ស្របពេលដែលជនជាតិដើមភាគតិចមានចំនួនប្រមាណ៦ភាគរយនៃចំនួនប្រជាជនសរុបក្នុងពិភពលោក ពួកគេក៏មានសិទ្ធិកាន់កាប់ដីធ្លី និងធ្វើការគ្រប់គ្រងដីធ្លីយ៉ាងតិច៣៨លានគីឡូម៉ែត្រការ៉េ នៅក្នុងប្រទេសចំនួន៨៧។ នៅកន្លែងជាច្រើន ក្រុមជនជាតិដើមភាគតិច គឺជាអ្នកថែរក្សាជីវៈចម្រុះ ដីធ្លី និងសមុទ្រប្រកបដោយប្រសិទ្ធភាព ព្រមទាំងរក្សាបាននូវតម្លៃវប្បធម៌ សង្គម និងសេដ្ឋកិច្ច ទៅតាមបរិបទផ្សេងៗគ្នានៃសហគមន៍របស់ពួកគេ។ ហេតុដូច្នេះ ការលើកកម្ពស់សិទ្ធិរបស់សហគមន៍ជនជាតិដើមភាគតិចបានក្លាយជាចំណុចស្នូលនៃការប្ដេជ្ញាចិត្ត និងកិច្ចព្រមព្រៀងអន្តរជាតិស្ដីពីអាកាសធាតុនិងជីវៈចម្រុះ។
ប្រទេសកម្ពុជាគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់មេគង្គដែលមានច្បាប់ទទួលស្គាល់សិទ្ធិសហគមន៍ជនជាតិដើមភាគតិចក្នុងការគ្រប់គ្រងដីសមូហភាពសហគមន៍។ រដ្ឋាភិបាលកម្ពុជាគួរតែមានមោទនភាព និងគួរតែបន្តពង្រឹងការអនុវត្តក្របខណ្ឌច្បាប់នេះ។ បណ្ណកម្មសិទ្ធិទាំងនេះការពារដីសហគមន៍ឱ្យឋិតឋេរ និងផ្ដល់ការការពារជាក់លាក់សម្រាប់ដីសមូហភាពសហគមន៍ដូចជាដីសម្រាប់ធ្វើចម្ការវិលជុំ ព្រៃអារក្ស និងព្រៃកប់សព។
យ៉ាងណាមិញ ដំណើរការដើម្បីទទួលកម្មសិទ្ធិដីធ្លីទាំងនេះនៅមានបន្ទុកធ្ងន់ និងមានសភាពយឺតយ៉ាវ។ សភាពនេះបានធ្វើឱ្យសហគមន៍ជនជាតិដើមភាគតិចជាច្រើនគ្មានភាពប្រាកដប្រជា និងគ្មានសុវត្ថិភាពអស់ជាច្រើនឆ្នាំ។
ក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចចំនួន ៤៥៨ ក្នុងប្រទេសកម្ពុជា មានតែ៤០សហគមន៍តែប៉ុណ្ណោះដែលបានទទួលកម្មសិទ្ធិដីធ្លី។ វាមានសារសំខាន់ខ្លាំងណាស់ក្នុងការលើកកម្ពស់ភាពម្ចាស់ការរបស់ជនជាតិដើមភាគតិចតាមរយៈការពង្រីក ពង្រឹង និងអនុវត្តយ៉ាងពេញលេញនូវការទទួលស្គាល់ជាផ្លូវច្បាប់ទាំងនេះ ដើម្បីការពារព្រៃឈើរបស់ប្រទេសកម្ពុជា ព្រមទាំងបង្កើតទំនុកចិត្តបន្ថែមទៀតក្នុងចំណោមម្ចាស់ជំនួយនិងទីផ្សារកាបូនដែលនាំឱ្យមានលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានកាន់តែច្រើន។
តួយ៉ាង ដែនជម្រកសត្វព្រៃកែវសីមា ស្ថិតនៅភាគខាងកើតនៃប្រទេសកម្ពុជា ដែលលាតសន្ធឹងពីខេត្តមណ្ឌលគិរី និងខេត្តក្រចេះ មានប្រភេទសត្វដែលរងការគំរាមកំហែងសរុបចំនួន ៧៥ ប្រភេទ ដែលជាចំនួនច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា រួមជាមួយ និងសត្វស្លាបចំនួន៣៥០ប្រភេទ សត្វពានរចំនួន៧ប្រភេទ រួមទាំង សត្វទោចថ្ពាល់លឿងដែលរងគ្រោះ និងប្រមាណមួយភាគបួននៃចំនួនសត្វដំរីអាស៊ីដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា។ តំបន់នេះក៏ជាទីជម្រកពីសម័យបុរាណរបស់ជនជាតិដើមភាគតិចពូនង ជនជាតិដើមភាគតិចស្ទៀង និងជនជាតិដើមភាគតិចផ្សេងៗទៀតផងដែរ។
ដែនជម្រកសត្វព្រៃនេះធ្លាប់មានប្រវត្តិដ៏ចម្រូងចម្រាស់។ ក្រោយពីមានការនិរទេសដោយបង្ខំក្នុងអំឡុងរបបខ្មែរក្រហម និងសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍ តំបន់នេះត្រូវបានផ្តល់ជាព្រៃសម្បទានក្នុងឆ្នាំ១៩៩០។ ក្នុងអំឡុងពេលនោះ ដើមជ័រទឹក និងធនធានធម្មជាតិសំខាន់ៗដទៃទៀតរបស់ជនជាតិដើមភាគតិចពូនង ស្ទៀង និងជនជាតិដើមភាគតិចផ្សេងៗទៀតត្រូវបានកាប់បំផ្លាញ។
បន្ទាប់ពីធ្វើការសិក្សាស្រាវជ្រាវជីវៈចម្រុះ រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាធ្វើការអភិរក្សតំបន់នេះនៅឆ្នាំ២០០២។ នៅឆ្នាំ២០១០ ដែនជម្រកសត្វព្រៃនេះបានក្លាយទៅជាតំបន់គំរូទី២នៅក្នុងប្រទេសកម្ពុជាសម្រាប់ការអនុវត្តគម្រោងរ៉េដបូក (ការកាត់បន្ថយការបញ្ចេញឧស្ម័នពីការបាត់បង់ និងការរេចរឹលព្រៃឈើ) ដែលទាមទារឱ្យរដ្ឋាភិបាល និងសហគមន៍ធ្វើការរួមគ្នាដើម្បីការពារព្រៃឈើ និងសត្វព្រៃហើយគម្រោងរ៉េដបូកនេះបានលក់ឥណទានកាបូនជាលើកដំបូងរបស់ខ្លួននៅក្នុងឆ្នាំ២០១៦។
មុនពេលអនុវត្តគម្រោងរ៉េដបូក អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានគាំទ្រសហគមន៍ជនជាតិដើមភាគតិចពូនងនៅក្នុងភូមិអណ្ដូងក្រឡឹង ដែលមានទីតាំងនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាឱ្យក្លាយទៅជាសហគមន៍ដំបូងគេបង្អស់ក្នុងចំណោមតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា ដែលទទួលបានប្លង់កម្មសិទ្ធិដីសមូហភាពសម្រាប់ជនជាតិដើមភាគតិច។ បន្ទាប់មកទៀត ដោយអនុលោមតាមយន្តការរ៉េដបូក អង្គការ WCS បានបន្តគាំទ្រសហគមន៍ចំនួនប្រាំមួយផ្សេងទៀតនៅដែនជម្រកសត្វព្រៃកែវសីមាឱ្យទទួលបានប្លង់កម្មសិទ្ធិដីសមូហភាពសហគមន៍ដោយមានផ្ទៃដីព្រៃសរុបទំហំ ២ ៥៥២ហិកតា ត្រូវបានការពារដោយក្នុងនោះរួមមានទីជម្រកសត្វព្រៃសំខាន់ៗជាច្រើនកន្លែងផងដែរ។
សហគមន៍ចំនួន៩ទៀតក្នុងដែនជម្រកសត្វព្រៃកែវសីមាកំពុងស្នើសុំចុះបញ្ជីកម្មសិទ្ធិដីសមូហភាពសហគមន៍។ សហគមន៍ខ្លះបានធ្វើការស្នើសុំនេះអស់រយៈពេលប្រមាណ១៥ឆ្នាំហើយ។ ប្រសិនបើដីសមូហភាពសហគមន៍ ទាំងនេះទទួលបានការចុះបញ្ជីកម្មសិទ្ធិស្របច្បាប់ផ្ទៃដីសរុបមានទំហំប្រមាណ ១០ ០០០ហិកតា ដោយក្នុងនោះ មានព្រៃឈើគ្របដណ្តប់ជាងពាក់កណ្តាលនៃផ្ទៃដីនេះនឹងត្រូវបានការពារហើយតំបន់នៅជុំវិញនេះក៏ត្រូវបានការពារបាន។
បន្ថែមពីលើការគាំទ្រដល់ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានដើម្បីទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ និងទទួលបានសិទ្ធិកាន់កាប់ដីធ្លីរបស់ពួកគាត់ គម្រោងរ៉េដបូកបានផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចជាច្រើនដល់សហគមន៍ និងគាំទ្រសហគមន៍ឱ្យមានភាពម្ចាស់ការក្នុងការកំណត់អាទិភាពរបស់ខ្លួន។ គម្រោងរ៉េដបូកក៏បាននិងកំពុងធ្វើការពង្រឹងសិទ្ធិប្រពៃណី និងសិទ្ធិវប្បធម៌របស់សហគមន៍ជនជាតិដើមភាគតិចផងដែរ។
ទន្ទឹមគ្នានោះ ការកាប់ឈើកើតមានឡើងជាបន្តបន្ទាប់ដោយសារចំនួនប្រជាជនចំណូលស្រុកទៅកាន់ទឹកដីរបស់ជនជាតិដើមភាគតិចមានការកើនឡើង ហើយអ្នកចំណូលស្រុកថ្មីទាំងនោះបានទន្ទ្រានដីព្រៃ និងស្វែងរកទិញដី មានតម្លៃថោកសម្រាប់ដាំស្វាយចន្ទី និងដំឡូងមី។ ការផ្តល់ប្រាក់កម្ចីបែបជញ្ជក់ឈាមរបស់ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយកំណត់អត្រាការប្រាក់ខ្ពស់ខ្លាំងនិងតម្រូវឱ្យដាក់បញ្ចាំដីធ្លី ក៏បានធ្វើឱ្យសហគមន៍ជនជាតិដើមភាគតិចជាច្រើនត្រូវរកប្រាក់សងបំណុលតាមរយៈការកាប់ព្រៃឈើ ឬការលក់ដីធ្លី បើទោះជាខ្លះជាដីមានប្លង់កម្មសិទ្ធិរួចហើយក៏ដោយនោះ។
សូម្បីតែពេលដែលសហគមន៍បានទទួលជោគជ័យក្នុងដំណើរការស្នើសុំប្លង់កម្មសិទ្ធិដីធ្លីក៏ដោយ ប៉ុន្តែលទ្ធផលទទួលបានក៏មិនប្រាកដថាជាទីគាប់ចិត្តឡើយ។ ជួនកាល ប្លង់កម្មសិទ្ធិដែលបានផ្តល់ឱ្យសហគមន៍នោះមានតែមួយចំណែកនៃដីសរុបដែលត្រូវបានស្នើសុំតែប៉ុណ្ណោះ។ អនុក្រឹត្យ៨៣ ដែលបរិយាយអំពីដំណើរការនៃការចុះបញ្ជីកម្មសិទ្ធិដីសមូហភាពសហគមន៍ រឹតដ្បិតឱ្យមានការកំណត់ទំហំនីមួយៗនៃដីព្រៃអារក្ស និងព្រៃកប់សពត្រឹមតែ៧ ហិកតាតែប៉ុណ្ណោះ សម្រាប់ធ្វើការការពារ ដែលមិនបានឆ្លុះបញ្ចាំងអំពីទំហំដីជាក់ស្តែងនៅក្នុងសហគមន៍ទាំងនោះឡើយ ហើយបណ្តាលឱ្យដីព្រៃដែលមានគុណតម្លៃជីវៈចម្រុះនិងវប្បធម៌ទាំងនោះមិនទទួលបានការការពារ។
បើទោះជាមិនសូវប្រឈមខ្លាំងដូចដីដែលគ្មានប្លង់កម្មសិទិ្ធមែនក្ដី ក៏ដីសហគមន៍ជនជាតិដើមភាគតិចកំពុងតែប្រឈមនឹងការកាប់បំផ្លាញព្រៃឈើដោយសារការច្បាមយកប្រយោជន៍សេដ្ឋសិច្ច និងអ្នកមកពីក្រៅសហគមន៍ដែលមានអំណាច។ ការប្រឈមនេះរឹតតែធ្ងន់ធ្ងរទៀតនៅពេលដែលគ្រួសារជនជាតិដើមភាគតិចជំពាក់បំណុលច្រើនលើសលប់ ខណៈដែលពួកគាត់ខ្វះខាតសេវាកម្មសាធារណៈចាំបាច់នៅក្នុងសហគមន៍ជនជាតិដើមភាគតិចនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។
ការដោះស្រាយបញ្ហាប្រឈមទាំងនេះ គឺអាចសម្រេចទៅបាន។ ការគាំទ្រសហគមន៍ឱ្យទទួលបានប្លង់កម្មសិទ្ធិដីធ្លីគឺជាយុទ្ធសាស្ត្រគន្លឹះ ដោយសារវាជាកត្តាជំរុញឱ្យជនជាតិដើមភាគតិចអាចបន្តការពារតំបន់ស្នូលរបស់គម្រោងរ៉េដបូកកែវសីមាពីការកាប់បំផ្លាញព្រៃឈើ។ ដើម្បីទទួលបានផលគាប់ប្រសើរ ដំណើរការសម្រាប់ចុះបញ្ជីប្លង់កម្មសិទ្ធិដីសមូហភាពសហគមន៍ តម្រូវឱ្យមានភាពសាមញ្ញ កំណែទម្រង់ និងអនុវត្តឱ្យបានពេញលេញ ដើម្បីផ្ដល់ការគោរព ការពារសិទ្ធិ និងផ្តល់អាទិភាពពិតប្រាកដដល់សហគមន៍ជនជាតិដើមភាគតិច។ ព្រៃអារក្ស និងព្រៃកប់សពគួរតែពង្រីកទៅតាមទំហំជាក់ស្តែងស្របតាមការប្រើប្រាស់ និងគ្រប់គ្រងតាមប្រពៃណីរបស់ជនជាតិដើមភាគតិច។
រដ្ឋាភិបាលកម្ពុជាកំពុងសម្លឹងរកមើលឱកាសក្នុងការសាកល្បង និងបំពេញបន្ថែមលើសកម្មភាពនេះដូចជាការកំណត់ទីតាំងព្រៃវប្បធម៌សំខាន់ៗដែលជនជាតិដើមភាគតិចអាចមានសិទ្ធិប្រើប្រាស់បន្ថែមទៀតនៅក្នុងដែនជម្រកសត្វព្រៃ។ ឧទ្យានុរក្សអាចយល់បានកាន់តែច្បាស់អំពីអត្ថន័យនៃការរៀបចំប្លង់កម្មសិទ្ធិដើម្បីលើកកម្ពស់ការគោរពចំពោះការការពារសហគមន៍ជនជាតិដើមភាគតិចដែលមានចែងក្នុងច្បាប់ ស្របពេលដែលដំណើរការផ្តល់ប្លង់កម្មសិទ្ធិកំពុងតែដំណើរការ។
ការបង្កើនឱកាសសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពសមស្របតាមវប្បធម៌ក៏មានភាពចាំបាច់ផងដែរ ដើម្បីឱ្យសហគមន៍បញ្ឈប់ការពឹងផ្អែកលើប្រាក់កម្ចីដែលមានការប្រាក់ខ្ពស់ និងសកម្មភាពដែលប៉ះពាល់ដល់បរិស្ថាន។ កម្មវិធីសម្រាប់រៀបចំរចនាសម្ព័ន្ធឡើងវិញ និងការលើកលែងលើបំណុលដែលមានស្រាប់អាចមានផលវិជ្ជមាន។ អ្នកទិញផលិតផលកសិកម្មនៅក្នុងតំបន់ទេសភាព ជាពិសេសផលិតផលគ្រាប់ស្វាយចន្ទី ដែលជាដំណាំដាំដុះយ៉ាងទូលំទូលាយបំផុតនៅក្នុងតំបន់នេះ ក៏ត្រូវតែធានាថាសកម្មភាពរបស់ពួកគេមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ជនជាតិដើមភាគតិចផងដែរ។
ជាការសំខាន់ដូចគ្នាដែរនោះគឺរដ្ឋាភិបាលធ្វើការការពារសិទ្ធិរបស់ជនជាតិដើមភាគតិចដោយគោរពតាមយន្តការកិច្ចព្រមព្រៀងឈរលើការទទួលបានព័ត៌មានច្បាស់លាស់ ជាមុន និងសេរី (FPIC) នៅពេលដែលមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានផ្អាកសំណើគម្រោងទាញយករ៉ែថ្មម៉ាបនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយប្រសិនជាការផ្អាកនេះជាការផ្អាកអចិន្ត្រៃយ៍ នោះសហគមន៍ជនជាតិដើមភាគតិច និងអ្នកអភិរក្សនឹងសាទរចំពោះចំណាត់ការនោះ។
ជាចុងក្រោយ សហគមន៍ជនជាតិដើមភាគត្រូវការការគាំទ្រនិងការទទួលស្គាល់ពីរដ្ឋាភិបាលដើម្បីពង្រឹង និងតម្កើងវប្បធម៌ ប្រពៃណី ចំណុចខ្លាំងផ្នែកសង្គមនិងសេដ្ឋកិច្ច និងសមត្ថភាពក្នុងការកំណត់អនាគតរបស់ពួកគេផ្ទាល់។ មិនមែនតែសហគមន៍ទេដែលទទួលបានផលប្រយោជន៍ពីការគាំទ្រនេះ ប៉ុន្តែរដ្ឋក៏ទទួលបានប្រយោជន៍ដែរ ព្រោះថាសហគមន៍ជនជាតិដើមភាគតិចដែលកាន់តែរឹងមាំ រឹតតែអាចការពារព្រៃឈើ ជីវៈចម្រុះ និងបេតិកភណ្ឌវប្បធម៌បានល្អប្រសើរ ព្រមទាំងអាចទទួលបានចំណូលកាន់តែច្រើនពីវិស័យទេសចរណ៍និងហិរញ្ញប្បទានពីអន្តរជាតិផងដែរ។
ជាមួយនឹងការប្តេជ្ញាចិត្ត និងការគាំទ្រពីរដ្ឋាភិបាលនៅថ្នាក់ជាតិ ខេត្ត និងថ្នាក់មូលដ្ឋាន កិច្ចការនេះអាចជាមូលដ្ឋានគ្រឹះនៃអនាគតមួយដែលសហគមន៍ជនជាតិដើមភាគតិច និងសត្វព្រៃអាចទទួលបានសុខដុមរមនារួមគ្នា ស្របពេលដែលពួកគេអាចរួមចំណែកក្នុងការដោះស្រាយគ្រោះអាសន្ននៃការប្រែប្រួលអាកាសធាតុនៅទូទាំងពិភពលោក។
ការបង្ហាញការប្តេជ្ញាចិត្តនិងការគាំទ្រចំពោះជនជាតិដើមភាគតិចនិងសហគមន៍មូលដ្ឋាននឹងបន្តបង្កើតភាពជឿជាក់ក្នុងចំណោមម្ចាស់ជំនួយនិងទីផ្សារកាបូន ដែលដែនជម្រកសត្វព្រៃកែវសីមាប្តេជ្ញាចិត្តអនុវត្តវិធីសាស្រ្តប្រកបដោយបរិយាបន្នដោយមិនទុកនរណាម្នាក់ចោលឡើយ។ វិធីសាស្រ្តនេះក៏នឹងផ្ដល់លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានអាកាសធាតុ និងជីវៈចម្រុះកាន់តែទូលំទូលាយ ដើម្បីបន្តឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តចំពោះអន្តរជាតិ។
អត្ថបទនេះរាយការណ៍ដោយ៖
ស៊ូស៊ីល រ៉ាជ នាយកប្រត្តិបត្តិផ្នែកកម្មវិធីសិទ្ធិ + សហគមន៍ នៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)
លោក អីមៀល ដឹ ឡាំង ទីប្រឹក្សាផ្នែកឥទ្ធិពលនៃការអភិរក្ស នៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)
អ្នកស្រី យុន ម៉ាណេ នាយិកាអង្គការជនជាតិដើមភាគតិចកម្ពុជា
អត្ថបទនេះបានចេញផ្សាយលើគេហទំព័រ Mongabay កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ [Link]