សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តំណាងសម្ព័ន្ធសហជីពឯករាជ្យនៅកម្ពុជាស្នើក្រុមហ៊ុន Adidas គិតគូរប្រយោជន៍កម្មករពេលដែលបាត់បង់ការងារ

តំណាងសហជីពកំពុងឈរសម្ដែងមតិមុខក្រុមហ៊ុន Adidas ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ រាជធានីភ្នំពេញ ដើម្បីជំរុញឱ្យក្រុមហ៊ុនធំនៅក្រៅប្រទេស ដោះស្រាយនូវទុក្ខលំបាករបស់កម្មករ។ រូបភាពពីហ្វេសប៊ុក លោក ប៉ាវ ស៊ីណា
តំណាងសហជីពកំពុងឈរសម្ដែងមតិមុខក្រុមហ៊ុន Adidas ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ រាជធានីភ្នំពេញ ដើម្បីជំរុញឱ្យក្រុមហ៊ុនធំនៅក្រៅប្រទេស ដោះស្រាយនូវទុក្ខលំបាករបស់កម្មករ។ រូបភាពពីហ្វេសប៊ុក លោក ប៉ាវ ស៊ីណា

ក្រុមតំណាងសម្ព័ន្ធសហជីពឯករាជ្យនៅកម្ពុជាប្រមាណ៣០នាក់ បានធ្វើការតវ៉ា​នៅមុខ​ក្រុមហ៊ុន Adidas កណ្ដាលទីក្រុងភ្នំពេញ ដើម្បីជំរុញឱ្យក្រុមហ៊ុនធំនៅក្រៅប្រទេស​ទទួល​ខុសត្រូវលើការបាត់បង់ប្រយោជន៍កម្មករកំឡុងពេលកូវីដ១៩ និងរៀបចំមូលនិធិ​គាំទ្រ​កម្មករ​ពេលក្រុមហ៊ុនបិទទ្វារ ឬមានវិបត្តិសកលនានាកើតឡើង។

សមាជិកសហជីពប្រមាណ៣០នាក់ រួមជាមួយការកាន់ស្លាកបដា និងការស្រែកបន្ទរ​ឧគ្ឃោសនសព្ទ នៅមុខក្រុមហ៊ុន Adidas នៅកណ្ដាលទីក្រុងភ្នំពេញ នាព្រឹកថ្ងៃទី១១​ ខែឧសភា លើកឡើងពីបញ្ហា កង្វល់ ដែលកម្មករក្នុងវិស័យកាត់ដេរប្រឈម និងបាត់បង់​អត្ថប្រយោជន៍កំឡុងពេលវិបតិ្តកូវីដ១៩។

អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ប្រាប់ឱ្យដឹងថា ការដែលក្រុមតំណាង​សហជីពឈរតវ៉ានៅខាងមុខក្រុមហ៊ុន Adidas ក៏ដោយសារតែ សម្ព័ន្ធសហជីពបានឃើញពី​បញ្ហារបស់កម្មករជារឿយៗ ដូចជាបាត់បង់អត្ថប្រយោជន៍កំឡុងពេលកូវីដ១៩ តែមិនត្រូវ​បាន​ក្រុមហ៊ុន Adidas​ ទទួលខុសត្រូវឡើយ ខណៈក្រុមប្រេនដ៏ធំនេះនៅតែចំណេញប្រាក់​រាប់សិប​លានដុល្លារ។

អ្នកស្រី សោភ័ណ្ឌ បញ្ជាក់ថា៖ «យើងចង់ឱ្យក្រុមហ៊ុនAdidas ហ្នឹង​ មានភាពទទួលខុសត្រូវ​ចំពោះ​កម្មករនិយោជិកដែលកំពុងដេរផលិតផលឱ្យក្រុមហ៊ុនAdidas។ ទីមួយត្រូវបង់លុយឱ្យ​កម្មកនិយោជិកក្នុងកំឡុងពេលដែលក្រុមហ៊ុនបិទ រត់ចោលនិយោជិក បន្ទាប់មកព្យួរការងារ​អត់ទូទាត់សំណងឱ្យកម្មករឱ្យបានត្រឹមត្រូវ»។

អ្នកស្រី សោភ័ណ្ឌ បន្តទៀតថា ដើម្បីធានាបាននូវការទទួលខុសត្រូវចំពោះការបាត់បង់​អត្ថ​ប្រយោជន៍កម្មករ ក្រុមហ៊ុន Adidas ត្រូវតម្កល់ប្រាក់ចំនួន ០.០១% នៃតម្លៃទំនិញ​ដែល​ក្រុម​នេះ​ទិញពីរោងចក្រ ដើម្បីធានាថាពេលរោងចក្របិទទ្វារ នោះកម្មករអាចបាន​សំណងសមរម្យ​តាមច្បាប់។

តាមរយៈប្រធានសម្ព័ន្ធសហជីពរូបនេះ នៅតែយល់ឃើញថា​បញ្ហាប្រឈម និងកង្វល់​របស់​កម្មករ​ទាំងពេលមុន និងពេលនេះ នៅមិនទាន់ទទួលបានការយកចិត្តទុកដាក់​ដិតដល់ពី​ក្រសួងការងារ និងអ្នកក្រុមហ៊ុនបញ្ជាទិញនៅឡើយ ហើយការរំលោភបំពានសិទ្ធិការងារ​នៅតែកើតមានឡើងដោយមិនមានភាពថមថយ។

អ្នកស្រី សោភ័ណ្ឌ បន្ថែមថា៖ «យើងមើលឃើញថា កម្មករនិយោជិតអត់ត្រូវ​បានយកចិត្ត​ទុកដាក់​ដោះស្រាយបញ្ហានៅពេលដែលរោងចក្ររបស់គាត់មានបញ្ហា វាអត់មាន​ដំណោះ​ស្រាយ។ ពេលដែលយើងប្រើប្រាស់សិទ្ធិនៅក្នុងការចងក្រង[សហជីព] ក្រុមហ៊ុនមួយចំនួន គឺបានបញ្ឈប់ ត្រួវបានបណ្ដេញចេញ យកលេសព្យួរការងារ»

លោក ឡឹក សុភ័ក្រ ជាកម្មករផ្នែកកាត់ស្ព័រអាវ ធ្វើការអស់រយៈពេល១០ឆ្នាំ នៅរោងចក្រមួយ​កន្លែងក្នុងស្រុកអង្គស្នួល បានឱ្យដឹងថា រូបលោកផ្ដល់ក្ដីរំពឹងទៅលើក្រុមហ៊ុន Adidas ក្នុងការ​ដោះ​ស្រាយ​បញ្ហាដែលកម្មករកំពុងជួបប្រទះ ព្រោះក្រុមហ៊ុននេះ​ជាក្រុមហ៊ុនល្បីឈ្មោះមួយ​លំដាប់ពិភពលោក។

លោក សុភ័ក្រ និយាយថា៖ «ខ្ញុំរំពឹងថាអ្នកបញ្ជាទិញធំ នឹងយកចិត្តទុកដាក់ព្រោះ​ជា​ប្រេន​លេខ​មួយ​ទូទាំងពិភពលោក ចឹងខ្ញុំចង់ឱ្យគាត់យកចិត្តទុកដាក់ជាមួយកម្មករ និង​អត្ថ​ប្រយោជន៍​ទាំងអស់ ដែលគ្នាខំប្រឹងធ្វើការសម្រាប់ឱ្យផលិតផលចេញរាប់លាន»

ក្រៅពីបញ្ហាដែលសហជីព និងកម្មករកំពុងលើកសំណើទៅក្រុមហ៊ុនបញ្ជាទិញ លោក សុភ័ក្រ ក៏បាន លើកឡើងពីបញ្ហាប្រឈមនានា នៅរោងចក្រដែលលោកកំពុងបម្រើការងារផងដែរ ដូច​ជាការបញ្ឈប់កម្មករដោយគ្មានកំហុស និងបរិយាកាសក្រុមហ៊ុន​មិនមានអំណោយ​ផល​ក្នុង​ការបម្រើការងារ។

លោក សុភ័ក្រ លើកឡើងថា៖ «ពាក់ព័ន្ធនឹងកម្ដៅថ្ងៃ និងដំបូលលេចទឹក ហើយនៅមួយទៀត​ពាក់ព័ន្ធនឹងការបញ្ឈប់កម្មករ៦នាក់ ដោយមិនស្វះស្វែងរកអត្ថប្រយោជន៍ឱ្យកម្មករ»។

តំណាងសហជីពកំពុងកាន់ស្លាកបដា សម្ដែងមតិដោយលើកឡើងពីសំណូមពរនានា ដើម្បី​ឱ្យក្រុមហ៊ុន Adidas ទទួលខុសត្រូវចំពោះប្រយោជន៍កម្មករ។ រូបភាព​ពី​ហ្វេសប៊ុក លោក ប៉ាវ ស៊ីណា

ជុំវិញបញ្ហានេះ លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ មិនអាចសុំការឆ្លើយតបចំពោះ​បញ្ហាខាងលើឡើយនៅរសៀលថ្ងៃទី១១​ ខែឧសភា។

អ្នកស្រី យ៉ាង សោភ័ណ្ឌ អះអាងថា ខាងសហជីពនៅតែបន្តធ្វើការទាមទារសិទ្ធិការងារ និង​លក្ខខណ្ឌការងារជូនកម្មករ ដែលកំពុងរងទុក្ខបុកម្នេញពីសំណាក់ថៅកែ តាមរយៈ​ការតស៊ូមតិ ការ​ដាក់ញត្តិទៅក្រុមហ៊ុនបញ្ជាទិញជាដើម។

សូមជម្រាបជូនថា នៅ​ក្នុង​ឆ្នាំ​២០២២ មាន​រោង​ចក្រសរុប​​ចំនួន​៤៩០ បាន​បិទ​ទ្វារ ឬ​ផ្អាក​ដំណើរ​ការ ដែល​បាន​ប៉ះពាល់​ដល់​កម្មករ​​ជា​ង ៤០ ០០០​នាក់។ នេះ​បើ​តាម​​តួ​លេខរបស់​សហភាពការងារ​កម្ពុជា​។​ ចំណែកលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបាន​ឱ្យ​ដឹង​កាលពីកន្លង​ទៅថា គិតត្រឹមដំណាច់ខែកុម្ភៈ ក្នុងឆ្នាំ២០២៣ មានរោងចក្រចំនួន៧១កន្លែង​ប៉ុណ្ណោះ​​បានផ្អាក​ដំណើរ​ការ ដែលប៉ះពាល់ដល់កម្មករចំនួន​ ៣២ ០២៣នាក់៕

266 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម