Updateព័ត៌មានតាមសេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកកោះញែកនៅផ្នែកខាងក្រោម៖ ពលរដ្ឋជនជាតិដើមភាគតិចពូនងជិត១០០គ្រួសាររស់នៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានស្នើឱ្យអាជ្ញាធរជួយអន្តរាគមន៍ដកហូតដីសហគមន៍ប្រមាណជិត១០០ហិកតាពីឈ្មួញដីធ្លីម្នាក់ឈ្មោះ អឿន ម៉ៅ ដោយពួកគេអះអាងថា បានរំលោភយកដីពលរដ្ឋទៅលក់ដូរឱ្យអ្នកផ្សេង។
លោក សុវិន ហ៊ួន អាយុ៦០ឆ្នាំ ប្រធានសហគមន៍ជនជាតិដើមភាគតិចពូនងដែលតំណាងឱ្យពលរដ្ឋទំនាស់ដីធ្លីចំនួន៨០គ្រួសារបាននិយាយថា ដីចម្ការវិលជុំរបស់ពលរដ្ឋប្រមាណ ៩០ហិកតាស្ថិតនៅភូមិរវ៉ាក់ ត្រូវបានបុគ្គលជាឈ្មួញដីធ្លីម្នាក់ឈ្មោះ អឿន ម៉ៅ យកត្រាក់ទ័រទៅឈូសឆាយ និងរំលោភយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន និងលក់ដូរទៅឱ្យពលរដ្ឋរស់នៅភូមិផ្សេងទៀត។
លោកបន្តថា ដីចម្ការវិលជុំរបស់ពួកគាត់បានអាស្រ័យផលចាប់តាំងពីឆ្នាំ១៩៩១ ដែលជាដី បន្តពីដូនតារបស់ពួកគាត់ ប៉ុន្ដែមិនទាន់មានប្លង់កម្មសិទ្ធស្របច្បាប់ត្រឹមត្រូវនៅឡើយ។ លុះនៅដើមឆ្នាំ២០២២ បានលេចមុខបុគ្គលម្នាក់ឈ្មោះ អឿន ម៉ៅ បានជួលគ្រឿងចក្រមកឈូសឆាយ ហើយបានគំរាមកំហែងចាប់ពលរដ្ឋដាក់គុក ឈូសឆាយផ្ទះ ផលដំណាំពលរដ្ឋជាជនជាតិដើមភាគតិចពូនង និងហាមមិនឱ្យនាំគ្នាតវ៉ាទៀតផង។
លោកឱ្យដឹងថា បុគ្គលឈ្មោះ អឿន ម៉ៅ តែងតែប្រើប្រាស់ឥទ្ធិពលមន្រ្តីទាហ៊ានខេត្តមណ្ឌលគិរី ធ្វើជាខ្នងបង្អែក ដើម្បីគំរាមកំហែងពលរដ្ឋដែលនាំគ្នាតវ៉ាទាមទារដីធ្លីរបស់ពួកគាត់មកវិញ។ បុគ្គលម្នាក់នេះ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ប៉ុន្ដែបានមករំលោភដីធ្លីនៅខេត្តមណ្ឌលគិរី តាមរយៈការគប់គិតគ្នាជាមួយអាជ្ញាធរ។
លោក ហ៊ួន បញ្ជាក់ថា៖ «ពួកខ្ញុំបានដាក់បណ្ដឹងទៅអាជ្ញាធរជាច្រើនលើកមកហើយ ប៉ុន្ដែគេគ្រាន់តែចុះមកមើល ហើយនាំគ្នាត្រឡប់ទៅវិញ ហើយក៏មិនបានប្រាប់ពីដំណើរការដោះស្រាយឱ្យពួកខ្ញុំដែរ។ ពួកខ្ញុំសូមអំពាវនាវឱ្យអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធជួយអន្តរាគមន៍ដកហូតដីចម្ការវិលជុំពីបុគ្គលអឿន ម៉ៅ មកឱ្យពលរដ្ឋអាស្រ័យផលវិញ»។
លោក ពៅ ភិន ពលរដ្ឋរស់នៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែកបាននិយាយថា ដីចម្ការវិលជុំនេះ អ្នកភូមិតែងតែអាស្រ័យផលតាមរយៈការដាំដុះដំណាំស្រូវ សណ្ដែង ដំឡូងមី ដំណាំស្វាយ និងដំណាំរួមផ្សំជាច្រើនប្រភេទទៀតសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោកបន្តថា ប្រសិនបើមិនមានដីចម្ការវិលជុំនេះ អ្នកភូមិនឹងជួបការលំបាកនៅក្នុងជីវភាពរបស់ពួកគេ ដោយអ្នកភូមិមួយចំនួនបានធ្វើការចំណាកស្រុក ដើម្បីទៅរកការងារ ហើយមួយចំនួនទៀតទៅរកការងារនៅប្រទេសថៃ ដើម្បីរកលុយមកបង់សងបំណុលធនាគារ។
លោក ភិន បញ្ជាក់ថា៖ «សូមអាជ្ញាធរជួយអន្តរាគមន៍ដោះស្រាយដកហូតយកដីចម្ការវិលជុំមកឱ្យពួកខ្ញុំជាពលរដ្ឋជនជាតិដើមភាគតិចពូនង ហើយសូមអំពាវនាវឱ្យអាជ្ញាធរជួយចេញប្លង់កម្មសិទ្ធស្របច្បាប់ជូនពួកខ្ញុំផង។ ពួកខ្ញុំជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយ៉ាល មិនបានរៀនសូត្រជ្រៅជ្រះក្នុងការតវ៉ាផ្លូវច្បាប់ជាមួយបុគ្គលទាំងអស់នោះទេ គឺយើងមានតែការពឹងពាក់ទៅលើអាជ្ញាធរប៉ុណ្ណោះ»។
លោក អឿន ម៉ៅ ដែលរងការចោទប្រកាន់ពីពលរដ្ឋសហគមន៍ជនជាតិដើមភាគតិចពូនងឃុំរយ៉ មិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ។
ប៉ុន្ដែលោកបានប្រាប់សារព័ត៌មានអនឡាញមួយ ដោយបដិសេធរាល់ការចោទប្រកាន់ទាក់ទងការរំលោភយកដីពលរដ្ឋជនជាតិដើមភាគតិចពូនងនៅតំបន់ខាងលើនេះ។ លោកថា មិនបានពាក់ព័ន្ធនឹងការរំលោភយកដីតំបន់នេះទេ ហើយក៏មិនបានគំរាមកំហែងពលរដ្ឋដែរ។
លោក ប៉ិល ឌិត មេឃុំរយ៉បានថ្លែងថា ដីពលរដ្ឋសហគមន៍ជនជាតិដើមភាគតិចពូនងនៅតំបន់នោះពិតជាមានការរំលោភយកដោយឈ្មោះបុគ្គល អឿន ម៉ៅ នោះមែន។ លោកបានអញ្ជើញភាគីទំនាស់ដីធ្លីទាំងនោះមកដោះស្រាយជាច្រើនលើក ប៉ុន្ដែបុគ្គល អឿន ម៉ៅ មិនដែលចូលខ្លួនមកដោះស្រាយទេ។
លោកបានលើកទឹកចិត្តឱ្យពលរដ្ឋរងគ្រោះដាក់ពាក្យប្ដឹងទៅសាលាស្រុកកោះញែក និងសាលាខេត្តមណ្ឌលគិរី ដើម្បីឱ្យមន្រ្តីជំនាញចុះមកស៊ើបអង្កេត និងចាត់វិធានការឱ្យតឹងទៅលើបុគ្គលជាជនល្មើសនោះ។
លោកបន្តថា ប្រជាពលរដ្ឋជនជាតិដើមភាគតិច ជាអ្នកភូមិរស់នៅតំបន់នៅជាឆ្នាំមកហើយ គឺពួកគាត់មិនមែនជាពលរដ្ឋចំណាកស្រុកពីខេត្តផ្សេងទេ ប៉ុន្ដែដីសហគមន៍ពួកគាត់ មិនទាន់មានប្លង់កម្មសិទ្ធស្របច្បាប់នៅឡើយ។ ទោះបីជាយ៉ាងណា ពួកគាត់បានអាស្រ័យលើដីទាំងនោះចាប់តាំងពីដូនតារបស់ពួកគាត់។
លោកមេឃុំបន្ថែមថា ជីវភាពរបស់ពលរដ្ឋតំបន់នោះ គឺធ្វើស្រែចម្ការ ដាំដំណាំផ្សេងៗ ដើម្បីផ្គត់ផ្គង់ចិញ្ចឹមជីវភាពគ្រួសាររបស់ពួកគាត់ ប៉ុន្ដែមិនសូវមានជីវភាពធូរធារដូចពលរដ្ឋនៅតំបន់ផ្សេង ឬអ្នកនៅតំបន់ទីប្រជុំជនក្នុងទីរួមខេត្តមណ្ឌលគិរីទេ។
លោក ប៉ិល ឌិត បញ្ជាក់ថា៖ «ខ្ញុំបានព្យាយាមជួយដោះស្រាយច្រើនលើកហើយ តែ អឿន ម៉ៅ គាត់តែងតែអះអាងថា មិនមែនជាដីគាត់ទេ គឺដីរបស់មេគាត់។ ហើយខ្ញុំសួរបន្តទៀតមួយណា? គាត់មានតួនាទីអ្វីដែរ ប៉ុន្ដែគាត់មិនប្រាប់ ហើយព្យាយាមគេចវេះរហូត។ ដូច្នេះពលរដ្ឋក៏បានដាក់ពាក្យប្ដឹងទៅសាលាខេត្តមណ្ឌលគិរី ដើម្បីស្រាយបន្តទៀត»។
លោក នាង វណ្ណៈ អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរីបានថ្លែងថា លោកមិនទាន់បានដឹងពីស្ថានភាពទំនាស់ដីធ្លីនៅតំបន់នោះច្បាស់លាស់ ហើយក៏មិនទាន់បានទទួលពាក្យបណ្ដឹងពីពលរដ្ឋដែរ ប៉ុន្ដែលោកធ្លាប់បានឃើញមានពលរដ្ឋនាំគ្នាទាមទារតវ៉ានៅតាមបណ្ដាញសង្គម។
លោកលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលទទួលការរងគ្រោះដោយការរំលោភដីធ្លីរៀបចំដាក់ពាក្យបណ្ដឹងទៅសាលាស្រុកកោះញែក និងសាលាខេត្តមណ្ឌលគិរី ដើម្បីមន្រ្តីជំនាញខេត្តអាចចុះទៅស៊ើបអង្កេត និងស្រាវជ្រាវក្នុងការដោះស្រាយទំនាស់ពួកគាត់ឱ្យមានប្រសិទ្ធភាព។
លោកបញ្ជាក់ថា៖ «ប្រសិនបើពួកគាត់ជាជនរងគ្រោះពិតប្រាកដ គឺគួរតែដាក់ពាក្យប្ដឹងទៅអាជ្ញាធរ ហើយយើងនឹងចាត់មន្រ្តីជំនាញចុះទៅស៊ើបអង្កេត ដើម្បីជួយរកដំណោះស្រាយទៅតាមនីតិវិធីច្បាប់។ កន្លងមកយើងបានដោះស្រាយទំនាស់ដីធ្លីបានច្រើនករណីមកហើយ គឺតាមរយៈការប្ដឹងរបស់ជនរងគ្រោះ»។
លោក វណ្ណៈ បន្ថែមថា អាជ្ញាធរនឹងមិនប្រងើយកន្ដើយចំពោះបញ្ហារបស់ប្រជាពលរដ្ឋទេ ប៉ុន្ដែទាមទារឱ្យភាគីពាក់ព័ន្ធចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីដោះស្រាយផ្អែកទៅតាមស្ថានភាពជាក់ស្ដែង ភ័ស្ដុតាង និងអង្គហេតុត្រឹមត្រូវទៅតាមច្បាប់ជាធរមាន។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូបានថ្លែងថា បច្ចុប្បន្ននេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ទំនងជាចង់ពន្លឿនការចុះបញ្ជីដីធ្លីឱ្យលឿន និងមានប្រសិទ្ធភាពជាងមុន ប៉ុន្ដែអាជ្ញាធរមូលដ្ឋាននៅតែមានភាពយឺតយ៉ាវក្នុងការជួយដោះស្រាយបញ្ហាដែលនៅសេសសល់កន្លងមកនេះ។
លោកបន្តថា បើតាមគោលនយោបាយរបស់ក្រសួង គឺជំរុញ និងពន្លឿនការចុះបញ្ជីដីធ្លីជាប្រព័ន្ធជូនពលរដ្ឋ និងដោះស្រាយបញ្ហាទំនាស់ដីធ្លីឱ្យបានលឿនជូនភាគីពាក់ព័ន្ធ ប៉ុន្ដែទំនាស់ដីធ្លីនៅតាមមូលដ្ឋានហាក់មិនទាន់មានការដោះស្រាយឱ្យឆ្លើយតបទៅតាមបញ្ហារបស់ពួកគាត់នៅឡើយ។
លោកបន្តថា ទំនាស់ដីធ្លីរបស់ជនជាតិដើមភាគតិច គឺអទិភាពមួយដែលតែជំរុញការដោះស្រាយជូនពួកគាត់ ដោយពួកគាត់រស់នៅតំបន់ដាច់ស្រយាលដែលងាយរងគ្រោះដោយសារការរំលោភបំពានផ្សេងៗតាមរយៈការឈូសឆាយដីព្រៃសហគមន៍ និងដីធ្លីប្រពៃណីដូនតារបស់ពួកគាត់។
លោក សំអាត បញ្ជាក់ថា៖ «ខ្ញុំគិតថា បញ្ហារបស់ពលរដ្ឋជនជាតិដើមភាគតិច គឺអាជ្ញាធរគួរតែជំរុញដោះស្រាយទំនាស់ដីធ្លីជូនពួកគាត់ឱ្យមានប្រសិទ្ធភាពតាមរយៈការចេញប្លង់កម្មសិទ្ធដីធ្លីស្របតាមច្បាប់ជូនពួកគាត់ ហើយកំណត់ឱ្យបានច្បាស់លាស់រវាងដីព្រៃសហគមន៍សមូហភាព និងដីរបស់រដ្ឋ ឬកំណត់ព្រំដីព្រៃអភិរក្ស ដើម្បីចៀសវាងការរំលោភបំពានផ្សេងៗពីជនខិលខូច ព្រោះពួកគាត់ភាគច្រើនប្រកបរបរធ្វើស្រែចម្ការដែលជាមុខរបរប្រពៃណីពួកគាត់»។
Updateព័ត៌មាននៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤៖ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបសរដ្ឋបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារដឹកនាំដោយលោក សា ស្លឹម អភិបាលរងស្រុក ជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពស្រុក បានចុះពិនិត្យដីមានទំនាស់ ស្ថិតនៅចំណុចអន្លង់ អន្លង់ចាញ់ អូរក្រាល អូរបន្ទាត់ (ចំណុចព្រៃខៀវ) ស្ថិតនៅភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្រុមការងារបានទៅដល់ចំណុចអន្លង់ចេក វេលាម៉ោង១៥៖០៥នាទី ប៉ុន្តែមិនបានឃើញភាគីវិវាទដែលបានណាត់ជួប ក្រុមការងារក៏បានហៅទូរសព្ទទៅដើមបណ្តឹងឈ្មោះ ពៅ ភិន និប្រាប់ឱ្យឱ្យហៅឈ្មោះក្នុងពាក្យបណ្តឹងដើម្បីមកបង្ហាញព្រំដី និងកំណត់ទំហំផ្ទៃដី ដែលមានទំនាស់ តែឈ្មោះ ពៅ ភិន ឆ្លើយបដិសេធមិនមកបង្ហាញព្រំដីនោះទេ ដោយហេតុផលថាពេលវេលាថ្មើរនេះល្ងាចហើយ ម៉្យាងបងប្អូនប្រជាពលរដ្ឋដែលរងចាំនៅទីតាំងដីបានត្រឡប់ទៅផ្ទះរៀងៗខ្លួនអស់ហើយ។
ប្រមាណ១០នាទីក្រោយមកក្រុមការងារបានហៅទូរសព្ទទៅឈ្មោះ ពៅ ភិន ជាលើកទី២ ប្រាប់ថាសុំឱ្យមកទីតាំងដីមានទំនាស់ជាមួយគ្នីគ្នាដែលមានឈ្មោះក្នុងពាក្យបណ្តឹង រីឯបងប្អូនប្រជាពលរដ្ឋដែលមិនពាក់ព័ន្ធ មិនចាំបាច់អញ្ជើញពួកគាត់ឱ្យមកចូលរួមទេ តែឈ្មោះ ពៅ ភិន នៅតែបដិសេធមិនព្រមកបង្ហាញទីតាំងដីដដែល។
ក្រុមការងារបានហៅទូរសព្ទទៅចុងចម្លើយឈ្មោះ អឿន ម៉ៅ ឱ្យមកបង្ហាញព្រំដីមានទំនាស់ និងឱ្យមន្ត្រីបរិស្ថានចុះយកលេខនិយាមការចុចឃ្លុំដីមានទំនាស់ទាំមូល ក្រោយពីមន្ត្រីជំនាញបរិស្ថានបានយកនិយាមការ……….ឃើញថាដីមានទំនាស់នេះ ត្រង់ចំណុចអន្លង់ចេក ស្ថិតនៅភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ស្ថិតក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃលំផាត់គ្រប់គ្រងដោយមន្ត្រីឧទ្យានុរក្សនៃមន្ត្រីបរិស្ថានខេត្តមណ្ឌលគិរី មិនមែនជាដីដែលបង្កើតសហគមន៍ទេ។ ដូច្នេះក្រុមការងារពុំមានសមត្ថកិច្ចដោះស្រាយជូនភាគីទំនាស់ទាំងសងខាងបាននោះឡើយ ហើយទីតាំងដីដែលមានទំនាស់នេះមានចម្ងាយផ្លូវពីទីរួមស្រុកកោះញែកប្រមាណ២១០គីឡូម៉ែត្រឯណោះ៕