព័ត៌មានពាក់ព័ន្ធនឹងតួនាទីក្នុងអាជីវកម្មរបស់ ហ៊ុន តូ នាពេលកន្លងមកនៅតែបង្ហាញថា លោកជានាយករបស់ក្រុមហ៊ុននេះ រួមជាមួយ យ៉ាន់ សត្យា និង Li Xiong។

លោក លី ដែលអាជ្ញាធរចិនបានចោទប្រកាន់ថាបានពាក់ព័ន្ធនឹងកាស៊ីណូខុសច្បាប់ ការក្លែងបន្លំ និងការលាក់បាំងប្រាក់ចំណូលពីបទល្មើស ត្រូវបានចាប់ខ្លួន និងប្រគល់ទៅឱ្យប្រទេសចិនកាលពីខែមុន។

តាមរបាយការណ៍របស់ក្រុមហ៊ុនជម្រះបញ្ជី Reachs & Partners បានបង្ហាញថា លី កាន់កាប់ភាគហ៊ុន ៦២% របស់ក្រុមហ៊ុនហួយវ័ន ផេ ហើយដំណើរការជម្រះបញ្ជីត្រូវបានបញ្ចប់នៅខែតុលា។

បន្ទាប់ពីការទូទាត់ លោក He Yanming ដែលត្រូវបានក្រុមហ៊ុនជម្រះបញ្ជីកំណត់អត្តសញ្ញាណថាជាម្ចាស់បំណុល បានទទួលប្រាក់ចំនួន ១៤៥០០០ ដុល្លារ ខណៈដែលលោក លី បានទទួលប្រាក់ជាង ១ លានដុល្លារ តាមរយៈការទូទាត់ចំនួនពីរដង។ យោងតាមរបាយការណ៍ដែលចុះហត្ថលេខាដោយម្ចាស់ភាគហ៊ុនទាំងបីរូប លោក ហ៊ុន តូ និង យ៉ាន សត្យា មិនបានទទួលការទូទាត់ប្រាក់ទេ។

លោក He Yanming ក៏មានឈ្មោះក្នុងបញ្ជីចុះឈ្មោះសាជីវកម្មរបស់ក្រសួងពាណិជ្ជកម្មថាជានាយកធនាគារ Panda Bank ដែលអាជ្ញាបណ្ណត្រូវបានដកដូត និងដាក់ចូលក្នុងដំណើរការជម្រះបញ្ជីនៅដើមឆ្នាំនេះ ប៉ុន្មានខែបន្ទាប់ពីការផ្សាយព័ត៌មានស៊ើបអង្កេតមួយរបស់ខេមបូចា ដែលបានរកឃើញបញ្ជីឈ្មោះជាន់គ្នាក្នុងចំណោមថ្នាក់ដឹកនាំជាន់ខ្ពស់និងនាយក របស់ក្រុមហ៊ុន ហួយវ័ន ផេ ធនាគារ Panda Bank និងក្រុមហ៊ុន H-Pay។

លោក ហ៊ុន តូ បានថ្លែងថា លោកក៏មិនមានភាគហ៊ុន និងមិនពាក់ព័ន្ធជាមួយក្រុមហ៊ុន H-Pay ដែលអាជ្ញាបណ្ណសេវាទូទាត់ប្រាក់របស់ក្រុមហ៊ុននេះក៏ត្រូវបានធនាគារជាតិនៃកម្ពុជាដកហូតដែរ។

លោកក៏បាននិយាយថា លោកមិនធ្លាប់ទទួលការអញ្ជើញចូលរួមកិច្ចប្រជុំម្ចាស់ភាគហ៊ុន មិនធ្លាប់ផ្ដល់អំណាចឱ្យអ្នកដទៃជាតំណាង និងមិនធ្លាប់ចូលរួមបោះឆ្នោតក្នុងក្រុមហ៊ុនហួយវ័ន ផេ ឡើយ។

សែ យូរ៉ាន់ មេធាវីរបស់លោក ហ៊ុន តូ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះទេ។

លោក រឿន ប៊ុនហេង អគ្គនាយកក្រុមហ៊ុន Reaches & Partners បាននិយាយថា លោកមិនអាចពិភាក្សាព័ត៌មានលម្អិតពីការជម្រះបញ្ជីក្រុមហ៊ុន ហួយវ័ន ផេ តាមទូរសព្ទបានទេ ដោយពណ៌នាថាវាជាដំណើរការស្មុគស្មាញ។

លោកបានបន្ថែមថា ក្រុមហ៊ុនលោកក៏ត្រូវបានតែងតាំងដោយធនាគារជាតិនៃកម្ពុជា ដើម្បីត្រួតពិនិត្យការជម្រះបញ្ជីក្រុមហ៊ុន H-Pay ហើយកំពុងពិនិត្យការទាមទាររបស់អតិថិជន។

អតិថិជនរបស់ក្រុមហ៊ុន ហួយវ័ន ផេ ម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ ដោយបាម្ភពីសុវត្ថិភាពបានថ្លែងថា លោកមានប្រាក់ប្រហែល ១៣ ០០០ ដុល្លារ ដាក់នៅក្នុងគណនីក្រុមហ៊ុននោះ ប៉ុន្តែលោកបានបោះបង់ក្តីសង្ឃឹមដើម្បីតវ៉ាយកប្រាក់ទាំងនោះមកវិញហើយ។

ពីមុន ធនាគារជាតិនៃកម្ពុជាធ្លាប់បានប្រាប់អ្នកដាក់ប្រាក់ថា បញ្ហានេះហួសពីសមត្ថកិច្ចរបស់ខ្លួនហើយ និងបានណែនាំពួកគេឱ្យស្វែងរកដំណោះស្រាយតាមផ្លូវតុលាការវិញ។

អតិថិជនរូបនោះបានថ្លែងថា៖ «ខ្ញុំគ្មានសង្ឃឹមថាខ្ញុំនឹងយកប្រាក់ខ្ញុំបានមកវិញទេ។ ខ្ញុំអាចនឹងត្រូវចាប់ខ្លួន ប្រសិនបើខ្ញុំធ្វើបាតុកម្មម្តងទៀត» ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hun To Admits Stake in Scam-Linked Huione Pay, Denies Involvement

ព័ត៌មានថ្មី

អត្ថបទពេញនិយម