កញ្ញា ចេន សុជាតា ដែលមានអាយុ ១៩ឆ្នាំ មកពីក្រុងបានលុង ខេត្តរតនគិរី បាននិយាយថា ការផលិតភាពយន្តបានក្លាយទៅជាមធ្យោយបាយដ៏សំខាន់មួយសម្រាប់កញ្ញា ដើម្បីប្រារព្ធ និងអភិរក្សវប្បធម៌ជនជាតិដើមទំពួនរបស់កញ្ញា។ ចាប់តាំងពីបានចូលរៀននៅកម្មវិធី ផលិតភាពយន្ត ដែលត្រូវបានរៀបចំដោយ មជ្ឈមណ្ឌលបុប្ផាណាកាលពីឆ្នាំមុន កញ្ញាបានផលិតវីដេអូឯកសារខ្លីមួយដែលរួមបញ្ចូលគំនិតជាច្រើននៅក្នុងការផលិត។
សុជាតា បានផ្ដល់បទសម្ភាសនាពេលថ្មីៗនេះ ដោយពន្យល់ពីមូលហេតុដែលធ្វើឲ្យកញ្ញាផលិតវីដេអូដំបូងរបស់កញ្ញា ដែលរៀបរាប់អំពីទ្រឃ្លោក៖ «ខ្ញុំមើលឃើញកត្តាជាច្រើន ដែលអាចបណ្ដាលឱ្យវប្បធម៌ជនជាតិដើមភាគតិចរបស់ខ្ញុំ អាចនឹងទទួលបានការបាត់បង់នៅក្នុងថ្ងៃខាងមុខ»។
កញ្ញាបានបន្តថា៖ «យុវជនសម័យបច្ចុប្បន្ន ពួកគាត់អត់ស្គាល់ទ្រឃ្លោក អត់ស្គាល់វប្បធម៌របស់ខ្លួនទេ។ នៅក្នុងពិធីបញ្ជាន់អារក្ស ប្រសិនបើអត់មានភ្លេង អត់មានឧបករណ៍ទ្រឃ្លោកហ្នឹងទេ គឺអារក្សអត់ចូលទេ ហើយអាចធ្វើឱ្យមនុស្សឈឺកាន់តែខ្លាំង»។
សុជាតា គឺជាសិស្សជនជាតិដើមភាគតិចម្នាក់ក្នុងចំណោមសិស្ស ៣០នាក់ ដែលជាជនជាតិដើមទំពួន ចារាយ គ្រឹង ព្រៅ និងកាចក់ ដែលកំពុងតែចូលរួមកម្មវិធីរយៈពេល០១ឆ្នាំ ក្នុងគោលបំណងបង្កើតបណ្ណាសារសោតទស្សន៍ ជនជាតិដើមភាគតិច។ ឥឡូវនេះ នៅក្នុងជំនាន់ទី៥របស់ខ្លួនក្រុមសិស្សបូប្ផាណា ចុងក្រោយបានបង្អស់ចូលរៀនថ្នាក់នៅក្នុងខេត្តរតនគិរី ០៤ថ្ងៃក្នុងមួយសប្ដាហ៍ ហើយត្រូវបានបង្រៀនគ្រប់ជំហានទាំងអស់នៃការផលិតភាពយន្តឯកសារ ដែលរួមមានគំនិត ការសម្ភាសប្រភព ការថត ការសរសេរស្រ្គីប (script) និងការកាត់ត។
សម្រាប់ សុជាតា កម្មវិធីនេះបានផ្តល់ឱ្យកញ្ញានូវឧបករណ៍ពិសេសមួយសម្រាប់ចាប់យកបញ្ហាសំខាន់ៗនៅក្នុងសហគមន៍របស់កញ្ញា ដែលជារឿយៗត្រូវបានមើលរំលងដោយអ្នកខាងក្រៅ។
សុជាតា បាននិយាយថា៖ «ខ្ញុំចង់ថតទាក់ទងនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា និងបញ្ហាដីធ្លីនៅក្នុងសហគមន៍របស់នាងខ្ញុំផ្ទាល់ដែរ»។ សុជាតាបានបន្ថែមថា កញ្ញាសង្ឃឹមថា ភាពយន្តរបស់កញ្ញាអាចទាក់ទាញចំណាប់អារម្មណ៍ ពីការតស៊ូរបស់សហគមន៍ជនជាតិដើមភាគតិចដូចជាកញ្ញា ប៉ុន្តែក៏ចង់នាំឱ្យមានការយល់ដឹង ពីសហគមន៍របស់កញ្ញាផងដែរ។
គម្រោងបន្ទាប់របស់កញ្ញា គឺភាពយន្តមួយដែលមានគោលបំណង ក្នុងការលើកទឹកចិត្តយុវវ័យឱ្យនៅរៀន ជាជាងបោះបង់ការសិក្សា ហើយរៀបការទាំងវ័យក្មេង ដែលនេះជាការអនុវត្តមួយដែលនៅតែបន្តមានក្នុងភូមិរបស់កញ្ញា។
សុជាតា បានបន្តថា៖ «ការបោះបង់ការសិក្សា និងការរៀបការទាំងវ័យក្មេងនៅក្នុងសហគមន៍ ក៏ដូចជានៅក្នុងសង្គម គឺជាប្រធានបទដែលក្ដៅគគុកមែនទែន។ ក្មេងៗសម័យបច្ចុប្បន្ននេះ ភាគច្រើនពួកគាត់បោះបង់ការសិក្សា ហើយគាត់ទៅយកគ្រួសារទាំងវ័យក្មេង ដែលបង្កជាផលលំបាកជាច្រើន»។

លោក ជា សុភាព នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បានប្រាប់ ខេមបូចា ថា កម្មវិធីរបស់បុប្ផាណា មានគោលបំណងបណ្តុះបណ្តាលផលិតករភាពយន្តជនជាតិដើមភាគតិច ដែលពួកគេអាចត្រឡប់ទៅផ្ទះវិញនឹងថតភាពយន្តឯកសារអំពីបញ្ហាសំខាន់ៗដែលសហគមន៍របស់ពួកគេ ដែលកំពុងតែប្រឈមនឹងបញ្ហា ដែលជារឿយៗត្រូវបានមើលរំលងដោយមន្ត្រីមូលដ្ឋាន និងថ្នាក់ខេត្ត។
លោកបានបន្ថែមថា មជ្ឈមណ្ឌលតែងតែបញ្ចាំងភាពយន្តរបស់សិស្ស និងអញ្ជើញមន្ត្រីពាក់ព័ន្ធ (ចូលរួមទស្សនា) ដោយសង្ឃឹមថា ពួកគេអាចចាប់ផ្ដើមពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយសម្រាប់សហគមន៍ជនជាតិដើមភាគតិច ដែលកំពុងតែជួបប្រទះនូវ បញ្ហាផ្សេង។
លោក សុភាព មានប្រសាសន៍ថា៖ «គោលនយោបាយខ្លះធ្វើរួចហើយ គ្រាន់តែការអនុវត្តមិនទាន់បានស៊ីជម្រៅ អ៊ីចឹងការផលិតនេះ ជាកត្តាជួយជំរុញបន្ថែមទេ ថាមានរឿងកំពុងតែកើតឡើង»។
លោកបានបញ្ជាក់ថា៖ «ខាងក្រុមពួកខ្ញុំយល់ឃើញថា វាមានអត្ថន័យជ្រាលជ្រៅណាស់ ដែលយើងផ្ដល់ចំណេះជំនាញដល់ពួកគាត់ ហើយតម្រង់ទិសពួកគាត់ឱ្យទៅធ្វើការងារ សម្រាប់សហគមន៍ ដែលគាត់នឹងក្លាយទៅជាម្ចាស់នៃការងារហ្នឹង»។
លោក សុភាព បានបន្ថែមថា ប៉ុន្តែការខិតខំផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលបានជួបបញ្ហាប្រឈម។ ការធ្វើកម្មវិធីកន្លងមក នៅក្នុងទីក្រុងភ្នំពេញ ដែលធ្វើឱ្យមានការលំបាកក្នុងការស្វែងរកស្ត្រីជនជាតិដើមភាគតិចគ្រប់គ្រាន់ដែលមានឆន្ទៈធ្វើដំណើរឆ្ងាយមករៀនភ្នំពេញ។ បន្ទាប់ពីត្រូវជ្រើសរើសសិស្សខ្មែរ ក៏ដូចជាបុរស សម្រាប់កម្មវិធីនោះ លោក សុភាព បាននិយាយថា ពួកគេបានសម្រេចចិត្តផ្លាស់ទីគម្រោងក្រោយៗ ទៅខេត្តរតនគិរី ឬខេត្តផ្សេងទៀតដែលមានយុវជនជនជាតិដើមភាគតិចរស់នៅ។
ភាពលំបាកដែលសិស្សមិនមែនជាជនជាតិដើមភាគតិចបានជួបប្រទះបញ្ហារសើបក្នុងការចងក្រងឯកសារបង្ហាញពីអត្ថប្រយោជន៍នៃការបណ្តុះបណ្តាលអ្នកទាំងនោះដោយផ្ទាល់ពីសហគមន៍។
កញ្ញា ភោគ រ៉ានី ដែលមានអាយុ ៣០ឆ្នាំ ជាសិស្សខ្មែរមកពីក្រុងបានលុង ខេត្តរនតគិរី បានសិក្សាការផលិតភាពយន្តនៅមជ្ឈមណ្ឌលបុប្ផាណាដែរ តាមរយៈកម្មវិធីមួយផ្សេងទៀត។
ភាពយន្តទី៣ របស់កញ្ញា គឺជាភាពយន្តឯកសារអំពីគ្រួសារជនជាតិដើមភាគតិចមួយ ដែលឪពុកម្ដាយរៀបការនៅអាយុ ១៦ឆ្នាំ។
កញ្ញា រ៉ានី បាននិយាយថា៖ «យើងមានការលំបាកខ្លះដែរ។ ដូចជាបងប្អូនជនជាតិដើមភាគតិចខ្លះ គាត់ថាខ្មាស់គេ គាត់មិនចង់បង្ហាញពីរឿងគ្រួសាររបស់ពួកគាត់ទៅអ្នកផ្សេង តែបងប្អូនខ្លះក៏គាត់បានសហការ បន្ទាប់ពីខ្ញុំបានពន្យល់ (អំពីគោលបំណងនៃការផលិត)»។ កញ្ញា បានបន្ថែមថា ភាពយន្ត គឺមានគោលបំណងរារាំងអ្នករៀបការនៅវ័យក្មេង។
កញ្ញា រ៉ានី បានបន្ថែមថា៖ «យើងចង់ឱ្យកូនចៅរបស់ពួកគាត់ កុំធ្វើតាមគាត់ ពីព្រោះការរៀបការវ័យក្មេងនេះហើយ បានបង្កជាបញ្ហាប្រឈម និងគ្រោះថ្នាក់ជាច្រើនក្នុងជីវិតរស់នៅរបស់គាត់»។

បើតាមលោកស្រី ជឿន ស្រីមុំ ប្រធានសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា បានលើកឡើង ជនជាតិដើមភាគតិចប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរមួយចំនួនទាក់ទងនឹងការបាត់បង់ដីធ្លី ការលុបបំបាត់អត្តសញ្ញាណវប្បធម៌ និងការរើសអើង។ ទន្ទឹមនឹងនេះដែរ ស្ត្រីជួបប្រទះនឹងបញ្ហាប្រឈមពិសេសមួយចំនួន រួមមានការរំលោភបំពាន ការរើសអើងយេនឌ័រ និងអត្រាទាបនៃការអប់រំ និងការចូលរួមក្នុងកិច្ចការគ្រួសារ និងសហគមន៍។
លោកស្រី ស្រីមុំ បាននិយាយថា ការបណ្ដុះបណ្ដាលភាពយន្ត និងគម្រោងជាបន្តបន្ទាប់ គឺជាមធ្យោបាយដ៏ល្អមួយក្នុងការដោះស្រាយបញ្ហាប្រឈមមួយចំនួននេះ។
លោកស្រី មានប្រសាសន៍ថា៖ «វាត្រូវជាមួយនឹងបរិបទបច្ចុប្បន្ននេះ ដែលភាគច្រើនប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការទទួលបានព័ត៌មានផ្សេងៗនៅក្នុងសង្គម។ ហើយ វាជាផ្នែកមួយផ្សព្វផ្សាយអំពីស្ថានភាពជនជាដើម ដើម្បីកាត់បន្ថយការរើសអើងមកជនជាតិដើមផងដែរ» ។
លោកស្រី យ៉ុន ម៉ាណេ នាយកប្រតិបត្តិ អង្គការជនជាតិដើមភាគតិចកម្ពុជា បានមានប្រសាសន៍ថា ភាពយន្តបានទាំងជួយបង្ហាញអំពីអ្វីដែលស្ត្រីអាចធ្វើបាន និងជួយបង្ហាញពីបញ្ហាប្រឈមធ្ងន់ធ្ងរមួយចំនួនដែលសហគមន៍ជនជាតិដើម កំពុងតែជួបប្រទះ។
លោកស្រីបានបញ្ជាក់ថា៖ «ជនជាតិដើមភាគតិច ត្រូវការឱ្យមានការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយពាក់ព័ន្ធនឹងស្ថានភាពការរស់នៅ ប្រពៃណី ទំនៀមទម្លាប់ ដើម្បីឱ្យសង្គមយើងកាន់តែស្វែងយល់ច្បាស់អំពីជនជាតិដើមភាគតិច ពីព្រោះកុំឱ្យមានការយល់ច្រឡំ ឬក៏មិនបានយល់ដឹងអំពីវប្បធម៌ អត្តសញ្ញាណរបស់ជនជាតិដើមភាគតិច ដែលជាកេរមរតកវប្បធម៌ខ្មែរយើង» ។
បើតាម លោក វីរៈ រិទ្ធី ប្រធានកម្មវិធីនៃ សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា បាននិយាយថា បណ្ដាញសង្គម កម្មវិធីផ្ញើសារ និងអ៊ីម៉ែលគឺជាឧបករណ៍សំខាន់ ដើម្បីផ្សព្វផ្សាយការយល់ដឹង ប៉ុន្តែនេះសម្រាប់តែអ្នកប្រើប្រាស់ដែលយល់ដឹង ពីរបៀបប្រើវាប៉ុណ្ណោះ។
លោក រិទ្ធី បានបញ្ជាក់ផងដែរថា លោកបាននិងកំពុងតែរៀបចំវគ្គបណ្ដុះបណ្ដាល ទាំងថ្នាក់អនឡាញ និងថ្នាក់រៀនផ្ទាល់ដល់យុវជនជនជាតិដើម ដោយបង្ហាញអំពីរបៀបនៃការប្រើកម្មវិធី ដូចជាកម្មវិធី តេឡេក្រាម ការដោះស្រាយបញ្ហាបច្ចេកវិទ្យា និងការទុកដាក់ព័ត៌មាន។
លោក រិទ្ធី បានបន្ថែមថា៖ «នៅក្នុងសហគមន៍ជនជាតិដើមភាគតិច យើងមានបញ្ហាជាច្រើន ដូចជាបញ្ហាគ្រឿងញៀន កង្វះខាតការអប់រំ ជីវភាព និងការរំលោភសេពសន្ថវៈ»។ ដោយលោកបន្ថែមថា៖ «ដូច្នេះ ពួកគាត់អាចប្រើប្រាស់សិទ្ធិពលរដ្ឋរបស់គាត់ក្នុងការចែករំលែកនិងផ្សព្វផ្សាយពីការយល់ដឹង ហានិភ័យ…..ដើម្បីឱ្យយុវជនយុវតី គាត់យល់ដឹងអំពីបញ្ហាទាំងអស់ហ្នឹង និងចូលរួមទប់ស្កាត់ និងការពារទាំងអស់គ្នា»។
កញ្ញា សុជាតា ដែលជាផលិតករភាពយន្ត បាននិយាយថា កញ្ញាមានបំណងបន្តថតភាពយន្ត ឯកសារ បើទោះបីជាគម្រោងដែលកញ្ញាកំពុងសិក្សានឹងបញ្ចប់នៅខែមិថុនាក៏ដោយ ហើយកញ្ញានឹងមិនមានការខ្មាស់អៀនក្នុងការថតពីបញ្ហារសើបដូចជាជម្លោះដីធ្លីជាដើម។
កញ្ញាបានបញ្ជាក់ថា៖ «ខ្ញុំនៅតែមានឆន្ទៈចង់ថត។ ខ្ញុំអាចជជែកជាមួយបុគ្គលពាក់ព័ន្ធ និងអាជ្ញាធរអំពីបញ្ហាហ្នឹង ហើយស្នើសុំថតជាកុនឯកសារដើម្បីឆ្លុះបញ្ចាំងពីផលវិបាកដែលកើតឡើងពីបញ្ហាដីធ្លី» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Indigenous filmmakers work to document communities in crisis