យុវជនជាង៦០០នាក់ ដែលកំពុងព្យាបាលសារធាតុញៀននៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ខេត្តបន្ទាយមានជ័យ ក្នុងស្រុកសិរីសោភ័ណ បានតេស្តវិជ្ជមានកូវីដ-១៩ ចាប់តាំងពីថ្ងៃទី១៦ ខែសីហា កន្លងមក។ ក្នុងចំណោមនោះ មានសំណាកចំនួន២០របស់អ្នកវិជ្ជមាន ត្រូវបានវិទ្យាស្ថានប៉ាស្ទ័រ ក្នុងរាជធានីភ្នំពេញបញ្ជាក់ថាផ្ទុកវីរុសកូវីដ-១៩ បំប្លែងថ្មីដែលតា (Delta)។
លោក រឿន សុធី អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ប្រាប់ខេមបូចា នៅថ្ងៃព្រហស្បតិ៍ថា មនុស្សជាង ៦០០នាក់ក្នុងចំណោម ៦៧៨នាក់ ដែលរស់នៅក្នុងមណ្ឌលជីវិតថ្មីភ្នំបាក់ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌមានវិជ្ជមានកូវីដ-១៩។
លោកមានប្រសាសន៍ថា៖ «មានចំនួន ៦០១នាក់ ក្នុងនោះមានស្រ្តី ៣០នាក់ ដែលធ្វើតេស្តវិជ្ជមានកូវីដ-១៩»។
លោក សុធី បន្ថែមថា អាជ្ញាធរបានដឹងរឿងនេះ បន្ទាប់ពីមានមន្ត្រីនគរបាលដែលយាមនៅមណ្ឌល និងបុគ្គលិកម្នាក់ធ្វើតេស្តមានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៦ ខែសីហា។ លោកថា បន្ទាប់ពីបានដឹងរឿងនេះ មន្ត្រីសុខាភិបាលខេត្តបានចុះធ្វើតេស្តរហ័សលើអ្នកស្នាក់នៅក្នុងមណ្ឌលទាំងអស់។
វីរុសកូវីដ-១៩ បំប្លែងថ្មី Delta អាចជាមូលហេតុមួយ ដែលនាំឲ្យមានការឆ្លងវីរុសកូវីដ-១៩ លឿនក្នុងមណ្ឌលមួយនេះ។ លោក សុធី លើកឡើងថា សំណាកចំនួន២០របស់អ្នកនៅក្នុងមណ្ឌលជីវិតថ្មីភ្នំបាក់ ត្រូវបានបញ្ជូនទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ថាមានផ្ទុកវីរុសកូវីដ-១៩ បំប្លែងថ្មី Delta។
លោកឲ្យដឹងទៀតថា ជាសរុបក្នុងខេត្តបន្ទាយមានជ័យមានអ្នកឆ្លងកូវីដ-១៩ ចំនួន ១៥៨៦៨ករណី គិតតាំងពីថ្ងៃទី២០ ខែកុម្ភៈ និងមានអ្នកជាសះស្បើយចំនួន ១២០២៤នាក់ និងស្លាប់ចំនួន១២៣នាក់។
លោកបន្ថែមថា៖ «២១នាក់ស្លាប់ក្នុងចំណោម ១២៣នាក់ ដែលឆ្លងមានអាការៈធ្ងន់ធ្ងរនៅផ្ទះ ប៉ុន្តែពួកគាត់មិនបានស្វែងរកការព្យាបាល[ពីដំបូង]នៅក្រៅ ពេលចាប់ផ្ដើមធ្លាក់ខ្លួនឈឺ។ ពួកគាត់បានស្លាប់ភ្លាមៗពេលបញ្ជូនទៅដល់មន្ទីរពេទ្យ»។
លោកពន្យល់ថា មជ្ឈមណ្ឌលបន្សាបគ្រឿងញៀននេះមិនអនុញ្ញាតឲ្យសមាជិកគ្រួសារមកសួរសុខទុក្ខជាច្រើនខែមកហើយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ក្នុងមណ្ឌល។
លោកបញ្ជាក់ថា៖ «មណ្ឌលមិនអនុញ្ញាតឲ្យសាច់ញាតិមកសួរសុខទុក្ខដោយផ្ទាល់ទេ…បើសិនជាសាច់ញាតិចង់ផ្ញើរបស់ទៅអ្នកនៅខាងក្នុង ពួកគេត្រូវទុករបស់នៅខាងក្រៅមណ្ឌល ហើយសន្តិសុខនឹងសម្អាតវាជាមួយអាល់កុលមុននាំចូលក្នុង»។
លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា អ្នកជំងឺទាំងអស់ដែលវិជ្ជមានកូវីដ-១៩ កំពុងទទួលបានការព្យាបាល ហើយភាគច្រើននៃអ្នកទាំងនោះកំពុងនៅក្នុងមណ្ឌលនៅឡើយ។
លោកបន្ថែមថា៖ «យើងបានបញ្ជូនមនុស្សចំនួន ២០០នាក់ ក្នុងចំណោម ៦០១នាក់ទៅព្យាបាលនៅមណ្ឌលក្នុងក្រុងប៉ោយប៉ែត»។ យ៉ាងណា លោកបដិសេធផ្ដល់ព័ត៌មានលម្អិតជាងនេះ។
លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តមន្ទាយមានជ័យមានប្រសាសន៍ថា បន្ទាប់ពីមានអ្នករស់នៅក្នុងមណ្ឌលភាគច្រើនតេស្តវិជ្ជមានកូវីដ-១៩ យុវជនចំនួន ៣៨នាក់បានរត់គេចពីមណ្ឌល នៅថ្ងៃទី១៨ ខែសីហា ប៉ុន្តែអ្នកទាំងនោះត្រូវបាននាំខ្លួនមកវិញអស់ហើយ។
លោកបញ្ជាក់ថា៖ «យើងបាននាំខ្លួនអ្នករត់គេចទាំង៣៨នាក់ នោះមកមណ្ឌលវិញអស់ហើយ»។
លោកស្នងការបន្ថែមថា អភិបាលខេត្ត លោក អ៊ុំ រាត្រី បានបញ្ជាឲ្យយកអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២០០នាក់ទៅព្យាបាលនៅប៉ោយប៉ែត។
ព័ត៌មាននៃការឆ្លងកូវីដ-១៩ នៅក្នុងមណ្ឌលបានធ្វើឲ្យមានការចលាចលក្នុងចំណោមអ្នកស្នាក់នៅក្នុងមណ្ឌលនោះ។ បុគ្គលិកម្នាក់ សុំនិយាយដោយមិនបញ្ចេញឈ្មោះ បានប្រាប់ខេមបូចា ថា មានយុវជនមួយចំនួនបានធ្វើការបះបោរនៅក្នុងមណ្ឌល បន្ទាប់ពីតេស្តវិជ្ជមានកូវីដ-១៩។
បុគ្គលិករូបនោះបញ្ជាកថា៖ «ពួកគេធ្វើបះបោរទាមទារចង់ព្យាបាលនៅក្រៅមណ្ឌល»។
បុគ្គលិកដដែលបន្ថែមថា នៅពេលដែលខាងមណ្ឌលបានប្រាប់ពួកគេថាមណ្ឌលនឹងអនុញ្ញាតឲ្យពួកគេត្រឡប់ទៅផ្ទះវិញពេលជាពីជំងឺ ប៉ុន្តែពួកគេមិនជឿទេ។
ស្រ្តីជាបុគ្គលិករូបនេះបន្ថែមថា៖«ឥឡូវនេះអាជ្ញាធរ[នគរបាល និងកងរាជអាវុធហត្ថ] បានចុះមកអប់រំ និងបង្ក្រាប ហើយវាហាក់ដូចជាស្ងាត់»។
បុគ្គលិកដដែលប្រាប់ខេមបូចាថា មន្ត្រីនគរបាលបីរូបយាមនៅមណ្ឌលបានតេស្តវិជ្ជមានកូវីដ-១៩ ហើយត្រូវបញ្ជូនទៅកន្លែងសម្រាកព្យាបាល។
លោក ប្រាក់ សារ៉ន ប្រធានមណ្ឌលជីវិតថ្មីភ្នំបាក់ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
លោក អ៊ិន គង់ជិត មន្ដ្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំខេត្តបន្ទាយមានជ័យ មានប្រសាន៍ថា អ្នកស្នាក់នៅក្នុងមណ្ឌលមានចំនួនច្រើន វាជារឿងគួរឲ្យបារម្ភ។
លោក មានប្រសាសន៍ថា៖ «ខ្ញុំគិតថាវាជាករណីធ្ងន់ធ្ងរមួយ ពីព្រោះវាមានការឆ្លង[កូវីដ-១៩]ទ្រង់ទ្រាយធំ ដូច្នេះអាជ្ញាធរគួរតែយកចិត្តទុកដាក់ខ្ពស់ដើម្បីព្យាបាលអ្នកទាំងនោះ»។ ដោយលោកបន្ថែមថា៖ «នេះជាមេរៀនមួយសម្រាប់មណ្ឌលបន្សាបគ្រឿងញៀនផ្សេងទៀត ក៏ដូចជាពន្ធនាគារដែលមានមនុស្សច្រើនកកកុញ»។
លោកនិយាយថា លោកជឿថាការសម្រេចចិត្តឲ្យអ្នកជំងឺខ្លះទៅព្យាបាលនៅប៉ោយប៉ែតជាការយកចិត្តទុកដាក់សម្រាប់អ្នកទាំងនោះ។
លោកលើកឡើងថា៖ «ខ្ញុំគិតថាការបែងចែកពួកគេដើម្បីព្យាបាល និងព្យាបាលពួកគេឲ្យបានទាន់ពេល គឺជាការប្រសើរ»។
នៅថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាលឲ្យដឹងថាមានអ្នកឆ្លងកូវីដ-១៩ ចំនួន ៥៣៣ករណីថ្មី ក្នុងនោះមាន ១៤៥ករណី ជាករណីនាំចូល ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបឡើងដល់ ៨៧៧២៣ករណី ក្នុងនោះករណីនាំចូលមានចំនួន ១៣៦១៩ករណី គិតចាប់ពីការផ្ទុះការឆ្លងរាលដាលកាលពីដើមឆ្នាំ២០២០។ ចំនួនភាគច្រើននៃករណីឆ្លង កើតឡើងច្រើនក្រោយមានព្រឹត្តិការណ៍២០ កុម្ភៈ ជាពេលដែលមានការផ្ទុះឆ្លងរាលដាលក្នុងសហគមន៍។ ក្រសួងបានឲ្យដឹងដែរថា ចំនួនអ្នកជាសះស្បើយមានចំនួន ៨៣២៩៨នាក់ និងអ្នកស្លាប់ចំនួន ១ ៧៤៧នាក់៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hundreds of youths at Banteay Meanchey drug rehabilitation center test positive for COVID-19