សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ជនជាតិដើមភាគតិចក្នុងឃុំមួយនៅខេត្តរតនគិរីអះអាងថាកំពុងខ្វះអង្ករបរិភោគ

លោក រម៉ាម ល្វីន និងប្រពន្ធ កំពុងឈរនៅក្រោមផ្ទះ ស្ថិតនៅក្នុងឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ រូបថតនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ
លោក រម៉ាម ល្វីន និងប្រពន្ធ កំពុងឈរនៅក្រោមផ្ទះ ស្ថិតនៅក្នុងឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ រូបថតនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

ជនជាតិដើមភាគតិចចារ៉ាយមួយចំនួនរស់នៅក្នុងឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អះអាង​ថា ពួកគាត់កំពុងជួបការលំបាកខ្លាំង ដោយសារតែដំណាំកសិកម្មមិនបានផល ហើយទំនិញនៅលើទីផ្សារមានតម្លៃខ្ពស់ធ្វើឱ្យពួកគាត់ខ្វះខាតអង្ករដែលគ្រួសារខ្លះរហូតដល់ បរិភោគដំឡូងលាយចេកជំនួសបាយ។​

លោក រម៉ាម ល្វីន វ័យជាង ៤០ឆ្នាំ មានកូន៣នាក់នៅក្នុងបន្ទុកកំពុងរៀនទាំងអស់ ហើយ​កំពុង​ជួបប្រទះបញ្ហាជីវភាពខ្លាំងទទួលទានដំឡូងលាយជាមួយផ្លែចេកជាង១ខែហើយ។​

លោក រម៉ាម ល្វីន ថ្លែងថា៖​ «ហូបដំឡូងពេលខ្លះដាក់លាយជាមួយអង្ករចឹងទៅបង យើងអត់​មានអី។ ពេលខ្លះចេកខ្ចីយើងហ្នឹងវិតបង់ៗ ហើយលាយជាមួយដំឡូងទៅ»។​

លោក ល្វីន ថ្លែងថា លោកអាណិតកូនស្រី រៀនថ្នាក់ទី១២ដែលកំពុងចង់រៀន ហើយលោក​មិនមានលុយឱ្យកូនរៀនគួរបន្ថែមត្រៀមប្រឡង។

លោក រម៉ាម ល្វីន ថ្លែងថា៖ «ដឹងតែខំរៀនតែគ្នាអត់មានលុយ ខ្ញុំសុខចិត្តជំពាក់គ្រូបង្រៀនហ្នឹង រៀនគួររៀនអ៊ីចឹងទៅ។ ដល់ពេលស៊ីឈ្នួលគេបានឱ្យគ្រូវិញ»។​

ទោះក្រខ្វះអង្ករបរិភោគក៏លោកប្រឹងប្រែងឱ្យកូនរៀនដែរ ព្រោះមិនចង់ឱ្យកូនជួបការលំបាក​ដូច​លោក​។​

លោក រម៉ាម ល្វីន ថ្លែងថា៖ «កុំឱ្យក្រលំបាកដូចខ្ញុំ ឃើញទេធ្វើចម្ការតាំងពីតូចរហូតដល់ចាស់​ហើយ រហូតដល់ខ្វះទៅៗ ចឹងប្រឹងឱ្យកូនរៀនទៅ»។​

លោក ល្វីន មានដី៣ហិកតា ដាំដំឡូងមី ខាតបង់ដោយសារចំណាយដើមទុនច្រើន បានផល​មកលក់បានតម្លៃទាប។ លោបន្តថា បច្ចុប្បន្នលោកប្រឹងរកការងារ​ធ្វើស៊ីឈ្នួល​តាមចម្ការ​ស្វាយចន្ទី ឬស៊ីឈ្នួលធ្វើការអីផ្សេងទៀតក៏លោកធ្វើដែរឱ្យតែបានប្រាក់ទ្រទ្រង់គ្រួសារ។​

ឪពុកម្តាយជរាទាំងពីរនាក់រស់នៅជាមួយកូនស្រីជាស្ត្រីមេម៉ាយ អ្នកស្រី រម៉ាម លូ ស្ថិតនៅក្នុងឃុំបរខាំ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។ រូបថតនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

អ្នកស្រី រម៉ាម លូ វ័យ៣៥ឆ្នាំ ជាស្ត្រីមេម៉ាយ កំពុងរស់នៅជាមួយម្តាយ និងឪពុកដែលមានវ័យ​ជិត៨០ឆ្នាំ។ អ្នកស្រីឱ្យដឹងថា ការធ្វើកសិកម្មមិនបានផលទេ បច្ចុប្បន្នគាត់រស់នៅ​ពឹងផ្អែកតែ​លើ​ការ​ស៊ីឈ្នួលធ្វើចម្ការឱ្យគេ។​

អ្នកស្រីបន្ថែមថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ រូបគាត់មិនសូវបានដើរស៊ីឈ្នួល​គេទេ​ព្រោះ​ឪពុកឈឺភ្នែកហើយគាត់ត្រូវនៅមើលថែ។ អ្នកស្រីថា គាត់ត្រូវខ្ចីអង្ករសាច់ញាតិខ្លះ​បរិភោគដោយសន្សំសំចៃ ហើយនៅពេលដែលឪពុកមានសុខភាពល្អ​ទើបដើរស៊ីឈ្នួល​បាន​លុយសងគេវិញ។​

អ្នកស្រី រម៉ាម លូ ស្នើឱ្យសប្បុរជនក៏ដូចជាស្ថាប័នពាក់ព័ន្ធជួយជា​អង្ករដល់រូបគាត់ដើម្បី​បាន​សម្រាលទុក្ខលំបាក។

អ្នកស្រី រម៉ាម លូ ថ្លែងថា៖ «ចង់ស្នើសុំអង្ករខ្លះ ព្រោះខ្ញុំជួបការលំបាកពី១ខែទៅ១ខែលំបាក។ ខ្ញុំលំបាកសុំខ្ចីអ្នកជិតខាង។ យើងរកអីមិនបាន»។

អ្នកស្រី រម៉ាម លូ ឱ្យដឹងទៀតថា គ្រួសារគាត់មានដីកន្លះហិកតា ដាំដំណាំតិចតួចគ្រាន់តែ​បរិភោគ​ក្នុងគ្រួសារ។​

ជនជាតិដើមភាគតិចចារ៉ាយនៅឃុំបរខាំម្នាក់ទៀត លោក រម៉ម ហៅ ឱ្យដឹងថា គាត់មាន កូន៥នាក់។ លោកថា កូនកំពុងរៀននៅអនុវិទ្យាល័យ និងវិទ្យាល័យ តែរៀនមិនបាន ពេញលេញទេ ព្រោះខ្វះទាំងលុយ ខ្វះទាំងអង្ករបរិភោគ។​

លោក រម៉ាម ហៅ រៀបរាប់ថា៖ «ខ្វះខាតរឿងប្រាក់ ខ្វះខាតរឿងបាយហូបរកអត់បាន។ កូនរៀនទៀត អត់លុយឱ្យគ្នារៀនអាណិតណាស់»។

លោក រម៉ាម ហៅ ធ្លាប់ជួលដីគេដើម្បីដាំដំឡូងមីក្នុង១ហិកតាជួលគេថ្លៃ១០ម៉ឺនរៀល ប៉ុន្តែ​លោកថា ការចំណាយផ្សេងៗក្នុងការដាំថ្លៃខ្ពស់ បានផលវិញមិនចំណេញ​ទើប​លោកឈប់ដាំ ពឹងតែលើការដើរស៊ីឈ្នួលគេទៅ។

អាជីវករលក់និងបោះដុំចែកចាយជីកសិកម្មនិងគ្រាប់ពូជនៅក្នុងខេត្តរតនគិរី អ្នកស្រី ចន្ថា រដ្ឋ ថ្លែងថា គាត់ធ្លាប់បានទៅដល់ឃុំបរខាំ ហើយក៏ធ្លាប់ទិញអង្ករនិងថ្នាំពេទ្យមួយចំនួនជូន​អ្នក​មាន​ជីវភាពខ្វះខាតទាំងនោះដែរដោយសារឃើញខ្វះខាតហើយមានចិត្តអាណិតអាសូរ។ 

អ្នកស្រី ចន្ថា រដ្ឋ បន្ថែមថា៖ «គាត់អត់អង្ករហូប គាត់ហូបដំឡូង សម័យនេះហូបដំឡូង​ខ្ញុំភ្ញាក់​ផ្អើលដែរ។ ខ្ញុំបានជួយអង្ករគាត់មួយបេទៅ ហើយថ្នាំពេទ្យខ្លះទៅ។ គាត់ឈឺក៏អត់មានលុយ​ទៀត»។​

លោក ចាន់ ប៊ុននី មេឃុំបរខាំ ថ្លែងថា មន្ត្រីចុះធ្វើការងារតាមភូមិជាប្រចាំមិនដែល​ទទួល​ព័ត៌មាន​ពីពលរដ្ឋខ្វះអង្ករបរិភោគដូចការលើកឡើងនោះទេ។​

លោកថ្លែងថា៖ «យើងមានក្រុមការងារ ថ្នាក់ពង្រឹង ថ្នាក់ឃុំចុះទៅជួបពលរដ្ឋ មិនមានឃើញប្រឈមចឹងទេបង»។​

សកម្មភាពមន្ត្រីឃុំកំពុងធ្វើការងារនៅសាលាឃុំបរខាំ ស្រុកអូរយ៉ាដាវ​ ខេត្តរតនគិរី។ រូបថតនៅថ្ងៃទ២៨ ខែកក្កដា ឆ្នាំ២០២០០។ រូបភាពផ្តល់ឱ្យ

តាមរបាយការណ៍របស់សាលាឃុំបរខាំបង្ហាញថា ពលរដ្ឋនៅក្នុងឃុំនេះមានចំនួន​៨៩៧គ្រួសារ ស្នើនឹង៣ ៧៥៤នាក់។

បើទោះជាមេឃុំបញ្ជាក់ថា មិនមានរបាយការណ៍ពីពលរដ្ឋដែលកំពុងជួបការលំបាក​ខ្វះអង្ករ​បរិភោគនេះក៏ដោយ ប៉ុន្តែប្រភពអ្នកភូមិដែលផ្តល់ព័ត៌មានអះអាងថា អ្នកផ្សេងៗ​មួយចំនួន​ទៀតនៅក្នុងឃុំនេះក៏កំពុងជួបបញ្ហាប្រហាក់ប្រហែលពួកគាត់ផងដែរ។​

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តរតនគិរី លោក ឌិន ខន្នី មានប្រសាសន៍ថា លោកមិនដឹងច្បាស់ពីចំនួនពលរដ្ឋដែលកំពុងខ្វះអង្ករបរិភោគនោះទេ ប៉ុន្តែលោកថា ពលរដ្ឋ​ដែលជួបការលំបាកខ្វះខាតខ្លាំងគឺមានចំនួនច្រើននៅក្នុងខេត្តនេះ។ លោកបន្តថា ពលរដ្ឋនៅ​ក្នុងខេត្តនេះប្រមាណ៩០ភាគរយពឹងលើវិស័យកសិកម្ម ប៉ុន្តែការធ្វើកសិកម្មមិនបានផលធ្វើឱ្យ​ពួកគាត់ស្ទើរគ្រប់គ្នាធ្លាក់ខ្លួនជំពាក់បំណុលធ្ងន់ធ្ងរ។​

លោក ឌិន ខន្នី បន្ថែមថា៖« ខ្ញុំជឿថាអាចមានច្រើនគួរសមដែរមិនមែនមានតែបរខាំមួយទេនៅ​តាម​ជនបទ ព្រោះខ្ញុំទៅសហគមន៍អីឃើញថា គាត់ត្អូញត្អែរច្រើន គ្រាន់ថា អ្នកខ្លះមិនទាន់​ដាច់​ខ្លាំង តែអ្នកខ្លះត្អូញត្អែរខ្លាំងណាស់ក្នុងឆ្នាំហ្នឹងមានការខាតបង់ច្រើន ហើយជំពាក់បំណុល​គ្រប់ៗ​គ្នា» ។​

 អភិបាលខេត្តរតនគិរីលោក ញ៉ែម សំអឿន​  បញ្ជាក់ថា មិនថាតែឃុំបរខាំទេគឺនៅទូទាំងខេត្ត​រតនគិរី​តែម្តង មិនមានពលរដ្ឋណាដែលជួបការលំបាករហូតដល់ខ្វះអង្ករ​ដូចការលើកឡើង​នោះទេ ។

លោក ញ៉ែម សំអឿន​ មានប្រសាសន៍ថា៖ «អត់ទេ អត់ដែលមានដល់ថ្នាក់ហ្នឹងទេ។ និយាយ​ពីរឿងបាយហូបវាមិនខ្វះទេគ្រប់ទីកន្លែងទាំងអស់។ រឿងថាបាយលាយអ៊ីចឹងដូចមិនទេ។ ខ្ញុំ​មិនជឿទេ ព្រោះយើងនៅតាមមូលដ្ឋានយើងដឹងទាំងអស់គ្នា រដ្ឋអំណាចភូមិ ឃុំ​ បើមាន​កិច្ចការ​ចឹងៗយើងត្រូវទទួលខុសត្រូវ។​ កន្លងមកយើងអត់មានដែលជួបបញ្ហា​ខ្វះស្បៀង​ណា​មួយ​ទេ»។​

របាយការណ៍ក្រសួងផែនការបង្ហាញថា ចន្លោះឆ្នាំ២០១៧-២០២០ ប្រជាជនកម្ពុជាចំនួន​១៧,៨​ភាគរយនៃចំនួនប្រជាជនសរុប១៦លាននាក់រស់នៅក្រោមបន្ទាត់ក្រីក្រ។​ ក្រសួងដដែល​នេះ​បង្ហាញ​របាយការណ៍នៅចុងឆ្នាំ២០២១ ថា ចំនួនពលរដ្ឋក្រីក្រកើនឡើងដល់១៨ភាគរយ ស្មើនឹង២ ៨៨០ ០០០នាក់៕

455 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម