សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ស្ថិតក្នុងស្ថានភាពប្រឈមបញ្ហាហិរញ្ញវត្ថុ ពលករចំណាកស្រុកកម្ពុជានៅតែបន្តឆ្លងដែនខុសច្បាប់

កងវរសេនាតូចនគរបាលការពារព្រំដែនដែលមានមូលដ្ឋាននៅស្រុកកំរៀង ខេត្តបាត់ដំបងកាលពីថ្ងៃអង្គារបានឆ្មក់ចូលផ្ទះសំណាក់ចំនួន៤ កន្លែងដែលមានពលករចំណាកស្រុកកម្ពុជាខុសច្បាប់ស្នាក់នៅមុនពេលព្យាយាមឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ។ រូបថតដកស្រង់ចេញពីទំព័រហ្វេសប៊ុករបស់កងវរសេនាតូច
កងវរសេនាតូចនគរបាលការពារព្រំដែនដែលមានមូលដ្ឋាននៅស្រុកកំរៀង ខេត្តបាត់ដំបងកាលពីថ្ងៃអង្គារបានឆ្មក់ចូលផ្ទះសំណាក់ចំនួន៤ កន្លែងដែលមានពលករចំណាកស្រុកកម្ពុជាខុសច្បាប់ស្នាក់នៅមុនពេលព្យាយាមឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ។ រូបថតដកស្រង់ចេញពីទំព័រហ្វេសប៊ុករបស់កងវរសេនាតូច

កាលពីថ្ងៃអង្គារ មន្រ្តីនគរបាលខេត្តបាត់ដំបងបានឃាត់ខ្លួនពលករចំណាកស្រុកជាង ១០០នាក់ដែលបានព្យាយាមឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃ បើទោះបីជាមានការបន្តរឹតបន្តឹងទប់ស្កាត់ជំងឺរាតត្បាតក៏ដោយ។

ក្រុមអង្គការសង្គមស៊ីវិលនិយាយថា ពលករចំណាកស្រុកកម្ពុជាកំពុងវិលត្រឡប់ទៅប្រទេសថៃជាបណ្តើរៗ ដោយសារតែជីវភាពខ្វះខាតនិងភាពគ្មានការងារធ្វើនៅក្នុងប្រទេសកំណើតរបស់ពួកគេ។ ព្រំដែនគោករវាងប្រទេសទាំងពីរត្រូវបានបិទតាំងពីខែ មីនា ឆ្នាំ២០២០ ប៉ុន្តែមានសញ្ញាធ្លាក់ចុះតិចតួចនៃការឆ្លងកាត់ខុសច្បាប់។ ក្នុងពេលជាមួយគ្នានេះដែរ ពលករចំណាកស្រុករាប់រយនាក់បានវិលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ ដែលធ្វើឲ្យមានការព្រួយបារម្ភអំពីការកើនឡើងនៃការឆ្លងជំងឺកូវីដបើទោះបីជាមានមណ្ឌលចត្តាឡីស័ករបស់រដ្ឋាភិបាលក៏ដោយ។

លោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់នៅថ្ងៃអង្គារថា ពលករចំណាកស្រុកជាង១០០នាក់ត្រូវបានឃាត់ខ្លួននៅថ្ងៃដដែលនៅក្នុងស្រុកកំរៀង។ លោកបានមានប្រសាសន៍ថា ពលករចំណាកស្រុកទាំងនោះត្រូវបានឃាត់ខ្លួននៅពេលរសៀលហើយប៉ូលីសកំពុងសាកសួរ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ។

ទោះយ៉ាងណា កងវរសេនាតូចនគរបាលការពារព្រំដែនដែលមានមូលដ្ឋាននៅក្នុងស្រុកនេះ បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា កាលពីថ្ងៃអង្គារ អាជ្ញាធរបានឆ្មក់ចូលផ្ទះសំណាក់ចំនួន៤ ដែលតាមចោទថាកំពុងជួយពលករចំណាកស្រុកខ្មែរឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ។ សារដដែលសរសេថា នគរបាលបានឃាត់ខ្លួនពលករចំនួន១៣០នាក់។

ការធ្វើចំណាកស្រុកដោយគ្មានឯកសារគឺជាបញ្ហាប្រឈមរបស់ប្រទេសទាំងពីរយូរមកហើយ ប៉ុន្តែបញ្ហានេះត្រូវបានគេចាត់ទុកថា រឹតតែសំខាន់ជាងនេះទៅទៀត អំឡុងពេលមានការរីករាលដាលជំងឺកូវីដ១៩។ ស្របពេលដែលកម្ពុជានិងថៃព្យាយាមទប់ស្កាត់ជំងឺកូវីដ ពលករចំណាកស្រុកនិយាយថា ពួកគេគ្មានជម្រើសច្រើនក្រៅពីឆ្លងដែន មិនថាច្រកព្រំដែនបន្តបិទឬយ៉ាងណានោះទេ។

លោក ពេជ្រ វណ្ណា ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃបានថ្លែងថា គ្មានពលករឆ្លងដែនទៅប្រទេសថៃដោយស្របច្បាប់ទេ ព្រោះព្រំដែនគោករវាងប្រទេសទាំងពីរបន្តបិទនៅឡើយ។

លោក វណ្ណា បានមានប្រសាសន៍ថា៖ «ពួកគេនៅតែមកហើយមានរហូតដល់២០០ទៅ ៣០០នាក់ក្នុងមួយថ្ងៃត្រូវបានអាជ្ញាធរថៃបញ្ជូនត្រឡប់មកវិញ»។ ដោយលោកបន្ថែមថា៖ «យើងនៅបន្តរឹតបន្តឹងមិនឲ្យធ្វើដំណើរទៅតាមវិធានការដដែល»។

លោកមានប្រសាសន៍ថា អាជ្ញាធរថៃនៅតែរឹតបន្តឹងការធ្វើដំណើរដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសទាំងពីរ។

លោក វណ្ណា បានលើកឡើងថា៖ «ឥឡូវនេះពួកគាត់ (ពលករ) មិនអាចទៅបានទេ។ បើពួកគាត់ទៅ ពួកគាត់នឹងត្រូវគេចាប់ខ្លួន។ យើងបានឃើញពលករដែលត្រូវបានគេបញ្ជូនត្រឡប់មកវិញ ប៉ុន្តែយើងមិនដឹងថា ពួកគាត់ចេញតាមច្រកណានោះទេ»។

លោកបានមានប្រសាសន៍ថា មន្រ្តីនគរបាលត្រូវបានដាក់ពង្រាយយាមតាមគ្រប់ច្រកដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់។

កងវរសេនាតូចនគរបាលការពារព្រំដែនដែលមានមូលដ្ឋាននៅស្រុកកំរៀង ខេត្តបាត់ដំបងកាលពីថ្ងៃអង្គារបានឆ្មក់ចូលផ្ទះសំណាក់ចំនួន៤ កន្លែងដែលមានពលករចំណាកស្រុកកម្ពុជាខុសច្បាប់ស្នាក់នៅមុនពេលព្យាយាមឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ។ រូបថតដកស្រង់ចេញពីទំព័រហ្វេសប៊ុករបស់កងវរសេនាតូច
កងវរសេនាតូចនគរបាលការពារព្រំដែនដែលមានមូលដ្ឋាននៅស្រុកកំរៀង ខេត្តបាត់ដំបងកាលពីថ្ងៃអង្គារបានឆ្មក់ចូលផ្ទះសំណាក់ចំនួន៤ កន្លែងដែលមានពលករចំណាកស្រុកកម្ពុជាខុសច្បាប់ស្នាក់នៅមុនពេលព្យាយាមឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ។ រូបថតដកស្រង់ចេញពីទំព័រហ្វេសប៊ុករបស់កងវរសេនាតូច

លោក ស៊ុំ ច័ន្ទគា អ្នកសម្របសម្រួលប្រចាំខេត្តនៃសមាគមការពារសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថា ប្រជាពលរដ្ឋនៅតែឆ្លងដែនដោយសារពួកគាត់មិនអាចរកប្រាក់ចំណូលបាននៅកម្ពុជា។លោកថា អំឡុងពេលនៃការធ្លាក់ចុះសេដ្ឋកិច្ច បញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុដូចជាបំណុលធនាគារកំពុងតម្រូវឲ្យពលករធ្វើចំណាកស្រុកពីស្រុកកំណើតរបស់ពួកគាត់។

លោក  ច័ន្ទគា បានមានប្រសាសន៍ថា៖ «ពួកគាត់គ្មានជម្រើសអ្វីក្រៅពីធ្វើចំណាកស្រុកទៅប្រទេសថៃទេ ទោះបីពួកគាត់បានដឹងអំពីហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ និងការចាប់ខ្លួនពីសំណាក់អាជ្ញាធរថៃក៏ដោយ» ។

លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើពួកគាត់មិនធ្វើចំណាកស្រុក តើពួកគាត់អាចរកប្រាក់ចំណូលបានយ៉ាងដូចម្តេចនៅក្នុងសហគមន៍មូលដ្ឋានរបស់ពួកគាត់»  ដោយបន្ថែមថា អាជ្ញាធរមិនបានផ្តល់អាទិភាពក្នុងការស្វែងរកការងារថ្មីសម្រាប់ជនចំណាក ស្រុកដែលបានត្រឡប់មកវិញនោះទេ។

លោក ច័ន្ទគា បានទទួលស្គាល់ថា អាជ្ញាធរបានផ្តល់ជំនួយសង្គមអំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែមិនបានផ្តល់ការគាំទ្ររយៈពេលវែងគ្រប់គ្រាន់ដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុកទេ។

ចំណែក លោក ឌី ថេហូយ៉ា មន្រ្តីកម្មវិធីនៃអង្គការសិទ្ធិការងារសង់ត្រាល់បានមានប្រសាសន៍ថា អង្គការរបស់លោកមានការព្រួយបារម្ភអំពីគ្រោះថ្នាក់ចំពោះពលករដែលធ្វើចំណាកស្រុកអំឡុងពេលមានការរីករាលដាលជំងឺ។

លោកបានមានប្រសាសន៍ថា៖ «យើងព្រួយបារម្ភថា ពួកគាត់នឹងត្រូវចាប់ខ្លួនឬដាក់ពន្ធនាគារ ពីព្រោះប្រទេសថៃមិនទាន់បើកព្រំដែនរបស់ខ្លួនក៏ដូចជាហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩» ។

លោក ថេហូយ៉ា បានមានប្រសាសន៍ថា សង់ត្រាល់បានកត់ត្រាពលករចំណាកស្រុកប្រហែល២៥០.០០០នាក់បានវិលត្រឡប់មកកម្ពុជាវិញរហូតមកទល់ពេលនេះនៃឆ្នាំ២០២១។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបងបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោក ប៉ែន កុសល អភិបាលខេត្តឧត្តរមានជ័យមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ In face of financial challenges, Cambodian migrant workers continue illegal border crossings

213 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម