សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ការអភិវឌ្ឍមិនស៊ីសង្វាក់ក្នុងក្រុងបាត់ដំបងបណ្តាល​ឱ្យ​ប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ

សិស្ស២នាក់កំពុងដើរឆ្លងកាត់ផ្លូវបេតុងមួយខ្សែស្ថិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដែលគ្រឿងចក្រកំពុងកាយ ដើម្បីតភ្ជាប់ប្រព័ន្ធលូរំដោះទឹកកខ្វក់ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។ (រូបថត៖ ប៉ា តុងចិន)
សិស្ស២នាក់កំពុងដើរឆ្លងកាត់ផ្លូវបេតុងមួយខ្សែស្ថិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដែលគ្រឿងចក្រកំពុងកាយ ដើម្បីតភ្ជាប់ប្រព័ន្ធលូរំដោះទឹកកខ្វក់ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។ (រូបថត៖ ប៉ា តុងចិន)

«ប៉ះពាល់ដល់យើងអ្នករកស៊ី! ឥឡូវលក់បានសព្វគ្រប់មួយព្រឹកទាំងដើមទាំងចុង បាន៥ម៉ឺន​ទេឥឡូវ។ ថយចុះច្រើនមែនទែន! ដូចថាយើងធ្លាប់បាន១៥ម៉ឺន ធ្លាក់មកត្រឹម៤ ឬ៥ម៉ឺន» នេះ​ជាសម្តីរបស់អ្នកស្រី ជយ ហឿម ដែលជាអ្នកប្រកបរបរលក់ភេសជ្ជៈ និងអាហារពេលព្រឹក ស្ថិត​ក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង។

ទទូរអាវផង និងពាក់មួកផង ដើរតាមចិញ្ចើមផ្លូវកៅស៊ូមួយខ្សែដែលមានក្រលុកធំតូច​អម​ដោយ​ទឹកដក់ក្នុងក្រលុកទាំងនោះផង​ អាជីវករវ័យ៦៥ឆ្នាំរូបនេះរៀបរាប់ដោយសម្តីមួយៗថា ចំណូលធ្លាក់ចុះយ៉ាងគំហុករហូតដល់លើសពាក់កណ្តាលដូច្នេះ កើតមានឡើងតាំងពីអំឡុង​បុណ្យចូលឆ្នាំខ្មែរនាឆ្នាំ២០២៣នេះមក ក្រោយពីមានការកាយផ្លូវផ្ទួនៗ ដោយអាជ្ញាធរខេត្ត​អះអាងថា ជាការកាយដាក់ប្រព័ន្ធលូរំដោះទឹកកកង្វក់ចេញពីក្រុង។

អ្នកស្រី ជយ ហឿម ឱ្យដឹងថា ការអភិវឌ្ឍប្រព័ន្ធលូរំដោះទឹកកង្វក់នេះ បាន​និង​កំពុង​បង្ក​ផល​លំបាក​ដល់អ្នកធ្វើដំណើរ ហើយក៏ប៉ះពាល់ដល់ប្រាក់ចំណូលរបស់​ប្រជាពលរដ្ឋដែលពឹងផ្អែក លើរបរតាមចិញ្ចើមផ្លូវដែរ។

ការអភិវឌ្ឍប្រព័ន្ធលូរំដោះទឹកកង្វក់ក្នុងក្រុងបាត់ដំបង ក្រោមកម្ចីថវិកា៥០លានដុល្លារពី ធនាគារ​​អភិវឌ្ឍន៍អាស៊ី(ADB)កំពុងគាស់កាយផ្លូវជាច្រើនក្នុងក្រុងមួយនេះឱ្យខូចខាត និង​ធ្វើ​ឱ្យ​ពលរដ្ឋជួបវិបត្តិក្នុងការរស់នៅ ជាពិសេសបង្ហាញពីការខ្ជះខ្ជាយថវិកាជាតិ ខណៈផ្លូវជាច្រើន​នៅស្អាតល្អ និងខ្លះទៀតទើបសាងសង់ក្នុងរយៈពេលតិចជាង៥ឆ្នាំនៅឡើយ។

មន្ទីរព័ត៌មានខេត្តបាត់ដំបងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣បានចុះផ្សាយថា ក្រុង​បាត់ដំបង​ទទួល​គម្រោង​អភិវឌ្ឍន៍​ចំនួន៣ ក្រោមប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នូវទឹកប្រាក់ជាង៥0លាន​ដុល្លារអាមេរិក។ ក្នុងនោះមានគម្រោងចំនួន២ ពាក់ព័ន្ធនឹងការ​រំដោះ​ទឹក​កង្វក់​ចេញពីក្រុង ដោយ​គម្រោងទី១ ស្ថាបនាប្រព័ន្ធលូរំដោះទឹកកង្វក់ខាងកើតស្ទឹងសង្កែ គ្របដណ្តប់​លើ​សង្កាត់​ចំនួន២ គឺសង្កាត់ព្រែកព្រះស្តេច និងសង្កាត់រតនៈ។

ចំណែកគម្រោងមួយទៀត គឺគម្រោងរំដោះទឹកកខ្វក់ខាងលិចស្ទឹងសង្កែ គ្របដណ្ដប់លើ​សង្កាត់​​ចំនួន៣ គឺសង្កាត់ស្វាយប៉ោ សង្កាត់ចំការសំរោង គ្របដណ្ដប់ចំនួន៣ភូមិ គឺភូមិផ្កាស្លា ចំការសំរោង១ និងភូមិវត្តលៀប ខណៈសង្កាត់ស្លាកែត គ្របដណ្តប់១ភូមិ គឺភូមិជ្រៃកោង។ គ្រោងទាំង២ខាងលើ មានគោលបំណងច្រោះទឹកកង្វក់ចេញពីផ្ទះប្រជាពលរដ្ឋ ដើម្បី​សំអាត​មុនបង្ហូរចូលបឹងទន្លេសាប។

បើតាមអ្នកស្រី ជយ ហឿម បានបន្តថា ផ្លូវកៅស៊ូមួយខ្សែនៅខាងមុខផ្ទះ​របស់អ្នកស្រីស្ថិត​ក្នុង​សង្កាត់រតនៈ បានផ្លាស់ប្តូរពីផ្លូវកៅស៊ូដែលអាចធ្វើដំណើរងាយស្រួល ទៅជាផ្លូវដែលមាន​ដី​ហុយស្ទើរមើលអ្វីមិនឃើញ ដោយសារតែគ្រឿងចក្របានកាយដាក់ប្រព័ន្ធលូតូចធំ​ជាច្រើនដង​ផ្ទួនៗគ្នាតាំងពីដើមឆ្នាំ២០២៣មក។

អ្នកស្រីបន្ថែមថា ពីមួយថ្ងៃទៅមួយថ្ងៃផ្លូវនោះក៏បែ្រជាហុយនៅពេលគ្មានភ្លៀង គួបផ្សំនឹង​គ្រលុក​​ពាសពេញផ្លូវបង្កឱ្យរលាក់ ដែលតម្រូវឱ្យអ្នកដំណើរជិះគេចទៅគេចមក។

ក្រៅពីបញ្ហាគ្រលុក និងដីហុយ ផ្លូវនេះក៏នៅតែជាបញ្ហាដែរ ដោយនៅពេលមានភ្លៀង វាបាន​ប្រែជាដក់ទឹក និងមានដីស្អិតដែល​បណ្តាលឱ្យផ្លូវមានស្ថានភាពរអិលខ្លាំង ដែលធ្វើឱ្យ​អ្នក​ដំណើរ​​មិនចង់ឈប់ទិញចំណីអាហារ ឬសូម្បីតែជិះឆ្លងកាត់។ អាជីវករវ័យចំណាស់រូបនេះ​បង្ហើបឱ្យដឹងថា បញ្ហានេះបានធ្វើឱ្យការលក់ដូររបស់គាត់ដាំក្បាលចុះលើស​ដំណាក់កាល​នៃ​ការ​រាតត្បាតដោយជំងឺកូវីដ-១៩ថែមទៀត។

អ្នកស្រីលើកឡើងថា៖ «ទើបមកកាយហ្នឹង បានជាខូចខាតទៅវិញ បាត់កៅស៊ូអស់។ បាន​កៅស៊ូ បានអីឡើងស្រួលហើយ ដល់ពេលមកធ្វើសារនេះ ថាធ្វើលូ! ដល់អ៊ីចឹង​ទៅវា​ប្រឡូក​ប្រឡាក់អ៊ីចឹងអស់ទៅ»

ស្ត្រីដែលមានមាឌធំ និងសក់ស្កូវស្ទើរទាំងស្រុងរូបនេះបានបង្ហើបថា ស្របពេលដែលប្រាក់​ចំណូល​របស់អ្នកស្រីធ្លាក់ចុះ ប៉ុន្តែបែរជាត្រូវបង្កើនការចំណាយ ដោយសារទំនិញលើ​ទីផ្សារ​ឡើងថ្លៃ​ ហើយការបង់ថ្លៃសាលាប្រចាំឆ្នាំរបស់ចៅៗចំនួន៤នាក់ ក៏ត្រូវបានដំឡើងទៀតរហូត​ដល់៤៥០ដុល្លារក្នុងម្នាក់ថែមទៀត។

ស្រដៀងគ្នានេះ ពលរដ្ឋអ្នកប្រកបរបរលក់លៀសហាលនៅក្បែររង្វង់មូល​ព្រះនារាយណ៍​ដៃ​ប្រាំបី ស្ថិតក្នុងសង្កាត់អូរចារនៃក្រុងបាត់ដំបង​ គឺអ្នកស្រី ទូច មុំ បានឱ្យដឹងថា អ្នកស្រីបានធ្លាក់​ចុះ​ចំណូលប្រមាណ៨០ភាគរយ ក្រោយពីមានវត្តមានគម្រោងកាយដាក់លូរំដោះទឹកភ្លៀង និងទឹកកង្វក់ តាំងតែពីអំឡុងបុណ្យចូលឆ្នាំខ្មែរនាឆ្នាំ២០២៣នេះមក។

អ្នកស្រីថា៖ «ឥឡូវថយច្រើនណាស់! ពីមុនដូចថាយើងលក់បាន៣០ ឬ៤០ម៉ឺន ឥឡូវធ្លាក់​នៅ១០ម៉ឺន ឬ២០ម៉ឺន»

អាជីវករវ័យ៤៣ឆ្នាំរូបនេះបារម្ភថា ប្រសិនបើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូនេះ​នៅតែបន្ត​អូស​បន្លាយទៀត នោះអ្នកប្រកបរបរលក់ដូរនៅតាមចិញ្ចើមផ្លូវដូចជាអ្នកស្រីនឹងកាន់តែ​ប្រឈម​បញ្ហាសេដ្ឋកិច្ចគ្រួសារ ដោយសារការធ្លាក់ចុះចំណូល។

មិនមែនមានតែអ្នកប្រកបរបរលក់អាហារហូបចុកនោះទេ ប៉ុន្តែតាមរយៈបទសម្ភាសន៍​ជាមួយ​ពលរដ្ឋ​ដែលប្រកបរបរផ្សេងគ្នានៅទីតាំងខុសៗគ្នា ក្នុងក្រុងបាត់ដំបងប្រមាណ១០នាក់ បាន​រៀប​រាប់ប្រហាក់ប្រហែលគ្នាថា បញ្ហាផ្លូវខូចដោយសារការកាយដាក់លូនេះ បានប៉ះទង្គិច​សេដ្ឋកិច្ច​គ្រួសាររបស់ពួកគេ តាមរយៈការធ្លាក់ចុះចំណូល និងធ្វើឱ្យរ៉ឺម៉ក់ ម៉ូតូរបស់ពួកគាត់​ត្រូវ​ការជួលជុលញឹកញាប់។

បុគ្គលិកក្រុមហ៊ុនកាយលូរំដោះទឹកកខ្វក់កំពុងកាយផ្លូវបេតុងមួយខ្សែស្ថិតក្នុង​សង្កាត់​ចំការសំរោង ក្រុងបាត់ដំបង កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។ (រូបថត៖ ប៉ា តុងចិន)

ក្នុងនោះក៏ប្រជាពលរដ្ឋបារម្ភពីបញ្ហាសុខភាពដែលកើតចេញពីការហុយដីដែរ។ ក្រៅពីនេះ​ពួក​គាត់ក៏ត្អូញត្អែរពីការកើតមានគ្រោះថ្នាក់ញឹកញាប់នៅពេលបើកបរជាពិសេសនៅពេល​យប់​ដោយសារតែគ្រលុកដែលកើតចេញពីបញ្ហាផ្លូវខូចខាតនេះ។ ជាមួយគ្នា​អ្នកដំណើរ​ក៏​ត្រូវ​ធ្វើ​ដំណើរវៀងផ្លូវមួយចំនួនដែលថាបានចំណាយពេលយូរ និងចំណាយសាំងច្រើនជាងមុន។

កំពុងអង្គុយផ្អែកខ្លួននឹងបង្គោលភ្លើងនៅចិញ្ចើមផ្លូវក្នុងទីតាំងមួយដែលជុំវិញអមដោយហាង​លក់ទំនិញធំៗ និងផ្សារទំនើបផងនោះ លោក ពូ អូន ដែលជាអ្នកប្រកបរបររត់កង់បី បានឱ្យ​ដឹងដែរថា ចាប់តាំងពីប្រកបរបរនេះអស់រយៈពេលជាង៦ឆ្នាំមក លោកកត់សម្គាល់ឃើញថា​រយៈពេល​ប្រមាណមួយឆ្នាំចុងក្រោយនេះ ផ្លូវស្ទើរតែទូទាំងក្រុងបាត់ដំបងត្រូវបានខូចខាត​យ៉ាងដំណំមិនធ្លាប់មាន ដោយសារគម្រោងអភិវឌ្ឍន៍បានដាក់គ្រឿងចក្រ​កាយផ្លូវ​ជាច្រើន​តំណាល​គ្នា ដែលធ្វើឱ្យផ្លូវទាំងនោះរងការខូចដូចៗគ្នាដែរ ដោយមិនមែនកាយមួយតំបន់ ហើយធ្វើឱ្យរួចសិននោះទេ។

បុរសវ័យ៥០ឆ្នាំដែលមានមាឌធំសម្បុរសណ្ដែកបាយរូបនេះបន្ថែមថា បញ្ហានេះមិនត្រឹមតែ​ផ្តល់ផល​លំបាកក្នុងការធ្វើដំណើរ និងទាញទម្លាក់ចំណូលអាជីវករប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែ​អ្នក​ប្រកបរបរដឹកភ្ញៀវដូចជាលោក ក៏ត្រូវធ្លាក់ចុះចំណូលមកត្រឹមពាក់កណ្តាល​ក្នុងរយៈពេល​ប្រមាណកន្លះឆ្នាំមកនេះ ដោយថាពលរដ្ឋក៏មិនសូវចង់ធ្វើដំណើរចេញក្រៅផ្ទះ ព្រោះតែផ្លូវ​លំបាក។

លោកបានបញ្ជាក់ថា៖ «ឥឡូវពេលមានភ្លៀងបែកភក់ ពេលផុតពីភ្លៀងហុយ[..] ហើយអ្នកលក់​ដូរក៏លក់មិនដាច់ដែរ មានអ្នកណាទៅផឹកទៅស៊ីអីទេ បើផ្លូវបែកភក់វ៉ល់អ៊ីចឹងនោះ! វាតៗគ្នា ដល់តែពេលគេអត់ផឹកស៊ី វាតដល់យើងឯណេះទៀត ព្រោះគេអត់ហៅPassApp ជិះ»

មិនមែនមានតែអ្នកធ្វើដំណើរឆ្លងកាត់ និងប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងក្រុងបាត់ដំបង​ប៉ុណ្ណោះ​ទេ ដែលត្អូញត្អែរពីគម្រោងអភិវឌ្ឍន៍នេះ សូម្បីតែអាជ្ញាធរមូលដ្ឋាន គឺមេភូមិរំចេក៤ នៃសង្កាត់រតនៈ លោក ទេស សុន ក៏អះអាងថា មិនយល់ពីផែនការអភិវឌ្ឍន៍ប្រព័ន្ធលូក្នុង​ក្រុង​បាត់ដំបងនេះដែរ ដោយថាផ្លូវបេតុងក្នុងភូមិរបស់លោកប្រវែងប្រមាណ៣០០ម៉ែត្រ ដែលទើប​សាងសង់ដោយរដ្ឋបាលខេត្តបានប្រមាណ៤ឆ្នាំ ត្រូវបានកាយចេញដើម្បីដាក់ប្រព័ន្ធលូ​ផ្ទួនៗ​ដែរ។

មេភូមិវ័យ៧៦ឆ្នាំរូបនេះចាត់ទុកថា ការកាយផ្លូវបេតុងដែលធ្លាប់ធ្វើដំណើរយ៉ាងរលូននេះ ជាការខាតបង់ថវិការដ្ឋរាប់រយលានរៀល ហើយថែមទាំងកំពុងគំរាមកំហែងដល់សុខភាព និងការរស់នៅរបស់ពលរដ្ឋ ដោយលោកថាពួកគាត់រអ៊ូរទាំរាល់ថ្ងៃ ព្រោះតែការហុយជាប្រចាំ​នៅ​ពេលគ្មានភ្លៀង ហើយរអិលនៅពេលមានភ្លៀងធ្លាក់។

លោកបញ្ជាក់ថា៖ «បង្កើតហើយ ដល់ពេលខូចទៅវិញខាតហើយអាហ្នឹង[…]ខ្ញុំអត់យល់ អត់​ដឹង​ដំណាក់កាលគេមិនដឹងប៉ុន្មានវគ្គ ម្តងកន្លែងនេះ ម្តងកន្លែងនោះ។ ខ្ញុំអត់យល់ពីរឿងគេធ្វើ អត់ដឹងថាផែនការគេធ្វើយ៉ាងម៉េច​ បើថាធ្វើម្តងឱ្យចប់ទៅអត់! ឯណេះមួយចុប ឯណោះមួយ​ចុប រកសន្និដ្ឋានមិនកើត »។

ប្រហាក់ប្រហែលគ្នា ពលរដ្ឋជាជាងជួសជុលម៉ូតូស្ថិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង លោក មាញ វី បានឱ្យដឹងថា ផ្លូវបេតុងមួយខែ្សនៅក្បែរផ្ទះរបស់លោក ដែលទើបសាងសង់​បានរយៈពេលជិត៣ឆ្នាំ ក៏ត្រូវបានគម្រោងតភ្ជាប់ប្រព័ន្ធលូខាងលើកាយចោលដើម្បីដាក់លូ ប៉ុន្តែបច្ចុប្បន្នត្រូវបានផ្អាក ដោយអ្នកសាងសង់ថានឹងត្រឡប់មកបន្តវិញនៅពេលក្រោយ។ លោកបន្តថា បច្ចុប្បន្នផ្លូវបេតុងខាងលើបានបាត់បង់រូបភាពទាំងស្រុង ជំនួសវិញដោយ​គ្រហុក​ត្រឹមជង្គង់  អមដោយភក់ជ្រាំពេលមានភ្លៀងធ្លាក់ ដែលធ្វើឱ្យម៉ូតូឆាប់ខូចគ្រឿងបន្លាស់ ដូចជា ប្រដាង និងសន្ទះអ៊ែរជាដើម។

ទោះបីជាលោកមិនសូវយល់ដឹងច្បាស់ពីការងារបច្ចេកទេសសាងសង់ក៏ពិតមែន ប៉ុន្តែលោក​សង្កេត​ឃើញថា ករណីនេះកើតឡើងពីកង្វះការសិក្សាពីគម្រោងរួមគ្នារយៈពេល​វែងច្បាស់​លាស់​ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ដែលមិនបានសាងសង់ឱ្យតាមលំដាប់លំដោយថា​ត្រូវធ្វើ​អ្វីមុន និងអ្វីក្រោយ។ ជុំវិញបញ្ហានេះ លោកស្នើឱ្យអាជ្ញាធរពាក់ព័ន្ធរួមគ្នាសិក្សាឱ្យបានច្បាស់​លាស់​នូវគម្រោងអភិវឌ្ឍន៍ទាំងអស់ ដើម្បីបញ្ចៀសការខាតបង់ថវិការដ្ឋ និងជះផលប៉ះពាល់​ដល់ប្រជាពលរដ្ឋ។

លោកបន្ថែមថា៖ «តាមពិតខ្មែរយើងខ្វះបទពិសោធន៍ យើងដើរស្រុកគេ ទៅរៀនស្រុកគេ​ច្រើន ប៉ុន្តែយកមកអភិវឌ្ឍនៅប្រទេសខ្មែរ អភិវឌ្ឍបញ្ច្រាស។ បញ្ច្រាសឧទាហរណ៍ថា ធ្វើ​បេតុង​​ហើយបានកាយបេតុងចោលដាក់លូ។ គេត្រូវធ្វើលូសព្វគ្រប់អស់ហើយ ចាំចាក់បេតុង​[..]​ស្នើ​សុំតែម្យ៉ាងធ្វើម៉េចសិក្សាហើយសិនចាំធ្វើ កុំអត់ទាន់សិក្សាអីផងធ្វើចឹងៗវាខាត ទី១ខាត​ប្រយោជន៍ ទី២ខាតថវិកាកាន់តែធំ»

មន្ត្រីសម្របសម្រួលនៃអង្គការឃ្លាំមើលលីកាដូប្រចាំខេត្តបាត់ដំបង លោក អ៊ិន គង់ជិត ផ្តល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មាន កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។ (រូបថត៖​ ប៉ា តុងចិន)

មន្ត្រីសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការ លីកាដូ ប្រចាំខេត្ត​បាត់ដំបង លោក អ៊ិន គង់ជិត សង្កេត​​ឃើញថា ផ្លូវជាច្រើនក្នុងក្រុងបាត់ដំបង​ត្រូវបាន​កាយ​ដើម្បី​​ដាក់ប្រព័ន្ធលូស្ទើរ​គ្រប់​ទី​កន្លែង។ បញ្ហានេះ លោកថាបានផ្តល់ផលលំបាក​ជាច្រើន​ដូចជា​ធ្វើឱ្យពិបាកធ្វើដំណើរងាយ​កើតមានគ្រោះថ្នាក់ចរាចរណ៍ និងធ្វើឱ្យភ្ញៀវទេសចរ​ធ្លាក់ចុះ ខណៈ​ចំណូលពីរបរ​រកស៊ី​របស់​ពួកគាត់ក៏កាន់តែតានតឹង។

លោកថ្លែងថា៖ «ផលលំបាករបស់វាគឺវាតែងធ្វើឱ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរចៀសគ្នា​ទៅ​វាធ្វើឱ្យប៉ះទង្គិចគ្នា វាធ្វើឱ្យខូចយានយន្ត ហើយវាយ៉ាប់ទៅរកការដោះស្រាយរបស់សមត្ថកិច្ច​ទៀត ហើយវាមានគ្រោះថ្នាក់ដល់ជីវិតទៀត។ អ៊ីចឹងបើសិនជាធ្វើផ្លូវបានល្អ គឺទី១ វាទាក់ទាញ​ភ្ញៀវទេសចរ ទី២ វាកាត់បន្ថយនូវគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ»

តាមរយៈបទសម្ភាសន៍ជាមួយអាជ្ញាធរសង្កាត់មួយចំនួនក្នុងក្រុងបាត់ដំបង ដែលត្រូវតភ្ជាប់​ប្រព័ន្ធ​លូ​រំដោះទឹកកកង្វក់នេះ បានឱ្យដឹងថា ផ្លូវបេតុងដែលទើបសាងសង់រយៈពេល​តិចជាង​៥ឆ្នាំយ៉ាងហោចណាស់១០ខ្សែ ដែលត្រូវបានខូចខាតទាំងស្រុង ឬខូចខាតមួយចំហៀង។

 បើតាមក្រុមប្រឹក្សាសង្កាត់រតនៈ លោក ឈាន គឹមឈួន បានមានប្រសាសន៍ថា នៅក្នុង​សង្កាត់​​​របស់លោក​ទាំងមូលមានផ្លូវវែង-ខ្លី សរុបជាង៧០ខ្សែ ហើយ​​ក្នុងចំណោម​ផ្លូវទាំង​នោះ​មានផ្លូវ​៩០​ភាគរយហើយដែលត្រូវកាយដាក់ប្រព័ន្ធលូរំដោះទឹកកង្វក់។ ក្នុងនោះលោកថា ក៏​មាន​​ផ្លូវ​បេតុង​ប្រមាណ៤ខ្សែដែលបានប្រើប្រាស់ថវិកា​សង្កាត់ដើម្បីសាងសង់ក្នុងចន្លោះ​ឆ្នាំ២០២១ និងឆ្នាំ២០២៣​ដែរ។

លោកឱ្យដឹងថា ការសាងសង់ផ្លូវមួយចំនួននៅមុនការតភ្ជាប់ប្រព័ន្ធលូរំដោះទឹកកង្វក់នេះ ដោយ​សារតែផ្លូវទាំងនោះមានលក្ខណៈចាំបាច់ខ្លាំងមិនអាចរង់ចាំបាន ខណៈគម្រោងដាក់​ប្រព័ន្ធលូ​ក្រោមកម្ចីថវិកាពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី(ADB)ទើបនឹងដេញថ្លៃបានក្រោយ។

លោកទទួលស្គាល់ថា ការធ្វើផ្លូវរួចហើយកាយដាក់លូវិញនេះពិតជាមានផលប៉ះពាល់​ដល់​ផ្លូវ​ថ្នល់​​ក្នុង​សង្កាត់ និងរំខានដល់ការរស់នៅ រួមទាំងការ​រកស៊ីប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយ​សារការរើចុះរើឡើងនៅពេលដំណើរការសាងសង់ទៅដល់។ ប៉ុន្តែយ៉ាងណា លោកស្នើឱ្យ​ប្រជាពលរដ្ឋ​យោគយល់ និងបន្ថែមការអត់ធ្មត់​ចំពោះ​បញ្ហាដីហុយ និងផ្លូវខូចនេះ ដោយថា​អាជ្ញាធរ​មូលដ្ឋានកំពុងខ្នះខ្នែងជួយសម្របសម្រួលបាញ់ទឹក ខណៈ​ក្រុមហ៊ុន​សាងសង់​ក៏​ពន្លឿន​ការអនុវត្តដែរ ដោយថាបន្ទាប់ពីគម្រោងនេះបញ្ចប់ក្រុងបាត់ដំបងនឹងក្លាយជាទីក្រុង​ដ៏​ស្រស់ស្អាតដូចទៅនឹងក្រុងសៀមរាបដែរ។ 

ក្រុមប្រឹក្សាសង្កាត់រតនៈដដែល ក៏ស្នើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងក្រុងបាត់ដំបង​ទាំងអស់​សហការ​គ្នាឱ្យបានហ្មត់ចត់ ដើម្បីបញ្ជៀសផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងខូចខាត​ផ្លូវ​ថ្នល់។

លោកបានថ្លែងថា៖ «បើដេញថ្លៃស៊ីសង្វាក់គ្នាទាំងព្រមគ្នា ម្តងរួចតែម្តងទៅ វាអត់មានប៉ះពាល់​អី​ទាំងអស់។ សំណូមពរថាបើបានតែធ្វើហើយ ឱ្យខាងក្រុមហ៊ុនសហការគ្នា ចាប់ដៃគ្នាថា​ត្រូវ​ធ្វើ​ម៉េច ធ្វើឱ្យដំណើរការស្មើគ្នា»

ក្រុមប្រឹក្សាសង្កាត់រតនៈ ក្រុងបាត់ដំបង លោក ឈាន គឹមឈួន ផ្តល់បទសម្ភាសន៍​ជូន​អ្នកសារព័ត៌មាន កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។ (រូបថត៖ ប៉ា តុងចិន)

ចំណែកចៅសង្កាត់រងទី១នៃសង្កាត់ចំការសំរោង នៃក្រុងបាត់ដំបង លោក នាក់ ចាន់ថន មាន​ប្រសាសន៍ថា ផ្លូវបេតុង និងកៅស៊ូ ជាច្រើនខ្សែនៅក្នុងសង្កាត់​របស់លោកត្រូវបាន​កាយ​ដាក់​លូ ដោយក្នុងនោះក៏មានផ្លូវបេតុងអាយុកាលតិចជាង៥ឆ្នាំដែរ។ លោកទទួលស្គាល់ថា ការ​កាយ​ផ្លូវដែលទើបសាងសង់ ជាការខ្ជះខ្ជាយថវិកា  ប៉ុន្តែលោកថាមិនអាចចៀសបាន ដោយ​សារ​គម្រោងខុសគ្នា ហើយមានលក្ខណៈមុនក្រោយ ទើបធ្វើឱ្យការអភិវឌ្ឍក្នុងសង្កាត់​របស់​លោក​មិនមានភាពស៊ីសង្វាក់គ្នា។

លោកថ្លែងថា៖ «បើយើងគិតពីការខាត គឺខ្ជះខ្ជាយហើយ មិនដឹងធ្វើម៉េចគម្រោងអភិវឌ្ឍន៍។ បើ​យើង​មិនគិតពីអ៊ីចឹងក៏វាពិបាក ព្រោះផែនការនេះដូចជាវាមិនមែនគម្រោងតែមួយ វាផ្សេងៗ​គ្នា ដល់អ៊ីចឹងទៅពិបាក។ ផ្លូវនេះរបស់ខេត្ត រីឯអាលូទឹកស្អុយនេះរបស់ADBមកធ្វើ អ៊ីចឹងដូច​អត់សង់តង់គ្នាការងារហ្នឹង ដល់អ៊ីចឹងមុនក្រោយៗ»

លោក ចាន់ថន បន្តថា កញ្ចប់ថវិកាដែលរដ្ឋាភិបាលទម្លាក់ឱ្យសង្កាត់របស់លោក មាន​ជាង​៦៣០​លានរៀលក្នុងឆ្នាំ២០២៣នេះ ដោយថាថវិកានេះបានផ្តោតសំខាន់ទៅ​លើប្រព័ន្ធ​ប្រឡាយ​​រំដោះទឹកចេញពីសង្កាត់ ខណៈការអភិវឌ្ឍផ្លូវថ្នល់ក្នុងសង្កាត់ត្រូវពឹងផ្នែក​លើថ្នាក់​ខេត្ត​ជាអ្នករ៉ាប់រង។ លោកបន្តថា ក្នុងចំណោមកញ្ចប់ថវិកាសរុបដែលរដ្ឋាភិបាលទម្លាក់ឱ្យ មាន​ថវិកាជាង៤០០លានរៀល ត្រូវបែងចែកទៅ​លើ​ការ​អភិវឌ្ឍសង្កាត់ទាំងមូល ប៉ុន្តែ​លោកថា​កញ្ចប់ថវិកានេះនៅមិនទាន់គ្រប់គ្រាន់ក្នុងការរៀបចំសង្កាត់នៅឡើយ ដោយថាប្រសិន​បើយក​ទៅសាងសង់ផ្លូវ ថវិកានេះអាច​ស្ថាបនា​ផ្លូវបេតុងបានប្រមាណ៤០០ទៅ៥០០ម៉ែត្រប៉ុណ្ណោះ។

លោកបានលើកឡើងថា៖ «មិនគ្រប់ទេ ធ្វើម៉េចគ្រប់ តម្រូវការយើងច្រើនណាស់! និយាយថា​ឱ្យ​គ្រប់​ គឺមិនគ្រប់ទេ ថវិកាសម្រាប់អភិវឌ្ឍន៍នោះ បើផ្លូវយើងនៅក្នុងឃុំនេះរាប់ខ្សែភ្លេចហ្នឹង ហើយថវិកាយើងបើគិតជាបេតុងបាន៤០០ ឬ៥០០ម៉ែត្រហ្នឹង»។

បើតាមប្រធានក្រុមដឹកនាំកាយលូរំដោះទឹកកង្វក់ប៉ែកខាងកើតស្ទឹងសង្កែ លោក គង់ ចាន់ណា បានបញ្ជាក់ថា ទោះបីផ្លូវទើបតែធ្វើរួចថ្មីៗ ក៏ត្រូវកាយដាក់លូចូលដែរ ព្រោះតែជាគម្រោង​ដែល​ថ្នាក់លើ​ទម្លាក់មក។

លោកបញ្ជាក់ថា៖ «គម្រោងត្រូវឱ្យធ្វើ កាលមុនគេអត់ទាន់បង្កើតគម្រោងធ្វើដាក់លូ អ៊ីចឹងគេធ្វើ​ថ្នល់​បានមុន ប៉ុន្តែចង់ថាចុងក្រោយនៅតែកាយ ដើម្បីដាក់លូប្រព័ន្ធទឹកកង្វក់ពីតាមផ្ទះ»

ចៅសង្កាត់រងទី១នៃសង្កាត់ចំការសំរោង ក្រុងបាត់ដំបង លោក នាក់ ចាន់ថន ផ្តល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មាន កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។ (រូបថត៖ប៉ា តុងចិន)

ហាក់មិនខុសគ្នាពីអាជ្ញាធរមូលដ្ឋានទេ អាជ្ញាធរខេត្តបាត់ដំបងបានអះអាងថា​ ការអនុវត្ត​គម្រោង​​ដាក់លូរំដោះទឹកកង្វក់នៅពេលនេះ ដោយសារតែរដ្ឋាភិបាលទើបតែទទួលបាន​កម្ចី​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ខណៈគម្រោងស្ថាបនាផ្លូវមុនៗ គឺដោយសារតម្រូវការជាក់ស្តែង ដែលមិនអាចរង់ចាំគម្រោងប្រព័ន្ធលូរំដោះទឹកកង្វក់នេះបាន។

ទោះជាបែបនេះក្តី ប៉ុន្តែអាជ្ញាធរខេត្តបាត់ដំបងបានលើកឡើងខុសៗគ្នា ដោយខ្លះថាគម្រោង​អភិវឌ្ឍន៍ប្រព័ន្ធលូខាងលើបានប៉ះពាល់ដល់ផ្លូវជាច្រើនក្នុងក្រុងបាត់ដំបងមានទាំងថ្មី ទាំង​ចាស់ និងអាជ្ញាធរខ្លះទៀតអះអាងថា គម្រោងនេះបាន​ប៉ះពាល់ផ្លូវតិចតួចប៉ុណ្ណោះនៅក្នុង​ក្រុង។

ប្រធានការិយាល័យអនាម័យបរិស្ថាននៃសាលាក្រុងបាត់ដំបង លោក​ សុង ស៊ើង បានថ្លែងថា ការកាយផ្លូវបញ្ចុះលូរំដោះទឹកភ្លៀង និងទឹកកង្វក់ គឺបានប៉ះពាល់ដល់ផ្លូវប្រភេទ​ផ្សេងៗគ្នា​ស្ទើរ​តែ​ទាំងអស់នៅក្នុងក្រុង តាមរយៈការកាយដាក់លូធំនៅកណ្តាលផ្លូវ និងលូតូច២នៅសងខាង​ផ្លូវ។ យ៉ាងណាលោកមិនអាចបញ្ជាក់ចំនួនផ្លូវទាំងនោះបានទេ។

លោកបញ្ជាក់ថា៖ «យើងកាយដាក់កណ្តាលផ្លូវមួយខ្សែ ហើយសងខាងម្ខាង១ខ្សែ ម្ខាង១ខ្សែ ដើម្បីប្រមូលទឹកកង្វក់ពីផ្ទះចូលមកលូហ្នឹង។ ចៀសអត់រួចទេ ផ្លូវបេតុងក៏ប៉ះ ផ្លូវកៅស៊ូក៏ប៉ះ! ប៉ះទាំងអស់និយាយរួម»។

ប៉ុន្តែយ៉ាងណាលោកថា រាល់ការអភិវឌ្ឍ គឺតែងតែមានផលប៉ះពាល់។ ក្នុងន័យនេះលោក​ពន្យល់​ថា រដ្ឋបាលខេត្តមិនបានដឹងពីការសិក្សាគម្រោងកម្ចីនេះជាក់លាក់ ដោយសារតែ​គម្រោង​ខាងលើចំណាយរយៈពេលសិក្សាយូរ ខណៈដែលផ្លូវមួយចំនួនរងការខូចខាត ដែល​ត្រូវការសាងសង់បន្ទាន់ ដូច្នេះទើបធ្វើឱ្យផ្លូវដែលសាងសង់រួច ត្រូវកាយចេញ​ដើម្បីតភ្ជាប់​ប្រព័ន្ធ​លូ​នៅពេលនេះ។

លោកថ្លែងថា៖ «ធម្មតាគម្រោងកម្ចី មិនមែនសិក្សាមួយឆ្នាំបានទេ វាអាច៣ឆ្នាំអីទើបបាន ដល់អ៊ីចឹងផ្លូវវាខូច យើងអត់អាចចាំបានទេ យើងត្រូវតែធ្វើមុន[..] បើសិនជាបានដឹងមុន យើងអត់មានយកលុយទៅចាយផ្តេសផ្តាសទេ យើងរង់ចាំ យើងអត់ពិបាក»

ជនពិការ និងប្រជាពលរដ្ឋផ្សេងទៀតកំពុងធ្វើដំណើរនៅលើផ្លូវកៅស៊ូ​មួយខ្សែស្ថិតក្នុង​សង្កាត់​រតនៈ ក្រុងបាត់ដំបង ដែលក្រុមហ៊ុនកំពុងភ្ជាប់ប្រព័ន្ធលូរំដោះទឹកកខ្វក់ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។ (រូបថត៖ ប៉ា តុងចិន)

បើតាមលោក សុង ស៊ើង បានឱ្យដឹងថា គម្រោងដាក់លូរំដោះទឹកភ្លៀងនាខាងកើតស្ទឹងសង្កែ ត្រូវចំណាយថវិកាប្រមាណជាង២១លានដុល្លារអាមេរិក ក្រោមការអនុវត្តរបស់​ក្រុមហ៊ុន​ឈ្មោះ​​MJA។ គម្រោងនេះបានចាប់ផ្តើមនៅឆ្នាំ២០២១ ហើយគ្រោងបញ្ចប់នៅចុង​ឆ្នាំ២០២៣​នេះ ដោយបច្ចុប្បន្នលោកថាអនុវត្តបាន៦០ភាគរយ។

ដោយឡែកគម្រោងដាក់ប្រព័ន្ធរំដោះទឹកកង្វក់ប៉ែកខាងលិចស្ទឹងសង្កែ លោកថាត្រូវចំណាយ​ថវិកា​ជាង២៨លានដុល្លារសហរដ្ឋអាមេរិក ក្រោមការអនុវត្តរបស់ក្រុមហ៊ុនឈ្មោះ គិរីដងរ៉ែក ដោយបានចាប់ផ្តើមកាលពីឆ្នាំ២០២២ ហើយគ្រោងបញ្ចប់នៅឆ្នាំ២០២៤ខាងមុខ ហើយ​បច្ចុប្បន្ន​អនុវត្តបាន៣០ភាគរយ។ 

ចំណែកអភិបាលក្រុងបាត់ដំបង លោក លាង វាសនា និងអភិបាលខេត្តបាត់ដំបង លោក សុខ លូ បានលើកឡើងស្រដៀងគ្នា ដោយបានបដិសេធថាគម្រោងតភ្ជាប់ប្រព័ន្ធលូ​ខាងលើ​បាន​ប៉ះ​ពាល់​ដល់ផ្លូវដែលទើបសាង​សង់ថ្មីតិចតួចប៉ុណ្ណោះ ប៉ុន្តែផ្លូវដែលសាងសង់យូរឆ្នាំហើយមាន​ចំនួន​ច្រើន។

លោក​ សុខ លូ បានបញ្ជាក់ថា ផ្លូវដែលសាងសង់យូរហើយ ប៉ុន្តែនៅមានសភាពស្អាតក៏ត្រូវ​បាន​កាយ​ដាក់​​ប្រព័ន្ធលូនេះដែរ ដោយសារតែមិនមានជម្រើស ព្រោះលោកថា ក្រុងបាត់ដំបង​នឹង​ប្រឈមបញ្ហានៅថ្ងៃអនាគត ប្រសិនបើមិនមានប្រព័ន្ធរំដោះទឹកកង្វក់។

ទោះជាបែបនេះក្តី ប៉ុន្តែលោកគូសបញ្ជាក់ថា បន្ទាប់ពីតភ្ជាប់ប្រព័ន្ធលូក្នុងក្រុងនេះរួច គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធលូក្រោមកម្ចីធនាគារអភិវឌ្ឍន៍អាស៊ី(​ADB)នេះ នឹងសាងសង់ថ្មីជំនួសផ្លូវដែល​ខូចខាត។

លោកមានប្រសាសន៍ថា៖ «អត់មានផ្លូវណាធ្វើថ្មី ហើយកាយវិញទេ។ ផ្លូវភាគច្រើន គឺសុទ្ធតែ​ផ្លូវ​ចាស់ យើងដឹងខេត្តបាត់ដំបង ភាគច្រើនគឺផ្លូវចាស់ទាំងអស់ ហើយបើផ្លូវធ្វើថ្មីមួយចំនួន តិចតួច​ទេ។ បើប៉ះពាល់ ពេលកាយហើយខាងគម្រោងគាត់នឹងធ្វើសងវិញ»

លោកបន្តថា ការដែលផ្លូវមួយចំនួនត្រូវបានសាងសង់រួច ហើយត្រូវកាយដាក់​ប្រព័ន្ធលូ​តាម​ក្រោយ ដោយសារកម្ពុជាខ្វះខាតថវិកាអភិវឌ្ឍន៍ ដោយត្រូវធ្វើតាមលទ្ធភាពដែលខ្លួនមាន ខណៈ​ដែល​ការផ្តល់កម្ចីរបស់ADB ត្រូវការរយៈពេលសិក្សាយូរ តាំងពីប្រមាណ១០ឆ្នាំមុន។

លោកបានថ្លែងថា៖ «ដោយសារប្រទេសយើងក្រ បើប្រទេសយើងមានលុយដូចប្រទេសគេ យើងធ្វើម្តងទាំងអស់ ទាំងប្រព័ន្ធខ្សែភ្លើងក្រោមដី ទាំងលូក្រោមដី ទាំងខ្សែកាប ទាំងអីទាំង​អស់ហ្មង ប៉ុន្តែដោយសារយើងអត់ទាន់មានលទ្ធភាព»។

អភិបាលខេត្តបាត់ដំបង ក៏ស្នើឱ្យប្រជាពលរដ្ឋយោគយល់ និងអត់ធ្មត់ ដោយថានៅឆ្នាំ២០២៤ ការអភិវឌ្ឍប្រព័ន្ធលូរំដោះទឹកនេះនឹងរួចរាល់ ហើយក្រុងបាត់ដំបងនឹងផ្លាស់ប្តូរមុខមាត់ឱ្យ​ក្លាយ​​ជាក្រុងទេសចរណ៍ដ៏សំខាន់របស់ខេត្ត ស្របទៅនឹងការជ្រើសរើសរបស់រដ្ឋាភិបាលថា​ក្រុង​បាត់ដំបង​ជាបណ្តាញទីក្រុងឆ្លាតអាស៊ាន ដែលមានសមាជិកទីក្រុងចំនួន២៦។

អ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត​បាត់ដំបង លោក ព្រួញ រិទ្ធថា និងអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ ជុំវិញ​នីតិវិធីនៃការទទួលបានកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងការ​អនុវត្ត​គម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូរំដោះទឹក​ក្នុងក្រុងបាត់ដំបងបាននៅឡើយទេ ដោយ​ទូរសព្ទ​ចូល ពុំមានអ្នកទទួល។

ប្រជាពលរដ្ឋកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែដែលមានសភាពហុយដីស្ថិត​ក្នុង​សង្កាត់អូរចារ ក្រុងបាត់ដំបង ក្បែររង្វង់មូលព្រះនារាយណ៍ដៃប្រាំបី កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។ (រូបថត៖ ប៉ា តុងចិន)

យ៉ាងណាតាមរយៈរបាយការណ៍ថវិកាសង្ខេបឆ្នាំ២០២៣របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា រដ្ឋាភិបាលកម្ពុជាបានទម្លាក់ថវិកាជាង ៥៥០ពាន់លានរៀលឱ្យ​ទៅ​ក្រសួង​សាធារណការ និងដឹកជញ្ជូន ដើម្បីគ្រប់គ្រងសំណង់សាធារណៈ និងអភិវឌ្ឍន៍ហេដ្ឋារចនា​សម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក និងប្រព័ន្ធចម្រោះទឹកកង្វក់។

ដោយឡែក ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក៏មិនទាន់ឆ្លើយតបជុំវិញការលើកឡើង​ពីសំណាក់​អាជ្ញាធរខេត្តដែលថាការសិក្សាផ្តល់កម្ចីចំណាយពេលយូរ ទើបធ្វើឱ្យគម្រោង​អនុវត្តជាន់គ្នា​នៅ​ឡើយទេ ដោយបានបញ្ជាក់ថាត្រូវការប្រមូលព័ត៌មានពីគម្រោងទាំងនេះជាមុនសិន។

ភាពមិនស៊ីសង្វាក់គ្នារវាងការសាងសង់ផ្លូវ​ និងការតភ្ជាប់ប្រព័ន្ធលូនេះ ត្រូវបានអ្នកស្រាវជ្រាវ​សង្កេត​ឃើញថា ក្លាយជារឿងធម្មតាទៅហើយ ជាពិសេសនៅរាជធានីភ្នំពេញ ដោយថាផ្លូវ​ដែល​ទើបសាងសង់រួចស្អាត បែរជាត្រូវកាត់ពាក់កណ្តាល ឬចោះដើម្បីបញ្ចុះប្រព័ន្ធលូ។

អ្នកវិភាគនយោបាយ និងសង្គម លោកបណ្ឌិត មាស នី ចាត់ទុកថា ជាការខ្ជះខ្ជាយថវិការដ្ឋ ដែលត្រូវអនុវត្តជាន់គ្នាម្តងហើយម្តងទៀត ដូចជាចំណាយលើការសាងសង់ផ្លូវ ហើយត្រូវ​កាយដាក់ប្រព័ន្ធលូរួមនិងការជួសជុលផ្លូវឡើងវិញ ហើយថែមទាំងបន្សល់ការខូចខាត​ទម្រង់​ផ្លូវដើម។

លោកថ្លែងថា៖ «វាជាការអភិវឌ្ឍមួយដែលជាការមិនទាន់ពិនិត្យមើលស្ថានភាពអភិវឌ្ឍន៍​ឱ្យ​បានស៊ីសង្វាក់គ្នា។ កន្លែងខ្លះចាក់បេតុងហើយ នៅរង់ចាំអ្នកកាយលូ។ ទម្រាំអ្នកកាយលូ​មកដល់ អាបេតុងហ្នឹងក៏លិចទឹក»

ចំណែកប្រធានវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ លោក ឡាំ សុជាតិ មាន​ប្រសាសន៍​ថា ភាពមិនស៊ីសង្វាក់គ្នាក្នុងការអភិវឌ្ឍផ្លូវថ្នល់ និងប្រព័ន្ធលូនេះ កើតមានដោយសារកង្វះ​ការ​សិក្សារួមគ្នាពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅពេលដែលការអនុវត្តគម្រោងផ្សេងគ្នា ដែល​បញ្ហានេះលោកថាជាការខ្ជះខ្ជាយថវិកាជាតិ ជាពិសេសរងគ្រោះដល់ប្រជាពលរដ្ឋ។  

លោកលើកឡើងថា៖ «ប្រសិនបើក្រសួងពីរបីផ្សេងគ្នា ការិយាល័យពីរបីផ្សេងគ្នា ឬក្រុមហ៊ុន​ពីរបី​ផ្សេងគ្នា ធ្វើនៅកន្លែងតែមួយ ហើយខ្វះការសម្របសម្រួលផ្នែកលទ្ធកម្ម នីតិវិធីអនុវត្ត​គម្រោង គឺវានឹងកើតឡើងនូវរូបភាពអ៊ីចឹង»។

លោកគូសបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ លុះត្រាតែក្រសួងពាក់ព័ន្ធមានផែនការ​មេច្បាស់លាស់ ទម្លាក់ឱ្យអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថាការអនុវត្តគម្រោងអភិវឌ្ឍន៍​ស្រប​តាម​បច្ចេកទេស និងមិនធ្វើខាតបង់ថវិកាច្រើនលើកច្រើនសារ ខណៈដែលថវិកាអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធភាគច្រើនជាកម្ចីបរទេស។

លោកបានថ្លែងថា៖ «ក្រសួងដឹកនាំមិនអាចធ្វើតាមក្រុមហ៊ុនឯកជន ដែលម៉ៅការហើយ ចេះ​តែ​ធ្វើតាមទេ ត្រូវតែមានការដឹកនាំដោយរដ្ឋាភិបាលមូលដ្ឋានច្បាស់លាស់ថា ធ្វើបច្ចេកទេស ធ្វើអីមុន ធ្វើអីក្រោយ កុំឱ្យខាតលុយរាស្រ្ត»។

តាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤​បានបង្ហាញថា គិតត្រឹម​ត្រី​មាសទី៣ ឆ្នាំ២០២៣ កម្ពុជាមានបំណុលសាធារណៈក្រៅប្រទេសចំនួន៩៥ភាគយ និង​បំណុល​ក្នុងប្រទេសមាន០,៥ភាគរយ ដែលបំណុលទាំងនេះគិតជាទឹកប្រាក់​សរុបមាន​ជាង​១០​ពាន់​លានដុល្លារអាមេរិក(១០,៧៤១.៦៨លានដុល្លារអាមេរិក)។

ប្រភពដដែលបង្ហាញថា កម្ពុជាជំពាក់បំណុលធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ចំនួន២១ភាគរយ ដែលស្នើនឹងប្រមាណ២០០លានដុល្លារអាមេរិក នៃបំណុលសរុបជាង១០ពាន់លានដុល្លារ​សហរដ្ឋអាមេរិកនោះ។

យ៉ាងណាសេចក្តីព្រាងច្បាប់ដដែលបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍​គ្រឹះសំខាន់ៗក្នុងការគ្រប់គ្រងបំណុលសាធារណៈ ដោយខ្ចីឥណទានក្នុងទំហំសមស្របដែល​ស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន ហើយមានកម្រិតសម្បទានអនុគ្រោះខ្ពស់ រួមនិងជួយបង្កើតផលិតភាពសេដ្ឋកិច្ច។ ជាមួយគ្នា គឺប្រកាន់ខ្ជាប់នូវការអនុវត្តប្រកប​ដោយ​តម្លាភាព ប្រសិទ្ធភាព និងស្របតាមស្តង់ដារ។

ដោយឡែក យោងតាមការចេញផ្សាយនៅលើគេហទំព័រផ្លូវការ​របស់ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) បានបង្ហាញថា គិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)​ជា​ប្រភពជំនួយអភិវឌ្ឍន៍ផ្លូវការដ៏ធំរបស់កម្ពុជានេះបានផ្ដល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យមចំនួន ៣៦៨,៣លានដុល្លារសហរដ្ឋអាមេរិក។ ប្រភពដដែលក៏បានបញ្ជាក់ដែរថា គិតមកទល់ពេល​បច្ចុប្បន្ន​ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានផ្ដល់ប្រាក់កម្ចី ជំនួយ និងបច្ចេកទេសក្នុងវិស័យ​សាធារណៈ ក្នុងជំនួយសរុបចំនួន៤,៦ពាន់លានដុល្លារអាមេរិកដល់កម្ពុជា។ រីឯប្រាក់កម្ចី និង​ជំនួយ​ឥតសំណងសម្រាប់ការចំណាយដល់កម្ពុជាមានចំនួន៣,០៩ពាន់លានដុល្លារអាមេរិក៕


ទិដ្ឋភាពផ្លូវក្នុងសង្កាត់មួយចំនួននៃក្រុងបាត់ដំបងនៅអំឡុងដេីមខែតុលា ឆ្នាំ២០២៣ ក្រោយពីមានការកាយលូដាក់ប្រព័ន្ធលូរំដោះទឹកកខ្វក់។ (វីដេអូ៖ ប៉ា តុងចិន​)
424 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម