ជនជាតិដើមភាគតិចពូនងក្នុងសហគមន៍រយ៉ាលើក្នុងខេត្តមណ្ឌលគិរី បាននិយាយថាពួកគេកំពុងមានក្ដីបារម្ភថាដីដូនតានឹងត្រូវដកហូត។
សហគមន៍ជនជាតិដើមភាគតិចកំពុងជាប់គាំងក្នុងការពន្យាពេលក្នុងដំណើរការចុះបញ្ជីប្លង់កម្មសិទ្ធិដីសហគមន៍ ខណៈដែលមន្ត្រីក្រសួងបរិស្ថានដែលបានចូលទៅវាស់វែងដីនៅជុំវិញភូមិកាលពីចុងខែមីនា ទំនងជាកំពុងរៀបចំដីទាំងនោះដើម្បីបែងចែកជាថ្មីទៅកាន់អ្នកមកពីខាងក្រៅ។
ភាពភ័យខ្លាចរបស់សហគមន៍មួយចំនួននេះកើតចេញពីការអនុម័តច្បាប់បរិស្ថាន និងធនធានធម្មជាតិថ្មីក្នុងសប្ដាហ៍នេះដោយរដ្ឋសភា និងបានដូរពាក្យពេចន៍ដែលសម្គាល់ក្នុងសេចក្ដីព្រៀងច្បាប់នោះពី «សហគមន៍ជនជាតិដើម និងជនជាតិភាគតិច» ជាមួយនឹងពាក្យដែលមានន័យទូលាយជាងនេះដោយហៅថា «សហគមន៍មូលដ្ឋាន»។
សកម្មជនសិទ្ធិជនជាតិដើមភាគតិចបានបង្ហាញក្ដីបារម្ភរបស់ខ្លួនពាក់ព័ន្ធនឹងពាក្យបែបបទបែបទូលាយនេះថានឹងប៉ះពាល់សិទ្ធិទាមទារកម្មសិទ្ធិលើដីធ្លីរបស់ពួកគេដ៏យូរមកហើយដោយផ្អែកលើជំនឿ វប្បធម៌ និងប្រពៃណី។
មន្ត្រីឃ្លាំមើលសិទ្ធិជនជាតិដើមភាគតិចពូនងរបស់សមាគមសិទ្ធិមនុស្សអាដហុក លោក គ្រឿង តុលា បានប្រាប់ខេមបូចា ថា ការប្ដូរពាក្យ «ជនជាតិដើមភាគតិច» អាចនឹងធ្វើឱ្យអ្នកផ្សេងមានភាពងាយស្រួល រួមទាំងអាជ្ញាធរផង ក្នុងការទន្រ្ទានយកដីដូនតាជនជាតិដើមភាគតិច ដែលនាំឱ្យប៉ះពាល់វប្បធម៌ និងជីវភាពប្រចាំថ្ងៃរបស់ពួកគេ។
លោកលើកឡើងថា៖ «ជនជាតិដើមភាគតិចមិនមានមុខរបរផ្សេងទេ ក្រៅពីការប្រមូលផលធនធានធម្មជាតិដូចជាទឹកឃ្មុំ ជ័រឈើ និងធ្វើកសិកម្មលើដីប្រពៃណីរបស់ពួកគេ។ បើសិនជាបាត់ដី ពួកគេនឹងបាត់បង់វប្បធម៌ និងអត្តសញ្ញាណ»។
លោកឱ្យដឹងទៀតថា៖ «ជីវភាពរបស់ពួកគាត់គឺផ្សារភ្ជាប់ទៅនឹងធនធានធម្មជាតិ ហើយធនធានធម្មជាតិគឺផ្សារភ្ជាប់ទៅនឹងប្រពៃណីរបស់ពួកគាត់ ហេតុនេះហើយ ពួកគាត់មានក្ដីបារម្ភអំពីការគំរាមកំហែង និងបំភិតបំភ័យពីមជ្ឈដ្ឋានខាងក្រៅ»។
ច្បាប់ថ្មីអាចនឹងធ្វើឱ្យបាត់បង់ដីរបស់ជនជាតិពូនងក្នុងសហគមន៍រយ៉ាលើបន្ថែមទៀត។ រយ៉ាលើ ជាសហគមន៍មួយក្នុងភូមិមេមុំក្នុងស្រុកកោះញែក។
អ្នកភូមិឈ្មោះ លិន ម៉ៅ និយាយថា អាជ្ញាធរមូលដ្ឋាន និងក្រុមនិស្សិតមួយក្រុមបានចុះវាស់វែងដីព្រៃកាលពីចុងខែមីនា។ លោកជឿថា អាជ្ញាធរមានគម្រោងផ្ដល់ដីទៅឱ្យឈ្មួញឯកជនដែលមិនមែនជាសមាជិករបស់សហគមន៍។
លោកបន្តថាសហគមន៍បានព្យាយាមចុះបញ្ជីដីសហគមន៍សមូហភាពដែលបានចំណាយពេលអស់ជាច្រើនឆ្នាំ ព្រមទាំងថ្លៃចំណាយច្រើនលើនីតិវិធីរដ្ឋបាលក្នុងការផ្ដល់ប្លង់កម្មសិទ្ធិនាំឱ្យសហគមន៍មិនដល់៥០ទេដែលបានទទួលការចុះបញ្ជីប្លង់កម្មសិទ្ធិក្នុងមួយទសវត្សរ៍ចុងក្រោយនេះ។
បើតាមលោក លិន ម៉ៅ សហគមន៍របស់លោកបានស្នើរកជំនួយពីអង្គការសិទ្ធិជនជាតិដើមភាគតិចឱ្យ «ជួយរៀបចំឯកសារចាំបាច់សម្រាប់ផ្ដល់ទៅមន្ត្រីជាន់ខ្ពស់ដើម្បីបានចុះបញ្ជីកម្មសិទ្ធិដីសហគមន៍សមូហភាព ក្នុងគោលបំណងអភិរក្សធនធានធម្មជាតិ»។
ការបានចុះបញ្ជីកម្មសិទ្ធិដីសហគមន៍គឺជាការគាំពារផ្នែកច្បាប់ដល់ដីរបស់សហគមន៍ជនជាតិដើមភាគតិច ជួយឱ្យពួកគេមានប្រភពចំណូល សន្តិសុខស្បៀង និងស្របច្បាប់ មិនមានការរំលោភយកដីដោយបំពាន។ ការចុះបញ្ជីដីសហគមន៍ គឺរួមមានទាំងព្រៃអារក្ស ដីកប់សព និងដីព្រៃអភិរក្ស ព្រមជាមួយដីកសិកម្មប្រពៃណី និងដីលំនៅឋានផងដែរ។ ក្រុមអ្នកគាំទ្រការចុះបញ្ជីដីសហគមន៍បាននិយាយថា ការទទួលស្គាល់ដោយច្បាប់ជួយអភិរក្សអត្តសញ្ញាណ និងវប្បធម៌ តាមរយៈការរក្សាដីបានគង់វង្ស។
ប៉ុន្តែដំណើរការនេះហាក់មានភាពយឺតយ៉ាវ និងអាចត្រូវផ្អាកបើសិនជាសហគមន៍កំណត់ព្រំដីជាន់ជាមួយដីអ្នកផ្សេង ដូចជាដីសម្បទានសេដ្ឋកិច្ច ឬដីរដ្ឋគ្រប់គ្រងដោយក្រសួងបរិស្ថាន។
លោក លិន ម៉ៅ ឱ្យដឹងទៀតថា សហគមន៍របស់លោកបានចំណាយពេលច្រើនឆ្នាំក្នុងការស្វែងរកកម្មសិទ្ធិដីសហគមន៍តែមិនទាន់បានផល។ លោកថា នីតិវិធីរដ្ឋបាលត្រូវចំណាយថវិកាច្រើន និងចំណាយពេលយូរ ដោយមិនទាន់ដឹងថានឹងត្រូវបញ្ចប់នៅពេលណា។
លោកបន្ថែមថា៖ «យើងត្រូវឆ្លងកាត់នីតិវិធីជាច្រើនពីថ្នាក់ឃុំ ទៅដល់ស្រុក និងចុងក្រោយទៅដល់អាជ្ញាធរខេត្ត ប៉ុន្តែពួកគេមិនមានដំណោះស្រាយ»។ លោកថាក្រសួងហាក់ព្រងើយកន្តើយចំពោះតម្រូវការរបស់សហគមន៍។
សហគមន៍បានការទទួលស្គាល់ពីអាជ្ញាធរស្រុកសម្រាប់ការកំណត់អត្តសញ្ញាណខ្លួនឯងថា ជាសហគមន៍ជនជាតិដើមភាគតិចពូនង ប៉ុន្តែជាច្រើនឆ្នាំមកនេះនៅមិនទាន់បានការទទួលស្គាល់ពីថ្នាក់ជាតិនៅឡើយ។
ខណៈដែលសហគមន៍កំពុងរង់ចាំការទទួលស្គាល់តាមផ្លូវច្បាប់ មន្ត្រីរដ្ឋាភិបាលបានចូលទៅវាយតម្លៃដីព្រៃប្រពៃណីរបស់សហគមន៍រយ៉ាលើតាមវិធីផ្សេងៗ។

វីដេអូមួយ ដែលតំណាងសហគមន៍រយ៉ាលើផ្ដល់ឱ្យខេមបូចា បានបង្ហាញពីបុរសជាច្រើននាក់ពាក់ឯកសណ្ឋានជាមន្ត្រីរដ្ឋាភិបាលចូលទៅក្នុងព្រៃសហគមន៍ និងថាដីព្រៃទាំងនោះជាព្រៃសម្រាប់អភិរក្ស ខណៈដែលសហគមន៍ថានោះជាដីដែលរក្សាទុកសម្រាប់ឱ្យក្មេងជំនាន់ក្រោយប្រើប្រាស់។
ក្រសួងបានបញ្ចាក់ថា ខ្លួនមានគម្រោងវាយតម្លៃផ្ទៃដីដែលគេអះអាងថា ជាដីព្រៃក្នុងតំបន់ការពារមានផ្ទៃជិត១លានហិកតា និងចេញបណ្ណកម្មសិទ្ធិឯកជន។ ខណៈដែលប្លង់កម្មសិទ្ធិទាំងនេះអាចនឹងបានទៅសហគមន៍ដែលបានរង់ចាំជាយូរ ក្រុមអ្នកអភិរក្សនិយមខ្លះបានបារម្ភថាដំណើរការធ្វើប្លង់កម្មសិទ្ធិនេះអាចនឹងត្រូវគេប្រើដើម្បីកាត់យកដីព្រៃរបស់សហគមន៍ជនជាតិដើមភាគតិច។
ក្រោយពីមានការប្រឈមគ្នាជាមួយសមាជិកសហគមន៍រយ៉ាលើ មន្រ្តីឯកសណ្ឋានម្នាក់បានបញ្ជាក់អត្តសញ្ញាណខ្លួនឯងថាលោកជាមន្ត្រីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។
«លោកកំពុងវាស់វែងដីព្រៃមែនទេ?» នេះជាសំណួរដែលសមាជិកសហគមន៍រយ៉ាលើបានចោទសួរ។ ខាងសហគមន៍និយាយទៀតថា៖ «គោលនយោបាយរបស់សម្ដេចគឺវាស់វែងតែដីមិនប្រើប្រាស់ និងដីមានដំណាំកសិកម្មទេ ហើយលោកនាំនិស្សិតមកទីនេះ វាស់វែងដីព្រៃ ឬក៏ដីអ្វី?»។
មន្ត្រីបរិស្ថានបានឆ្លើយថា៖ «យើងមិនដឹងទេ…យើងត្រូវបានអនុញ្ញាតឱ្យមកទីនេះ និងវាស់វែងដោយមន្ទីរបរិស្ថាន»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បដិសេធឆ្លើយតបនឹងបញ្ហានេះ។
មេឃុំរយ៉ា លោក ពិល ឌិត ដែលជាជនជាតិដើមភាគតិចពូនងដែរនោះ បានឱ្យដឹងថា ព្រៃក្នុងវីដេអូនោះ គឺជាដីរបស់រដ្ឋ មិនមែនជាដីរបស់សហគមន៍ទេ ព្រោះថាសហគមន៍ពួកគេមិនទាន់បានទទួលស្គាល់តាមផ្លូវច្បាប់ពីថ្នាក់ជាតិនៅឡើយ។
លោក ឌិត មានប្រសាសន៍ថា៖ «វាដូចជាជ្រុលហើយ ដែលពួកគេតវ៉ាប្រឆាំង [វត្តមានរបស់មន្ត្រីបរិស្ថាន] ពីព្រោះថាអាជ្ញាធរគ្រាន់តែវាស់វែងដីឯកជន មិនមែនដីសហគមន៍ទេ»។
លោកលើកឡើងថា៖ «សហគមន៍នេះបានស្វែងរកការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីអស់ពេលជាយូរមកហើយ និងខាងឃុំបានគាំទ្រអ្នកទាំងនោះ ប៉ុន្តែថាក្រសួងអភិវឌ្ឍន៍ជនបទមិនបានទទួលស្គាល់ពួកគេនៅឡើយ»។ លោកបន្តថា៖ «ខ្ញុំក៏មិនដឹងថាត្រូវធ្វើយ៉ាងម៉េចដូចគ្នា»។
មន្ត្រីសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តមណ្ឌលគិរី លោក ប៊ី វណ្ណនី មានប្រសាសន៍ថា ព្រៃឈើជាបេះដូងរបស់សហគមន៍ជនជាតិដើមភាគតិចពូនង ហើយពួកគេក៏មានទំនាក់ទំនងនឹងដូនតា និងព្រៃអារក្សផងដែរ។
លោកថ្លែងថា បន្ទាប់ពីការអនុម័តច្បាប់ដីធ្លីក្នុងឆ្នាំ២០០១ ជាទ្រឹស្ដី សហគមន៍ជនជាតិដើមភាគតិចមានទំនាក់ទំនងទៅនឹងដីព្រៃប្រពៃណីរបស់ខ្លួន និងមានការទទួលស្គាល់។ យ៉ាងណានីតិវិធីនៃការទទួលបានការទទួលស្គាល់ដីរបស់សហគមន៍នៅមិនទាន់បានបញ្ចប់នៅឡើយរហូតដល់ឆ្នាំ២០០៩។
លោកបន្តថា៖ «គោលបំណងរបស់ពួកគេគឺរក្សា [ដីប្រពៃណី]ឱ្យមាននិរន្តរភាព ដើម្បីទទួលបានអនុផលព្រៃឈើ មិនកាប់បំផ្លាញដើមឈើ ប៉ុន្តែរក្សាដើម្បីបានប្រយោជន៍យូរអង្វែង»។
លោក វណ្ណនី បន្ថែមថា សហគមន៍ដែលបានទទួលបានប្លង់កម្មសិទ្ធិ គឺមានសិទ្ធិតាមផ្លូវច្បាប់រឹងមាំលើដីព្រៃប្រពៃណីរបស់ពួកគេ ប៉ុន្តែថាសហគមន៍ជាច្រើនផ្សេងទៀតដែលបានទទួលតាមផ្លូវច្បាប់នៅតែមិនទាន់បានទទួលប្លង់កម្មសិទ្ធិនៅឡើយដែរ។
អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី លោក នាង វណ្ណៈ មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលរស់នៅដោយប្រកបរបរដាំល្ពៅ ឬបន្លែផ្សេងទៀតនៅក្នុងដីព្រៃអាចទទួលបានប្លង់កម្មសិទ្ធិក្នុងតំបន់ការពារ ប៉ុន្តែថាតំបន់ភាគច្រើននៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ដែលនឹងត្រូវការពារហ្មត់ចត់ដើម្បីកុំឱ្យមានអ្នកចូលទន្ទ្រានលើដីទាំងនោះ។
លោកថ្លែងថា៖ «ពេលខ្លះមានអ្នកចូលទន្រ្ទានដីនេះ និងមិនមានសិទ្ធិក្នុងការដាំដុះដំណាំទេ»។ លោកបន្ថែមថា៖ «ជាគោលការណ៍ ប្រជាពលរដ្ឋមានសិទ្ធិជាក់លាក់ក្នុងការប្រើប្រាស់ដីនេះសម្រាប់ចិញ្ចឹមជីវិត ប៉ុន្តែពេលខ្លះពួកគេបំពាន។ នេះជាបញ្ហាដែលត្រូវដោះស្រាយ»៕
ប្រែសម្រួលពីអត្ថបទអង់គ្លេស៖ Indigenous Peoples Fear Loss of Lands After Passage of New Law









