សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សហព័ន្ធសហជីពឯករាជ្យស្នើក្រសួងការងារចាត់វិធានការលើរោងចក្រស្បែងជើងមួយ ដែលមិនទទួលយកមេដឹកនាំសហជីពចូលធ្វើការ

រោងចក្រផលិតស្បែកជើង ឈី មីង ស៊ីន ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ រូបថតផ្ដល់ឱ្យ
រោងចក្រផលិតស្បែកជើង ឈី មីង ស៊ីន ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ រូបថតផ្ដល់ឱ្យ

សហព័ន្ធសហជីពឯករាជ្យ ហៅកាត់ថា អ៊ីនទូហ្វី នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ បាន​អំពាវនាវឱ្យក្រសួងការងារ និងក្រុមហ៊ុនWalmart​ ជាក្រុមហ៊ុន​បញ្ជាទិញ ជំរុញឱ្យរោងចក្រ​ស្បែកជើង ឈី មីង ស៊ីន ទទួលយកកម្មករនិយោជិត៥នាក់ចូល​ធ្វើការងារវិញ ដោយសង​រំលឹកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ​គិតចាប់ពីថ្ងៃបញ្ឈប់​រហូតដល់ថ្ងៃចូលធ្វើការងារ​វិញ។

បើតាមលោក រី សិទ្ធីណែត ជាប្រធានសហព័ន្ធសហជីពឯករាជ្យ បានថ្លែងថា ដើម្បីជំរុញ​ឱ្យមានដំណោះស្រាយ ខាងសហជីពឯករាជ្យបានធ្វើលិខិតស្នើទៅក្រសួងការងារ និង​ក្រុមហ៊ុនWalmart ដើម្បីដាក់បន្ទុកឱ្យខាងរោងចក្រស្បែកជើង ឈី មីង ស៊ីន ទទួល​យក​ថ្នាក់ដឹកនាំសហជីពទាំង៥​នាក់ រួមមាន៖ លោកស្រី ដួង សុកណាង ប្រធានសហជីព លោក ឌួង តុលា អនុប្រធានសហជីព លោក រឿន សុភា លេខាធិការសហជីព លោក ចេង សិទ្ធ ហេរញ្ញិកសហជីព និង លោកស្រី ឡុង សុខលីន ស្ថាបនិកសហជីព ឱ្យចូលធ្វើការវិញ។

លោក សិទ្ធីណែត បន្តថា រោងចក្រមានរយៈពេល០២ខែដើម្បីធ្វើការតវ៉ាទៅរដ្ឋមន្ត្រី ក្រសួង​ទទួលបន្ទុកវិស័យការងារ ប៉ុន្តែរហូតដល់សព្វថ្ងៃនេះក្រុមហ៊ុនមិនបានដាក់លិខិត​ឧបាស្រ័យ​ទៅរដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទេ។

លោកថ្លែងយ៉ាងដូច្នេះថា ៖«ខ្ញុំបានធ្វើលិខិតនេះ ដើម្បីស្នើទៅរដ្ឋមន្រ្តីក្រសួងការងារ ជំរុញឱ្យ​រោងចក្រ ឈី មីង ស៊ីន ទទួលយកមេដឹកនាំសហជីពទាំង៥នាក់ឱ្យចូលធ្វើការវិញ»។

ទន្ទឹមនឹងការដាក់លិខិតទៅក្រសួងការងារ លោក សិទ្ធីណែត បញ្ជាក់ថា លោកបានដាក់​លិខិត​​ទៅក្រុមហ៊ុន Walmart ឱ្យចាត់វិធានការ តឹងរឹងដើម្បីធានាថា រោងចក្រ ឈី មីង ស៊ីន ក៏ដូចជា​រោងចក្រទាំងអស់នៅក្នុងប្រទេសកម្ពុជាដែលធ្វើការឱ្យក្រុមហ៊ុន Walmart គោរពតាម​ច្បាប់​នៃ​ប្រទេសកម្ពុជា ជាពិសេសសិទ្ធិសេរីភាពរបស់កម្មករ និយោជិតដែលបានធានា​ដោយ​ច្បាប់។ ប៉ុន្តែក្រុមហ៊ុន Walmart មិនទាន់បានផ្តល់ ចម្លើយអ្វីសោះអំពីវិធានការរបស់ខ្លួន​ដើម្បី​ឱ្យកម្មករ​និយោជិត៥នាក់ខាងលើចូលធ្វើការងារវិញ។

លោកបន្តទៀតថា៖ «សហជីពឯករាជ្យ ការពារផលប្រយោជន៍ដល់កម្មករ ថៅកែរោងចក្រ ឬអ្នកមានលុយ មិនចូលចិត្តឱ្យយើងធ្វើការការពារកម្មករទេ កាលណាអត់មានសហជីពយើង ថៅកែរោងចក្រគាត់អាចកេងប្រវ័ញ្ចទាំងលុយ ទាំងពេលវេលា ធ្វើការគាបសង្កត់ និង​បញ្ឈប់​កម្មករតាមអំពើចិត្ត»។

សកម្មភាពកម្មករកម្មការិនីនៃរោងចក្រផលិតស្បែកជើង ឈី មីង ស៊ីន បំពេញការងារ​តាមផ្នែករៀងៗខ្លួនក្នុងរោងចក្រ។ រូបថតផ្ដល់ឱ្យ

ចំណែកលោក តាំង ហេង អាយុ៣២ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅរោងចក្រស្បែកជើង ឈី មីង ស៊ីន អស់រយៈពេល៩ឆ្នាំមកហើយ បានប្រាប់ឱ្យដឹងថា លោកមានការខកចិត្តជាខ្លាំង នៅ​ពេលដែលក្រុមហ៊ុនលោកបញ្ឈប់សហជីពទាំង៥នាក់ ព្រោះសហជីពតែងតែការពារ​ប្រយោជន៍​ជូនកម្មករនៅពេលដែលមានបញ្ហាណាមួយ។​ លោក ហេង រំពឹងថា ខាងរោងចក្រ​នឹងទទួលយកថ្នាក់ដឹកនាំសហជីពទាំង៥រូប ឱ្យចូលបម្រើការងារវិញឆាប់ៗនេះ ។

បុគ្គលិករូបនេះប្រាប់ថា៖«យើងអត់មានសហជីព យើងវេទនារឿងធ្វើការ ដោយសារគេថាម៉េច យើងតាមគេប៉ុណ្ណឹង។ បើមានសហជីព ពេលមានបញ្ហាអ្វីជាមួយខាងលើ គេដោះស្រាយ​ឱ្យ​យើង​បាន»។

ជុំវិញបញ្ហានេះ លោក ហាន សេងហុង ជំនួយការរដ្ឋបាល នៃរោងចក្រ ឈី មីង ស៊ីន បាន​អះអាងថា ខាងរោងចក្របានរក្សាជំហរ មិនទទួលយកថ្នាក់ដឹកនាំសហជីព​ទាំង៥រូប​នោះ​ឡើយ។ លោកបន្ថែមថា​ បច្ចុប្បន្ន ខាងរោងចក្រក៏មិនមានអីវ៉ាន់ដេរច្រើនដូចមុន ហើយក៏មាន​ការរំសាយបុគ្គលិកមួយចំនួនផងដែរ។

លោកថ្លែងថា៖ «គាត់អត់ព្រមទទួលយកវិញទេ ហើយមួយទៀតខាងគាត់ថា​នឹងសម្រួល​ជាមួយខាងសហជីពផ្ទាល់ តែខ្ញុំអត់ទាន់ដឹងថាសម្រួលហើយឬនៅ»។

ចំណែកលោក ហេង សួរ អ្នកនាំក្រសួងការងារ មិនអាចទាក់ទងដើម្បីអធិប្បាយ​ជុំវិញ​ករណី​នេះនៅឡើយទេ ដោយទាក់ទងទៅតែមិនឆ្លើយតប។

ប្រធានមន្ទីរការងារខេត្តកណ្តាល លោក ថុល នាង មានប្រសាសន៍ថា បញ្ហានេះ គឺបានរុញទៅ​ខាងក្រសួងការងារហើយ ដូច្នេះមិនស្ថិតនៅក្រោមកិច្ចអន្តាគមន៍ពីខាងមន្ទីរការងារ​ខេត្ត​កណ្ដាល​ឡើយ។

លោក ថុល នាង មានប្រសាសន៍យ៉ាងខ្លីថា៖«យើងអត់ទាន់ទទួលបានរឿងហ្នឹងទេ ព្រោះ​ពាក់ព័ន្ធនឹងសហជីព គេប្ដឹងទៅក្រសួងការងារ ក្រសួងជាអ្នកដោះស្រាយ»។

កម្មករ កម្មការិនីនៃរោងចក្រផលិតស្បែកជើង ឈី មីង ស៊ីន កំពុងបម្រើការងារក្នុងរោងចក្រ។ រូបថតផ្ដល់ឱ្យ

ដោយឡែក លោកឃុន ថារ៉ូ មន្រ្តីសម្របសម្រួលគម្រោងការងារ របស់អង្គការសង់ត្រាល់ ចាត់ទុក​ថាករណីនេះ ក្រុមហ៊ុនពិតជាបានរំលោភបំពានសិទ្ធិការងារយ៉ាងធ្ងន់ធ្ងរ​ ព្រោះក្រសួង​ការងារបានចេញសេចក្ដីបង្គាប់ឱ្យក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំសហជីពឱ្យចូលធ្វើការវិញ។

លោកបន្ថែមថា វាជាសេចក្ដីសម្រេចផ្នែករដ្ឋបាលរបស់ក្រសួងការងារ ចំពោះនីតិវិធី ដែលក្រុមហ៊ុនបញ្ឈប់បុគ្គលិក ដោយមិនបានអនុវត្តទៅតាមនីតិវិធីផ្លូវច្បាប់។

លោកថ្លែងថា៖ «ខណៈពេលដែលក្រុមហ៊ុនមិនអនុវត្តទៅតាមអធិការកិច្ច នៅក្នុង​លក្ខខណ្ឌ​ហ្នឹង ទៅតាមផ្លូវច្បាបនោយោជកត្រូវមានទោសទណ្ឌ ការវិន័យជាដើម»។  លោកបន្ត៖ «ខ្ញុំ​គិត​ថា​ក្រុមហ៊ុននេះ គាត់ពិតជារំលោភបំពានធ្ងន់ធ្ងរសិទ្ធិជាមូលដ្ឋានរបស់ថ្នាក់ដឹកនាំសហជីព ដែល​មានការការពារពិសេសពីច្បាប់»។

លោកថារ៉ូ អះអាងថា ចំពោះករណីនេះ ក្រុមហ៊ុនត្រូវតែមានកាតព្វកិច្ចក្នុងការទទួលយក​ថ្នាក់ដឹកនាំសហជីពឱ្យចូលធ្វើការវិញ និងទូទាត់សំណងតាំងពីថ្ងៃបញ្ឈប់ និងថ្ងៃចូលធ្វើការ​វិញ។​

សូមជម្រាបជូនថា កាលខែកុម្ភៈ ឆ្នាំ២០២២ កម្មករនិយោជិតបម្រើការងារនៅរោងចក្រ ឈី មីង ស៊ីន ចំនួន២៧នាក់បានចូលរួមការបោះឆ្នោតបង្កើតនិងជ្រើសរើសថ្នាក់ដឹកនាំ​សហជីព​ឯករាជ្យ ក្នុងគោលបំណងបង្កើតទំនាក់ទំនងវិជ្ជាជីវៈរវាងខាងក្រុមហ៊ុននិងកម្មករនិយោជិត និងដើម្បីលើកកម្ពស់លក្ខខណ្ឌការងារល្អប្រសើរសម្រាប់កម្មករនិយោជិតនៅក្នុងក្រុមហ៊ុននេះ។ ប៉ុន្តែរំលងមិនដល់១ខែផង ​ អ្នកគ្រប់គ្រងរោងចក្រ បានប្រកាសថានឹងបញ្ឈប់ កម្មករ​និយោជិត​ចំនួន៥នាក់ពីការងារទៅវិញ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាម សហព័ន្ធសហជីពឯករាជ្យ ចាត់ទុកថា ករណីនេះសបញ្ជាក់ឱ្យឃើញថា រោងចក្រ ឈី មីង ស៊ីន គឺជាក្រុមហ៊ុនបរទេសមួយ ដែលមិនគោរពច្បាប់កម្ពុជា ក៏ដូចជាមិនគោរព​សិទ្ធិ​សេរីភាពរបស់កម្មករនិយោជិត ដូចបានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីសហជីព៕

299 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម