ទោះបីរដ្ឋាភិបាលកំពុងប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏នៅមានកម្មករខ្លះនៅតែអាចធ្វើដំណើរបានដោយសេរីក្នុងតំបន់មួយចំនួន។
អ្នកទាំងនោះគ្មាននរណាក្រៅពីក្រុមអ្នកកាប់ឈើខុសច្បាប់នោះទេ ដែលក្រុមសកម្មជនការពារបរិស្ថានអះអាងថានៅតែមានសកម្មភាពខ្លាំងក្នុងដែនជម្រកសត្វព្រៃព្រះរកា ក្នុងខេត្តព្រះវិហារ។ សកម្មជននិយាយថាព្រៃឈើនៅតែបន្តបាត់បង់ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបដិសេធការចោទប្រកាន់ពីការកាប់ឈើខុសច្បាប់ក្នុងពេលថ្មីៗនេះ។
សមាគមបណ្ដាញយុវជនកម្ពុជា(CYN) បានបញ្ចេញរបាយការណ៍មួយនៅថ្ងៃអង្គារ ដែលបានកត់ត្រាករណីកាប់ឈើដោយខុសច្បាប់ចំនួន២១៣ករណី នៅក្នុងដែនជម្រកសត្វព្រៃក្នុងរយៈពេលចុះស៊ើបអង្កេតពីរដង ដោយលើកទី១ ពីចន្លោះថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា និងលើកទី២ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមីនា។ របាយការណ៍បានសរសេរថា សកម្មភាពកាប់ឈើខុសច្បាប់ «បានបង្ហាញពីការគំរាមកំហែងធ្ងន់ធ្ងរដល់គម្របព្រៃឈើ» រួមទាំងដើមឈើកម្រ និងដើមឈើដែលមានមុខកាត់ប្រហែលពីរម៉ែត្រ។
លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា លើកឡើងថា៖ «យើងមានការសោកស្តាយជាខ្លាំងចំពោះដើមឈើធំៗដែលត្រូវគេកាប់ ទោះបីជាតំបន់នោះត្រូវបានកំណត់ថាជាតំបន់ការពារ»។ ដោយបន្ថែមថា៖ «មានការលួចកាប់ឈើដោយខុសច្បាប់ដោយប្រើរណាយន្ត ប៉ុន្តែយើងមិនដែលឃើញព័ត៌មានចេញពីតំបន់នេះទេ»។
រដ្ឋាភិបាលបានកំណត់តំបន់ព្រៃព្រះរការជាដែនជម្រកសត្វព្រៃក្នុងឆ្នាំ២០១៦ ដោយមានផ្ទៃដីទំហំ៩០ ៣៦១ហិកតា ដើម្បីធានាដល់ការអភិរក្សសត្វព្រៃ និងជីវចម្រុះផ្សេងៗ។
លោក គឹមហុង ជឿថា សកម្មភាពលួចកាប់ឈើដោយខុសច្បាប់អាចធ្វើទៅបានដោយសេរី ព្រោះថាក្រសួងបរិស្ថាន និងអាជ្ញាធរផ្សេងៗទៀតបានហាមឃាត់ការដើរល្បាតរបស់សកម្មជនបរិស្ថាន។ អាជ្ញាធរបានអះអាងថាសមាគម និងអង្គការក្នុងស្រុកទាំងនោះ ជាស្ថាប័នមិនស្របច្បាប់។
បើតាមការប៉ាន់ស្មានរបស់អង្គការឃ្លាំមមើលព្រៃឈើសកល (Global Forest Watch) ចន្លោះពីឆ្នាំ២០០១ដល់២០១៨ កម្ពុជាបាត់បង់គម្របព្រៃឈើ៥៥៧ ០០០ហិកតាក្នុងតំបន់ការពារ។ ចំនួននេះ ស្មើនឹង១១,៧ភាគរយនៃព្រៃក្នុងតំបន់ការពារសរុប។
ជាការឆ្លើយតបទៅនឹងសកម្មភាពកាប់ឈើខុសច្បាប់ដ៏សម្បើមនៅតំបន់ការពារដោយរដ្ឋនេះ រដ្ឋាភិបាលកម្ពុជាបានដាក់វិធានការរឹតបន្តឹងដល់ក្រុមសង្គមស៊ីវិល ដែលស្ម័គ្រចិត្តដើរល្បាតព្រៃ រកមើលសកម្មភាពកាប់ឈើខុសច្បាប់។ របាយការណ៍ របស់អង្គការឃ្លាំមមើលព្រៃឈើសកល បានបង្ហាញភស្តុតាងពីការជាប់ពាក់ព័ន្ធដោយផ្ទាល់រវាងមន្ត្រីរដ្ឋាភិបាល និងក្រុមអ្នកកាប់ឈើខុសច្បាប់ រួមទាំងនៅតំបន់ការពារផង។
អង្គការដដែលបានរាយការណ៍ដែរថាកម្ពុជាបានរងគ្រោះដោយការកាប់បំផ្លាញព្រៃឈើក្នុងកម្រិតខ្លាំង ដូចប្រទេសមួយចំនួនទៀតដែរ គិតតាំងពីទសវត្សរ៍ឆ្នាំ១៩៧០ ហើយកម្រិតនៃការកាប់ផំផ្លាញព្រៃឈើនេះបានកើនឡើងយ៉ាងខ្លាំងនៅទសវត្សរ៍ចុងក្រោយនេះ។
លោក គឹមហុង បន្ថែមថា៖ «យើងបារម្ភថាមានការឃុបឃិតគ្នា និងអំពើពុករលួយ»។ លោកបន្ថែមថា អង្គការCYN មិនដឹងថាឈើដែលគេកាប់ទាំងនោះត្រូវយកទៅទុកនៅទីណានោះទេ។ លោកថា៖ «មានមន្ត្រីឧទ្យានុរក្សនៅការពារជាប្រចាំ តែនៅតែអាចមានការលួចកាប់ឈើបាន»។
ឆ្លើយតបទៅនឹងការចោទប្រកាន់រឿងកាប់ឈើដោយខុសច្បាប់នេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា មានប្រសាសន៍ថា សង្គមស៊ីវិលមួយចំនួនគ្រាន់តែប្រើបញ្ហាកាប់ឈើខុសច្បាប់មកបំពេញរបាយការណ៍ដើម្បីទទួលមូលនិធិពីម្ចាស់ជំនួយតែប៉ុណ្ណោះ។
លោក មានប្រសាសន៍ថា៖ «អ្វីដែលគេបានរកឃើញគឺកំណាត់ឈើចាស់ៗដែលនៅសល់តាំងពីពេលកន្លងទៅ និងដើមច្បោះដែលពលរដ្ឋស្នើដកហូតដើម្បីប្រើប្រាស់ស្របច្បាប់»។
លោកបានច្រានចោលថាមានដើមឈើជាច្រើនផ្សេងទៀតត្រូវបានលួចកាប់ដោយខុសច្បាប់ក្នុងពេលថ្មីៗនេះ។
លោកបន្ថែមថា៖ «របាយការណ៍នេះមិនមានតម្លៃសម្រាប់ក្រសួងបរិស្ថាបពិចារណាទេ ព្រោះវាគ្រាន់ជារបាយការណ៍សម្រាប់រកជំនួយប៉ុណ្ណោះ»។
លោក មានប្រសាសន៍ទៀតថា ក្រសួងនឹងប្រើអំណាចច្បាប់ដើម្បីប្រឆាំងនឹងបុគ្គល ឬស្ថាប័ននានាដែលធ្វើសកម្មភាពផ្សេងៗក្នុងតំបន់ការពារដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ។
ចំណែកលោក ហេង គឹមហុង វិញក៏បានច្រានចោលការអះអាងរបស់លោក នេត្រ ភក្រ្តា ដែរ ដោយថាក្រសួងមិនដែលបានចុះទៅពិនិត្យផ្ទាល់នឹងកន្លែង ដែលមានដើមឈើត្រូវកាប់បំផ្លាញនោះទេ។
លោកថា៖ «ខ្ញុំមិនដឹងថាតើលោក នេត្រ ភក្រ្តា បានទៅពិនិត្យកំណាត់ឈើចាស់នោះឬយ៉ាងណា ខណៈដែលយើងបានរកឃើញការកាប់ថ្មីៗ»។
ជាមួយគ្នានេះដែរ លោក សុត សាវុន វ័យ៣៦ឆ្នាំ ប្រជាពលរដ្ឋសហគមន៍រស់នៅជិតតំបន់ការពារព្រៃព្រះរកា ថាលោកក៏បានឃើញភស្តុតាងមួយចំនួនដូចមានបញ្ជាក់ក្នុងរបាយការណ៍ស្ដីពីការកាប់ឈើខុសច្បាប់ក្នុងព្រៃព្រះរកានេះដែរ។
លោកនិយាយថា៖ «ពេលយើងចូលព្រៃ យើងឃើញកំណាត់ឈើដែលទើបកាត់ថ្មីៗ និងឃើញគោយន្តច្នៃសម្រាប់ដឹកឈើផងដែរ»។ លោកបន្ថែមថាកំណាត់ឈើទាំងនោះត្រូវគេដឹកចេញពីព្រៃចន្លោះខែមករា និងកុម្ភៈ។
លោកនិយាយដោយសំដៅលើការកាប់ឈើថា៖ «វាពិតជាប៉ះពាល់ជីវភាពប្រចាំថ្ងៃរបស់អ្នករស់នៅពឹងពាក់លើដើមច្បោះ»។ កាលពីមុនលោកក៏រស់នៅពឹងលើដើមច្បោះដែរ តែថាបានប្ដូរទៅ ធ្វើជាកសិករវិញ ពេលដែលដើមច្បោះជាច្រើនត្រូវកាប់បំផ្លាញ។
លោក សាវុន ថាលោកមានការសោកស្ដាយដែលមន្ត្រីបរិស្ថានមិនអាចការពារព្រៃ និងធនធានធម្មជាតិបាន សូម្បីក្នុងតំបន់ការពារ។
លោកបន្ថែមថា៖ «ខ្ញុំបានឃើញមន្ត្រីឧទ្យានុរក្ស គ្មានវិធានការការពារលើការកាប់បំផ្លាញព្រៃឈើទេ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Illegal logging continues in protected areas despite COVID-19 restrictions