សាលាដំបូងរាជធានីភ្នំពេញនិងសាលាដំបូងខេត្តកណ្ដាលបានផ្អាកជាបណ្តោះអាសន្ននូវសវនាការស្ទើរតែទាំងអស់ អំឡុងពេលបិទខ្ទប់ លើកលែងតែករណីដែលពាក់ព័ន្ធនឹងការបំពានលើបទបញ្ជាបិទខ្ទប់និងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ថ្មី ដែលទើបអនុម័តថ្មីដ៏ចម្រូងចម្រាស។ ប៉ុន្តែក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សបានព្រមានថា ការកកស្ទះសំណុំរឿងនេះអាចធ្វើឲ្យជនជាប់ចោទជាច្រើនត្រូវឃុំខ្លួនហួសរយៈពេលឃុំបណ្តោះអាសន្នមុនការកាត់ក្តី។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌មានប្រសាសន៍ថា ការបិទខ្ទប់នៅទីក្រុងភ្នំពេញនិងក្រុងតាខ្មៅមានន័យថា មានតែករណីបន្ទាន់បំផុតប៉ុណ្ណោះដែលត្រូវដំណើរការជម្រះ គឺករណីពាក់ព័ន្ធនឹងការបំពានលើវិធានការណ៍ទប់ ស្កាត់ជំងឺកូវីដ-១៩ ។
លោកបានមានប្រសាសន៍ថា៖ «សវនាការនិងការផ្តន្ទាទោសអ្នកដែលបានរំលោភ [លើវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩] គឺចាំបាច់ ដើម្បីអប់រំនិងណែនាំប្រជាពលរដ្ឋឲ្យគោរពនិងអនុវត្តវិធានការណ៍ទាំងអស់គ្នា»។
លោកបានមានប្រសាសន៍ថា រាល់ការពន្យារពេលនៃសំណុំរឿងផ្សេងទៀត « ពេលនេះគឺគ្មានអ្វីធំជាងការការពារអាយុជីវិពលរដ្ឋពីការឆ្លងជំងឺកូវីដ-១៩នោះទេ» ។
កាលពីថ្ងៃអាទិត្យ សាលាដំបូងរាជធានីភ្នំពេញបានចាប់ផ្តើមបើកសវនាការជំនុំជម្រះលើអតីតឧត្តមសេនីយ៍ទោនគរបាលម្នាក់និងបុរស២នាក់ផ្សេងទៀតដែលតាមចោទថា បានល្មើសបទបញ្ជាបិទខ្ទប់ដែលហាមឃាត់ការជួបជុំនិងការផឹកស៊ីប៉ុន្តែសវនាការនេះត្រូវបានផ្អាកទៅវិញ ខណៈជនជាប់ចោទសុំស្វែងរកមេធាវី។
លោក អ៊ុង ចាន់ធួក អនុប្រធានសេនាធិការនៃនគរបាលជាតិ គឺជាឧត្តមសេនីយ៍ផ្កាយ២ ដែលត្រូវបានដកឋានន្តរស័ក្តិនិងត្រូវបានបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ មួយថ្ងៃបន្ទាប់ពីការចាប់ខ្លួនលោកកាលពីយប់ថ្ងៃសុក្រតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍ថា អំឡុងពេលនៃការបិទខ្ទប់ តុលាការបានផ្អាកការជំនុំជម្រះស្ទើរតែគ្រប់សំណុំរឿងទាំងអស់ ប៉ុន្តែនៅតែបន្តទទួលយកសំណុំរឿងពាក់ព័ន្ធនឹងរឿងកូវីដ-១៩ ។
លោកបានមានប្រសាសន៍ថា៖«យើងនឹងពិចារណាលើសំណុំរឿងដែលចាំបាច់និងបន្ទាន់។ យើងនឹងអនុវត្តនីតិវិធី ហើយការងារផ្សេងទៀតត្រូវបានផ្អាកជាបណ្តោះអាសន្ន»។
លោក ស៊ុនឡាយ បានមានប្រសាសន៍ថា ករណីដែលទាក់ទងនឹងការរីករាល ដាលនៃជំងឺកូវីដ-១៩ នឹងត្រូវបញ្ជូនទៅតុលាការភ្លាម ពីព្រោះអ្នកដែលល្មើសវិ ធានការណ៍បិទខ្ទប់ ត្រូវបានចាប់ខ្លួនដោយសារ «ការប្រព្រឹត្តិបទល្មើសជាក់ស្តែង»។
លោក ស៊ុនឡាយ បានមានប្រសាសន៍ថា៖ «ការងារដទៃទៀត [ សវនាការទូទៅ] ត្រូវបានផ្អាក ពីព្រោះយើងមិនអាចចេញពីផ្ទះបាន»។
លោកបានបន្ថែមថា មន្រ្តីតុលាការមួយចំនួនតូចនៅប្រចាំការហើយតុលាការនឹងសម្រេចថា តើត្រូវបើកសវនាការជំនុំជម្រះផ្អែកតាមករណីនីមួយៗ ដែលរួមមាន «ប្រសិនបើសំណុំរឿងខ្លះមានការឃុំខ្លួនបណ្តោះអាសន្នលើសកំណត់ យើងនឹងជួយសម្រួលឲ្យមានសវនាការលើសំណុំរឿងនោះ»។
សំណុំរឿង ដែលទាក់ទងនឹងជំងឺកូវីដ-១៩ កំពុងកើតមាននៅទូទាំងប្រទេស មិនត្រឹមតែនៅក្នុងទីក្រុង ដែលត្រូវបានបិទខ្ទប់ប៉ុណ្ណោះទេ។
កាលពីថ្ងៃអង្គារ យោងតាមសេចក្ដីថ្លែងការណ៍របស់សាលាដំបូងខេត្តកំពង់ចាម បានកាត់ទោសបុរសអាយុ៥០ឆ្នាំម្នាក់ឈ្មោះ យុន ស៊ាងហ៊ី ឲ្យជាប់ពន្ធនាគារ១ឆ្នាំតាមមាត្រា១១នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងពីបទប្រមាថនិងរារាំងមន្ត្រីសាធារណៈតាមមាត្រា៥០២នៃក្រមព្រហ្មទណ្ឌ។
តាមសេចក្តីរាយការណ៍ថា តុលាការខេត្តព្រះសីហនុនិងខេត្តស្វាយរៀងក៏បានបើកសវនាការជំនុំជម្រះលើសំណុំរឿងពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ផងដែរ នេះបើយោងតាមការបញ្ជាក់ពីមន្រ្តីតុលាការ ប៉ុន្តែមិនអាចផ្តល់ព័ត៌មានលម្អិតបានទេ។
នៅខេត្តតាកែវ តុលាការកាលពីថ្ងៃអង្គារបានកាត់ទោសបុរសបួននាក់ឱ្យជាប់ពន្ធគារក្នុងម្នាក់ៗរយៈមួយឆ្នាំនិងពិន័យជាប្រាក់ម្នាក់ៗចំនួន១លានរៀលតាមមាត្រា ១០និង១១នៃច្បាប់ថ្មីនេះ។ បុរសទាំងបួននាក់នេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យដោយសារជួបជុំផឹកស៊ីនិងច្រៀងដោយរំលោភលើវិធានក្នុងមូលដ្ឋាន។
លោក តេង សាម៉ៃ ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យនៅសាលាដំបូងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា តុលាការរបស់លោកបានរៀបចំបន្ទប់សវនាការសម្រាប់ជំនុំជម្រះសំណុំរឿងបន្ទាន់ទាក់ទងនឹងជំងឺកូវីដ-១៩ ដោយបំពាក់នូវរបាំងការពារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសនេះ។
លោក សាម៉ៃ បានមានប្រសាសន៍ថា៖ «សំណុំរឿងដែលពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែង ហើយយើងមានភស្តុតាងគ្រប់គ្រាន់ ដែលយើងអាចដំណើរការបាន ភ្លាមៗ ដោយមិនចាំបាច់ធ្វើការស៊ើបអង្កេតទេ»។
លោកថា កាលពីថ្ងៃអាទិត្យ តុលាការបានចោទប្រកាន់អ្នកបើកបររថយន្តក្រុងដែលដឹកអ្នកដំណើរពីភ្នំពេញទៅខេត្តបន្ទាយមានជ័យតាមមាត្រា១០នៃច្បាប់ថ្មីហើយបានបញ្ជូនសំណុំរឿងនេះទៅក្រសួងសុខាភិបាល ដើម្បីធ្វើការផាកពិន័យ។
លោកបន្តថា បច្ចុប្បន្នខេត្តបន្ទាយមានជ័យមិនមានការបិទខ្ទប់ទេ ហើយតុលា ការកំពុងដំណើរការជាធម្មតា ប៉ុន្តែបានកាត់បន្ថយចំនួនមនុស្ស ដែលអាចចូល រួមស្តាប់សវនាការ។
ពន្ធនាគារនៅកម្ពុជាឃុំឃាំងអ្នកទោសជិត៤ម៉ឺននាក់ ក្នុងនោះ៨.០០០នាក់នៅមណ្ឌលកែប្រែព្រៃសសម្រាប់បុរស នៅរាជធានីភ្នំពេញ។ យោងតាមអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិបានឲ្យដឹងថា ពន្ធនាគារភាគច្រើននៅកម្ពុជាបានផ្ទុកអ្នកជាប់ឃុំច្រើនទ្វេដងឬច្រើនជាងនេះ ហើយច្រើនជាងមួយភាគបីក្នុង ចំណោមនោះត្រូវបានឃុំខ្លួនបណ្តោះអាសន្នមុនការកាត់ក្តី។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) បានសម្តែងការព្រួយបារម្ភចំពោះការសម្រេចចិត្តពន្យារពេលសវនាការជាបណ្តោះអាសន្ន ដោយសារតែភាពចង្អៀតណែននៅក្នុងពន្ធនាគារ។
លោកស្រីបានមានប្រសាសន៍ថា៖ «តាមដែលយើងដឹង តុលាការបានបំពាក់គ្រប់គ្រាន់ ដើម្បីការពារការឆ្លងសហគមន៍។ ប្រសិនបើនោះជាការពិត រាល់សវនាការទាំងអស់គួរតែអាចដំណើរទៅមុខ មិនត្រឹមតែករណីទាក់ទងនឹងការល្មើសលើវិធានការណ៍កូវីដ-១៩នោះទេ»។
លោកស្រី សុភាព បានបន្ថែមថា ការផ្តល់អាទិភាពដល់សំណុំរឿងដែលទាក់ទងនឹងជំងឺកូវីដ-១៩ ប៉ុន្តែពន្យារពេលនៃការឃុំខ្លួនបណ្តោះអាសន្នរបស់ជនជាប់ចោទជាច្រើនទៀតនៅក្នុងពន្ធនាគារ ដែលគេដឹងថាមានលក្ខខណ្ឌអាក្រក់ វាមិនមែនជារឿងល្អនោះទេ។
លោកស្រីបាននិយាយថា៖ «ផ្ទុយទៅវិញ រឿងនេះនឹងធ្វើឲ្យពួកគេប្រឈមមុខនឹងភាពមិនច្បាស់លាស់ផ្នែកច្បាប់ច្រើនខែបន្ថែមទៀត និងអូសបន្លាយការជាប់នៅក្នុងពន្ធនាគារដ៏ចង្អៀតណែន»។
លោកស្រីបានទទូចដល់រដ្ឋាភិបាលឱ្យវាយតម្លៃឡើងវិញនូវការប្រើប្រាស់ការឃុំ ខ្លួនបណ្តោះអាសន្នហួសប្រមាណនាពេលបច្ចុប្បន្នរបស់ខ្លួន ហើយត្រូវធានាថាវាត្រូវបានប្រើជាជម្រើសចុងក្រោយ ស្របតាមការសន្មតថាគ្មានទោសនិងបទ ដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។
លោក ម៉ាលីន បានអះអាងថា ប្រព័ន្ធតុលាការគោរពតាមនីតិវិធីត្រឹមត្រូវនិងកំពុងធ្វើឱ្យមានតុល្យភាពនូវសិទ្ធិទទួលបានការជំនុំជម្រះ ជាមួយនឹងតម្រូវការដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះ។
លោកបានមានប្រសាសន៍ថា៖ «ដំណើរការសំណុំរឿងកកស្ទះកំពុងដំណើរការទៅមុខ រួមទាំងការធានាសិទ្ធិរបស់ជនជាប់ចោទស្របតាមវិធានការរបស់ក្រសួងសុខាភិបាល»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ In locked down areas, trials mostly suspended apart from pandemic-related cases