សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នគរបាល​ខេត្ត​ព្រៃវែង​បើកការបង្ក្រាបទ្រង់ទ្រាយធំ​​​ លើ​អ្នកផ្តល់ប្រាក់កម្ចីឯកជនខុសច្បាប់ ដែលមាន​អត្រា​ការ​ប្រាក់ខ្ពស់

នគរបាល​ជាតិ និង​នគរបាល​ខេត្ត​ព្រៃវែងបានបង្ក្រាបក្រុមផ្តល់ប្រាក់កម្ចីខុសច្បាប់ដែលគិតអត្រាការប្រាក់ខ្ពស់នៅក្នុងខេត្តនេះកាលពីសប្តាហ៍មុន។ (រូបភាពផ្សាយលើហ្វេសប៊ុករបស់លោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង)
នគរបាល​ជាតិ និង​នគរបាល​ខេត្ត​ព្រៃវែងបានបង្ក្រាបក្រុមផ្តល់ប្រាក់កម្ចីខុសច្បាប់ដែលគិតអត្រាការប្រាក់ខ្ពស់នៅក្នុងខេត្តនេះកាលពីសប្តាហ៍មុន។ (រូបភាពផ្សាយលើហ្វេសប៊ុករបស់លោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង)

សមត្ថកិច្ច​ខេត្ត​ព្រៃវែង​បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន ៦៤នាក់ ក្នុង​នោះ​មាន​ស្រ្តី ២៤នាក់ ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងសកម្មភាពផ្តល់ប្រាក់កម្ចីឯកជនខុសច្បាប់ ដែលបានគិតអត្រាការប្រាក់ពី ៨០ភាគរយ ទៅ ៨៥ភាគរយ លើប្រាក់កម្ចីដែលត្រូវបានគេពណ៌នាថាជាអន្ទាក់ហិរញ្ញវត្ថុ ដែលប៉ះពាល់យ៉ាងខ្លាំងលើគ្រួសារដែលមានចំណូលទាប។

យោងតាមទំព័រហ្វេសប៊ុករបស់លោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង អាជ្ញាធរ​បានស្រាវជ្រាវឈានដល់ការបង្ក្រាបក្រុមផ្តល់ប្រាក់កម្ចីខុសច្បាប់ចំនួន ៥ក្រុម ផ្សេងៗគ្នា ដែលមានមូលដ្ឋាននៅក្នុងស្រុកជាច្រើន ក្នុងខេត្តព្រៃវែង រួមទាំងខេត្តមួយចំនួនទៀតដូចជា ខេត្តកណ្តាល ស្វាយរៀង និងរាជធានីភ្នំពេញ។

លោក ប៊ុនឆន បាន​លើកឡើង​ថា​​ ក្រុមទាំងនេះមានសាខា និងភ្នាក់ងារជាច្រើន ដែលមានភាពស្មុគស្មាញ ហើយប្រាក់កម្ចីសរុបដែលនៅសល់មានតម្លៃរាប់ពាន់លានរៀល។ ប្រាក់កម្ចីទាំងនេះមានអត្រាការប្រាក់ប្រចាំខែពី ១០ភាគរយ ទៅ ១៥ភាគរយ ប៉ុន្តែអតិថិជនក៏តម្រូវឱ្យបង់ការប្រាក់ថេរជារៀងរាល់ថ្ងៃផងដែរ។ នៅពេលពិនិត្យឱ្យបានច្បាស់ អត្រាការប្រាក់ពិតប្រាកដគឺពី ៨០ភាគរយ ទៅ ៨៥ភាគរយ។

ធនាគារជាតិនៃកម្ពុជា ធ្លាប់បានណែនាំឱ្យស្ថាប័នផ្តល់ប្រាក់កម្ចីកំណត់អត្រាការប្រាក់ឱ្យទាបជាង១៨ភាគរយក្នុងមួយឆ្នាំ។

លោក ប៊ុនឆន បាន​ពន្យល់​ថា​​ អតិថិជនត្រូវបង់ការប្រាក់ជារៀងរាល់ថ្ងៃ ដោយអ្នកផ្តល់ប្រាក់កម្ចីគិតការប្រាក់លើប្រាក់ដើម និងអត្រាការប្រាក់ថេរ ប៉ុន្តែពួកគេមិនកាត់ការប្រាក់ចេញពីចំនួនដែលបង់ត្រឡប់មកវិញជារៀងរាល់ថ្ងៃនោះទេ។

លោក​បាន​ថ្លែង​ថា៖ «​ដូចនេះបើយើងគណនាឱ្យបានត្រឹមត្រូវ ការប្រាក់របស់ពួកគេមានចំនួនប្រមាណជា ៨០ភាគរយនៃប្រាក់បានខ្ចីដំបូងក្នុងរយៈពេលត្រឹមមួយខែ ការនេះហើយគឺជាគ្រោះមហន្តរាយមួយចំពោះជីវភាពរបស់ប្រជាពលរដ្ឋខ្វះការយល់ដឹង និងកំពុងទីទាល់ក្រគ្មានជម្រើស»។

នៅ​ក្នុង​សារ​មួយ​ផ្សេង​ទៀត របស់ស្នងការ​ដ្ឋាន​នគរបាលខេត្ត​ព្រៃវែង ​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ធ្វើ​ការ​ស៊ើប​អង្កេត​អស់​រយៈ​ពេល​​ ២​សប្តាហ៍ ពួក​គេ​​ប្រមូល​បាន «វត្ថុតាងមួយចំនួនធំ»។ ​បន្ថែមពីលើនេះនគរបាល ​បានកសាងសំណុំរឿង និងនាំយកជនសង្ស័យ​ដែល​ជា​អ្នកទទួលខុសត្រូវ​ជាន់​ខ្ពស់​នៅ​ក្នុង​ក្រុមផ្តល់ប្រាក់កម្ចី​ទាំង​ ៥ក្រុមនេះ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ព្រៃវែង​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់។

ដោយឡែកបុគ្គលិកដែលជាភ្នាក់ងារ​ផ្តល់​ប្រាក់​កម្ចី​ធម្មតា បាន​ទទួល​អប់រំ​ ពីនគរបាល​ ហើយ​នឹង​ជួយ​ដល់​ការ​ស៊ើប​អង្កេត​ដើម្បី​ស្វែង​រក​បណ្តាញ​ផ្តល់​ប្រាក់​កម្ចី​ខុស​ច្បាប់​បន្ថែម​ទៀត នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​ស្នងការ​ដ្ឋាន​គរបាល។

ស្នងការ​នគរបាលខេត្ត​បាន​បន្តថា ក្រុម​ទាំង​៥ ដែល​បាន​ធ្វើ​សកម្មភាព​ផ្តល់​ប្រាក់​កម្ចី​ខុស​ច្បាប់ ក្នុងនោះមាន​ក្រុម​មួយ​ដែល​មាន​អាជ្ញាប័ណ្ណ​បញ្ចាំ ប៉ុន្តែ​គ្មាន​អាជ្ញាប័ណ្ណ​ផ្តល់​ប្រាក់​កម្ចី​ទេ។ ចំណែកក្រុមផ្សេងទៀតមិនមានអាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ​ស្របច្បាប់​នោះ​ទេ។

អ្នក​ភូមិ​ចារ លោកស្រី សារ៉ាន់ មកពីឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង បានប្រាប់​ សារព័ត៌មានខេមបូចា នៅ​ថ្ងៃ​ទី៧ ខែ​តុលា​ថា លោកស្រីបានខ្ចីប្រាក់១លានរៀលពីអ្នកផ្តល់ប្រាក់កម្ចីឯកជនម្នាក់ដើម្បីបង់ថ្លៃសិក្សាកូនៗ និងចំណាយលើពិធីបុណ្យភ្ជុំបិណ្ឌ។ ទោះជាយ៉ាងណា លោកស្រីបានសងប្រាក់កម្ចីនេះរួចរាល់ហើយ ដោយសងជារៀងរាល់សប្តាហ៍។

យោងតាមលោកស្រី សារ៉ាន់ ប្រជាជនជាច្រើននៅក្នុងភូមិរបស់លោកស្រីបានខ្ចីប្រាក់ពីអ្នកផ្តល់ប្រាក់កម្ចីឯកជន ព្រោះពួកគេជំពាក់បំណុលធនាគារ។

អ្នកស្រីបាន​លើកឡើងថា៖ «​យើង​ទាំង​អស់​គ្នា​ដឹងថា​ប្រាក់​កម្ចី​មាន​ការ​ប្រាក់​ខ្ពស់ វាពិតជាខុសច្បាប់ ប៉ុន្តែ​តើ​យើង​អាច​ធ្វើ​អ្វី​បាន​ប្រសិន​បើ​យើង​ត្រូវ​ការ​ប្រាក់​នៅ​ពេល​នោះ? ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ​បាន​សង​វា​ទាំង​អស់​វិញ​ហើយ។ ប្រសិន​បើ​ពួក​គេ​បង្ក្រាប​វា [ប្រតិបត្តិការ​ទាំង​នោះ] ខ្ញុំ​នឹង​សប្បាយ​ចិត្ត ព្រោះ​ប្រសិន​បើ​មាន​អ្នក​ឱ្យ​ខ្ចី​កាន់​តែ​ច្រើន [ដូច​ជា​អ្នក​ទាំង​នេះ] មនុស្ស​កាន់​តែ​ច្រើន​នឹង​ចាញ់​បោក​គេ»

លោក ប៊ុនឆន​​ បានចែក​រំលែករូប​ថតចេញពីអេក្រង់ទូរសព្ទ​ ដែលលោកទទួលបានពីជនរងគ្រោះ ​ជា​​សារឆ្លើយឆ្លង​ រវាង​អ្នក​ផ្តល់កម្ចី និង​អតិថិជន​ម្នាក់ ចំនួន​ប្រាក់​កម្ចី​គឺ ១ ០០០ដុល្លារ ប៉ុន្តែ​អ្នក​ខ្ចី​នឹង​ទទួល​បាន​ត្រឹម​តែ ៥២០ ដុល្លារ​ប៉ុណ្ណោះ ពីព្រោះ​ការ​គិត​ថ្លៃ​កម្ចី​រួម​មាន​ថ្លៃ​សេវា​ចំនួន ១៥០ដុល្លារ និង​ថ្លៃ​ការ​ប្រាក់​ចំនួន ២៧៥ដុល្លារ។ «​ដូចនេះ ចំនួនការប្រាក់ដែលត្រូវបង់​ប្រចាំ​ថ្ងៃ​គឺ ៥៥ដុល្លារ​​​ ​នៃ​ប្រាក់​ដើម​ចំនួន ១ ០០០ដុល្លារ។ ក្នុង​ករណី​ដែល​បង់​យឺត នោះ​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន ៣០ដុល្លារ​ក្នុង​មួយ​ថ្ងៃ»

លោក ផ្លាង ហាក់ មេភូមិចារ បាននិយាយថា ក្នុងឆ្នាំ២០២៣-២០២៤ គ្រួសារចំនួន ៣០ ទៅ ៤០ បានខ្ចីប្រាក់ពីអ្នកផ្តល់ប្រាក់កម្ចីឯកជន ព្រោះពួកគេគ្មានជម្រើសផ្សេង។ ទោះជាយ៉ាងណា ចំនួននេះប្រហែលជាបានថយចុះហើយនៅពេលនេះ។

លោកបានបន្តថា៖ «ភាគច្រើននៃអ្នកផ្តល់ប្រាក់កម្ចីទាំងនេះមកពីខេត្តស្វាយរៀង និងប៉ោយប៉ែត។ ពួកគេផ្សព្វផ្សាយនៅទីនេះ។ កាលពីមុន ខ្ញុំធ្លាប់ណែនាំពួកគេ [អ្នកខ្ចី] ព្រោះខ្ញុំឃើញពួកគេបង់ការប្រាក់ជារៀងរាល់ថ្ងៃ និងរាល់សប្តាហ៍ ដែលពិតជាវេទនា។ អ្នកខ្លះថែមទាំងខ្ចីប្រាក់ដោយសម្ងាត់ [ដោយមិនឱ្យខ្ញុំដឹង]»។

លោក ធូ សារឿន ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បាននិយាយថា មន្ត្រីនឹងបន្តស៊ើបអង្កេតលើបណ្តាញផ្តល់ប្រាក់កម្ចីឯកជនខុសច្បាប់នៅក្នុងទីក្រុង និងខេត្តផ្សេងទៀត ដើម្បីការពារប្រជាជនពីការធ្លាក់ចូលក្នុងវិបត្តិបំណុលធ្ងន់ធ្ងរ។

លោកបានបញ្ជាក់ថា៖ «យើងនឹងមិនឈប់នៅត្រឹមនេះទេ ហើយនឹងបន្តប្រយុទ្ធប្រឆាំងនឹងសកម្មភាពផ្តល់ប្រាក់កម្ចីខុសច្បាប់។ យើងនឹងចាប់ខ្លួនមេខ្លោងនៅពីក្រោយបណ្តាញនេះ»។

យោងតាមការិយាល័យឥណទានកម្ពុជា (CBC) ប្រជាជនជាង ៥លាននាក់បានខ្ចីប្រាក់ជិត ៦០លានដុល្លារពីស្ថាប័នហិរញ្ញវត្ថុនៅក្នុងឆ្នាំ២០២៤។ ប្រាក់កម្ចីភាគច្រើនត្រូវបានអនុម័តនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប ដែលសរុបមាន ៦០ភាគរយនៃសមតុល្យប្រាក់កម្ចីសរុប។

កាល​ពី​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ២០២៥ ការស្រាវជ្រាវមួយដោយអង្គការឃ្លាំមើលសាជីវកម្មឆ្លងជាតិកូរ៉េ (KTNC Watch) បានបង្ហាញថា គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​កូរ៉េ​ចំនួន​ពីរ​នៅ​កម្ពុជា​បាន​ផ្តល់​ប្រាក់​កម្ចី​«កេង​ប្រវ័ញ្ច» ដល់​ប្រជាជន​កម្ពុជា ដែល​បណ្តាល​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

លោក កាំង តុងងី អ្នក​នាំ​ពាក្យ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា (CMA) បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​អំពី​ប្រាក់​កម្ចី​ឯកជន​ខុស​ច្បាប់ ព្រោះ​វា​បណ្តាល​ឱ្យ​មាន​ការ​ខាត​បង់​យ៉ាង​ធំ​ដល់​ប្រជាពលរដ្ឋ ដោយ​បាន​ស្វាគមន៍​ចំពោះ​ការ​បង្ក្រាប​អ្នកឱ្យ​ខ្ចី​ប្រាក់​ខុស​ច្បាប់។

លោក​បាន​បន្ត​ថា ប្រាក់​កម្ចី​ក្រៅ​ផ្លូវ​ការ​មាន​អត្រា​ការ​ប្រាក់​ខ្ពស់ ហើយ​ពួក​គេ​មិន​គោរព​ក្រម​សីលធម៌ ឬ​លើក​កម្ពស់​គោលការណ៍​ដើម្បី​ការពារ​ប្រជាជន​នៅ​ក្នុង​ប្រតិបត្តិការ​របស់​ពួក​គេ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បែរ​ជា​ងាក​ទៅ​រក​ការ​គំរាម​កំហែង ការ​បរិហារ​កេរ្តិ៍ និង​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​វិញ។

ប៉ុន្តែប្រជាជនក៏គួរតែយល់ និងគិតឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តខ្ចីប្រាក់ពីស្ថាប័នដែលគ្មានអាជ្ញាប័ណ្ណ។

លោក តុងងី បានថ្លែងថា៖ «ជួនកាល ប្រជាជនខ្វះការយល់ដឹង ហើយខ្ចីប្រាក់យ៉ាងឆាប់រហ័ស ទោះបីជាការប្រាក់ខ្ពស់ ហើយអាចបណ្តាលឱ្យមានបញ្ហា ដូចជាអំពើហិង្សា ការគំរាមកំហែង និងការទាមទារឱ្យដាក់ទ្រព្យសម្បត្តិជាវត្ថុបញ្ចាំ ដែលជាបញ្ហាដែលប្រជាជនមិនខ្វល់​។ អ្វីដែលយើងឮពីមូលដ្ឋានគឺថា អត្រាការប្រាក់មួយចំនួនមានចន្លោះពី ១០ភាគរយ ទៅ ៤០ភាគរយ ក្នុងមួយខែ»

លោក​បាន​បន្ថែម​ថា ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​នៅ​ក្នុង​ឆ្នាំ២០២៤ និង​ឆ្នាំ២០២៥ អត្រា​ការ​ប្រាក់​កម្ចី​របស់​វិស័យ​ធនាគារ​គឺ«មិន​ខ្ពស់​ខ្លាំង​នោះ​ទេ» នៅ​ពេល​នេះ ពោល​គឺ​ប្រហែល ៤ ទៅ ៥ភាគរយ​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​អត្រា​សន្សំ​គឺ​«ល្អ​គួរសម» ពោល​គឺ​ប្រហែល ១៤ភាគរយ។

ដោយ​ឡែក អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (HRW) បាន​ចេញ​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​មួយ​កាល​ពី​ថ្ងៃ​ទី២៤ ខែ​កញ្ញា ឆ្នាំ២០២៥ ស្តី​ពី​ប្រាក់​កម្ចី​ខ្នាត​តូច​ដែល​បង្ក​ហានិភ័យ​ដល់​ជនជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ខេត្ត​រតនគិរី។ យោងតាមរបាយការណ៍របស់ HRW ការលំបាកក្នុងការសងប្រាក់កម្ចីបាននាំឱ្យមានការលក់ដីធ្លីដោយបង្ខំ បំណុលលើសលប់ និងការរំលោភសិទ្ធិវប្បធម៌ និងសង្គម ហើយក្នុងករណីខ្លះ បណ្តាលឱ្យមានការធ្វើអត្តឃាតទាក់ទងនឹងបំណុល។

ទន្ទឹម​នឹង​នេះ នាយក​ប្រតិបត្តិ​ការ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត បាន​និយាយ​ថា ការ​បង្ក្រាប​លើប្រាក់កម្ចីឯកជនខុសច្បាប់ដោយអាជ្ញាធរខេត្តព្រៃវែងគឺជាវិធានការល្អមួយ ដើម្បីការពារប្រជាជនបន្ថែមទៀតពីការប្រឈមនឹងបំណុលលើសលប់ ដែលអាចនាំឱ្យបាត់បង់ទ្រព្យសម្បត្តិតាមរយៈការរឹបអូសដីធ្លី។

អាជ្ញាធរ​នៅ​តាម​បណ្តា​ខេត្ត និង​ក្រុង​ផ្សេង​ទៀត​ក៏​គួរ​តែ​ចាប់​ផ្តើម​ដោះស្រាយ​បញ្ហា​នេះ​ផង​ដែរ ដោយ​ធ្វើ​តាម​គន្លង​របស់​នគរបាល​ខេត្ត​ព្រៃវែង និង​អាជ្ញាធរ​មូលដ្ឋាន ដោយ​មាន​យន្តការ​តឹងរ៉ឹង​ក្នុង​ការ​ត្រួត​ពិនិត្យតាមដាន និង​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ច្រើន​ថែម​ទៀត។

លោក សំអាត បាន​ថ្លែង​ថា៖ «តាម​ច្បាប់ ប្រាក់​កម្ចី​មិន​អាច​លើស​ពី ១៨ភាគរយក្នុង​មួយ​ឆ្នាំ​នោះ​ទេ ប៉ុន្តែ​ប្រាក់​កម្ចី​ឯកជន​មាន​អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​កម្រិត​ច្បាប់​យ៉ាង​ខ្លាំង ដែល​អាច​បណ្តាល​ឱ្យប្រជាជន​បាត់​បង់​ដី​ធ្លី និង​ផ្ទះ​សម្បែង ហើយ [នៅ​ទី​បំផុត] ធ្វើ​ចំណាក​ស្រុក។ មូលហេតុ​ដែល​ប្រជាជន​ជួល​ផ្ទះ​ គឺ​ដើម្បី​ពួក​គេ​អាច​ខ្ចី​ប្រាក់​ពី​ធនាគារ​ផ្សេង​ទៀត​ដើម្បី​សង [ប្រាក់​កម្ចី​ផ្សេង​ទៀត] ឬ​ប្រើប្រាស់​សម្រាប់ [ការ​ចំណាយ] គ្រួសារ​របស់​ពួក​គេ»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Illegal Private Lenders With Sprawling Operations, Exorbitant Interest Rates, Busted by Prey Veng Police

779 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម