ឈឹម ស៊ីថរ មេដឹកនាំសហជីពណាហ្គាវើលដ៍និងសហចុងចោទ៨នាក់ផ្សេងទៀតបានស្នើឲ្យតុលាការទម្លាក់បទចោទជុំវិញកូដកម្មស្របច្បាប់របស់ពួកគេ អំឡុងពេលធ្វើសេចក្តីសន្និដ្ឋានបញ្ចប់សវនាការកាលពីថ្ងៃពុធ ខណៈដែលតំណាងអយ្យការប្រមូលភស្តុតាងជាច្រើន ដើម្បីបង្ហាញថា ការតស៊ូមតិទាក់ទងនឹងការងារគឺជាអំពើញុះញង់។
សាលាដំបូងរាជធានីភ្នំពេញគ្រោងនឹងប្រកាសសាលក្រមនៅថ្ងៃទី២៥ ខែឧសភា។ ជនជាប់ចោទទាំង៩នាក់នេះប្រឈមនឹងបទចោទញុះញង់ បន្ទាប់ពីពួកគេផ្តួចផ្តើមឲ្យមានកូដកម្ម ដែលបានបន្តចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ជាការតវ៉ាចំពោះការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំនិងការចោទប្រកាន់ថា ព្យាយាមធ្វើឲ្យសហជីពចុះខ្សោយ។
អាជ្ញាធរប្រកាសថា កូដកម្មរបស់បុគ្គលិកណាហ្គាវើលដ៍ខុសច្បាប់ នៅពេលពួកគេប្រកាសធ្វើកូដកម្មនេះ ប៉ុន្តែក្រុមសមាជិករាប់សិបនាក់ទៀតដែលប្តូរផ្តាច់ជាមួយសហជីពនៅបន្តប្រមូលផ្តុំធ្វើការតវ៉ាពីរដងក្នុងមួយសប្តាហ៍។
ស៊ីថរ បាននិយាយថា៖ «ខ្ញុំស្នើសុំឲ្យលោកចៅក្រមទម្លាក់បទចោទទាំងអស់។ យើងត្រូវតែគោរពច្បាប់» ។
ស៊ីថរ ជាប្រធានសហជីពបានអះអាងថា កូដកម្មនេះ ជាមធ្យោបាយស្របច្បាប់ សម្រាប់វិវាទការងារ បន្ទាប់ពីគណៈកម្មាធិការគ្រប់គ្រងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ខកខានមិនបានដោះស្រាយបណ្ដឹងរបស់កម្មករដោយស្មោះត្រង់ អំឡុង ពេលចរចាជាច្រើនខែ។ កាលពីខែកុម្ភៈ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្តល់ពានមួយដល់ ស៊ីថរ ដែលទទួលស្គាល់នាងថា ជា “អ្នកការពារសិទ្ធិមនុស្ស “។
លោក សេង ហៀង ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញបានអះអាងជាថ្មីនៅក្នុងសេចក្តីសន្និដ្ឋានរបស់លោកថា កូដកម្មរបស់សហជីពនេះមិនដែល ទទួលបានការអនុញ្ញាតពីអាជ្ញាធរទេ។
លោក សេង ហៀង បានមានប្រសាសន៍៖ «តំណាងអយ្យការមានភស្តុតាងគ្រប់គ្រាន់ដែលថា មានសកម្មភាពស៊ីសង្វាក់នឹងបទចោទញុះញង់ ដូច្នេះតំណាងអយ្យការស្នើឲ្យលោកចៅក្រមផ្តន្ទាទោសទៅតាមច្បាប់» ។
មាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌកម្ពុជាចែងថា បទញុះញង់អាចមានទោសជាប់ពន្ធនាគារពី៦ ខែទៅ២ឆ្នាំនិងពិន័យពី១លានរៀល (២៥០ដុល្លារ) ទៅ៤លានរៀល ( ១.០០០ដុល្លារ)។
លោក សេង ហៀង បានលើកឡើងថា សហជីពបានទទួលមូលនិធិអន្តរជាតិពី អង្គការអន្តរជាតិជាច្រើនដូចជាការ អង្គការ East West Management Institution (EWMI) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក អង្គការសិទ្ធិស្ត្រី NGO JASS និងអង្គការការពារសិទ្ធិកម្មករ North America Unite Here។ ខណៈដែល អង្គការកម្ពុជាជាច្រើនទទួលមូលនិធិពីក្រុមអង្គការនៅក្រៅប្រទេសផងដែរនោះ លោក សេង ហៀង បានអះអាងថា មូលនិធិសម្រាប់សហជីពណាហ្គាវើលដ៍ ត្រូវបានប្រើប្រាស់ ដើម្បីធ្វើបាតុកម្មដែលត្រូវហាមឃាត់។
លោក សេង ហៀង បានមានប្រសាសន៍ថា៖ «[ជនជាប់ចោទ] ទទួលបានមូលនិធិ ខុសច្បាប់ពីខាងក្រៅ ដែលត្រូវបានប្រើប្រាស់ក្រោមលេសសិទ្ធិការងារនិងសិទ្ធិមនុស្ស ប៉ុន្តែពួកគេមានចេតនាទុច្ចរិតឧបាយកល់ក្នុងការបង្កភាពវឹកវរក្នុងសង្គម»។
តំណាងអយ្យការធ្លាប់បានចាក់ផ្សាយសំឡេងប្រហែល៣០នាទី ដែលដកស្រង់ពី កិច្ចប្រជុំតាម Zoom ជាង៥០លើក ដែលមានរយៈពេលប្រហែល៣ម៉ោង ជាភស្តុតាងដែលបញ្ជាក់ថា សហជីពណាហ្គាវើលដ៍មានចេតនាអាក្រក់។
ខ្សែអាត់សំឡេងមួយរបស់ ឈឹម ស៊ីថរ ដែលមិនបញ្ជាក់កាលបរិច្ឆេទបាននិយាយថា៖ «ក្នុងករណីដែលអាជ្ញាធរចាប់ខ្លួនខ្ញុំ យើងនឹងតបតទៅជាអំពើ ហិង្សា» ។ តំណាងអយ្យការក៏បានចែករំលែកខ្សែអាត់សំឡេងមួយទៀត ដែលក្នុងនោះ មេដឹកនាំសហជីពរូបនេះបាននិយាយថា៖ «មុននឹងចាកចេញ យើងនឹងបំបែកឆ្នាំងបាយ» ដែលតំណាយអយ្យការបកស្រាយថា ជាចេតនាចង់បំផ្លាញក្រុមហ៊ុនណាហ្កាវើលដ៍ ។ នៅក្នុងភាសាខ្មែរពាក្យ «ឆ្នាំងបាយ» អាចសំដៅទៅលើប្រភពនៃចំណូលហិរញ្ញវត្ថុ។
ប៉ុន្តែ ស៊ីថរបាននិយាយថា តំណាងអយ្យការបានមួលបង្កាច់ពាក្យសម្តីរបស់ នាងហើយបានអះអាងថា ការលើកឡើងរបស់នាងអំពី «ឆ្នាំងបាយ» គឺសំដៅដល់ករណី ដែលមេដឹកនាំមុនៗរបស់សហជីពទទួលយកសំណងនិងបោះបង់ ចោលកម្មករ អំឡុងពេលតស៊ូមតិទាក់ទិនការងារកន្លងមក។
លោកស្រី សាម សុគន្ធា មេធាវីការពារបានឲ្យដឹងថា តំណាងអយ្យការបានដក ស្រង់ខុសពីខ្លឹមសារដើមរបស់សារនេះ ដើម្បីទម្លាក់កំហុសលើ ស៊ីថរ។ នៅក្នុង សវនាការកាលពីសប្តាហ៍មុន ចៅក្រមបានច្រានចោលសំណើរបស់ ស៊ីថរ និងសហចុងចោទរបស់នាងដែលស្នើសុំឲ្យចាក់ខ្សែអាត់សំឡេងទាំងស្រុងរបស់ពួក គេ ដែលតំណាងអយ្យការបានប្រើប្រាស់ជាភស្តុតាង។ លោកស្រី សុគន្ធា បាន និយាយថា ការជ្រើសរើសយកខ្សែអាត់សំឡេងមួយចំនួនមិនបានឆ្លុះបញ្ចាំងពី សារទាំងមូលរបស់ ស៊ីថរ ឬសកម្មភាពរបស់សហជីពនៅក្នុងការធ្វើកូដកម្មពេញ មួយឆ្នាំនោះទេ។
លោកស្រីមានប្រសាសន៍ថា៖ «ខ្លឹមសារទាំងស្រុងមិនបានអំពាវនាវឲ្យប្រើអំពើ ហិង្សានោះទេ»។
កូដករណាហ្គាវើលដ៍ ដែលផ្សព្វផ្សាយសារអហិង្សាក្នុងការបញ្ចេញមតិជាសាធារណៈនោះ បានប្រឈមមុខនឹងអំពើហិង្សាពីសំណាក់អាជ្ញាធរ ហើយសូម្បីថៅកែរបស់ពួកគេ គឺកូនប្រុសរបស់នាយកប្រតិបត្តិក្រុមហ៊ុន NagaCorp តាមចោទថា បានគ្រវែងបង្គោលជ័រចរាចរណ៍ទៅលើបាតុករ បន្ទាប់ពីកញ្ឆក់យកទូរសព្ទដៃរបស់កូដករម្នាក់ រួចគប់ទៅលើចិញ្ចើមផ្លូវកាលពីឆ្នាំមុន ។
លោក សេង ហៀង ជាតំណាងអយ្យការបានអះអាងផងដែរថា សមាជិកសហជីពមិនបានធ្វើការងារនៅក្រុមហ៊ុនទៀតឡើយ ដូច្នេះមិនអាចធ្វើកូដកម្ម បានដោយស្របច្បាប់នោះទេ។ លោកបានស្នើឲ្យចាប់អារម្មណ៍ទៅលើយុទ្ធសាស្ត្ររបស់សហជីពក្នុងការដាក់ស្ត្រីមានផ្ទៃពោះនៅជួរមុខ ជាការញុះញង់ ដោយអះអាងថា ល្បិចកលនេះត្រូវបានបង្កើតឡើងសម្រាប់សហជីព ដើម្បីបង្កើតស្ថានការណ៍ ដើម្បីចោទប្រកាន់អាជ្ញាធរពីបទរំលោភសិទ្ធិមនុស្ស។
តំណាងអយ្យការបានលើកឡើងបន្ថែមទៀតអំពីមូលនិធិអន្តរជាតិ ដែលបាន ផ្ទេរទៅគណនីធនាគារផ្ទាល់ខ្លួនរបស់មេដឹកនាំសហជីពជាជាងទៅកាន់គណនី អង្គភាពសហជីពនេះ។
លោកស្រី សុគន្ធា បានមានប្រសាសន៍ថា មូលនិធិអន្តរជាតិគឺជា ប្រភេទនៃ«ជំនួយមនុស្សធម៌» អំឡុងពេលមានការបិទខ្ទប់ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខែមេសា និងដើមខែឧសភា ឆ្នាំ២០២១ ដោយសារកម្មករមួយចំនួន មិនមានចំណូលគ្រប់គ្រាន់ទេ។ សូម្បីកូដកម្មមិនទាន់ចាប់ផ្តើមក៏ដោយ ក៏ បុគ្គលិកណាហ្គាវើលដ៍ប្រឈមនឹងការកាត់បន្ថយប្រាក់ឈ្នូលរួចទៅហើយ។ លោកស្រីបានមានប្រសាសន៍ថា មូលនិធិនេះត្រូវបានផ្ទេរចូលគណនីផ្ទាល់ខ្លួន ពីព្រោះវាងាយស្រួលក្នុងការជួយសមាជិកដោយផ្ទាល់ ហើយគណនីរួមរបស់សហជីពពិបាកក្នុងការអនុម័ត អំឡុងពេលមានការបិទខ្ទប់។
លោកស្រីបានបន្ថែមថា គ្មានអ្វីខុសច្បាប់ទេ ការដែលសហជីពមួយទទួលមូលនិធិពីអង្គការអន្តរជាតិនោះ។
លោកស្រីមានប្រសាសន៍ថា៖ «ច្បាប់ស្តីពីសហជីពពាណិជ្ជកម្មបានអនុញ្ញាតឲ្យ សហជីពក្នុងស្រុកធ្វើសម្ព័ន្ធភាពជាមួយសហជីពអន្តរជាតិ។ វាមិនខុសទេ ការ ទទួលមូលនិធិទាំងនោះ»។
ទាក់ទងនឹងការដាក់ស្ត្រីមានផ្ទៃពោះនៅជួរមុខ លោកស្រី សុគន្ធា បានពន្យល់ ថា វាជាយុទ្ធសាស្ត្រមួយ ដើម្បីកាត់បន្ថយអំពើហិង្សា ក្នុងករណីដែលកូដករប៉ះ ទង្គិចមួយអាជ្ញាធរ។
លោកស្រី សុគន្ធា បានមានប្រសាសន៍ថា៖ «[សារ] ទាំងស្រុង គាត់បានលើក ឡើង គឺ [សម្រាប់កូដករ ] មិនឲ្យឆ្លើយតបដោយប្រើអំពើហិង្សាទេ»។
ទាក់ទងនឹងការលើកឡើងរបស់តំណាងអយ្យការដែលថា ការធ្វើកូដកម្មនេះ គឺ ខុសច្បាប់ ដោយសារអាជ្ញាធរមិនអនុញ្ញាតឲ្យមានការប្រមូលផ្តុំពីបូង លោកស្រី សុគន្ធា បានមានប្រសាសន៍ថា ការធ្វើកូដកម្មមិនតម្រូវឲ្យមានការយល់ព្រមពី អាជ្ញាធរនោះទេ តាមច្បាប់កម្ពុជា។
លោកស្រី សុគន្ធា បានមានប្រសាសន៍ថា៖ «ពួកគាត់មិនចាំបាច់មានការអនុញ្ញាត [ពីអាជ្ញាធរ] ទេ គ្រាន់តែជូនដំណឹងទៅអាជ្ញាធរ គឺវាគ្រប់គ្រាន់ហើយ»។
មាត្រា៣២៤ នៃច្បាប់ការងាររបស់កម្ពុជាចែងថា ការធ្វើកូដកម្មត្រូវជូន «ដំណឹង ជាមុនយ៉ាងហោចណាស់៧ថ្ងៃនៃថ្ងៃធ្វើការ» ដល់និយោជកនិងក្រសួងការងារ និង «បញ្ជាក់ឲ្យបានច្បាស់ពីការទាមទារ ដែលជាហេតុផលនៃការធ្វើកូដកម្ម នេះ»។ មាត្រា៧នៃច្បាប់បាតុកម្មកម្ពុជាក៏តម្រូវឲ្យមានការជូនដំណឹងពីមុនចំនួន ៥ថ្ងៃផងដែរ។ គ្មានច្បាប់ណាមួយតម្រូវឲ្យសុំការអនុញ្ញាតពីអាជ្ញាធរនោះទេ។
លោក ហុង សម្បត្តិ ជាសហមេធាវីការពារបានមានប្រសាសន៍ថា លោកមាន ការខកចិត្ត ដែលតំណាងអយ្យការព្យាយាមបង្ហាញថា “វិវាទការងារ” គឺជាសកម្មភាពឧក្រិដ្ឋ ដោយអះអាងថា កម្មករបានអនុវត្តមធ្យោបាយផ្លូវច្បាប់ ដែលមាន ដើម្បីស្វែងរកសំណងស្របតាមច្បាប់ បន្ទាប់ពីបរាជ័យក្នុងការចរចា ជាមួយក្រុមហ៊ុន។
លោក សម្បត្តិ បានអះអាងថា មូលហេតុចម្បងនៃកូដកម្មនេះ គឺការខ្វះដំណោះ ស្រាយពីក្រុមហ៊ុនណាហ្កាវើលដ៍ ក្រសួងការងារនិងក្រុមប្រឹក្សាអាជ្ញាកណ្តាល កម្ពុជា។ កាលពីខែកញ្ញា ឆ្នាំ២០២១ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានចេញសេចក្តី សម្រេចមួយដែលមិនចាប់បង្ខំឲ្យអនុវត្ត ដោយស្នើសុំឲ្យក្រុមហ៊ុននេះគណនា ប្រាក់បំណាច់ឡើងវិញ ប៉ុន្តែបានបដិសេធមិនសម្រេចលើភាពស្របច្បាប់នៃការ បញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ ដែលប៉ះពាល់ដល់កម្មករជាង៣០០នាក់និងថ្នាក់ ដឹកនាំសហជីពទាំងអស់ទេ។
លោកមានប្រសាសន៍ថា៖ «យើងបានឃើញថា កូដកម្មនេះនៅតែបន្តដល់ពេល នេះ ដោយសារវិវាទការងារ» ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូបានអំពាវនាវឲ្យ តុលាការទម្លាក់ចោលការចោទប្រកាន់លើជនជាប់ចោទ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមើលឃើញថា គ្មានភស្តុតាងណាមួយ ដែលបង្ហាញថា ជនជាប់ចោទទាំងប្រាំបួននាក់ជាប់ពាក់ព័ន្ធក្នុងបទចោទញុះញង់នោះទេ ពីព្រោះវាគឺជាវិវាទការងារទាំងស្រុង»។ លោកបានបន្ថែមថា៖ «ដើម្បីចៀសវាងការចោទប្រកាន់ពីការរឹតត្បិតសិទ្ធិសេរីភាពសហជីព កម្មករនិងពលរដ្ឋនោះ សិទ្ធិជាមូលដ្ឋានក្នុងការធ្វើកូដកម្ម ត្រូវបានធានាដោយច្បាប់។ គាត់ [តំណាងអយ្យការ] បាននិងកំពុងប្រើប្រាស់ក្រមព្រហ្មទណ្ឌ ដើម្បីរឹតត្បិតសិទ្ធិទាំងអស់នោះ» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ In Closing Arguments, Prosecution Frames NagaWorld Gatherings as Incitement, Union Leaders Claim Lawful Strike