ថ្វីបើសាលាបឋមសិក្សាក្នុងភូមិអន្លង់ស្វាយនៅមិនឆ្ងាយពីកន្លែងប្រជាជនរស់នៅ តែវាហាក់មានសភាពស្ងាត់ជ្រងំ។ ក្មេងៗជាច្រើនមិនបានទទួលការអប់រំឲ្យចំគោលដៅដើម្បីអាចឲ្យពួកគេប្រឡងយកសញ្ញាបត្រទុតិយភូមិនោះដែរ។ មូលហេតុចម្បងគឺការខ្វះខាតគ្រូបង្រៀន ក៏ដូចជាខ្វះខាតបន្ទប់រៀនសម្រាប់សិស្សថ្នាក់ខ្ពស់ខណៈដែលសាលាមានទំហំតូច។
អ្នកគ្រូ ម៉ិច ភារុំ វ័យ២៧ឆ្នាំ បង្រៀនថ្នាក់ទី២ កំពុងរស់នៅក្នុង ភូមិក្រឡាពាស ក្នុងស្រុកបុរីអូរស្វាយសែនជ័យ បានធ្វើដំណើរដោយម៉ូតូជាងប្រាំបីគីឡូម៉ែត្រពីផ្ទះមកសាលារាល់ថ្ងៃ។ អ្នកគ្រូថាចម្ងាយផ្លូវឆ្ងាយក៏ជាមូលហេតុមួយដែលធ្វើឲ្យសិស្សជាច្រើនមិនចេះអាន និងសរសេរ។
អ្នកគ្រូដដែលបន្តថាបញ្ហានោះ គឺថាក្មេងៗទាំងនោះមិនចេះនិយាយខ្មែរ ដោយពួកគេនិយាយតែភាសាឡាវ។ ឪពុកម្ដាយមិនបានលើកទឹកចិត្តឲ្យកូនៗនិយាយខ្មែរនោះដែរ ខណៈដែលពួកគេផ្ទាល់ក៏មិនសូវនិយាយភាសាខ្មែរដែរ។ មួយវិញទៀត ដោយសារតែអ្នកស្រុករស់នៅជិតព្រំដែនឡាវ ទើបអ្នកទាំងនោះភាគច្រើននិយាយភាសាឡាវ។
បន្ថែមពីនេះ ក្មេងៗចូលរៀនមិនទៀងទាត់ ពីព្រោះបញ្ហាការធ្វើដំណើរដោយពីផ្ទះពួកគេមកសាលាមានចម្ងាយពីប្រាំបីទៅ១០គីឡូម៉ែត្រ។
អ្នកគ្រូមានប្រសាសន៍ថា៖ «ភាគរយនៅនេះគឺកាជម្រុញឲ្យកូនគាត់រៀន គឺភាគរយតិចមិនសូវ ជាជម្រុញពួកគាត់និងមិនយោគចិត្តទុកដាក់ទេ ភាគរយ[ឪពុកម្ដាយ]ដែលជម្រុញឲ្យកូនគាត់ទៅរៀននឹងគឺតិចមែនទែន»។
សាលាបឋមសិក្សាអន្លង់ស្វាយ មានប្រាំបន្ទប់ ក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សាលារៀននេះមានកូនសិស្សរៀនចាប់ពីថ្នាក់មតេយ្យដល់ថ្នាក់ទីប្រាំមួយ។
ឆ្ងាយពិបាកធ្វើដំណើរ
លោក ធី ភារម្យ វ័យ២១ឆ្នាំ ជាគ្រូបង្រៀនថ្នាក់ទី៦ មកពីភូមិអន្លង់ស្វាយ។ លោកក៏មានក្ដីបារម្ភអំពីកូនសិស្សដែលបានបោះបង់ការសិក្សាដោយសារតែបញ្ហាគ្រួសារ និងមិនអាចអានបាន។ លោកថាសិស្សស្រីហាក់មករៀនទៀងទាត់ជាងសិស្សប្រុស។
សិស្សប្រុសមិនសូវចាប់អារម្មណ៍នឹងការរៀនសូត្រពីព្រោះតែពួកគេចូលចិត្តលេងទូរសព្ទដៃ និងខ្លះដោយសារគ្រួសារក្រីក្រ ដែលអ្វីទាំងនេះបង្ខំឲ្យពួកគេបោះបង់ការសិក្សា ដើម្បីជួយឪពុកម្ដាយពួកគេ ដោយមានអាយុត្រឹម១៣ទៅ១៤ឆ្នាំ។
លោកគ្រូរូបនេះ សង្កេតឃើញថាឪពុកម្ដាយភាគច្រើនមិនចុះឈ្មោះឲ្យកូនរៀនថ្នាក់មតេយ្យជាថ្នាក់មូលដ្ឋាននោះទេ តែចុះឈ្មោះឲ្យកូនរៀនថ្នាក់ទី១ ជំនួសវិញ។
ជាមួយគ្នានេះដែរ គ្រូៗនៅភូមិអន្លង់ស្វាយ ក៏មានបញ្ហាប្រឈមដោយការខ្វះខាតសម្ភារៈ បង្រៀន មិនមានកង្ហារសម្រាប់អាកាសធាតុក្ដៅ មិនមានសៀវភៅគ្រប់គ្រាន់នៅបណ្ណាល័យ ហើយបន្ទប់ថែទាំសុខភាពក៏មិនមានដែរ។ អ្វីទាំងនេះ បានធ្វើឲ្យប៉ះពាល់ដល់គុណភាពអប់រំ និងស្ថានភាពផាសុកភាពសិស្សនៅក្នុងភូមិ។
លោកឲ្យដឹងទៀតថា៖ «ខ្ញុំចង់សុំសម្ភារៈសម្រាប់ការសិក្សាសម្រាប់បង្រៀនសិស្ស ដូចជាកង្ហារ ខែហ្នឹងវាក្តៅហើយសាលា ទី១ទីធ្លាវាតូច កន្លែងខ្លះដីវាអត់គ្រប់។ ខ្ញុំចង់ឲ្យទីធ្លារស្អាត បន្ទប់បណ្ណាល័យនៅតែខ្វះសៀវភៅ ហើយបន្ទប់សុខភាពអត់ទាន់មាន»។
ស្របពេលជាមួយគ្នានេះដែរ លោក ម៉ាន់ នេត្រា នាយកសាលាបឋមសិក្សាអន្លង់ស្វាយ ប្រាប់ខេមបូចាថា កាលពីឆ្នាំ២០២២ សាលាមានសិស្ស១៥៨នាក់ក្នុងនោះសិស្សស្រី៧៧នាក់ និងនៅឆ្នាំ២០២៣ មានសិស្ស១៥៨នាក់ដដែល និងសិស្សស្រី៧០នាក់។ ដោយឡែកនៅឆ្នាំ២០២៤ នេះមានសិស្សសរុប១៦៣នាន់ និងមានសិស្សស្រី៨៨នាក់។
លោកបង្ហាញក្ដីកង្វល់ទាក់ទងនឹងបញ្ហាអវត្តមានសិស្សក្នុងអត្រាខ្ពស់ ដោយសារតែផ្លូវធ្វើដំណើរឆ្ងាយ និងមានសិស្សប្រាំនាក់ត្រូវធ្វើដំណើរតាមទូកចេញពីកោះមកសាលា។
លោក នេត្រា មានប្រសានស៍ទៀតថា ដើម្បីពង្រឹងការរៀនសូត្ររបស់សិស្ស ត្រូវមានការសហការរបស់ឪពុកម្ដាយ និងការពិភាក្សាប្រចាំខែជាមួយពួកគាត់ ដើម្បីធានាថាបានការគាំទ្រជំរុញទឹកចិត្តកូនៗពួកគេឲ្យមករៀនបានទៀងទាត់ គឺជាការសំខាន់។
លោកបន្តថា៖ «ខ្ញុំតែងតែប្រជុំជាមួយនឹងអាណាព្យាបាលដែលជួនកាលទៅផ្ទះពួកគាត់នៅឆ្ងាយ នៅឆ្ងាយៗពីភូមិចឹងហា [អាណាព្យបាល] ពួកគាត់ជម្រុញកូនគាត់មកដែល ប៉ុន្តែកូនអត់មក វារាងខ្លាចណាមួយវារាងឆ្ងាយ ការសង្កេតមួយទៀតគឺមធ្យោបាយធ្វើដំណើរទេ ពួកគាត់ខ្វះមធ្យោបាយធ្វើដំណើរ»។
ឈប់រៀនដើម្បីធ្វើការ
អ្នកស្រី ធី ធីតា វ័យ២៨ឆ្នាំ ជាអាណាព្យាបាលសិស្ស និងមានមុខរបរជាអ្នកលក់ម្ហូបអាហារនៅតំបន់អន្លង់ផ្សោត។ អ្នកស្រីមានកូនបីនាក់កំពុងនៅរៀន។ កូនច្បងរៀនថ្នាក់ទី៧ កូនទីពីររៀនថ្នាក់ទី៤ និងកូនពៅរៀនថ្នាក់មតេយ្យ។
អ្នកស្រីក៏បានបង្ហាញពីកង្វល់ចំពោះការសិក្សារបស់កូនៗដែរ អ្នកស្រីខ្លាចថាកូនៗមិនអាចបន្តការសិក្សាបានវែងឆ្ងាយ។ អ្នកស្រីក៏រៀនបានត្រឹមថ្នាក់ទី៦ដែរ។ យ៉ាងណា អ្នកស្រីក៏បានឆ្លៀតពេលទំនេរពីការងារដើម្បីបង្ហាត់បង្រៀនកូនៗបានមួយថ្ងៃកន្លះម៉ោងដែរ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំចង់ឃើញគ្រូបង្រៀននៅទីនេះបង្រៀនតែមួយថ្នាក់ នៅនេះក៏មានការខ្វះខាតគ្រូដែល គ្រូតិចសិស្សច្រើនចឹងហា គ្រូបង្រៀនខ្លះបង្រៀនពីថ្នាក់ក្នុងពេលតែមួយចឹង សិស្សខ្លះមិនសូវជាជាប់លាប់យកចិត្តទុកដាក់ក្នុងការរៀន ទី២ ខ្ញុំចង់មានគ្រូជាភាសាអង់គ្លេស និងគ្រូរៀនគួរបន្ថែម»។
ម្ដាយរបស់សិស្សម្នាក់ទៀត គឺអ្នកស្រី ម៉ុន ណាវី វ័យ៣៨ឆ្នាំ មកពីឃុំជាមួយអ្នកស្រី ធីតា ដែរ បានឱ្យដឹងថា កូនៗអ្នកស្រីហាក់មិនសូវរៀនសូត្របានល្អទេ ថ្វីបើទៅរៀនទៀងទាត់ក៏ដោយ។ ដោយសារមិនដែលបានទៅសាលាកូនរៀន អ្នកស្រីបារម្ភថាកូនអ្នកស្រីអាចនឹងមិនចេះអានអក្សរ។
អ្នកស្រីបន្តថា៖ «យើងចង់ឲ្យមានថ្នាក់គ្រប់កម្រិត ណាមួយយើងមិនចង់បញ្ជូនកូនទៅរៀនឆ្ងាយទេ អ្នកខ្លះមានលុយ គេមាន [បញ្ជូនកូនរៀនបន្ត] ទៅខេត្តទៅ អ្នកខ្លះគ្នាមិនមានលុយអត់បន្តទៅ គ្នាធ្វើម៉េចចប់ត្រឹមនឹងក៏ចប់ទៅ»។
អ្នកស្រីក៏សង្ឃឹមថា នឹងមានគ្រូបង្រៀនភាសាអង់គ្លេស និងភាសាចិន។ អ្នកស្រីថា៖ «ខ្ញុំចង់ឲ្យកូនចេះភាសាចិនដែរ»។ អ្នកស្រីមានកូនម្នាក់រៀនថ្នាក់ទី៦នៅសាលាអន្លង់ស្វាយ និងពីរនាក់ទៀតរៀនថ្នាក់ទី៩ នៅក្នុងវត្តមួយ។
លោក យ៉ាន់ ស៊ុនតាក់ ជាមេភូមិម្នាក់ក្នុងឃុំព្រះរំកិល ដែលធ្វើការលើភូមិសរុបចំនួនប្រាំបី បាននិយាយថា សិស្សជាច្រើនមិនបានរៀនចប់ថ្នាក់វិទ្យាល័យនោះទេ។ សិស្សខ្លះឈប់រៀនត្រឹមថ្នាក់ទី៦ និងខ្លះត្រឹមថ្នាក់ទី៩ ប៉ុន្តែថានៅឆ្នាំ២០២៤នេះមានបើកថ្នាក់រៀនដល់ថ្នាក់ទី១០ ដែលអាចឲ្យសិស្សបន្តការសិក្សាបាន។
បុរសវ័យ៦៩ឆ្នាំរូបនេះ ប្រាប់ខេមបូចាថា លោកបារម្ភអំពីចំនួនសិស្សដែលបោះបង់ការសិក្សា ហើយខ្លះទៀតចង់ចំណាកស្រុកទៅប្រទេសជិតខាងដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ។ លោកក៏បង្ហាញកង្វល់ពីការកើនឡើងចំនួនអ្នកធ្វើចំណាកស្រុករាល់ឆ្នាំផងដែរ។
លោកបន្តថា មានអ្នកចំណាកស្រុកច្រើនក្នុងចំណោមសិស្សស្រី បើធៀបទៅនឹងសិស្សប្រុស។ ក្នុងឆ្នាំ២០២២ មានសរុបចំនួន៣២៥នាក់ ក្នុងនោះស្រី១៥៣នាក់ ហើយនៅឆ្នាំ២០២៣ មានសរុប៣០២នាក់ ក្នុងនោះស្រីមាន១៥៨នាក់។ ដោយឡែកនៅឆ្នាំ២០២៤ សរុបមាន៣១០នាក់ ក្នុងនោះស្រីមាន១៥០នាក់។
បើតាមលោកមេភូមិដដែល សិស្សមួយចំនួនតូចបានចំណាកស្រុកទៅប្រទេសជិតខាងទាំងរៀនមិនទាន់ចប់។ ពួកគេមានអាយុចន្លោះពី១៦ទៅ២៥ឆ្នាំ។ លោកថា៖ «អ្នកខ្លះមានជីវភាពធូរធា ដូចនេះពួកគេបន្តការសិក្សានៅខេត្ត ឬក៏ចំណាកស្រុក»។
មិនមានថវិកាគ្រប់គ្រាន់
បើតាមប្រធានការិយាល័យអប់រំស្រុកបុរីអូរស្វាយសែនជ័យ លោក ជា ប៊ុនសាង សាលាក្នុងតំបន់រងផលប៉ះពាល់ដោយសារតែខ្វះថវិកា។
លោកបន្តថា ថ្វីបើមានសំណើសុំកសាងអគារសិក្សាបន្ថែមទៅកាន់ក្រសួងអប់រំ ធ្វើរាល់ឆ្នាំ តែថវិកាដែលធ្លាក់មកមានចំនួនតិចតួច នៅក្នុងឆ្នាំ២០២៤ បានទទួលតែអាគារសិក្សាមួយខ្នងមានប្រាំបន្ទប់នៅស្រែចម៉្បា ជិតព្រំដែនប្រទេសឡាវ។
លោក ប៊ុនសាង លើកឡើងថា ចង់ឲ្យមានការអភិវឌ្ឍលឿនត្រឹមត្រូវតាមតម្រូវការសាលាគឺមិនងាយទេ ពីព្រោះមានសាលាច្រើន ហើយថវិកាក្រសួងមានកម្រិត។ លោកថាថវិការមិនគ្រប់គ្រាន់ក្នុងការបំពេញដីនៅក្នុងសាលាអន្លង់ស្វាយ ដូចនេះសហគមន៍ជួយស្វែងរកថវិកាបន្ថែមដោយខ្លួនឯង។
លោកបន្ថែមថា៖ «ការិយាល័យអប់រំស្រុក បានត្រឹមជួយទិញសម្ភារៈសម្រាប់សាលា មិនមានថវិកាសម្រាប់ចាក់បំពេញដីនៅទីធ្លាសាលាដ៏ធំទេ»។
លោក ទី ធីដា អនុប្រធានមន្ទីរអប់រំខេត្តស្ទឹងត្រែងមានប្រសាសន៍ថា ខាងមន្ទីរមានគម្រោងដាក់ពង្រាយគ្រូបន្ថែមនៅក្នុងខេត្ត ដើម្បីបំពេញតម្រូវការសិស្ស និងជំរុញឲ្យពួកគេបន្តរៀនថ្នាក់ទី១១ និងទី១២។
ជាក់ស្ដែង មន្ទីរបានដាក់សំណើកសាងសាលាបន្ថែម ក្នុងចំណោមសំណើជាច្រើនផ្សេងទៀតដាក់ទៅកាន់ក្រសួងអប់រំ និងស្វែងរកមូលនិធិបន្ថែម។
ក្រសួងបានផ្ដល់អាហារូបករណ៍ដល់សិស្សនៅអនុវិទ្យាល័យព្រះរំកិលចំនួន៤០នាក់ក្នុងនោះស្រី២៧នាក់ និងបានទទួលជំនួយផ្នែកហិរញ្ញវត្ថុរវាងឆ្នាំ២០១២ដល់២០១៥។ សិស្ស១០នាក់ជាសិស្សថ្នាក់ទី៧ ក្នុងនោះមានសិស្សស្រីប្រាំបួននាក់ សិស្សថ្នាក់ទី៨ចំនួន១៥នាក់ និងសិស្សថ្នាក់ទី៩មាន១៥នាក់។
លោកបន្តថា៖ «មន្ទីរមិនអាចជួយ [សាលាបឋមអន្លង់ស្វាយ] ដោយសារតែខាងមន្ទីរជួយតែមួយ តែមានសាលាច្រើនមិនអាចជួយបានច្រើនបានទេ ដោយសារទូទាំងខេត្តនឹងមាន[សាលាច្រើន] កញ្ចប់[ថវិកា]មន្ទីរអប់រំតាំងពីកូវីដនឹងមកគេកាត់ដូចគ្នា អីចឹងយើងមិនមានថវិកាសម្រាប់ជួយទៅកាន់គាត់ទេ»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា វិស័យអប់រំនៅកម្ពុជាមិនមានតុល្យភាពនោះទេ។ អ្នកស្រីសង្កេតឃើញថារដ្ឋាភិបាលវិនិយោគការអប់រំច្រើននៅតំបន់មានប្រជាជនច្រើន ប៉ុន្តែមិនសូវយកចិត្តទុកដាក់ច្រើននៅតំបន់ដាច់ស្រយាល។ ជាការពិតថវិកាក្រសួងក៏មានកម្រិតនៅតាមតំបន់មានមនុស្សច្រើន ដែលមិនមែនតែតំបន់ដាច់ស្រយាលនោះទេ។
អ្នកស្រីបារម្ភថា បើសិនជាប្រជាជននៅបន្តនិយាយភាសាឡាវច្រើនជាងភាសាខ្មែរនៅឃុំព្រះរំកិល ភាសាជាតិ វប្បធម៌ ប្រពៃណីអាចនឹងបាត់បង់នៅថ្ងៃអនាគត។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំចង់លើកជំរុញដល់យុវជនសូមឲ្យពួកគាត់ស្វែងរកជំនាញ ស្វែងរកចំណេះនៅក្នុងខ្លួនដែលចោរលួចមិនបាន អីចឹងពួកគាត់ត្រូវតែយល់ដឹងកាន់តែស៊ីជម្រៅជំនាញឲ្យពិតប្រាកដ»។
របាយការណ៍របស់ អង្គការយូនីសេហ្វ បង្ហាញថាក្មេងៗនៅតំបន់ជនបទមិនបានទទួលការអប់រំតាមស្តង់ដារត្រឹមត្រូវតាមអាយុនោះទេ។ នៅកម្រិតបឋមសិក្សា ស្ទើរតែ២៥ភាគរយនៃក្មេងៗទាំងនោះរៀនដល់ថ្នាក់ទី៣ហើយនៅមិនទាន់ចេះសរសេរបានត្រូវមួយពាក្យផងពេលសរសេរតាមអាន។
មានតែ២៧ភាគរយនៃសិស្សអាយុបីទៅប្រាំឆ្នាំដែលបានទទួលការបណ្ដុះបណ្ដាលឲ្យចេះអក្សរ និងលេខបានត្រឹមត្រូវ។ នៅពេលពួកគេដល់អាយុ១៧ឆ្នាំ អង្គការយូនីសេហ្វថា៥៥ភាគរយនៃក្មេងជំទង់បានបោះបង់ការសិក្សា៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ In Remote Areas of Stung Treng, A Large Number of Children Are Facing Illiteracy