ស្រុកក្រគរ នៃខេត្តពោធិ៍សាត់៖ ជា រស្មី អាយុ១៣ឆ្នាំ បានតស៊ូរៀនសូត្ររហូតដល់ថ្នាក់ទី៦ បើទោះបីជាកុមារីរូបនេះរស់នៅលើផ្ទះបឹងទន្លេសាបក្តី។ នៅសាលាបឋមសិក្សាកំពង់ប្រាក់ រស្មីជាសិស្សពូកែម្នាក់ដែលមានក្តីស្រមៃចង់ក្លាយជាគ្រូបង្រៀននៅពេលអនាគត។ ប៉ុន្តែដោយសារតែអនុវិទ្យាល័យមានតែនៅលើគោកដែលមានចម្ងាយឆ្ងាយពីផ្ទះរបស់ខ្លួន រស្មីមានសង្ឃឹមតិចតួចប៉ុណ្ណោះថានឹងបានទៅរៀនបន្ត។
រស្មី បានរៀបរាប់ថា៖ «បើម៉ែមិនមានលទ្ធភាពឱ្យរៀនតទេ មានតែរៀនទី៦ហ្នឹងដដែរ។ ខ្ញុំចង់ឱ្យមានអនុវិទ្យាល័យមួយនៅក្បែរផ្ទះ ដោយសារតែអត់ពិបាកជិះទៅឆ្ងាយ ហើយណាមួយអាចជួយការងារពុកម៉ែបានផង។ ខ្ញុំសប្បាយចិត្តមែនទែននៅពេលដែលខ្ញុំបានទៅសាលា។ ខ្ញុំចង់មានចំណេះដឹង ហើយនៅពេលដែលខ្ញុំឃើញគេបានទៅរៀនត ខ្ញុំក៏ចង់រៀនដែរ»។
លោក ហែម ឡេ នាយកសាលាកំពង់ប្រាក់ នៅឃុំស្នាអន្សា បាននិយាយថារស្មីជាសិស្សដែលស្វិតស្វាញប្រឹងប្រែងតស៊ូនឹងការសិក្សាម្នាក់។ ប៉ុន្តែលោកបារម្ភថា នៅពេលដែលមិនមានអនុវិទ្យាល័យក្បែរផ្ទះ គ្រួសាររបស់រស្មីប្រហែលនឹងមិនមានលទ្ធភាពជំរុញគាត់ឱ្យរៀនបន្តទៀតឡើយ។
នៅក្នុងភូមិបណ្ដែតទឹកកំពង់ប្រាក់មានប្រជាពលរដ្ឋប្រមាណ ៩៨គ្រួសាររស់នៅ ក្នុងនោះមានសិស្សសរុប ៧៤នាក់។ ក្នុងមួយឆ្នាំៗ មានសិស្សតែពីរឬបីនាក់ប៉ុណ្ណោះពីសាលារបស់លោកគ្រូឡេ ដែលអាចបន្តទៅអនុវិទ្យាល័យស្នាអន្សាបាន។ អនុវិទ្យាល័យនេះមានទីតាំងប្រហែលប្រាំពីរគីឡូម៉ែត្រពីភូមិបណ្តែតទឹក ដែលឪពុកម្តាយត្រូវចំណាយច្រើនសម្រាប់ការសិក្សារបស់កូន។ អ្នកភូមិមួយចំនួនតូចប៉ុណ្ណោះ មានលទ្ធភាពចំណាយលើការធ្វើដំណើរ ឬរៀបចំឱ្យកូនរបស់ពួកគេរស់នៅលើដីគោកសម្រាប់បន្តការសិក្សា។
លោក ឡេ បានប្រាប់ថា៖ «ជារៀងរាល់ឆ្នាំ សិស្ស១០នាក់ត្រូវទៅរៀនបន្តនៅអនុវិទ្យាល័យ ប៉ុន្តែមានតែសិស្សពីរទៅបីនាក់ប៉ុណ្ណោះអាចបន្តការសិក្សាបាន។ បើជីវភាពឪពុកម្តាយមានដឹងតែជម្រុញឱ្យកូនរៀនតហើយ ប៉ុន្តែពួកគាត់មិនមានលទ្ធភាពទេ»។
គ្រួសារអ្នកនេសាទដែលរស់នៅក្នុងភូមិបណ្តែតទឹកតូចៗដូចនៅកំពង់ប្រាក់ ស្ថិតក្នុងចំណោមអ្នកតាំងទីលំនៅលើផ្ទៃបឹងដែលក្រីក្របំផុត។ ការធ្លាក់ចុះយ៉ាងគំហុកនៃធនធានជលផលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការនេសាទហួសកម្រិត ទំនប់វារីអគ្គីសនី និងការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យគ្រួសារជាច្រើនផុងចូលក្នុងបំណុលកាន់តែជ្រៅ និងពឹងផ្អែកកាន់តែខ្លាំងលើកូនរបស់ពួកគេដើម្បីជួយនេសាទត្រី។
យោងតាមលោក ឡេ សាលាបឋមសិក្សាកំពង់ប្រាក់ត្រូវបានសាងសង់ឡើងដោយអង្គការអ្នកអភិវឌ្ឍមិត្តជនបទនៅឆ្នាំ២០១៤។ លោក បានឱ្យដឹងបន្ថែមថាចាប់តាំងពីសាលានេះបើកបង្រៀនមក សិស្សានុសសិស្សបានបង្ហាញពីទឹកចិត្តរបស់ពួកគេថាចង់រៀនបន្ត។
តំបន់កំពង់ប្រាក់ និងអន្លង់រាំងដែលនៅភូមិជិតខាងគ្នា រួមទាំងតំបន់អូរអាកាល់ ធ្លាប់បានស្នើសុំដល់មន្ទីរអប់រំខេត្ត ក្នុងការសាងសង់អនុវិទ្យាល័យមួយសម្រាប់បម្រើដល់ភូមិបណ្តែតទឹកទាំងបីនេះ។ ប៉ុន្តែមិនដែលចេញជាលទ្ធផលពីខាងមន្ទីរអប់រំទេ។
លោក ឡេ បានពន្យល់ថា៖ «សាលាអាចសាងសង់បាន ប៉ុន្តែប្រហែលជាមិនមានគ្រូទេ ព្រោះនៅបឋមសិក្សា ថ្នាក់មួយត្រូវការគ្រូតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែនៅអនុវិទ្យាល័យត្រូវការគ្រូច្រើនជាងនេះ។ វាពិបាកនឹងឱ្យគេមកបង្រៀន វាមិនងាយស្រួលទេ»។
នៅពេលដែលមន្រ្តីអប់រំមកទស្សនៈកិច្ចនៅក្នុងភូមិនោះ ពួកគេហាក់ដូចជាស្ទាក់ស្ទើរក្នុងការដោះស្រាយបញ្ហាដែលបានលើកឡើង។
លោក ឡេ បានបន្ថែមថា៖ «មន្ទីរអប់រំខេត្តមិនបានលើកឡើងពីបញ្ហាសាងសង់អនុវិទ្យាល័យទេ។ ពួកគាត់គ្រាន់តែមកជួបសិស្ស និងលើកទឹកចិត្តពួកគេឱ្យបញ្ចប់ការសិក្សា។ មិនបានផ្តោតទៅលើថាតើគួរមានអនុវិទ្យាល័យនៅទីនេះឬអត់ទេ»។
ដូចរស្មីដែរ សិស្សជាច្រើនបានរៀនថ្នាក់ទី៦ពីរដងឬខ្លះអាចដល់បីដង។ លោក ឡេ បានលើកឡើងថាបំណងក្នុងការចង់បន្តការសិក្សារបស់សិស្សានុសិស្សក្នុងការចូលរៀនមានចំនួនខ្ពស់ដែលករណីនេះអនុវិទ្យាល័យគួរតែត្រូវបានសាងសង់ឡើង។
អ្នកស្រី ហ៊ុន កុសល ដែលជាម្តាយរបស់រស្មី បានប្រាប់ថាជីវភាពគ្រួសារអ្នកស្រីរាល់ថ្ងៃពិបាកខ្លាំងណាស់ដោយសារតែត្រីដែលនេសាទបានធ្លាក់ចុះខ្លាំង។ បើទោះបីជាអ្នកស្រីចង់ឱ្យកូនរបស់ខ្លួននៅរៀនក៏ដោយ ក៏វាមិនអាចទៅរួចដែរព្រោះតែអនុវិទ្យាល័យនៅដីគោកឆ្ងាយពីផ្ទះ។
អ្នកស្រី កុសល បាននិយាយថា៖ «បញ្ហាជីវភាពក៏លំបាក ហើយបញ្ហាសុវត្ថិភាពក៏មិនល្អដែរពេលគាត់ (កូនស្រី) ទៅរៀននៅសាលាឆ្ងាយ។ ចឹងបើមានអនុវិទ្យាល័យនៅទីនេះវាល្អជាងព្រោះគាត់បានទៅរៀនហើយមកផ្ទះវិញបានជួយការងារយើងខ្លះដែរ»។
សេង រដ្ឋា អាយុ ១៦ឆ្នាំ ដែលបានបញ្ចប់ថ្នាក់ទី៦ កាលពីឆ្នាំមុន បន្ទាប់ពីបានរៀនថ្នាក់ទី៦ចំនួនពីរដងនោះ បាននិយាយថា ប្រសិនបើមានអនុវិទ្យាល័យបណ្តែតទឹកនៅជិតផ្ទះនៅកំពង់ប្រាក់ គាត់អាចមានឱកាសបន្តការសិក្សា។
យុវជនរូបនេះបានប្រាប់ថា៖ «[ខ្ញុំ]ចង់រៀន ប៉ុន្តែយើងគ្មានសាលា និងគ្មានសិស្សផងហ្នឹង។ ឥឡូវខ្ញុំនៅតែជួយរកត្រីរកលុយជួយម៉ែ»។
អ្នកស្រី ឋាន សួរ ដែលជាម្តាយរបស់រដ្ឋា ថ្លែងថាអ្នកស្រីសោកស្ដាយដែលមិនអាចបញ្ជូនកូនឱ្យទៅរៀននៅអនុវិទ្យាល័យ។
អ្នកស្រីបានប្រាប់ថា៖ «ប្រសិនបើមានសាលានៅទីនេះ ខ្ញុំនឹងឱ្យគាត់រៀនត។ ប្រសិនបើគាត់ទៅរៀនសាលានៅលើគោក វាទៅមិនរួចទេ។ ខ្ញុំជាម្ដាយ ខ្ញុំអាណិតកូនណាស់ ប៉ុន្តែខ្ញុំមិនដឹងធ្វើម៉េចទេ»។
លោកស្រី ចាន់ ធារ៉ា នាយិការអង្គការអ្នកអភិវឌ្ឍមិត្តជនបទ បានលើកឡើងថាអ្នកស្រីធ្លាប់បានពិភាក្សាជាមួយមន្ទីរអប់រំខេត្តរួចហើយពីបញ្ហានេះ ប៉ុន្តែមន្រ្តីមន្ទីរប្រាប់អ្នកស្រីថាការបង្កើតអនុវិទ្យាល័យថ្មីមួយនៅទីនោះមិនអាចទៅរួចទេដោយសារតែមិនមានចំនួនសិស្សគ្រប់គ្រាន់។
អ្នកស្រីធារ៉ា មានប្រសាសន៍ថាប្រសិនបើកុមារមិនអាចទទួលបានការអប់រំកម្រិតខ្ពស់ទេ វាសឹងតែមិនអាចទៅរួចនោះឡើយដែលពួកគេអាចធ្វើឱ្យជីវិតពួកគេល្អប្រសើរនោះ។
អ្នកស្រីបានបន្តថា៖ «យើងចង់ឱ្យតំបន់របស់ពួកគេមានធនធានមនុស្សជួយគ្នាទៅវិញទៅមក។ យើងមិនចង់ឱ្យពួកគេរៀនតែថ្នាក់ទី៦ ហើយទៅនេសាទនោះទេ»។ អ្នកស្រីកត់សម្គាល់ថាដោយមានឪពុកម្តាយជាច្រើនខ្វះខាតលុយក្នុងការបញ្ជូនកូនទៅដីគោក ដូច្នេះអនុវិទ្យាល័យក្នុងតំបន់ ជាមធ្យោបាយតែមួយគត់សម្រាប់សិស្សអាចបន្តការសិក្សាបាន។ បើមានសាលារៀនមួយនៅក្នុងភូមិ វាក៏នឹងអនុញ្ញាតឱ្យសិស្សចូលរៀនបាន បើទោះបីជាពួកគេត្រូវជួយកិច្ចការឪពុកម្ដាយកន្លះថ្ងៃក៏ដោយ។
ភាពជោគជ័យនៃសាលាបឋមសិក្សាដែលបង្កើតដោយអង្គការអភិវឌ្ឍន៍មិត្តភាពជនបទ បានបង្ហាញថាគ្រួសារអ្នកនេសាទទាំងនោះចង់ឱ្យកូនរបស់ពួកគេទទួលបានឱកាសដែលប្រសើរជាងពួកគេ។
អ្នកស្រីបាននិយាយថា៖ «បើគ្មានសាលានេះទេ កុមារនៅទីនេះនឹងមិនអាចទទួលបានការអប់រំទេ»។
ទោះបីជាយល់ពីបញ្ហាប្រឈមរបស់សហគមន៍ ប៉ុន្តែ លោក លឹម វុទ្ធី អនុប្រធានមន្ទីរអប់រំខេត្តពោធិ៍សាត់ មានប្រសាសន៍ថា មានសិស្សតិចពេកនៅភូមិបណ្តែតទឹក ដែលធ្វើឱ្យពិបាកក្នុងការរកហេតុផលដើម្បីចំណាយក្នុងការសាងសង់អនុវិទ្យាល័យបណ្តែតទឹក។
លោកបានបន្តថា៖ «សិស្សនៅទីនោះចូលរៀនត្រឹមថ្នាក់បឋមសិក្សាប៉ុណ្ណោះ ព្រោះនៅតំបន់នោះត្រូវចំណាយខ្ពស់។ និយាយទៅស្ថានភាពវាពិបាក។ អ៊ីចឹងហើយបានជាយើងត្រូវការជំនួយពីអង្គការដៃគូ ឬអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីអាចធ្វើការងារហ្នឹងបាន»។
ស្របពេលជាមួយគ្នានេះ លោក វុទ្ធី ក៏បាននិយាយថាអ្វីដែលក្រសួងអាចធ្វើបាននៅពេលនេះគឺលើកទឹកចិត្តឱ្យសិស្សបន្តការសិក្សាមកសាលានៅដីគោកទៀត។
សម្រាប់ឪពុកម្តាយដូចអ្នកស្រី បាត់ វណ្ណ ដែលមានវ័យ៣៩ឆ្នាំ ជាម្តាយរបស់សិស្សថ្នាក់ទី៤ និយាយថាការលើកទឹកចិត្តនោះគ្រាន់តែជាការរំពឹងទុកដែលមិនអាចទៅរួចទេ។ បើទោះបីជាផលនេសាទមានការធ្លាក់ចុះយ៉ាងគំហុកក៏ដោយ តែអ្នកស្រីវណ្ណទាំងចង់ឱ្យកូនរបស់គាត់ទទួលបានការអប់រំផង និងមានការងារល្អផង។ ប៉ុន្តែដោយសារតែមិនមានផ្ទះនៅលើដីគោក អ្នកស្រីវណ្ណដឹងខ្លួនថាគ្រួសារអ្នកស្រីមិនមានលទ្ធភាពអ្វីបញ្ជូនកូនឱ្យរៀបលើសពីថ្នាក់ទី៦នោះទេ។
អ្នកស្រី បានលើកឡើងថា៖ «អ៊ីចឹង បើកាលណាមានសាលាអនុនៅទីនេះ វានឹងស្រួលជាងមុន។ ខ្ញុំចង់បានអនុវិទ្យាល័យមួយនៅទីនេះ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ In Pursat’s floating villages, no nearby secondary school means little chance at seventh grade