ក្មេងស្រីជនជាតិភាគតិចចំនួន៤សហគមន៍ បានរៀបរាប់ពីទុក្ខកង្វល់និងបញ្ហាប្រឈមក្នុងការរស់នៅប្រចាំថ្ងៃ ដែលបណ្ដាលមកពីផ្នត់គំនិតសង្គម និងកង្វះសេវាសាធារណៈ ព្រមទាំងកត្តាជីវភាព។
អង្គការនារីដើម្បីសន្តិភាពបានប្រារព្ធវេទិកាសាធារណៈលើប្រធានបទ «សំឡេងក្មេងស្រីជនជាតិដើមភាគតិច» នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ ដើម្បីបង្កើនការយល់ដឹងពីបញ្ហាប្រឈម ការតស៊ូជម្នះ ក្ដីសង្ឃឹម និងក្ដីស្រម៉ៃរបស់ក្មេងស្រីជនជាតិដើមភាគតិច។ ការចែករំលែករបបគំហើញនៃការសិក្សាស្រាវជ្រាវជាមួយក្មេងស្រីចំនួន៣៤៣នាក់មកពីសហគមន៍ជនជាតិភាគតិចក្នុងប្រទេសកម្ពុជា ដូចជា ជនជាតិដើមភាគតិចពូនង វៀតណាម ចាមមូស្លីម និងខ្មែរក្រោម។
កញ្ញា ចរិយា តំណាងពីសហគមន៍ជនជាតិភាគតិចវៀតណាមមួយមកពីខេត្តកំពង់ឆ្នាំងនិងកណ្តាល បានរៀបរាប់ថា ក្មេងស្រីជនជាតិវៀតណាមភាគច្រើនពុំសូវបានចូលសាលារៀន ដោយសារតែពុំមានឯកសារគ្រប់គ្រាន់។
យុវតី ចរិយា និយាយថា៖ «ក្មេងស្រីត្រូវជួយរៀបចំផ្ទះ។ អត់បានចូលរៀន ដោយសារអត់ឯកសារ។ អ្នកទៅរៀនត្រូវគេមើលងាយពីមិត្តភក្តិនិងគ្រូ។ ពួកគាត់អត់ហ៊ានចេញអត្តសញ្ញាណដោយសារត្រូវគេរើសអើង»។
យុវតីរូបនេះបន្តថា ចំពោះក្មេងស្រីដែលរស់នៅលើផ្ទះបណ្ដែតទឹក ត្រូវប្រឈមនឹងកង្វះទឹកស្អាត និងបរិស្ថានរស់នៅមិនល្អ ដោយសារតែមានការផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀត។
យុវតីរូបនេះ បានអះអាងថា ឱកាសសម្រាប់ក្មេងប្រុសនិងក្មេងស្រី ពុំមានភាពស្មើគ្នា ដោយសារឪពុកម្ដាយ អាចឱ្យក្មេងប្រុសចេញទៅធ្វើការខាងក្រៅ ខណៈក្មេងស្រីត្រូវនៅចាំផ្ទះព្រោះពុំមានសុវត្ថិភាពក្នុងការចេញក្រៅ។ ប្រភពដដែល ឱ្យដឹងទៀតថា ឪពុកម្ដាយជនជាតិវៀតណាម ពិតជាចង់បានឯកសារផ្លូវច្បាប់សម្រាប់កូនៗរបស់ពួកគេដើម្បីអាចរស់នៅបានទៅថ្ងៃអនាគត។
កញ្ញា ទាវ តំណាងសហគមន៍ជនជាតិដើមភាគតិចពូនងមួយមកពីខេត្តមណ្ឌលគិរី បាននិយាយថា ក្មេងស្រីជនជាតិដើមភាគតិចពូនង ពុំសូវមានឱកាសសិក្សាភាសាដើមកំណើតខ្លួនឡើយ ខណៈមួយចំនួនចេះនិយាយប៉ុន្តែមិនចេះសរសេរអក្សរ។ យុវតីរូបនេះបន្តថា កត្តាដែលក្មេងស្រីទាំងនោះប្រឈមគឺខ្វះខាតថវិកា និងសាលារៀននៅឆ្ងាយជាដើម។
យុវតី ទាវ និយាយថា៖«ប្រឈមខ្លាំងការរៀនសូត្រ ឪពុកម្ដាយបង្ខំឱ្យរៀបការ មិនឱ្យទៅរៀនឆ្ងាយត្រូវជួយការងារផ្ទះនិងស្រែចំការ»។
កញ្ញា ទាវ បន្តថា ក្មេងស្រីជនជាតិដើមភាគតិចទាំងនោះ មានការខ្មាស់អៀនច្រើនចំពោះការនិយាយអំពីកត្តាសុខភាពផ្លូវភេទ និងមិនហ៊ានប្រាប់គេថាខ្លួនជាជនជាតិដើមភាគតិច ដោយខ្លាចការរើសអើង។
កញ្ញា រីយ៉ា តំណាងសហគមន៍ខ្មែរឥស្លាមមួយមកពីខេត្តកំពង់ឆ្នាំង បាននិយាយថា ក្មេងស្រីខ្មែរឥស្លាមប្រឈមនឹងការស្លៀកពាក់បែបសាសនា និងភាសា ហើយនៅពេលពួកគេបោះបង់ការសិក្សា ត្រូវធ្វើការរោងចក្រ និងចំណាកស្រុក ឬត្រូវបង្ខំឱ្យរៀបការនៅពេលពេញវ័យ។
កញ្ញា យ៉ា និយាយថា៖ «គ្នានសិទ្ធិដូចក្មេងប្រុស ដោយសារផ្នត់គំនិតសហគមន៍។ មានឱកាសតិចតួចពេលចង់បន្តសកលវិទ្យាល័យតែងជួបបញ្ហា»។
កញ្ញា សីកា តំណាងសហគមន៍ខ្មែរក្រោមមួយមកពីខេត្តសៀមរាបនិងក្រចេះ បាននិយាយថា ក្មេងស្រីខ្មែរកម្ពុជាក្រោមពុំសូវបានការលើកទឹកចិត្តឱ្យរៀនសូត្រ និងតម្រូវឱ្យធ្វើការងារផ្ទះ ខណៈឪពុកម្ដាយខ្លាចកូនភ្លើតភ្លើនទើបមិនជំរុញឱ្យធ្វើការងារសង្គម។
យុវតី សីកា និយាយថា៖ «មានការរើសអើងក្មេងស្រីកម្ពុជាក្រោមនិយាយអត់សូវច្បាស់ គេមិនដឹងថាជាជនជាតិអ្វី»។
«ជីវិតនេះរស់បានយូរប៉ុណ្ណា ម្ដេចមិនតវ៉ារកក្ដីសុខខ្លួនឯង ដឹងទេអនាគតនៅវែង មេ្ដចមិនចំបែងរកសេរី» នេះគឺជាឃ្លាមួយក្នុងបទចម្រៀងដែលច្រៀងដោយយុវតីម្នាក់លើវេទិកាមួយនេះ។
នាងបានរៀបរាប់ថា៖«កាលពីជាង១០ឆ្នាំមុន ខ្ញុំរស់នៅដាច់ឆ្ងាយពីក្រុងសៀមរាប។ ដូច្នេះបរិយាកាសនៅទីនោះទម្លាប់ធ្វើអ្វីគឺធ្វើចឹង។ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំចង់ត្រូវការអ្វីបន្ថែមទៀត ហើយខ្ញុំបានចាកចេញពីស្រុកកំណើត ហើយខ្ញុំបានរកឃើញអ្វីដែលខ្ញុំចូលចិត្ត»។ នាងបន្តទៀតថា៖ «ពេលខ្លះឱកាសមិនមែនរត់មករកយើងទេ ក្នុងនាមយើងជាមនុស្សមានក្ដីស្រមៃយើងត្រូវចេញក្រៅដើម្បីចាប់យកវា។ យើងអាចចែករំលែកបាននូវអ្វីដែលយើងដឹងទៅកាន់អ្នកដែលគេពុំមានឱកាស»។
ក្នុងវេទិកាសាធារណៈនេះក៏មានកិច្ចពិភាក្សាមួយដើម្បីឆ្លើយតបចំពោះតម្រូវការក្មេងស្រីជនជាតិភាគតិចទាំងនោះ ដោយវាគ្មិនចូលរួមមានតំណាងក្រសួងកិច្ចការនារី និងអង្គការមូលនិធិកុមារនៃអង្គការសហប្រជាជាតិ(UNICEF) និងនាយិកានៃអង្គការនារីដើម្បីសន្តិភាពផងដែរ។
លោក ថេ ឈុនហាក់ នាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រនិងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារី បានលើកឡើងក្នុងវេទិការនេះថា ក្រសួងបានកំណត់យកគោលការណ៍អភិវឌ្ឍន៍ដែលមិនទុកចោលនរណាម្នាក់ឡើយ។
លោក ឈុនហាក់ មានប្រសាសន៍ថា៖«ខ្ញុំមកអង្គុយនៅទីនេះចង់ដឹងថា តើក្រុមគោលដៅថ្មីៗ(ក្រុមមនុស្សគេមើលរំលង)មានអ្វីដែលយើងត្រូវស្រាវជ្រាវហ្នឹង»។ សម្រាប់សហគមន៍វៀតណាមខ្ញុំកំពុងគិតពីការកុំបោះបង់នរណាម្នាក់ឱ្យនៅឯកកោ»។
អ្នកស្រី គ្រី ស៊ុយហៀង នាយិកាប្រតិបត្តិនៃអង្គការនារីដើម្បីសន្តិភាព បានថ្លែងថា បើទោះបីជារដ្ឋាភិបាលមានគោលនយោបាយនិងសកម្មភាពដើម្បីផ្ដល់ឱកាសឱ្យជនជាតិដើមភាគតិចក៏ដោយ ប៉ុន្តែរដ្ឋត្រូវធានាថាពួកគេទាំងនោះមានមធ្យោបាយក្នុងការចាប់យកឱកាសផងដែរ។
អ្នកស្រី ស៊ុយហៀង និយាយថា៖ «ខ្ញុំសង្ឃឹមថាគោលនយោបាយរដ្ឋាភិបាលនឹងទទួលបានសម្រាប់មនុស្សគ្រប់គ្នា មិនថាគាត់មានអត្តសញ្ញាណអ្វីក៏ដោយ»។
នាយិការូបនេះ បន្ថែមថា អ្នកស្រីនឹងបន្តធ្វើការជាមួយស្ថាប័នពាក់ព័ន្ធរហូតដល់ក្មេងស្រីជនជាតិភាគតិចទាំងនោះ មិនថាមានអត្តសញ្ញាណបែបណា សុទ្ធតែទទួលបានសិទ្ធិរបស់ខ្លួនពេញលេញទាំងអស់។
លោក រៀម រិន មន្ត្រីជំនាញផ្នែកអប់រំនៃអង្គការមូលនិធិកុមារនៃអង្គការសហប្រជាជាតិ(UNICEF) បានមានប្រសាសន៍ថា អង្គការ UNICEF បានធ្វើការលើគោលការណ៍ជាច្រើន ហើយក្នុងឆ្នាំ២០១៩ អង្គការកុមារនេះបានធ្វើគោលនយោបាយចំនួន៤គឺ ការលើកកម្ពស់ជនជាតិដើមភាគតិច ការផ្ដល់សេវាកម្មផ្នែកសុខាភិបាល ការផ្ដល់សេវាកម្មផ្នែកអប់រំ និងការលើកកម្ពស់ផ្នែកវប្បធម៌ ជំនឿ សាសនា។ បើតាមមន្ត្រីអង្គការកុមាររូបនេះ ឱ្យដឹងថា ជនជាតិដើមភាគតិចនៅកម្ពុជាមានប្រមាណ២៤ទៅ២៥ក្រុមធំៗ ខណៈបច្ចុប្បន្នក្រសួងអប់រំកំពុងអនុវត្តនូវអក្ខរក្រមនៃភាសាដើម ព្នង ទំពួន ក្រឹង កាវែត។ល។
លោក រិន ឱ្យដឹងថា៖«អន្តរាគមន៍យើងធ្វើពិសេសអប់រំជាមួយជនជាតិដើមភាគតិច គឺយើងប្រើវិទ្យុជាភាសាពួកគាត់ដល់ពួកគាត់។ ផ្ដល់អាហារូបករណ៍ដល់គាត់រៀនចប់វិទ្យាល័យតែម្ដង។ ផ្ដល់អាហារូបករណ៍សាលាគរុសិស្ស ដើម្បីឱ្យគាត់អាចត្រលប់ទៅវិញបង្រៀនជនជាតិដើមភាគតិចជាភាសាគាត់តែម្ដង»។
លោក រិន យល់ឃើញថា គួរតែមានការៀបចំឱ្យមានធនធានមនុស្សគ្រប់គ្រាន់ដើម្បីអាចបង្រៀនជនជាតិដើមភាគតិចទាំងនោះ ហើយសៀវភៅនិងសម្ភារៈសិក្សាត្រូវឆ្លុះបញ្ចាំងពីវប្បធម៌របស់ពួកគេផងដែរ។
ការស្រាវជ្រាវរបស់អង្គការនារីដើម្បីសន្តិភាពបានរកឃើញថា ក្មេងស្រីជនជាតិដើមភាគតិចចង់ថែរក្សានិងរៀនភាសាកំណើតរបស់ខ្លួនតែមានភាពលំបាកក្នុងការទទួលបានធនធានទាំងនោះ។ ការស្ទង់មតិឱ្យដឹងថាក្មេងស្រីជនជាតិដើមភាគតិចភាគច្រើនក្នុងចំណោមអ្នកចូលរួមធ្វើការស្ទង់មតិចំនួន៣៤៣នាក់ពុំធ្លាប់បានសិក្សាភាសាកំណើតខ្លួន។
ប្រភពដដែលបន្តថា កង្វះធនធានហេដ្ឋារចនាសម្ព័ន្ធសម្ភារៈបរិក្ខារ សេវាសាធារណៈ និងផ្នត់គំនិតនៅតែជាកង្វល់ចម្បងសម្រាប់ក្មេងស្រីជនជាតិដើមភាគតិចនៅសហគមន៍ក្នុងការទទួលបានអប់រំ ខណៈអំពើហិង្សាលើក្មេងស្រី ជារឿងធម្មតាក្នុងសហគមន៍។
ដោយឡែកក្មេងស្រីជនជាតិភាគតិចវៀតណាម មិនសូវមានទំនាក់ទំនងជាមួយអ្នកខាងក្រៅដោយសារមិនមានសុវត្ថិភាព។ពួកគេច្រើនមានភាពខ្មាសអៀន និងមិនមានការយល់ដឹងពីសិទ្ធិឬចំណេះដឹងពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។ ហើយមិនមានសេរីភាពនិងឱកាសដូចក្មេងប្រុស ដោយសារតែគ្រួសារ និងផ្នត់គំនិតសហគមន៍។
ចំពោះក្មេងស្រីខ្មែរឥស្លាមភាគច្រើនឱ្យតម្លៃលើការអប់រំដែលមានកម្រិតខ្ពស់ហើយពួកគេប្រាថ្នាចង់បន្តការសិក្សានៅសកលវិទ្យាល័យ ប៉ុន្តែជារឿយៗពួកគេប្រឈមមុខនឹងឧបសគ្គជាច្រើនក្នុងការបន្តការសិក្សានៅសកលវិទ្យាល័យ។
យោងតាមការស្រាវជ្រាវបន្ថែមថា សម្រាប់ក្មេងស្រីខ្មែរក្រោមក៏ជួបបញ្ហាប្រឈមក្នុងការបន្តការសិក្សានៅសាលាដោយសារបញ្ហាហិរញ្ញវត្ថុក្នុងគ្រួសារផងដែរ៕