អ្នកកាសែតឯករាជ្យ ដែលគេនិយមនិយាយជាភាសាអង់គ្លេសថា freelance journalist លោក ម៉ិច ដារ៉ា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ដោយលោកទទួលបានអនុញ្ញាតឱ្យចាកចេញពីពន្ធនាគារ ខេត្តកណ្ដាល កាលពីក្រោយម៉ោង ១២ ថ្ងៃត្រង់បន្តិច នៃថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា បន្ទាប់ពីលោកបានសុំទោសចំពោះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈវីដេអូឃ្លីប កាលពីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។
ការទទួលបានសិទ្ធិនៅក្រៅឃុំ បានធ្វើឱ្យ លោក ម៉ិច ដារ៉ា ក្រុមគ្រួសារ ក៏ដូចជាមិត្តរួមអាជីព ជាតិ និងអន្តរជាតិ មានក្ដីរំភើបរីករាយ ឬធូរទ្រូងមួយកម្រិត ថ្វីដ្បិតតែការចោទប្រកាន់ពុំទាន់ត្រូវបានទម្លាក់ចោលក៏ដោយ ហើយក៏ជាប់បម្រាមតុលាការចំនួន ៤ចំណុច គឺទី១ លោក ម៉ិច ដារ៉ា មិនអាចចេញក្រៅប្រទេសបាន ទី២ មិនអាចផ្លាស់ប្ដូរលំនៅដោយគ្មានការអនុញ្ញាត ទី៣ ត្រូវឆ្លើយតបតាមការកោះហៅរបស់មន្ត្រីមានសមត្ថកិច្ច និងទី៤ លោក ម៉ិច ដារ៉ា ត្រូវបង្ហាញខ្លួនចំពោះប៉ូលិសប៉ុស្តិ៍ផ្សារដើមថ្កូវ នៅរៀងរាល់បួនសប្ដាហ៍ម្ដង ។
ចេញពីពន្ធនាគារ មិត្តភក្ដិ និងក្រុមគ្រួសារ បាននាំ លោក ម៉ិច ដារ៉ា ទៅទទួលការប្រទានទឹកមន្ត និងពរជយន្តោ ពីព្រះសង្ឃគង់នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
លោក ម៉ិច ដារ៉ា ហាក់អល់អែកក្នុងការផ្ដល់ចម្លើយចំពោះក្រុមអ្នកសារព័ត៌មាន ដែលសួរថា តើលោកនឹងបន្តអាជីពរបស់លោកទៅមុខទៀត ឬយ៉ាងណានោះ ។ ទោះយ៉ាងណាក៏ដោយ លោក ម៉ិច ដារ៉ា ថ្លែងអំណរគុណចំពោះមិត្តភក្ដិ រួមទាំងស្ថានទូតនានា ដែលបានគិតគូរខ្វល់ខ្វាយចំពោះរូបលោក ព្រមទាំងថ្នាក់ដឹកនាំរដ្ឋាភិបាលផងដែរ ដែលជាចុងក្រោយឈានដល់ការដោះលែងរូបលោកឱ្យបាននៅក្រៅឃុំ ។
ទំនងជាគិតថា លោក ម៉ិច ដារ៉ា ខកខានមិនបានបរិភោគអាហារដែលលោកចូលចិត្តអស់ពេលជាងបីសប្ដាហ៍ទៅហើយនោះ មិត្តភក្ដិ និងក្រុមគ្រួសារបានយកអាហាររួមទាំងវត្តមានប្រហុកផង មកទទួល លោក ម៉ិច ដារ៉ា ។
មន្ត្រីរដ្ឋាភិបាល ដែលជាអ្នកនាំពាក្យនៃក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ប្រាប់ ខេមបូចា ជាសារតាម តេឡេក្រាម បង្ហាញនូវអំណរសាទរ ចំពោះការបាននៅក្រៅឃុំរបស់ លោក ម៉ិច ដារ៉ា ដោយពាក្យពេចន៍ថា លោកសូមស្វាគមន៍ការសម្រេចរបស់តុលាការ និងអបអរចំពោះ លោក ដារ៉ា ដែលត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន តបតាមការស្នើសុំ ហើយក្រសួងនៅតែបន្តតាមដាន ការវិវត្តនានាបន្ថែមទៀតពាក់ព័ន្ធនឹងករណីនេះ ។
លោក ម៉ិច ដារ៉ា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី30 ខែកញ្ញា ឆ្នាំ២០២៤ ក្រោមបទញុះញង់ទាក់ទងនឹងការបង្ហោះតាមបណ្ដាញសង្គម ដែលលោកបានធ្វើកាលពីដើមខែកញ្ញា ។ តុលាការបានច្រានចោលសំណើសុំនៅក្រៅឃុំរបស់ លោក ម៉ិច ដារ៉ា កាលពីសប្ដាហ៍មុន ។
លោក ម៉ិច ដារ៉ា ជាអ្នកសារព័ត៌មានកម្ពុជា ដែលបានរាយការណ៍យ៉ាងសកម្ម អំពីការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា ហើយក្នុងឆ្នាំ២០២៣ លោកឈ្នះបានពានរង្វាន់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រាប់ការរាយការណ៍អំពីអំពើជួញដូរមនុស្ស ។
លោក ម៉ិច ដារ៉ា ធ្លាប់ជាអ្នកសារព័ត៌មាននៃស្ថាប័នសារព័ត៌មានឯករាជ្យមួយចំនួន ដូចជា សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) សារព័ត៌មានភ្នំពេញប៉ុស្តិ៍ និងវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី មុនពេលអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយមួយនេះត្រូវបានដកហូតកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ។ មុនពេលចាប់ខ្លួន លោក ម៉ិច ដារ៉ា ជាអ្នកសារព័ត៌មានឯករាជ្យ (Freelance Journalist) ៕